លិខិតមិត្តអ្នកអាន៖ យុទ្ធសាស្ត្រ​ទប់​ទល់​នឹង​ឃាតកម្ម​នយោបាយ​៖ ហេតុ​អ្វី​ពល​រដ្ឋ​ត្រូវ​ធ្វើយុទ្ធនាការ​ដោយ​យក​លោក​ កែម​ ឡី​ ធ្វើ​ជា​បុគ្គល​និមិត្តរូប​?

លោកបណ្ឌិត កែម ឡី នៅក្នុងកម្មវិធីមួយរបស់វីអូឌី កាលពីលោកនៅមានជីវិត។

ឃាតកម្មនយោបាយកើតឡើងញឹកញាប់នៅកម្ពុជាពុំមានអ្វីចម្លែកទេ ព្រោះប្រទេសដែលគ្មានតុល្យភាពអំណាចរវាងស្ថាប័នកំពូល មិនគោរពច្បាប់ជាធំ អំណាចយោធារដ្ឋឬកម្លាំងសន្តិសុខជារបស់បក្ស ឃាតកម្មលើអ្នកប្រឆាំងនឹងរដ្ឋអំណាចគឺជារឿងដែលងាយរំពឹងទុក។ ប៉ុន្តែអ្វីដែលគួរឲ្យឆ្ងល់ត្រង់ថា គ្មាននរណានិយាយដល់យុទ្ធសាស្ត្រទប់ទល់ទាល់តែសោះ មិនដឹងថាមកពីពួកគេខ្លាច ឬមកពីមិនដឹងទប់ទល់យ៉ាងម៉េចនោះទេ សំខាន់គឺឃាតកម្មនយោបាយអាចកើតឡើងម្តងហើយម្តងទៀតបាន ពុំមែនដោយសារគ្មាននីតិរដ្ឋ ឬវប្បធម៌និទណ្ឌភាពតែម្យ៉ាងទេ តែគឺមកពីគ្មានយុទ្ធសាស្ត្រទប់ទល់នេះតែម្តង។ ស្ទើគ្រប់មជ្ឈដ្ឋាន រួមមានប្រជាពលរដ្ឋ សង្គមស៊ីវិល គណបក្សប្រឆាំង អន្តរជាតិ បានត្រឹមអំពាវនាវឲ្យមានការស៊ើបអង្កេតដែលមានប្រសិទ្ធភាពនិងអព្យាក្រឹតតែប៉ុណ្ណោះ ទោះទន្ទឹមនឹងពេលនោះ ពួកគេបង្ហាញភាពអស់ជំនឿ ហើយអាចដឹងមុនថា តាក់ទិចអំពាវនាវកម្រមានប្រសិទ្ធភាពក៏ដោយ។

ក. ពីដំណោះស្រាយអង្ករកំប៉ុង មកអង្ករច្រកប៉ាវ

ពួកគេនៅតែអំពាវនាវស្វែងរកឃាតក ឬស្នើបង្ហាញភស្តុតាងបញ្ជាក់អត្តសញ្ញាណឃាតក ទោះអាចដឹងថាវាមិនអាចឈានទៅដល់វែកមុខអ្នកបញ្ជាឃាតក, ទាមទាររកយុត្តិធម៌ឲ្យជនរងគ្រោះនិងគ្រួសារ ទោះបីដឹងថា ការផ្តន្ទាទោសតែងត្រូវបានសម្រាល ឬចុចយកបទល្មើសស្រាលមកចោទចំពោះអ្នកដែលធ្វើការឲ្យរដ្ឋអំណាច, ទាមទារឲ្យរដ្ឋាភិបាលពង្រឹងសន្តិសុខនិងរារាំងឃាតកម្ម ទោះបីដឹងថាគឺប្រព័ន្ធដឹកនាំហ្នឹងហើយដែលបង្កឲ្យមានឃាតកម្មបែបនេះ និងបំផ្លាញសន្តិសុខស៊ីវិល,  ដឹងថា ឃុំខ្លួនផ្តន្ទាទោសជនល្មើសមិនអាចបង្ការឃាតកម្មក្រោយៗទៀតក៏ដោយ ក៏នៅតែទាមទារអំពាវនាវដដែលៗ នៅតែទទួលមិនទាន់ស្កប់ទៀតមេរៀនពីអតីតកាលថា មិនមែនបុគ្គលអ្នកសម្លាប់តែម្នាក់ទេជាឃាតក គឺប្រព័ន្ធទាំងមូលតែម្តង, ដឹងថា ប្រព័ន្ធយុត្តិធម៌ទន់ខ្សោយមិនអាចប៉ះពាល់ដល់អ្នកធំហើយ នៅតែពឹងផ្អែកលើយន្តការស្ថាប័នទៀត, ដឹងថា គ្មានយុត្តិធម៌ហើយ នៅតែទន្ទឹងរង់ចាំយុត្តិធម៌ទៀត, ដឹងថា ភ្នាក់ងារស៊ើបអង្កេតមិនឯករាជ្យពីបក្សនយោបាយហើយ នៅតែចាំមើលលទ្ធផលស៊ើបអង្កេតទៀត, ដឹងថា គណៈកម្មការស៊ើបអង្កេតឯករាជ្យអន្តរជាតិ ទោះបង្កើតបានក៏រដ្ឋាភិបាលបន្ទុចបន្អាក់ ក៏នៅតែទាមទារ, ដឹងថា អ្នកបញ្ជាមានអំណាចធំហើយ នៅតែមិនហ៊ាននិយាយនិងថ្លែងជាសាធារណៈជាក្រុមបង្ខំអាជ្ញាធរស៊ើបអង្កេតលើក្រុមនោះទៀត…។ ទាំងអស់នោះ គឺជាសញ្ញាបរាជ័យ ជាអ្វីដែលអ្នកបញ្ជាឃាតកចង់បានបំផុត គេចង់បំបិទមាត់និងបញ្ចូលភាពភ័យខ្លាចក្នុងអារម្មណ៍សាធារណជន គឺជាសេណារីយ៉ូដែលគេរៀបចំទុក ត្រៀមតាក់ទិចពន្យារពេលរហូតដល់សាធារណជនស្រន់កំហឹង កាន់តែខ្លាចមិននិយាយ កាន់តែធ្វើឱ្យតាក់ទិចសម្លាប់មួយគំរាមមួយរយរបស់គេជោគជ័យ កាន់តែជំរុញឲ្យអ្នកបញ្ជាប្រើដាក់តាក់ទិចដដែលបន្តទៀត។

គេគួរសម្លឹងមើលឲ្យវែងឆ្ងាយ ឈប់បន្តស្វែងរកដំណោះស្រាយអង្ករកំប៉ុង មើលឃើញតែមួយចុងសក់ រំពឹងលើស្ថាប័នក្នុងស្រុកនិងរង់ចាំអន្តរាគមន៍អន្តរជាតិទៀតទៅ ត្បិតអន្តរាគម៍ពីខាងក្រៅមិនដែលមានប្រសិទ្ធភាពទេ តាំងពីសម័យអ៊ុនតាក់មកម្ល៉េះ នេះនៅមិនរាប់ករណីមុនសម័យនោះផង។ បែរមករៀបចំយុទ្ធសាស្ត្រផ្អែកលើកម្លាំងខ្លួនឯង ផ្តើមយុទ្ធនាការទ្រង់ទ្រាយធំដែលមានផែនការតាក់ទិចច្បាស់លាស់ ទាំងតាក់ទិចប្រមូលប្រភពអំណាចរដ្ឋពីប្រជាជន តាក់ទិចទប់ទល់នឹងការបង្ក្រាបពីរដ្ឋអំណាចនិងតាក់ទិចដកហូតប្រភពអំណាចរដ្ឋ បើពុំនោះទេ ឃាតកម្មនយោបាយនឹងកើតឡើងបន្តទៀត ម្តងគេម្តងយើង ពិសេសពេលគៀកនឹងថ្ងៃបោះឆ្នោត គ្មានចៀមណាអាចរួចផុតពីចំណីខ្លានោះទេ!  យើងយល់ស្របនឹងមតិលោក Phil Robertson នាយករងប្រចាំតំបន់អាស៊ីនៃអង្គការ «Human Rights Watch» នៅក្នុងបទសម្ភាសឲ្យអាស៊ីសេរី ថា «លោក ហ៊ុន សែន និងគណបក្សប្រជាជនបានដឹងខ្លួនតាំងពីបោះឆ្នោត២០១៣ មកម្ល៉េះ ថា ខ្លួនត្រូវតែបន្តចាត់ការធ្វើបាបអ្នកដែលហ៊ានតវ៉ាប្រឆាំង ចាប់ពីពេល [ឃាតកម្មលើលោក កែម ឡី] នេះតទៅ រដ្ឋាភិបាលនឹងបើកយុទ្ធនាការតួកាចរហូតហើយ។»

ដំណោះស្រាយត្រឹមចាប់ជនល្មើស ផ្តន្ទាទោសជនល្មើស ផ្តល់សំណងសមរម្យជូនក្រុមគ្រួសារជនរងគ្រោះ រកអ្នកបញ្ជាឃាតក គ្រាន់តែជាដំណោះស្រាយរយៈពេលខ្លីប៉ុណ្ណោះ ព្រោះវាមិនអាចរារាំងឃាតកម្មក្រោយៗ បើឃាតកម្មត្រូវបានជួយជ្រោមជ្រែងពីរដ្ឋអំណាច គេគ្មានថ្ងៃរកឃើញអ្នកបញ្ជាឃាតកទេ ទោះរកឃើញក៏មានយោធានៅការពារមិនប៉ះពាល់អ្នកបញ្ជានោះដែរ។ ដំណោះស្រាយរយៈពេលវែង គឺយុទ្ធសាស្ត្រទប់ទល់នឹងប្រព័ន្ធដែលពន្យុះឲ្យមានអំពើហិង្សាផ្នែកនយោបាយ រួមមានឃាតកម្ម និងជួយការពារអ្នកបញ្ជាឃាតក។

ខ. យកលោក កែម ឡី ធ្វើជាបុគ្គលនិមិត្តរូប (Making Martyr out of him)

 នៅប្រទេសហ្វីលីពីន លោក Benigno Aquino មេដឹកនាំបក្សប្រឆាំងដែលជាគូប្រជែងនយោបាយដែលសក្តានុពលអាចយកឈ្នះឆ្នោតមេដឹកនាំផ្តាច់ការ Ferdinand Marcos, ត្រូវបានបាញ់សម្លាប់ចំក្បាលដោយកងការពារយោធានៅព្រលានយន្តហោះអន្តរជាតិ Manila ដែលត្រៀមបញ្ជូនរូបលោកពីយន្តហោះទៅពន្ធនាគារ នៅថ្ងៃទី២១ សីហា ១៩៨៣ បន្ទាប់ពីវិលត្រលប់ពីការនិរទេសខ្លួនបីឆ្នាំនៅសហអាមេរិក (ដែលជាខ្នងបង្អែករបស់របប Marcos)។ ឃាតកម្មនយោបាយនេះបានបំផ្ទុះជាចលនាអំណាចប្រជាជនឬបដិវត្តន៍អំណាចប្រជាជន ដែលផ្តួលរំលំជនផ្តាច់ការ Marcos នៅឆ្នាំ១៩៨៦, ពាក្យ «អំណាចប្រជាជន» បានបង្កើតឡើងនិងត្រូវបានប្រើប្រាស់មកទល់សព្វថ្ងៃ សំដៅដល់ចលនាប្រជាជនប្រឆាំង និងផ្តួលរំលំរបបដឹកនាំដែលរំលោភអំណាច ដោយប្រើតាក់ទិចអហិង្សា។

ករណីនេះផ្តល់មេរៀនជាច្រើនសម្រាប់ករណីឃាតកម្មលើលោក កែម ឡី ស្របពេលកាលលោកនៅរស់ក៏ឧស្សាហ៍រំឭកពីករណីប្រធានាធិបតីផ្តាច់ការរូបនេះដែរ ប៉ុន្តែ កែម ឡី ទំនងជាពុំបានយល់ស៊ីជម្រៅពីរបៀបប្រជាជនហ្វីលីពីនផ្តួលមេដឹកនាំដោយអហិង្សានោះទេ ពីព្រោះលោកពុំបានបកស្រាយពីតាក់ទិច ឌីណាមិច យុទ្ធសាស្ត្រនៃចលនាឡើយ លោកនិយាយខ្លីៗប៉ុណ្ណោះ ពោលគឺខកខានឆ្លើយនឹងសំណួរដែលថា ហេតុអ្វីករណីបែបនេះអាចទៅរួច មូលហេតុអ្វីនិងតាមបៀបណាដែលពលរដ្ឋអាចដាក់សម្ពាធលើរបបដឹកនាំរហូតដល់ធ្វើរដ្ឋអំណាចដួលរលំតែម្តង។ ប្រជាជនហ្វីលីពីនបានធ្វើឲ្យលោក Aquino ក្លាយជាបុគ្គលនិមិត្តរូបនៃចលនា ដូច្នេះប្រជាពលរដ្ឋខ្មែរត្រូវយកលោក កែម ឡី ធ្វើដូច្នេះដូចគ្នា បើពុំដូច្នោះទេ មរណភាពរបស់លោកនឹងពុំអាចដាស់ពលរដ្ឋឲ្យក្រោកឈរទេ ត្រឹមចូលរួមបុណ្យឬដង្ហែសពពុំទាន់គ្រប់គ្រាន់អាចចាត់ទុកជាការក្រោកឈរនោះទេ ត្រឹមតែជាការភ្ញាក់រឭកប៉ុណ្ណោះ។ ការមិនធ្វើអ្វីសោះនៅក្រោយចប់បុណ្យ មិនយូរទេ កំហឹងពលរដ្ឋនឹងស្ងប់ យុត្តិធម៌ក៏មិនបានទទួល ឃាតកម្មនយោបាយនៅតែបន្ត បេក្ខជនបន្ទាប់នៅតែមាន អ្នកបរាជ័យគឺប្រជាពលរដ្ឋខ្មែរទាំងមូល។ ប្រជាពលរដ្ឋហ្វីលីពីនមើលឃើញវែងឆ្ងាយថា មិនមែនបុគ្គលម្នាក់ទេ ជាឃាតកឬអ្នកបញ្ជាឃាតក គឺប្រព័ន្ធដឹកនាំទាំងមូលតែម្តង!

គ. មូលហេតុផ្តើមយុទ្ធនាការ គឺមកពីបរាជ័យនៃប្រព័ន្ធយុត្តិធម៌

 ហេតុអ្វីមិនរង់ចាំការស៊ើបអង្កេតរបស់សមត្ថកិច្ចសិនទៅ? ហេតុអ្វីមិនរកអន្តរាគមន៍ពីខាងក្រៅបង្កើតគណៈកម្មការឯករាជ្យចម្រុះនិងសុំជំនាញការពីអន្តរជាតិទៅ? ១. ការស៊ើបអង្កេតរបស់សមត្ថកិច្ចពីដើមមក មិនដែលកើតការអ្វីទេ ឲ្យតែទាក់ទងដល់អ្នកមានអំណាច។ ២. លុះរដ្ឋាភិបាលជាអ្នកស្នើ ទើបអន្តរាជាតិអាចជួយបញ្ចូនអ្នកជំនាញបច្ចេកទេស ចូលរួមបង្កើតគណៈកម្មការឯករាជ្យ ហើយដូចបានជ្រាបស្រាប់ កាលព្រឹត្តិការណ៍បោកគ្រាប់បែកឆ្នាំ១៩៩៧ រដ្ឋាភិបាលបានទាត់ FBI ចេញពីប្រទេស ល្មមឲ្យគេអាចទាញសេចក្តីសន្និដ្ឋានថា គ្មាននរណាចង់បានគណៈកម្មការអព្យាក្រឹតមកស៊ើបអង្កេតលើឧក្រិដ្ឋកម្មដែលអាចប៉ះពាល់ដល់ខ្លួនឯងនោះទេ។ ៣. បើទោះបង្កើតបានហើយរកអ្នកបញ្ជាឃើញ ក៏ប្រព័ន្ធយុត្តិធម៌នៅកម្ពុជាធ្វើអីគេនោះមិនបានដែរ មិនមែនមនុស្សអ្នកធ្វើទេ គឺយក្ស។ ឈរលើហេតុផលតែបីធំៗនេះ គ្រប់គ្រាន់សម្រាប់ជាគតិពិចារណាថា ជម្រើសចុងក្រោយមានតែធ្វើយុទ្ធនាការទ្រង់ទ្រាយធំប៉ុណ្ណោះ! ឲ្យធ្វើយុទ្ធនាការយ៉ាងម៉េច បើពីដើមមកកម្រជោគជ័យណាស់ ឃើញតែមួយឆាវក៏ស្ងប់ទៅៗ សូម្បីយុទ្ធនាការឈុតខ្មៅដែលលោក កែម ឡី ខ្លួនឯងបានចូលរួមនិងអំពាវនាវឲ្យពលរដ្ឋចូលរួម ក៏កំពុងឋិតនៅក្នុងស្ថានភាពដដែលៗ ឃើញតែអ្នកធ្វើសកម្មភាពដដែលៗ ត្រូវអាជ្ញាធររារាំងដដែលៗ គួរឲ្យធុញទ្រាន់ណាស់ គឺថា សូម្បីលោក កែម ឡី ខ្លួនឯងក៏ពុំដឹងច្បាស់ពីវិធីធ្វើឲ្យយុទ្ធនាការមួយនេះមានប្រសិទ្ធភាពដូចម្តេចដែរ។ បើយុទ្ធនាការមិនមានប្រសិទ្ធភាព គេត្រូវស្វែងយល់អំពីកត្តាជំរុញឲ្យមានប្រសិទ្ធភាព បំពេញចំណុចខ្វះខាត កែលម្អកំហុសឆ្គង ពុំមែនឆាប់បោះបង់ ប្រើតាក់ទិចគ្មានភាពច្នៃប្រឌិត ចុះញ៉មនឹងការបង្ក្រាប ហើយដល់ពេលបរាជ័យ មិនបន្ទោសខ្លួនឯង បែរជាទៅបន្ទោសយុទ្ធនាការ ឬតាក់ទិចអហិង្សាថា អប្រសិទ្ធភាពនោះទេ!

ឃ. Profile របស់ក្រុម/អ្នកបញ្ជាឃាតក

យើងនឹងមិនវិភាគប្រ៉ូហ្វាល់របស់ឃាតកទេ ត្បិតមានការអធិប្បាយច្រើនទៅហើយនៅលើសារព័ត៌មាន ពិសេសពួកគេផ្តោតលើឃាតកច្រើនជាងអ្នកបញ្ជាឃាតក ទំនងជាពុំហ៊ាននិយាយដល់ស៊ីជម្រៅ ព្រោះខ្លាចជាបេក្ខជនវត្តព្រះពុទ្ធបន្ទាប់។ សម្រាប់នៅទីនេះ ឃាតកជានរណាមិនសំខាន់ជាងអ្នកបញ្ជាឃាតកឬមេគំនិតជានរណានោះទេ។ មិនថាអ្នកបញ្ជានោះជានរណា ឬក្រុមណាទេ ពួកគេត្រូវតែជាអ្នកមានអំណាចឬមានការគាំទ្រពីអ្នកមានអំណាច ព្រោះ៖ ១. ពួកគេឋិតនៅលើច្បាប់ ចង់បញ្ជាឃាតកសម្លាប់នរណាក៏បាន មិនដែលត្រូវបានវែកមុខឬត្រូវបានកាត់ទោសតាំងពីបញ្ជាឃាតកដំបូងរហូតមកទល់បច្ចុប្បន្ន។ ២. អាចបញ្ជាប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ឬឯកជនដែលជាបណ្តាញពឹងផ្អែកលើគ្នាទៅវិញទៅមក ឬខ្សែស្រឡាយ មកបិទបាំងមិនរាយការណ៍ពីឃាតកម្ម បុណ្យសព ដង្ហែសព ទោះផ្សព្វផ្សាយក៏ពុំស៊ីជម្រៅ ក្រឡៃព័ត៌មាន (អ្នកចូលរួមហែសពប្រមាណ ២លាន បែរថា ២០០, ៣០០ ឬ ១០០០នាក់) ឬមួលបង្កាច់ក៏មាន (ចោទបក្សប្រឆាំងទោះពួកគេក៏ជាជនរងគ្រោះ)។ ៣. ពួកគេគ្រប់គ្រងឬមានឥទ្ធិពលលើសមត្ថកិច្ចអាជ្ញាធរ ត្បិតអាជ្ញាធរបានទទួលបញ្ជាឲ្យរារាំងការហែសពពីកន្លែងកើតហេតុ ប្រុងយកឡានពេទ្យនិងកាកបាទក្រហមមកដឹកសពដើរតួចិត្តល្អក្នុងបំណងបំបាត់ដាន, រារាំងបង្កការលំបាកដល់អ្នកចង់ចូលរួមបុណ្យសព, អាចបញ្ជាអាជ្ញាធរមិនឲ្យបញ្ចេញភស្តុតាងសំខាន់ដែលសាធារណជនមានសិទ្ធិដឹង (វីឌីអូក្នុងកាម៉េរ៉ា), អាចដាក់បញ្ជាលើអាជ្ញាធរជំទាស់សំណើរបស់គណៈកម្មការសព ម្តងហើយម្តងទៀត ក្រោមហេតុផលមិនសមរម្យនិងដដែលៗ មិនផ្អែកលើច្បាប់ ប្រើហេតុផលស្ទះចរាចរណ៍ ខូចសណ្តាប់ធ្នាប់សាធារណៈដដែលៗ ទោះបីកម្ពុជាស្ទះសឹងជារៀងរាល់ថ្ងៃទោះមានការហែក្បួន ឬមានបុណ្យសពឬអត់ ហើយពេលមន្ត្រីបក្សកាន់អំណាចធ្វើដំណើរ អាជ្ញាធរបើកដៃជួយសម្រួលសុខចិត្តឲ្យសាធារណជនកកស្ទះ, រំលោភសិទ្ធិជួបជុំដង្ហែក្បួនធានាដោយច្បាប់បាតុកម្មនិងរដ្ឋធម្មនុញ្ញ (ច្បាប់នៅលើមាត់អាជ្ញាធរ), ម្តងមិនឲ្យដង្ហែ ក្រោយហាមមិនបានក៏ឲ្យដង្ហែ តែមិនត្រូវកាត់តាមមុខទីស្ដីការគណៈរដ្ឋមន្ត្រី ដែលខ្លាចពលរដ្ឋយកលេសហែសពទៅធ្វើបាតុកម្មនៅទីនោះ, ហាមមិនឲ្យកាត់តាមទីស្តីការមិនបាន ក៏មិនឲ្យដើរថ្មើរជើង, ហាមមិនឲ្យដើរថ្មើរជើងមិនបាន ក៏បិទស្ថានីយ៍ប្រេងឥន្ធនៈមិនឲ្យអ្នកធ្វើដំណើរតាមយានយន្តអាចចាក់សាំងតាមផ្លូវបាន។ ពួកគេអាចបញ្ជាអាជ្ញាធរឲ្យឃ្លាំមើលយ៉ាងប្រុងប្រយត្នពុំមែនដើម្បីសណ្តាប់ធ្នាប់សន្តិសុខអ្វីទេ គឺដើម្បីបង្ការការបះបោរពីអ្នកចូលរួមសព ព្រោះដឹងថាកំហឹងរបស់ពួកគេអាចផ្ទុះឡើងគ្រប់ពេលវេលា ដែលចំនួនអ្នកចួលរួមលើសពីចំនួនអតិបរមាដែលរដ្ឋាភិបាលអាចទប់បាន ពោលគឺ ប្រមាណ ២លាននាក់ លើសពីចំនួន ៣,៥% នៃប្រជាជនសរុប ៥សែនសម្រាប់ករណីកម្ពុជា ដែលគ្មានរដ្ឋាភិបាលនៅលើពិភពលោកទោះមានកម្លាំងយោធាខ្លាំងប៉ុណ្ណាក៏មិនអាចទប់ឈ្នះប្រជាជន ៣,៥% នោះទេ។ មិនមែនគ្មានអាជ្ញាធរដែលមានចិត្ត ជួយសម្រួលចរាចរណ៍ទេ គ្រាន់តែអ្នកបញ្ជាអាជ្ញាធរទំនងជាមិនចង់បង្កទំនាស់ជាមួយពលរដ្ឋហែសព ព្រោះត្រឹមសម្លាប់មនុស្សដែលពួកគេគោរពស្រឡាញ់ ដុតពួកគេឲ្យក្តៅក្រហាយណាស់ទៅហើយ បើមិនបានហែទៀត ប្រាកដជាអត់លែងបានពុំខានឡើយ។ គេចង់ឲ្យហែចេញពីក្រុងបានកាន់តែឆាប់កាន់តែល្អ ព្រោះបុគ្គលម្នាក់នេះមិនមែនត្រឹមតែទុកឲ្យរស់មិនបានទេ សូម្បីតែសាកសពក៏មិនគួរទុកឲ្យនៅក្នុងរាជធានីយូរដែរ។ ៤. អ្នកបញ្ជាឃាតកមានឥទ្ធិពលលើសូម្បីតែមហាក្សត្រ អាចដាក់សម្ពាធលើព្រះអង្គមិនហ៊ានមកចូលរួមបុណ្យសពផ្ទាល់ (ព្រះអង្គក៏ចង់មកដែរ គេអាចទាយដឹងពីចេតនានេះតាមរយៈវត្តមានរបស់សម្តេចម៉ែ និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិធម្មិកោ), អនុប្រធានបក្សប្រឆាំងក៏មិនហ៊ានមក, អាចរារាំងគណបក្សហ្វ៊ុនស៊ិនប៉ិចឲ្យមិនហ៊ានមក, អាចជះឥទ្ធិពលលើអ្នកល្បីល្បាញមានមុខមាត់ជាច្រើននៅកម្ពុជាឲ្យពុំហ៊ានចូលរួមបុណ្យសពផ្ទាល់ (រំលោភសេរីភាពចូលរួមពិធីបុណ្យសាសនារបស់ពួកគេ)។ ៥. មានឥទ្ធិពលលើស្ថាប័នសាសនា អាចបញ្ជាដេញព្រះសង្ឃចូលរួមបុណ្យសពចេញពីវត្តបាន ឧ. ព្រះតេជគុណ លួត សុវាត។ ៦. អាចប្រើប្រព័ន្ធតាមដានរបស់រដ្ឋមកឃ្លាំមើលអ្នកដែលមានទំនាក់ទំនងនឹងលោក កែម ឡី ជាច្រើននាក់បាន បង្ខំពួកគេឲ្យរត់ចោលស្រុក ឧ. សកម្មជនបរិស្ថានបងប្អូនភ្លោះ និងសកម្មសង្ឃ ប៊ុត ប៊ុនតិញ។ ៧. អ្នកបញ្ជាឃាតកត្រូវតែមានបទពិសោធ ធ្លាប់បញ្ជាមនុស្សឲ្យធ្វើបែបនេះកន្លងមក សំអាងលើសកម្មភាពជាច្រើនរបស់អ្នកទទួលបញ្ជាច្រើននាក់និងស្ថាប័នគាំទ្រច្រើន ទាំងមុន អំឡុង ក្រោយពេលឃាតកម្ម មានផែនការច្បាស់លាស់ ដោយមិនគិតពីភាពខ្វះខ្ចោះនៃផែនការនិងគោលដៅបំភ័យនៃឃាតកម្មសម្រេចកម្រិតណា។ ៨. អ្នកបញ្ជាឃាតកមានអំណាចយោធា អាចបញ្ជាចល័តទ័ពតាមតម្រូវការ មានការប្រយ័ត្ន ត្រៀមបង្ការការបះបោរក្រោយឃាតកម្មលើលោក កែម ឡី។ សរុបទាំង៨ចំណុចនេះមក គឺថាមិនមែនជាស្នាដៃរបស់មនុស្ស ឬក្រុមមនុស្សធម្មតាទេ។

នៅក្នុងវេទិកាអាស៊ីសេរីថ្ងៃទី២២ ខែកក្កដា លោក អ៊ូ វីរៈ បានបដិសេធសម្មតិកម្មដែលថា លោក កែម ឡី ត្រូវគេធ្វើឃាតដោយសារអធិប្បាយអំពីរបាយការណ៍ Global Witness «Hostile Takeover» ឲ្យវីអូអេ និងអាស៊ីសេរី ដោយសំអាងហេតុផលថា ការអធិប្បាយលើរបាយការណ៍ ឬពឹងផ្អែកលើរបាយការណ៍ធ្វើអធិប្បាយគឺជារឿងធម្មតា ជាសកម្មភាពទៀងទាត់សម្រាប់អ្នកស្រាវជ្រាវ ទោះអាចជាហេតុផលមួយក៏ឋិតក្នុងកម្រិតតិចតួច ឬបន្ថែមលើកំហឹងដែលមានស្រាប់ប៉ុណ្ណោះ ម្យ៉ាងទៀតជនសង្ស័យបានធ្វើដំណើរមកដល់ភ្នំពេញ ប្រមាណ១០ថ្ងៃ មុនកាលបរិច្ឆេទចេញផ្សាយរបាយការណ៍ បង្ហាញថា ផែនការសម្លាប់មានហេតុផលផ្សេងៗជាច្រើន មុនហេតុផលអធិប្បាយលើរបាយការណ៍។ ទស្សនៈរបស់លោកមិនខុសណាស់ណាទេ តែក៏មិនមែនមិនខុសដែរ៖ ជារឿងធម្មតារបស់អ្នកវិភាគមិនប្រាកដថាជារឿងធម្មតារបស់អ្នកបញ្ជាសម្លាប់នោះទេ, អ្នកបានស្តាប់បទអត្ថាធិប្បាយរបស់លោក កែម ឡី អំពីរបាយការណ៍សុទ្ធតែដឹងថា វាប៉ះពាល់ខ្លាំងដល់អារម្មណ៍អ្នកមានអំណាចធំៗ ក្នុងនោះមានតាំងពីក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រីខ្លាំងបំផុត បន្ទាប់មកទើបឧកញ៉ានិងវៀតណាម។ លោកលើកឡើងតាមរបាយការណ៍ថា ចំនួនពិតនៃភាគហ៊ុនរបស់គ្រួសាររបស់នាយករដ្ឋមន្ត្រីគឺច្រើនជាងចំនួនក្នុងរបាយការណ៍ទៅទៀត ហើយមើលឃើញថាជាអំពើពុករលួយ រំលោភអំណាច គួរមានការស៊ើបអង្កេត ជាតម្រុយសម្រាប់អ្នកវិនិយោគ និងអ្នកបោះឆ្នោត ដែលសម្តីនេះប៉ះពាល់ដល់ផលប្រយោជន៍សេដ្ឋកិច្ចរបស់រដ្ឋអំណាចនិងលទ្ធភាពឈ្នះឆ្នោតរបស់បក្សកាន់អំណាច។ ថា រដ្ឋាភិបាលមិនហ៊ានប្តឹងអង្គការ Global Witness ព្រោះមាសមិនសុទ្ធ ថារបាយការណ៍ពិតលើសពី៩៥% ហើយទិន្នន័យនោះក៏យកចេញពីក្រសួងពាណិជ្ជកម្មខ្លួនឯង (ទិន្នន័យនោះត្រូវបានបិទក្រោយចេញរបាយការណ៍), ថា នៅមានខ្សែស្រឡាយរបស់មន្ត្រីជាច្រើនទៀត ដែលធ្វើជំនួញអ៊ីចឹងដូចគ្នា ប៉ះពាល់ដល់សមាជិកគណបក្សកាន់អំណាចដទៃទៀត, ថា ឃាតកម្មលើឧកញ៉ា អ៊ឹង ម៉េងជឺ ក៏ពាក់ព័ន្ធនឹងផលប្រយោជន៍ជំនួញដែរ គួរមានការស៊ើបអង្កេត ប៉ះពាល់ដល់ពួកឧកញ៉ាស្និទ្ធនឹងបក្សកាន់អំណាច, និយាយពីការនាំចូលទំនិញតាមព្រំដែនដោយមិនបង់ពន្ធ គ្រាន់តែឱ្យថ្លៃបាយមន្ត្រីគយតាមព្រំដែន ប៉ះពាល់ដល់វៀតណាម។ ការអធិប្បាយចុងក្រោយរបស់លោកប៉ះពាល់យក្សដល់ទៅបី រឿងអ្វីយក្សទាំងនោះមិនរួមគ្នាយកជើងជាន់លោកឲ្យក្ស័យនោះ។ ជាពិសេស សកម្មភាពនិងការអធិប្បាយរបស់លោកតាំងពីដើមមកគឺប៉ះពាល់ដល់មហាយក្សទាំងបីនេះដរាបមកតែម្តង រួមមានអធិប្បាយលើបញ្ហានយោបាយនិងសេដ្ឋកិច្ចសង្គម ដែលប៉ះបក្សកាន់អំណាចឬប្រជាប្រិយភាពបក្សនេះ, សកម្មភាពការពារបរិស្ថានព្រៃឡង់ អារ៉ែង ប្រឆាំងទំនប់វារីអគ្គិសនី សិក្សាពីផលប៉ះពាល់ចេញពីដីសម្បទានប្រគល់ឲ្យដោយរដ្ឋាភិបាល ប៉ះឈ្មួញធំៗ ឬឧកញ៉ានិងក្រុមហ៊ុនបរទេស, ចុះសិក្សាដល់ព្រំដែននិងវិភាគពីបញ្ហាអន្តោប្រវេសន៍វៀតណាម ប៉ះពាល់ដល់វៀតណាម។ ដូច្នេះ គេមិនអាចពន្យល់មូលហេតុឃាតកម្មលើលោក កែម ឡី ដោយចុចយកមូលហេតុតែមួយនោះទេ ព្រោះលោកធ្វើសកម្មភាពច្រើនប៉ះពាល់ដល់ក្រុមមនុស្សច្រើន ប៉ុន្តែគេក៏ពុំអាចទាត់ចោលឥទ្ធិពលខ្លាំងសម្បើមនៃរបាយការណ៍ Global Witness  នោះដែរ ព្រោះវាមិនមែនធម្មតាដូចលោក វីរៈ ទាយឡើយ ធម្មតាតែការអធិប្បាយលើរបាយការណ៍ប៉ុណ្ណោះ របាយការណ៍នោះមិនធម្មតាទេ សូម្បីលោក កែម ឡី កាលនៅរស់ ក៏ចាត់ទុកជារបាយការណ៍កម្ររកបាននិងគេខំលាក់បាំងដែរ តែលោកទាយខុសត្រង់ថា អ្នកចេញរបាយការណ៍បើនៅស្រុកខ្មែរជាប់គុក ២៤ម៉ោង គឺ មិនមែនគុក២៤ម៉ោងទេ គឺ ស្លាប់៤៨ម៉ោង មានន័យថា បើសម្លាប់អ្នកចេញផ្សាយរបាយការណ៍ដែលនៅបរទេសពុំបាន ក៏អាចសម្លាប់អ្នកអធិប្បាយលើរបាយការណ៍ដែលឋិតនៅក្នុងស្រុកដែរ។ អ្នកបញ្ជាទំនងជាគិតថា ការអធិប្បាយធម្មតាលើរបាយការណ៍មិនធម្មតាគឺជាសកម្មភាពមិនធម្មតា។ កុំភ្លេចថា មិនមែនត្រឹមតែនាយករដ្ឋមន្ត្រីទេក្រេវក្រោធ គឺគ្រួសាររបស់លោកទាំងមូលតែម្តង ពួកគេថែមទាំងចោទប្រកាន់ស្តីបន្ទោសសារព័ត៌មានក្នុងស្រុកដែលផ្សាយបន្តទៅទៀត រួមមាន Cambodia Daily និង Phnom Penh Post ហើយសូម្បីរបាយការណ៍របស់អង្គការ Human Rights Watch «៣០ឆ្នាំ[នៃការដឹកនាំ]របស់លោក ហ៊ុន សែន» ក៏ពុំបង្កឲ្យមានប្រតិកម្មខ្លាំងដល់ម្លឹងពីគ្រួសាររបស់លោកនាយករដ្ឋមន្ត្រីដែរ។ អំណះអំណាងរបស់លោក វីរៈ អំពីដំណើរគោចររបស់ជនសង្ស័យមុនឃាតកម្មត្រឹមបង្ហាញពីការត្រៀមធ្វើឃាតប៉ុណ្ណោះ ជាពិសេសបំផុត គឺគ្រួសាររបស់លោកនាយករដ្ឋមន្ត្រីបានដឹង ឬអានរបាយការណ៍នេះមុន បើមិនដឹងលម្អិតក៏ដឹងខ្លឹមសាររួមដែរ ព្រោះអង្គការនេះបានទាំងហ៊ានផ្ញើសារទៅសួរជាមុនទៅទៀតមុនចេញផ្សាយ ផ្តល់អាទិភាពឲ្យជំទាស់ បើគេសរសេរខុស តែមានតែម្នាក់ប៉ុណ្ណោះឆ្លើយតប ថាមិនបាន ពួកគេបានគិតគូរអំពីវិធានការលើអ្នកជួយបញ្ជាក់ថារបាយការណ៍នោះពិតតាំងពីពេលនោះម្ល៉េះ។ «ក្នុងខែមករា ឆ្នាំ២០១៦ អង្គការ Global Witness បានសរសេរលិខិតផ្ញើជូនសមាជិក ២៥រូប ក្នុងគ្រួសារត្រកូលហ៊ុន បូករួមទាំងលោក ហ៊ុន សែន ផ្ទាល់ផងដែរ ដើម្បីស្នើសុំប្រតិកម្មតបទៅនឹងការចោទប្រកាន់ពួកគាត់នៅក្នុងរបាយការណ៍នេះ។ នៅពេលបោះពុម្ពផ្សាយឯកសារនេះ មានតែម្នាក់ប៉ុណ្ណោះបានផ្តល់ចម្លើយតបគឺ ពីកូនប្រសាររបស់លោក ហ៊ុន សែន គឺលោក សុខ ពុទ្ធីវុទ្ធ…។» គេពុំអាចទាត់ចោលទម្ងន់នៃការអធិប្បាយលើរបាយការណ៍របស់លោក កែម ឡី ឡើយ ត្បិតលោកជាបុគ្គលល្បីម្នាក់ គេស្តាប់ច្រើន ក្នុងគំនិតអ្នកបញ្ជាមិនសំខាន់ថា ក្នុងរបាយការណ៍នោះសរសេរអ្វីខ្លះនោះទេ ពលរដ្ឋភាគច្រើនមិនអានរបាយការណ៍ទាំងមូលឡើយ ទោះរបាយការណ៍អ្វីក៏ដោយ ពិតប៉ុន្មានមិនសំខាន់ទេ សំខាន់គឺមិនចង់ឲ្យការបញ្ជាក់ការពិតនិងមិនចង់ឱ្យសាធារណជនជឿ ហើយអ្វីដែលលោក កែម ឡី ធ្វើគឺជាសកម្មភាពដែលគេមិនចង់ឱ្យមាននោះតែម្តង ហើយលោកក៏ជាមនុស្សដែលគេគុំកួនយូរផង គេជឿច្រើនផង គេផ្សាយច្រើនផង មិនអាចទុកបន្តទៀតបានទេ។ បានសេចក្តីថា ការអធិប្បាយលើរបាយការណ៍របស់លោក កែម ឡី ពុំមែនជាដើមហេតុនៃឃាតកម្មទេ តែគឺចុងហេតុ ពោលគឺ គេគង់តែពិឃាតលោកនៅថ្ងៃណាមួយមិនយូរឡើយ តែគេអត់ធ្មត់លែងបានទៀត ក្រោយការអធិប្បាយចុងក្រោយរបស់លោក ទើបលោកពុំអាចរស់បានយូរជាងនេះ។

ជារួម អ្នកបញ្ជាឃាតកពុំត្រឹមតែមិនខ្លាចគេសង្ស័យ ចោទប្រកាន់ ញញើតប្រព័ន្ធយុត្តិធម៌នោះទេ ថែមទាំងប្រើអំណាចនិងសាច់ដុំសម្ញែងដាក់សាធារណជនគ្មានរអែង សូម្បីបន្តិច។ អ្នកបញ្ជាអាចឋិតនៅក្នុងទាំងបីនេះ រួមមាន ១. នាយករដ្ឋមន្ត្រី/ក្រុមគ្រួសាររបស់លោក/គណបក្សកាន់អំណាច, ២. ឧកញ៉ាមួយចំនួនដែលស្និទ្ធនឹងរដ្ឋអំណាច និង ៣. វៀតណាមដែលមានឥទ្ធិពលតិចឬច្រើនទៅលើគណបក្សកាន់អំណាច។ ក្រុមទាំងបីនេះមានចំណងទាក់ទងគ្នាស្អិតរមួត បក្សកាន់អំណាចឡើងកាន់អំណាចដោយអំពើហិង្សា បើឈ្នះឆ្នោតក៏ឈ្នះក្នុងបរិស្ថានពោរពេញដោយអំពើហិង្សា, ជំពាក់គុណវៀតណាម, ដឹកនាំដោយប្រកាន់របបឧកញ៉ាធិបតេយ្យ, មួយណាក៏បាញ់ឆ្ពោះទៅរកនាយករដ្ឋមន្ត្រីដែរ ពោលគឺ នៅកម្ពុជាមានបុគ្គលឬក្រុមមនុស្សតិចណាស់ ដែលត្រូវម៉ាច់នឹងប្រ៉ូហ្វាល់ទាំង ៨ចំណុចខាងលើ មិនពិបាកធ្វើអនុមានញែក (Deduction) ឬកំណត់អត្តសញ្ញាណនោះទេ គឺថា បើជាបុគ្គលមានតែលោកនាយករដ្ឋមន្ត្រីតែប៉ុណ្ណោះ, បើជាគ្រួសារ មានតែគ្រួសាររបស់លោកនាយករដ្ឋមន្ត្រីប៉ុណ្ណោះ, បើជាក្រុមមនុស្ស មានតែគណបក្សកាន់អំណាចប៉ុណ្ណោះ, គណបក្សប្រឆាំងរកសន្តិសុខឲ្យខ្លួនឯងមិនបានផង ប្រធានបក្សមិនហ៊ានចូលស្រុក អនុប្រធានមិនហ៊ានចេញពីទីស្នាក់ការបក្សទៅចូលរួមបុណ្យសព ម្យ៉ាងពួកគេគ្មានអំណាចយោធានិងគ្មានប្រវត្តិបញ្ជាឃាតកទេ មានតែធ្លាប់ត្រូវគេធ្វើឃាតឬគំរាមធ្វើឃាតវិញ តើពួកគេអាចទៅបញ្ជាសម្លាប់លោក កែម ឡី ដូចម្តេចទៅ? បើជាវៀតណាម អាចទៅរួច ប៉ុន្តែសកម្មភាពច្រើនណាស់មានការជ្រោមជ្រែងពីរដ្ឋអំណាច តើវៀតណាមអាចមានឥទ្ធិពលទៅលើសឹងគ្រប់ស្រទាប់នៃស្ថាប័នកម្ពុជាដល់ម្លឹងឬ? ឬមួយរដ្ឋាភិបាលខ្មែរជួយវៀតណាមលាក់បាំងពីខ្លួនដែលជាអ្នកបញ្ជា។ គេទាមទារភស្តុតាងច្បាស់លាស់ជាងត្រឹមតែមូលហេតុសម្លាប់ ដើម្បីបញ្ជាក់ពីចំណុចនេះ ពោលគឺទំនាក់ទំនងរវាងឃាតកនិងវៀតណាម ដូចជា និយាយគ្នាផ្ទាល់ ជួបគ្នាញឹក ជាប់ខ្សែលោហិត ជួយទិញកាំភ្លើងឲ្យ ជួយបណ្តុះបណ្តាលពីតាក់ទិចធ្វើឃាត ធ្លាប់ទទួលបានការលាងខួរក្បាលពីវៀតណាម ជួយរៀបចំផែនការ ជួយតាមដានអង្កេតជនរងគ្រោះ…។ ជនសង្ស័យបាននិយាយថា មកភ្នំពេញក្នុងហេតុផលមិនទំនង កុហកប្រពន្ធថា មកជួបប្អូនធម៌នៅភ្នំពេញ ប្រហែល ១០ថ្ងៃមុនឃាតកម្ម មិនមែនទៅវៀតណាមទេ, ហើយប្រាប់មិត្តថា មកភ្នំពេញដើម្បីហាត់ធ្វើទាហាន មានប្រាក់ខែត្រឹមត្រូវ ៣០០ដុល្លារ (អាចជាពាក្យប្រើជំនួសហាត់ធ្វើជាឃាតក) ធ្លាប់ជាកងទ័ពសាធារណរដ្ឋប្រជាមានិតកម្ពុជា មិនទំនងជាបង្ហាញទំនាក់ទំនងច្បាស់លាស់នឹងវៀតណាមទេ ព្រោះពិតមែនរបបនោះមានវៀតណាមជាខ្នងក៏មិនមែនទទួលបញ្ជាផ្ទាល់ពីវៀតណាមដែរ គឺនៅតែពីរដ្ឋាភិបាលខ្មែរ ធ្វើយ៉ាងម៉េចគេហ៊ានច្បាស់ថា វៀតណាមបញ្ជា មិនមែនខ្មែរបញ្ជា។ ជនសង្ស័យបានបង្ហើបថា នឹងបានធ្វើធំឆាប់ៗ មិនមែនធ្វើធំនៅវៀតណាមឯណា ហើយក៏មិនគេចខ្លួនពីឃាតកម្មទៅវៀតណាមដែរ, ដំណើរថ្មើរជើងក្រោយពេលឃាតកម្មរបស់ជនសង្ស័យមានលក្ខណៈមិនខ្វល់ខ្វាយថាជាប់ទោស ត្រូវបានចាប់ខ្លួន ជាប់គុក បង្ហាញថា មានខ្នងធំនៅក្នុងស្រុក ហើយគ្មានផែនការរត់គេចទៅវៀតណាមទៅយកគុណសម្បត្តិពីមេឡើយ បើវៀតណាមជាអ្នកបញ្ជាត្រូវតែត្រឡប់ទៅរាយការណ៍ ឬជួយជម្លៀសជនសង្ស័យដោយសម្ងាត់ បើចាំបាច់សម្លាប់ទាំងជនសង្ស័យតែម្តង ដើម្បីកុំឲ្យសល់ដានថាពាក់ព័ន្ធនឹងខ្លួន។ បើថា វៀតណាមបញ្ជាគណបក្សកាន់អំណាចឲ្យបញ្ជាបន្ត អាចទៅរួច តែឃាតកម្មអាចកើតឡើងបាននៅតែជាកំហុសរបស់រដ្ឋាភិបាលខ្មែរ ព្រោះបើកដៃឲ្យគេ ធ្វើតាមបញ្ជាគេ ទទួលផលប្រយោជន៍រួម ជួយបំពេញផលប្រយោជន៍បរទេស ស្មើនឹងទោសក្បត់ជាតិ។ ប៉ុន្តែសួរថា តើវៀតណាមគួរតែសម្លាប់លោក កែម ឡី ទេ? បើវៀតណាមមានភាពឈ្លាសវៃគ្រប់គ្រាន់ ប្រាកដជាអាចមើលធ្លុះថា មានអ្នកធំនៅស្រុកខ្មែរច្រើនណាស់មានបំណងចង់សម្លាប់លោក គេមិនចាំបាច់ចំណាយធនធាន ចំណាយមនុស្ស ចំណាយពេល ទៅខ្លីដៃខ្មែរសម្លាប់ខ្មែរទេ ព្រោះខ្មែរខាំតែគ្នាឯងតាំងពីដើមរៀងមក សូម្បីតែពេលទៅពឹងបរទេស ក៏ពឹងដើម្បីខាំគ្នាឯងដែរ សូម្បីតែបណ្តេញបរទេសចេញពីប្រទេសខ្លួនឯងហើយ ក៏នៅតែបន្តខាំគ្នាឯងដែរ។ វាជាវប្បធម៌ខាំគ្នាឬខាំស្លឹកត្រចៀកគ្នារវាងអ្នកមានអំណាច ដែលគេមិនអាចពន្យល់ដោយកត្តាបុគ្គលថាមកពីគ្មានឆន្ទៈដូចអ្នកវិភាគឯករាជ្យមួយចំនួនអះអាងទេ រឹតតែមិនគួរអះអាងងាយៗថា ខ្មែរមិនគួរឈ្លោះគ្នាឯង។ មិនមែនរឿងឆន្ទៈឬរឿងគួរមិនគួរទេគឺជាបញ្ហាស្ថាប័ននិងវប្បធម៌ហិង្សា ដែលទាមទារយន្តការស្ថាប័ន រៀបចំរចនាសម្ពន្ធឱ្យអព្យាក្រឹតពីនយោបាយ រៀបចំកម្រិតអំណាចរដ្ឋឬក្រុមណាមួយ កុំឲ្យអាចមានសិទ្ធិផ្តាច់មុខសេរីលើការប្រើអំពើហិង្សា ឬអាចយកអំណាចយោធាមកបម្រើប្រយោជន៍ក្រុមឬបក្ស។ គ្មានយន្តការបង្ការទើបជាមូលហេតុចម្បងដែលខ្មែរចេះតែខាំគ្នាឯង បើគេប្រគល់ធ្មេញដែកឲ្យអ្នកនយោបាយ ពួកគេនឹងនៅតែខាំគ្នាជារៀងដរាប នឹងមិនអាចចេញចាកពីលំនាំហិង្សានេះឡើយនៅក្នុងប្រវត្តិសាស្ត្រខ្មែរ។

បើថ្លឹងថ្លែងគិតជាភាគរយ អំណះអំណាងថា បរទេសជាអ្នកបញ្ជា មិនច្រើនជាងខ្មែរជាអ្នកបញ្ជាទេ ហើយក៏មិនសំខាន់ណាស់ណាដែរ គឺសំខាន់ត្រង់ពួកគេសុទ្ធតែជាយក្ស មនុស្សធម្មតាធ្វើអីពួកគេមិនបានឡើយ។ មិនថា អ្នកបញ្ជាជាមួយណាក្នុងចំណោមក្រុមទាំងបីខាងលើ ឬក្រុមបងធំទាំងបីនេះទាំងអស់តែម្តងជាមេគំនិតក៏ដោយ ពួកគេសុទ្ធតែជាអ្នកមានអំណាច មានអានុភាពជាងប្រព័ន្ធយុត្តិធម៌ទៅទៀត។ ការដាក់មន្ទិលសង្ស័យលើលោកនាយករដ្ឋមន្ត្រី និងគ្រួសារថាអាចជាអ្នកបញ្ជាឃាតកពុំមែនជាការចោទប្រកាន់ឬលាបពណ៌ទេ គឺជាដើរតាមប្រ៉ូហ្វាល់ទាំង៨ចំណុចចង្អុលបា្រប់ ជានីតិវិធីស៊ើបអង្កេតឧក្រិដ្ឋកម្មត្រឹមត្រូវមួយ, បើថាជាការចេះតែចោទលាបពណ៌ លុះត្រាគ្មានភស្តុតាងមាំទាំទាល់តែសោះ តែនេះគឺមានហេតុផលគ្រប់គ្រាន់ បើគេមិនអាចចោទប្រកាន់ទេក៏អាចដាក់ការសង្ស័យលើដែរ ត្បិតមិនមែនរាល់ការចោទនិងលាបពណ៌សុទ្ធតែខុសទាំងអស់ឯណា ការចោទគ្រាន់តែជាការទាមទារឲ្យបង្ហាញការពិតប៉ុណ្ណោះ, បើមិនពិតទេ បង្ហាញភស្តុតាងថាមិនពិតទៅជាការស្រេច ហើយភស្តុតាងនោះនឹងផ្លាតត្រូវអ្នកចោទផ្តេសផ្តាសទៅវិញទេ។ បើសមត្ថកិច្ចចង់បង្ហាញថា ខ្លួនឯករាជ្យ ត្រូវតែហ៊ានស៊ើបអង្កេត, បើលោកនាយករដ្ឋមន្ត្រីនិងគ្រួសារចង់លាងជម្រះក្តីមន្ទិលពីមតិមហាជន ត្រូវតែហ៊ាននិងជំរុញឲ្យមានការស៊ើបអង្កេត កាន់តែអព្យក្រឹតពីនយោបាយកាន់តែបង្កើនការជឿទុកចិត្តពីមហាជន និងមានគណៈកម្មការឯករាជ្យ អ្នកជំនាញការច្រើនក្នុងស្រុកក្រៅស្រុក កាន់តែជួយលោកនិងគ្រួសារលោកទៅវិញទេ បើចង់ឱ្យគេជឿថាស្អាតស្អំ, ពុំនោះទេ ចង់ហាមឃាត់គេមិនឲ្យសង្ស័យ គ្មានប្រសិទ្ធភាពឡើយ។ ការអំពាវនាវស្វែងរកអ្នកបញ្ជា ទោះតាមមធ្យោបាយណាក៏ដោយ មើលរំលងចំណុចសំខាន់ធំមួយ គឺ ទោះពួកគេជានរណាក៏ធ្វើអីពួកគេមិនបានដែរ! ដូច្នេះ សម្រាប់អ្នកយុទ្ធសាស្ត្រ អ្វីដែលគេត្រូវគិតបំផុតគឺរកវិធីដែលអាចធ្វើអីពួកគេនោះឲ្យបាន មិនមែនស្វែងរកអ្នកបញ្ជាឃាតកទេ!

(សូមរងចាំអានភាគបញ្ចប់)

ដោយ ទេព រ៉ានិត

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ