រដ្ឋាភិបាលដាក់ឲ្យដំណើរការខ្សែរថភ្លើងពីបាត់ដំបងទៅពោធិ៍សាត់

ពិធីសម្ភោធ រថភ្លើងពីបាត់ដំបង ទៅពោធិ៍សាត់ ព្រឹកថ្ងៃទី ២៩ ឧសភា ២០១៨ (រូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងសាធារណការ និងដឹងជញ្ជូន)

ក្រសួងសាធារណការ និងដឹកជញ្ជូននៅព្រឹកនេះ បានដាក់ឲ្យដំណើរការបណ្តោះអាសន្នសេវាដឹកជញ្ជូនអ្នកដំណើរតាមរថភ្លើងពីបាត់ដំបងទៅពោធិ៍សាត់ ដែលជាកំណាត់ទីបីនៃការស្តារឡើងវិញនៃផ្លូវដែកក្នុងខេត្តប៉ែកខាងជើងប្រទេសកម្ពុជា។

ថ្លែងក្នុងពិធីដាក់ឲ្យដំណើរការដែលរៀបចំនៅបាត់ដំបង រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ឲ្យដឹងថា ចម្ងាយផ្លូវដែកពីបាត់ដំបងទៅពោធិ៍សាត់នេះមានប្រវែង១០៧គីឡូម៉ែត្រ ដែល៧៥គីឡូម៉ែត្រស្ថិតក្នុងខេត្តបាត់ដំបង និង៣២គីឡូម៉ែត្រទៀតនៅក្នុងខេត្តពោធិសាត់។

លោកបន្តថា រថភ្លើងពីបាត់ដំបងទៅពោធិ៍សាត់ដែលរត់ក្នុងល្បឿនប្រហែល៤០គីឡូម៉ែត្រក្នុងមួយម៉ោងនេះមានស្ថានីយចំនួន១៦ ចំណាយថវិកាជាតិ៧០លានដុល្លារ និងថវិការបស់ធនាគារអភិវឌ្ឍន៍អាស៊ី១៣លានដុល្លារ។
លោក ស៊ុន ចាន់ថុល ក៏បានអំពាវនាវឲ្យពលរដ្ឋប្រយ័ត្នប្រយែងពីសុវត្ថិភាពពេលឆ្លងផ្លូវរថភ្លើង និងឲ្យគោរពសិទ្ធិរបស់រថភ្លើង ដោយថា ផ្លូវឆ្លងកាត់មាន១០៨កន្លែង ក្នុងនោះ៨៧កន្លែងក្រសួងសាធារណៈការទទួលស្គាល់ និង២១កន្លែងទៀតអត់ច្បាប់។

លោកបន្ថែមថា ថ្ងៃទី៤កក្កដាខាងមុខ ក្រសួងនឹងតភ្ជាប់កំណាត់ផ្លូវទី៤ ពីពោធិសាត់ទៅភ្នំពេញ ប្រវែង១៦៦គីឡូម៉ែត្រ ដែលជាកំណាត់ចុងក្រោយនៃការស្តារឡើងវិញផ្លូវដែកខេត្តប៉ែកខាងជើង ភ្នំពេញប៉ោយប៉ែត្រ ប្រវែងសរុប៣៨៦គីឡូម៉ែត្រ។
លោករំលឹកឲ្យដឹងដែរថា កំណាត់ទីមួយបើកឲ្យប្រើប្រាស់ជាបណ្តោះអាសន្នកាលពីថ្ងៃទី៤មេសា ពីប៉ោយប៉ែត្រមកសេរីសោភ័ណ្ឌ ប្រវែង៤៨គីឡូម៉ែត្រ និងកាលពីថ្ងៃទី២៩មេសា ដាក់ដំណើរការកំណាត់ទីពីរ តភ្ជាប់ពីសេរីសោភណ្ឌទៅបាត់ដំបង ៦៥គីឡូម៉ែត្រ។

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ចូលរួមសម្ភោធអោយប្រើប្រាស់ជាបណ្តោះអាសន្ននូវសេវាដឹកជញ្ជូនអ្នកដំណើរតាមរថភ្លើងពីបាត់ដំបង ទៅពោធិ៍សាត់ ព្រឹកថ្ងៃទី ២៩ ឧសភា ២០១៨ (រូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងសាធារណការ និងដឹងជញ្ជូន)
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ