អតីតទាហានខ្មែរក្រហមផ្តល់សក្ខីកម្មរឿងយក​កងទ័ពទៅសម្លាប់​

ដើមបណ្តឹងរដ្ឋប្បវេណី លោក ឈុន សាមន(រូបថតPrintscreenពីវីដេអូ)

សាក្សីម្នាក់ដែលជាអតីតកងទ័ពបដិវត្តន៍នៃកម្ពុជាប្រជាធិបតេយ្យកាលពីថ្ងៃអង្គារបានផ្តល់សក្ខីកម្មដល់អង្គជំនុំជម្រះវិសាមញ្ញជុំវិញតុលាការកម្ពុជា ទាក់ទងទៅនឹងប្រធានបទមន្ទីរសន្តិសុខនិងការបោសសម្អាតផ្ទៃក្នុង។

ដើមបណ្តឹងរដ្ឋប្បវេណី លោក ឈុន សាមន បានឲ្យសាលាក្តីដឹងថាលោកបានចូលជាកងទ័ពនៃកម្ពុជាប្រជាធិបតេយ្យនៅឆ្នាំ១៩៧៥ នៅពេលដែលលោកមានវ័យ១៨ឆ្នាំ។ លោកបានឲ្យដឹងទៀតថាលោកត្រូវបានរើសឲ្យចូលជាកងពិសេសស៊ើបការណ៍នៅតំបន់២៣ក្នុងឆ្នាំ១៩៧៦ដែលជាឆ្នាំដែលមានការប្រយុទ្ធគ្នាខ្លាំងរវាងកងទ័ពវៀតណាមនិងកងទ័ពកម្ពុជាប្រជាធិបតេយ្យតាមខ្សែក្រវ៉ាត់ព្រំដែន។ លោកបានបន្ថែមថាក្នុងឆ្នាំ១៩៧៨ មានការធ្វើរដ្ឋប្រហារវាយគ្នាឯងរវាងកងទ័ពមជ្ឈិមនិងកងទ័ពភូមិភាគបូព៌ាដែលជាភូមិភាគរបស់លោកស្ថិតនៅ។ លោកបន្តថាបន្ទាប់ពីមានរដ្ឋប្រហារនេះ ក្រុមរបស់លោកត្រូវបានកងទ័ពមជ្ឈិមរំសាយនិងបានប្រាប់លោកឲ្យទៅផ្ទះវិញ រង់ចាំអង្គការបោសសំអាតខ្មាំងអស់ចាំត្រឡប់មកវិញ។ តែលោកថានៅពេលដែលលោកត្រឡប់ទៅវិញ ក្រុមរបស់លោកដែលមានគ្នា២៩នាក់ត្រូវបានអង្គការចោទថាក្បត់បក្សនិងយកទៅសម្លាប់។

លោកប្រាប់អង្គសវនាការថា៖ “ពេលកត់ឈ្មោះនៅកងខ្ញុំមានគ្នា២៩នាក់បានហៅទៅចាប់ចងដៃ ដល់ហើយខ្ញុំបានឡើងតវ៉ាថាខ្ញុំអត់មានដឹងអីទេ ខ្ញុំជាយុវជនកងទ័ពយុវជនសុទ្ធសាធមិនដឹងអីទេបើថាមានបញ្ហាក្បត់អីក្បត់តែមេៗ ចំណែកពួកខ្ញុំមិនដឹងអីទេ។ … មានម្នាក់ថាខ្ញុំក្បត់បក្សក្បាលយួនខ្លួនខ្មែរហែងនៅតវ៉ាអីច្រើន”។ លោកបន្ថែមថា៖ “អ្នកដែលនៅជាប់ចំណងខ្សែជាប់នៅប្រហោងក្លៀក គឺត្រូវស្លាប់ទាំងអស់ហើយរត់រួចបានតែ៣នាក់”

គួរបញ្ជាក់ផងដែរថាសំណុំរឿង០០២/០២នេះរហូតដល់ពេលនេះគឺមានរយៈពេលជាង២០០ថ្ងៃហើយសម្រាប់តុលាការធ្វើការសាកសួរសាក្សីនិងអ្នកជំនាញនៅក្នុងសំណុំរឿងនេះ។

បើតាមអ្នកនាំពាក្យនៃសាលាក្តីខ្មែរក្រហម លោក នេត្រ ភក្ត្រា ការស្តាប់អង្គហេតុនេះគឺសាលាក្តីគ្រោងនឹងបញ្ចប់ក្នុងចុងឆ្នាំ២០១៦ដែលនៅមាន៣ប្រធានបទទៀតសម្រាប់តុលាការក្នុងការស្តាប់សាក្សីនិងអ្នកជំនាញសម្រាប់ការធ្វើសេចក្តីសន្និដ្ឋានបញ្ចប់សំណុំរឿងគឺចាប់ផ្តើមនៅដើមឆ្នាំ២០១៧និងប្រកាសសាលក្រមលើសំណុំរឿង០០២/០២ អាចគ្រោងនឹងធ្វើឡើងនៅចុងឆ្នាំ២០១៧៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ