លោកស្រី ពុង ឈីវកេក ទទួលបានគ្រឿង​ឥស្សរយសពីស្ថានទូតបារាំង

(រូបភាពពីស្ថានទូតបារាំង)

លោកស្រី ពុង ឈីវកេក ប្រធានអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) បានទទួលគ្រឿងឥស្សរយសពីស្ថានទូតបារាំងប្រចាំនៅកម្ពុជាកាលពីម្សិលមិញនេះ។

ក្នុងសេចក្តីប្រកាសព័ត៌មានស្ថានទូតបារាំងថាគ្រឿងឥស្សរយស ឡាឡេស្យុងដោនី” គឺជាគ្រឿងឥស្សរយសដ៏ឧត្ដុងឧត្ដមបំផុតរបស់ប្រទេសដែលត្រូវបានបង្កើតឡើងដោយព្រះចៅ ណាប៉ូឡេអុង បូណាប៉ាត នៅឆ្នាំ១៨០២។ ស្ថានទូតបញ្ជាក់ថានេះសក្ខីភាពនៃការកោតសរសើរដែលលោកស្រីមាននាទីក្នុងការជួយផ្សះផ្សារជាតិនិងជួយលើកស្ទួយសិទ្ធិមនុស្សនៅកម្ពុជា។

លោកស្រី ពុង ឈីវកេក គឺអ្នកសម្របសម្រួលក្នុងការចរចារវាងសម្តេច នរោត្តម សីហនុ ជាមួយលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន នៅថ្ងៃទី២ ធ្នូ ១៩៨៧ មុននឹងសម្រេចចេញជាលទ្ធផលនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣ តុលា ឆ្នាំ១៩៩១។

ក្នុងកិច្ចសំភាសន៍ជាមួយវីអូឌីកន្លងទៅលោកស្រីបានឲ្យដឹងថាកិច្ចព្រមព្រៀងទីក្រុងបារីសនេះពិតជាមានសារៈសំខាន់ណាស់ដែលអាចធ្វើឲ្យប្រទេសគឺបញ្ឈប់ មានប្រទេសជាច្រើនបានជួយប្រទេសកម្ពុជាតាំងពីពេលហ្នឹងមក បន្ទាប់មកប្រទេសកម្ពុជាមានការបោះឆ្នោតទៀងពេលគឺ៥ឆ្នាំម្ដង ហើយប្រទេសប្រកាន់ភ្ជាប់លិទ្ធប្រជាធិបតេយ្យសេរីពហុបក្ស។ លោកស្រីបានបញ្ចាក់ទៀតថា៖ “នៅពេលបោះឆ្នោតរួចហើយ រដ្ឋាភិបាលបានសន្យាថាទី១គឺលើកស្ទួយការពារសេរីសិទ្ធិជាមូលដ្ឋានបានន័យថារដ្ឋាភិបាលនឹងលើកស្ទួយនិងការពារ ទី២គឺរដ្ឋាភិបាលជម្រុញនិងគាំទ្រឲ្យប្រជាពលរដ្ឋមានកម្មវិធីលើកស្ទួយនិងការពារសិទ្ធិមនុស្សនិងសេរីភាពជាមូលដ្ឋាន។ ទី៣សូមឲ្យរកមធ្យោបាយគ្រប់មុខដើម្បីកុំអោយមានរបបដូចអតីតកាលមានមកវិញគឺការរំលោកសិទ្ធិមនុស្សដូចខ្មែរក្រហមត្រលប់មកវិញ។ ទី៤គឺចុះសច្ចាប័នហើយអនុវត្ដផង។ ចំណុចសំខាន់មួយទៀតគឺតុលាការត្រូវតែឯករាជ្យ គឺសំខាន់ណាស់”

គណបក្សកាន់អំណាចនិងគណបក្សប្រឆាំងបានជ្រើសរើសលោកស្រី ពុង ឈីវកេក ជាបេក្ខជនទី៩ក្នុងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប៉ុន្តែក្រោយមកលោកស្រីបដិសេធមិនទទួលយកតំណែងនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ