លោក ហ៊ុន សែន ថានឹងប្រើ “បន្លាជួសបន្លា” ករណីលោក កឹម សុខា

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (រូបភាពពីហ្វេសប៊ុកលោក ហ៊ុន សែន)

លោក ហ៊ុន សែន នៅថ្ងៃពុធនេះថ្លែងថាលោកនឹងប្រើយុទ្ធសាស្ត្រ “បន្លាជួសបន្លា” ករណីលោក កឹម សុខា បន្ទាប់ពីមេដឹកនាំគណបក្សប្រឆាំងនិយាយថានាយករដ្ឋមន្រ្តីកំពុងភ័យពីការចាញ់ឆ្នោតនៅពេលខាងមុខ។

ក្នុងពិធីរំលឹកខួបឆ្នាំទី៦៥ នៃការបង្កើតស្ថាប័នគយនិងរដ្ឋាករ លោក ហ៊ុន សែន ថ្លែងថាលោកបានត្រជាក់ចិត្តវិញហើយករណីលោក កឹម សុខា ប៉ុន្តែនៅពេលលោកឃើញព័ត៌មានដកស្រង់សំដី លោក កឹម សុខា ចុះផ្សាយថា លោក ហ៊ុន សែន កំពុងតែភ័យខ្លាចចាញ់ឆ្នោតនោះ លោកថានឹងប្រើ “បន្លាជួសបន្លា” បើមានការរារាំងមិនឲ្យចាប់ខ្លួនមេដឹកនាំបក្សប្រឆាំងរូបនេះ។

លោកថ្លែងថា៖ “សូមកុំគំរាមធ្វើបាតុកម្មឲ្យសោះ។ បើគេចង់ធ្វើគេធ្វើហើយ តែគ្រាន់តែវាមិនទាន់ដល់ម៉ោង។ គេបញ្ជូនសមត្ថកិច្ចទៅភ្លាមចាប់បានភ្លាមហ្នឹង ហើយវាយខ្នោះតាមបែបអាមេរិកាំងវាយខ្នោះពីក្រោយខ្នង។ កុំលេងអាបាតុកម្មហ្នឹងឲ្យសោះ លទ្ធភាពបន្លាជួសបន្លា អាចនឹងកើតមាន សូមកុំគំរាមឲ្យសោះ”

លោក ហ៊ុន សែន ក៏បានព្រមានអ្នកការទូតបរទេសទូតនានាឲ្យពិនិត្យមើលឡើងវិញចំពោះករណីនេះ ដែលលោកថាលោក កឹម សុខា បានបង្វែររឿងបុគ្គលធ្វើខុសច្បាប់ទៅជារឿងនយោបាយ។VOD Hot News App

លោក ហ៊ុន សែន បានបញ្ជាក់ឡើងវិញថា “ផ្លូវច្បាប់គឺផ្លូវច្បាប់” តាមក្រមព្រហ្មទណ្ឌ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែទៅ៦ខែ ប៉ុន្តែលោកថាពេលនេះមិនតម្រូវឲ្យដាក់ពន្ធនាគារនោះ ព្រោះលោក កឹម សុខា កំពុងជាប់ឃុំដោយខ្លួនឯងទៅហើយ ក៏មិនទាន់ចាំបាច់ទៅចាប់ដែរ

តំណាងរាស្ត្របក្សជំទាស់ លោក សុន ឆ័យ មានប្រសាសន៍ថា លោកមិនចាប់អារម្មណ៍នឹងការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលថាយកបន្លាជួសបន្លា ករណីលោក កឹម សុខានោះទេ។ ប៉ុន្តែលោកថាលោក ហ៊ុន សែន គួរតែគិតគូររឿងប្រទេសជាតិនiងជួយប្រជាពលរដ្ឋដែលរងគ្រោះពីភាពអយុត្តិធម៌សង្គម ជាជាងប្រើវេទិកាវាយប្រហារបក្សប្រឆំាង។លោកថ្លែងថា៖ “រឿងដដែលៗ វាគួរតែនាយករដ្ឋមន្ត្រីយកពេលវេលាគិតពីរឿងបញ្ហាប្រទេសជាតិ ជួយការពារជនរងគ្រោះដោយសារដីធ្លី ហើយធ្វើម៉េចឲ្យស្ថាប័នជាតិរឹងមំា ជាពិសេសតុលាការឲ្យវាយុត្តិធម៌ ជាជាងប្រើវេទិកាតែរឿងសមាជិកឬថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ

អ្នកស្រាវជ្រាវឯករាជ្យពីការអភិវឌ្ឍសង្គមលោក កែម ឡី យល់ថា លោក ហ៊ុន សែន ប្រើពាក្យពេជន៍ យកបន្លាជួសបន្លា ករណីលោក កឹម សុខា ជាវប្បធម៌ចាស់ មិនមានការផ្លាស់ប្តូរសង្គមឲ្យរីកចំរើននោះទេ។ លោកថា បើអ្នកនយោបាយនៅតែបន្តប្រើវប្បធម៌បែបនេះ អ្នកដែលរងគ្រោះគឺប្រជាពលរដ្ឋ។លោកមានប្រសាសន៍ថា ”ទំាងសងខាងនៅតែបន្តវប្បធម៌នយោបាយបែបហ្នឹង គឺមិនមែនជាដំណោះស្រាយល្អសម្រាប់សង្គមទេ ផ្ទុយទៅវិញបន្លា វាជួសបន្លា វាឈឺទំាងអស់គ្នា ហើយអ្នកដែលរងគ្រោះពលរដ្ឋ

ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលបានស្នាក់នៅក្នុងស្នាក់ការបក្សអស់រយៈពេល១ខែមកហើយនោះបានផ្តល់បទសម្ភាសន៍ឲ្យសារព័ត៌មាន Reuters ថាលោក ហ៊ុន សែន ខ្លាចចាញ់ការបោះឆ្នោតនាពេលខាងមុខ ហើយរូបលោកបានក្លាយជាមុខសញ្ញារបស់នាយករដ្ឋមន្ត្រី។

សារព័ត៌មាន Reuters បានដកស្រង់សម្តីលោក កឹម សុខា មកចុះផ្សាយកាលពីថ្ងៃទី២៥ ខែមិថុនា ថាគណបក្សសង្គ្រោះជាតិនឹងឈ្នះការបោះឆ្នោតនៅឆ្នាំ២០១៨ ដោយលោកថាទោះបីជាការបោះឆ្នោតអាចមិនសេរីនិងមិនយុត្តិធម៌ក៏ដោយ។ លោក កឹម សុខា ប្រាប់ Reuters ទៀតថាប្រជាពលរដ្ឋខ្មែរចង់បានការផ្លាស់ប្តូរមួយបន្ទាប់ពីស្ថិតនៅក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាង៣០ឆ្នាំ។

លោក កឹម សុខា មានប្រសាសន៍ទៀតថាលោកនាយករដ្ឋមន្ត្រីខ្លាចចាញ់ឆ្នោតក្នុងការបោះឆ្នោតខាងមុខ ដោយលោកថាទើបលោកនាយករដ្ឋមន្ត្រីប្រើយុទ្ធសាស្រ្តធ្វើបាបមេដឹកនាំបក្សប្រឆាំង។ លោកប្រាប់ Reutersថា៖ “អ្វីដែលគាត់(នាយករដ្ឋមន្ត្រី)ខ្លាចបំផុតគឺការចាញ់ឆ្នោតយុទ្ធសាស្រ្តរបស់គាត់គឺផ្តួលថ្នាក់ដឹកនាំគណបក្សប្រឆាំង ដូច្នេះឥឡូវនេះ ខ្ញុំគឺជាមុខសញ្ញារបស់គាត់

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ