ក្រុម​កម្មករ​​​រក​អន្តរាគមន៍​ពី​ស្ថានទូត​កូរ៉េ​ខាង​ត្បូង​ជុំ​វិញ​វិវាទ​ការងារអូស​បន្លាយ​រាប់​ខែ

កម្មករប្រមាណជិត ១០០នាក់បម្រើការងារនៅរោងចក្រ ហ្វឺស ហ្គាវ័ន្ត តវ៉ារឿងប្រាក់ឈ្នួល នាព្រឹកថ្ងៃទី ២៩ ឧសភា ២០១៨

កម្មករប្រមាណជិត ១០០នាក់បម្រើការងារនៅរោងចក្រ ហ្វឺស ហ្គាវ័ន្ត ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម បានប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​ស្ថានទូតកូរ៉េខាងត្បូងប្រចាំប្រទេសកម្ពុជាជាថ្មីទៀត​នៅថ្ងៃ​នេះ ដើម្បីជំរុញទៅស្ថាប័ននេះ ឲ្យ​ពន្លឿនដំណោះ​ស្រាយ​វិវាទ​ការងារ​របស់​ពួកគេ​ ខណៈថៅកែរោងចក្រជនជាតិកូរ៉េជំពាក់ប្រាក់ឈ្នួលកម្មករ ៥ខែមិន​ព្រមបើកឲ្យ។

ប្រធានសហជីពស៊ីខាឌូប្រចាំរោងចក្រ ហ្វឺស​ ហ្គាវ័ន្ត លោក ឃឹម មករា មានប្រសាសន៍ថា ក្រុមកម្មករបាន​សម្រេចទៅរក​កិច្ចអន្តរាគមន៍ពីស្ថានទូត​កូរ៉េ​ខាង​ត្បូង ដោយសារពួកគាត់រង់​ចាំដំណោះ​ស្រាយ​ពីអាជ្ញាធរយូរពេក និងម្យ៉ាង ថៅកែរោងចក្រ​នោះ ជា​ជាតិជាតិកូរ៉េខាងត្បូងដែលកំពុងដំណើរការអាជីវកម្មរបស់ខ្លួនដោយមិនគោរពច្បាប់ការងារកម្ពុជា ធ្វើឲ្យ​ប៉ះពាល់ជីវភាពកម្មករ។

ដោយសារតែថៅកែនៅរោងចក្រដែលពួកខ្ញុំធ្វើការជាជនជាតិកូរ៉េខាងក្បូងដែលគាត់បានធ្វើ​ឲ្យ​កម្ម​ករខ្មែររងទុក្ខលំបាកវេទនារាល់ថ្ងៃហ្នឹង អញ្ចឹងហើយពួកខ្ញុំគិតថា ស្ថានទូតកូរ៉េមិនទុកឲ្យបុគ្គលម្នាក់ហ្នឹងធ្វើឲ្យ​ប៉ះ​ពាល់ដល់ប្រទេសគាត់ទាំងមូលទេ

លោក ឃឹម មករា ប្រធានសហជីពស៊ីខាឌូប្រចាំរោងចក្រ ហ្វឺស​ ហ្គាវ័ន្ត

កម្មករផ្នែកដេរ អ្នកស្រី សេក ទៀរិការ និយាយថា រយៈពេល ៥ខែដែលថៅកែរោងចក្រ ហ្វឺស ហ្គាវ័ន្ត មិនបើក​ប្រាក់ឈ្នួលនេះ បានធ្វើឲ្យកម្មករជួបការលំបាកច្រើន ដោយក្រុមកម្មករត្រូវនាំគ្នាដេកយាមមុខរោងចក្រ គ្មាន​លុយបង់ថ្លៃបន្ទប់ជួល ថ្លៃចាយវាយប្រចាំថ្ងៃជាដើម។

និយាយទៅ វាលំបាកគ្រប់សព្វទាំងអស់ វាអត់មានតាំងពីទឹកភ្លើង គេផ្តាច់អត់ឲ្យយើងប្រើទេ ហើយកន្លែងពួកខ្ញុំដេកសព្វថ្ងៃនេះលេចមុខលេចក្រោយទាំងអស់។ អារឿងផលលំបាកនេះវាជួបច្រើនណាស់ វាអត់តាំងពីម្ហូប ហើយខ្ញុំពេលអត់មានការងារធ្វើអញ្ចឹង គឺអត់លុយចិញ្ចឹមកូន ព្រោះកូនខ្ញុំនៅរៀន មានម្តាយ ចាស់ទៀត

អ្នកស្រី សេក ទៀរិការ កម្មករផ្នែកដេរ

ការ​ប្រមូល​ផ្ដុំ​របស់​ក្រុម​កម្មករ​ទាំង​នោះ ស្ថិត​នៅ​​ក្រោម​ការ​ឃ្លាំ​មើល​ពី​អាជ្ញាធរស្លៀកពាក់ស៊ីវិល ហើយសន្តិសុខយាមនៅកោះពេជ្រ មិនអនុញ្ញាតឲ្យក្រុមកម្មករទៅជិតស្ថានទូត​នោះទេ ប៉ុន្តែ អនុញ្ញាតឲ្យតំណាងកម្មករម្នាក់ទៅជួបជាមួយតំណាង​ស្ថានទូត។

មន្រ្តីដែលធ្វើការនៅស្ថានទូត បានប្រាប់ទៅតំណាងកម្មករថា ខាងស្ថានទូតនឹងប្រជុំគ្នាជុំវិញរឿងនេះនៅ​សប្តាហ៍ក្រោយ និងផ្តល់ចម្លើយ​មក​វិញ បន្ទាប់ពី​កិច្ច​ប្រជុំ​នោះ។

នៅ​ព្រឹក​ថ្ងៃ​នេះ​ផង​ដែរ ក្រុមកម្មករ​ទាំង​នោះ​ក៏បានទៅតវ៉ានៅមុខក្រសួងការងារផង​ដែរ ដើម្បីជំរុញទៅក្រសួងឲ្យពន្លឿន​ដំណោះ​ស្រាយ​សម្រាប់​ពួកគេ។

គណៈកម្មការសម្រាប់ដោះស្រាយ​បញ្ហាកូដកម្មបាតុកម្មនៅក្រុមមុខសញ្ញា លោក ប្រាក់ ចាន់ធឿន បានប្រាប់ទៅក្រុមកម្មករថា នៅម៉ោង ២រសៀលនេះ ក្រសួងនឹងជួបពិភាក្សារជាមួយតំណាងកម្មករ និងភាគីក្រុមហ៊ុនដើម្បីរកដំណោះស្រាយ។

កម្មករអះអាងថា រោងចក្ររោងចក្រ ហ្វឺស ហ្គាវ័ន្ត មានកម្មករសរុប ៣៥០នាក់ ប៉ុន្តែ បច្ចុប្បន្ន នៅសល់កម្មករប្រមាណជាង ១០០នាក់ប៉ុណ្ណោះដែលតស៊ូតវ៉ាទាមទារសំណង ខណៈកម្មករផ្សេងទៀតបោះបង់ការតវ៉ាដោយសារជីវភាពខ្វះខាត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ