សមត្ថកិច្ចថា កុមារា​៣​នាក់​មាន​អការៈ​ទន់​ដៃ​ទន់​ជើង​ក្រោយ​ផឹក​ថ្នាំ​គ្រវី​លាយ​នឹង​ភេសជ្ជៈ

រូបភាព៖ ពីអគ្គស្នងការនគរបាលជាតិ

សមត្ថកិច្ចខេត្តព្រះសីហនុ បានបញ្ជាក់ឲ្យដឹងថា ក្មេងប្រុស ៣នាក់ បាន​ធ្លាក់​ខ្លួន​ទៅ​មាន​អការៈ​ទន់​ដៃ​ទន់​ជើង និង​និយាយ​មិន​កើត បន្ទាប់​ពី​ពួកគេ​ផឹក​ថ្នាំសប្បាយ ដោយ​ថា មិន​មែន​ពុល​ភេសជ្ជៈ​នោះ​ឡើយ ប៉ុន្តែ មិន​ទាន់​ដឹង​ច្បាស់​ថា​ជា​ថ្នាំ​ញៀន​ប្រភេទ​អ្វី​នោះ​ឡើយ។

ស្នងការ​រង​នគរបាល​ខេត្ត​ព្រះសីហនុ លោក ស៊ុន សុផាត បាន​​ប្រាប់​វីអូឌី​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​នេះ​ថា ក្មេង​ប្រុស ៣​នាក់ រស់​នៅ​ក្នុង​ភូមិ ១ សង្កាត់ ៤ ត្រូវ​បាន​មន្ត្រី​ជំនាញ​ធ្វើ​តេស្ត​លើ​ទឹក​នោម ហើយ​រក​ឃើញ​ថា មាន​ផ្ទុក​ទៅ​ដោយ​សារធាតុ DAMA អ៊ិចស្តាស៊ីល ជា​ប្រភេទ​ថ្នាំ​សប្បាយ បន្ទាប់​ពី​ក្មេង​ទាំង ៣​នាក់​នោះ មាន​អការៈ​ទន់​ដៃ​ទន់​ជើង ហើយ​ត្រូវ​ឪពុក​ម្ដាយ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ។

​មន្ត្រី​នគរបាល​រូប​នេះ បាន​ឲ្យ​ដឹង​បន្ថែម​ថា បុរស​ឈ្មោះ វ៉ន វុត្ថា អាយុ ១៧​ឆ្នាំ ដែល​ជា​​បុគ្គលិក​ក្លឹប​កម្សាន្ត​ចិន​មួយ​កន្លែង ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន ដោយ​សង្ស័យ​ថា បាន​ដាក់​ថ្នាំ​សប្បាយ​នោះ​លាយ​ជាមួយ​ទឹក​ក្រូច ហើយ​ឲ្យ​ក្មេង​ទាំង ៣​នាក់​នោះ​ផឹក។

ទោះបីជាយ៉ាងណា ស្នងការរងខេត្តព្រះសីហនុ លោក ស៊ុន សុផាត មិនទាន់អាចបញ្ជាក់បានទេថា ថ្នាំនោះអាច​នឹងប៉ះពាល់បែបណាដល់សុខភាពកុមារទាំងនោះ ដោយលោកកំពុងប្រជុំ​ពិភាក្សាពី​បញ្ហានេះ និងរង់ចាំលទ្ធផល​ស្រាវ​ជ្រាវ​បន្ថែមពីមន្ត្រីជំនាញ។

បើតាមស្នងការរងខេត្តព្រះសីហនុ លោក ស៊ុន សុផាត ក៏បានលើកឡើងដែរថា បច្ចុប្បកុមារទាំងនោះត្រូវបានជួយ​សង្គ្រោះទាន់ពេលវេលា ហើយពួកគេមានអាការៈប្រសើរឡើងវិញ និងត្រូវបានប្រគល់​ត្រឡប់ទៅឲ្យឪពុកម្ដាយ​​រៀង​ៗខ្លួ​ន​​វិញ​ហើយ។

តាម​រយៈ​ការ​ធ្វើ​កោលសលវិច្ច័យ លោក ស៊ុន សុផាត ប្រាប់​ថា កុមារ​ទាំង ៣​នាក់​នោះ មិន​មែន​ពុល​ភេសជ្ជៈ​នោះ​ដែល​ត្រូវ​បាន​សន្និដ្ឋាន​កាល​ពី​ដំបូងៗ​នោះ​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ