គ.ជ.ប.ថា មិន​បារម្ភ​ពី​សម្ពាធ​ពី​អន្តរជាតិ​ក្រោយ​ការ​បោះ​ឆ្នោត​ដូច​នៅ​វេណេហ្សូអេឡា

​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​ បាន​អះ​អាង​ថា ខ្លួន​​មិន​បារម្ភ​អំពី​ការ​ទទួល​ស្គាល់ ឬ​ការ​មិន​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជាតិ​នា​ពេល​ខាង​មុខ​នោះ​ឡើយ បើទោះបី​ជា​សហគមន៍​អន្តរជាតិ​ ថ្មីៗ​នេះ មិន​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នៅ​ប្រទេស​វេណេហ្សូអេឡា​ក៏​ដោយ។

លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នៅ​ប្រទេស​វេណេហ្សូអេឡា ត្រូវ​បាន​បណ្ដា​ប្រទេស​មាន​សេដ្ឋកិច្ច​រីក​ចម្រើន​ទាំង ៧ ក្នុង​នោះ​មាន​ជប៉ុន​ផង​ដែរ និងសហគមន៍​អឺរ៉ុប ប្រកាស​មិន​ទទួល​ស្គាល់​នោះ​ឡើយ បើទោះបី​ជា​ជប៉ុន​បាន​​ជួយ​ដល់​ដំណើរការ​រៀបចំ​ការ​បោះ​ឆ្នោត​ប្រទេស​នេះ​ក៏​ដោយ។

ស្ថានភាព​បែប​នេះ បាន​ជំរុញ​ឲ្យ​មាន​ការ​ចោទ​សួរ​អំពី​អនាគត​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាងរាស្ត្រ​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា​ខាង​មុខ​នេះ។

ទោះជាយ៉ាងណា អ្នក​នាំ​ពាក្យ​​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គ.ជ.ប. លោក ឌឹម សុវណ្ណារុំ បាន​អះ​អាង​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​នេះ​ថា កុំ​ឲ្យ​ប្រៀប​ធៀប​កម្ពុជា​ទៅ​នឹង​ប្រទេស​នៅ​តំបន់​អាមេរិក​ខាង​ត្បូង​មួយ​នេះ។

លោកបន្ថែម​ទៀត​ថា ការ​ងា​ររបស់​ គ.ជ.ប. ​មាន​តែ ​៣​នោះ​ទេ គឺធ្វើ​យ៉ាងណា​ឲ្យ​ប្រជា​ពល​រដ្ឋដែល​គ្រប់​អាយុ​មាន​ឈ្មោះ​បោះឆ្នោត ​សន្លឹក​ឆ្នោត​ត្រូវ​បាន​រាប់​ត្រឹម​ត្រូវ និង​តម្លាភាព​វិជ្ជាជីវៈ។

អញ្ចឹង​ បើ​នៅ​ស្រុក​គេ​ប្រហាក់​ប្រហែល​ទៅ​នឹង ៣០​ភាគ​រយ​ គេ​មិន​ទាត់​ចោល​ផង​ ចុះ​រឿ​ង​អី​យើង​គ្មាន​ច្បាប់​កំណត់​ពី​អត្រា​ប៉ុន្មាន​ឲ្យ​ទាត់​ចោល​ម៉េច​កើត។ យើង​មិន​ទាត់​ចោលទេ អត្រា​នៃ​ការ​ចូលរួម​មាន​ប៉ុន្មាន​ក៏​ដោយ ការ​បោះឆ្នោត​នៅ​តែលទ្ធផល​ទទួលស្គាល់​ស្រប​ច្បាប់។

អ្នក​នាំ​ពាក្យ​​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គ.ជ.ប. លោក ឌឹម សុវណ្ណារុំ

លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នៅ​ប្រទេស​វេណេហ្សូអេឡា​កាល​ពី​ថ្ងៃ​ទី​២០​ឧសភា​ថ្មីៗ​នេះ បង្ហាញ​ថា ពលរដ្ឋ​ត្រឹម​តែ ៤៦ភាគរយ​ប៉ុណ្ណោះ បាន​ចេញទៅ​បោះឆ្នោត បន្ទាប់​ពី​គណបក្ស​ប្រឆាំង​ដ៏​ធំ​របស់​ប្រទេស​នេះ បាន​ធ្វើ​ពហិកា​​ចូល​រួម​ក្នុង​​ការ​បោះ​ឆ្នោត​មួយ​ ដែល​ក្រុម​បក្ស​ប្រឆាំង​ចោទ​ថា មិន​មាន​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​នោះ​ឡើយ។

មន្ត្រីឃ្លាំមើលការបោះឆ្នោតនៅអង្គការខុមហ្វ្រែល លោក កន​ សាវង្ស បាន​លើក​ឡើង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា លោក​ព្រួយ​បា​រម្ភ​ពីប​ញ្ហានេះ ប្រសិន​បើ​​ស្ថា​នការណ៍នយោបាយមិន​ប្រសើរ​ឡើង​ទេ​នោះ។

វេណេហ្សូអេឡា អ្វីដែលសហគមន៍អន្តរជាតិស្រែក មិនទាន់ដល់ថ្នាក់គេរំលាយគណបក្សផង វាគ្រាន់តែបម្រាម ហើ​យ​និង​ស​កម្ម​ភាពផ្សេងៗ ប៉ុន្តែ ដល់យើង អតីតគណបក្សហ្នឹង មិនត្រឹមប៉ុណ្ណឹងទេ ត្រូវតុលាការកំពូលរំលាយ ហើយអាហ្នឹ​ងដែលវា​ធ្ងន់​​ជាងប្រ​​ទេសវេណូហ្សូអេឡាទៀត

លោក កន​ សាវង្ស មន្ត្រីឃ្លាំមើលការបោះឆ្នោតនៅអង្គការខុមហ្វ្រែល

ទោះ​ជា​យ៉ាង​ណា​ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​២៣​ឧសភា​ថា​ ករណី​របស់​ប្រទេស​កម្ពុជា និង​ប្រទេស​វេណេហ្សូអេឡា គឺ​ជា​រឿងដាច់​ដោយ​ឡែក​ ដោយ​លោក​អះ​អាងថា សមាជិក​គណបក្សប្រជា​ជន​ដែល​មាន​ជាង ​៥លាន​នាក់​ក្នុង​ចំណោម​អ្នក​បោះឆ្នោត​ ៨លាន​នាក់​ នឹង​ទៅ​បោះ​ឆ្នោត​នាថ្ងៃ​ទី​២៩ កក្កដា​ ខាង​មុខ។

អ្នកត្រូវបើកភ្នែកឱ្យធំ រង់ចាំមើលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ រឿងនៅវេណេហ្សូអេឡា គឺជារឿងផ្សឹង តែរឿងនៅកម្ពុជា គ្រាន់តែសមាជិកគណបក្សប្រជាជនទៅបោះឆ្នោតវាគ្រប់គ្រាន់ និងច្រើនលើសលប់ជាភាគរយទៅហើយ។ អ្នកត្រូវចាំរឿងនេះឱ្យច្បាស់

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា

ប្រទេស​ជប៉ុន​ដែល​នៅ​តែ​បន្ត​ជួយ​ដល់​ គ.ជ.ប. នោះ បាន​ជំរុញ​ជា​បន្ត​បន្ទាប់​ទៅ​កម្ពុជា​ឲ្យ​រៀបចំ​ការ​បោះ​ឆ្នោត​មួយ ដែល​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​របស់​ពលរដ្ឋ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ