លោក ហ៊ុន សែន ថា បក្ស​លោក​​នៅ​លេខ​រៀង​ទី​២០ ពលរដ្ឋ​ងាយ​ស្រួល​ចំណាំ

លេខរៀងបក្សប្រជាជនកម្ពុជា ដែលនឹងចូលរួមការបោះឆ្នោតនាថ្ងៃ២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ (រូបភាព៖ គ.ជ.ប)

មេដឹកនាំ​បក្ស​កាន់​អំណាច បាន​អះ​អាង​ថា លេខ​រៀង​ចុង​ក្រោយ​គេ​នៅ​លើ​សន្លឹក​ឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​ប្រជាពលរដ្ឋ​បោះ​ឆ្នោត​ជូន​បក្ស​នេះ។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គ.ជ.ប. បាន​ចាប់​ឆ្នោត​ជ្រើស​រើស​លេខ​រៀង​គណបក្ស​នយោបាយ​ទាំង ២០​គណបក្ស​ដែល​បាន​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​ជាតិ​នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា​ខាង​មុខ​នេះ។

លទ្ធផល​នៃ​ការ​ចាប់​ឆ្នោត​លេខ​រៀង​គណបក្ស បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ស្ថិត​នៅ​លេខ​រៀង​ទី​២០ ដែល​ជា​លេខ​រៀង​ចុង​ក្រោយ​គេ​នៃ​សន្លឹក​ឆ្នោត។

បន្ទាប់​ពី​ការ​ចាប់​ឆ្នោត​លេខ​រៀង​គណបក្ស​ហើយ​នោះ លោក ហ៊ុន សែន ដែល​បាន​កាន់​តំណែង​ជា​នាយករដ្ឋ​មន្ត្រី​តាំង​ពី​ឆ្នាំ​១៩៨៥​មក​នោះ បាន​រៀបរាប់​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​ថា គណបក្ស​លោក​ត្រូវ​ចាប់​លេខ​រៀង​បាន​លេខ​ទី​២០ ដែល​លោក​ថា ជា​លេខងាយ​ស្រួល​ចំណាំ​ដល់​ពលរដ្ឋទូទាំង​ប្រទេស។

បើ​តាម​លទ្ធផល​នៃ​ការ​ចាប់​ឆ្នោត​លេខ​រៀង​គណបក្ស​នយោបាយ​ដដែល លេខ​រៀង​ទី​៤ ដែល​បក្ស​កាន់​អំណាច​ធ្លាប់​កាន់​កាប់​អំឡុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣​នោះ បាន​ទៅ​គណបក្ស​សញ្ជាតិ​កម្ពុជា ខណៈ​ដែល​លេខ​រៀង​ទី​៧ ដែល​ធ្លាប់​កាន់​កាប់​ដោយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នោះ បាន​ទៅ​គណបក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន។

ក្រៅ​ពី​នេះ គណបក្ស​ខ្មែរ​រួបរួម​ជាតិ​របស់​លោក ញឹក ប៊ុនឆៃ បាន​លេខ​រៀង​ទី​១ គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​របស់​លោក ម៉ម សូណង់ដូ ស្ថិត​នៅ​លេខ​រៀង​ទី​៥ ខណៈ​ដែល​គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច​ដឹកនាំ​ដោយ​សម្ដេច​ក្រុម​ព្រះ​ នរោត្ដម រណឫទ្ធិ ស្ថិត​នៅ​លេខ​រៀង​ទី​១៣៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ