ពលរដ្ឋខ្មែរអីុស្លាមដាក់ញត្តិនៅក្រសួងទាមទារដីប្រមាណ៥២៥ហិកតា

ប្រជាពលរដ្ឋខ្មែរអ៊ីស្លាមប្រមាណជាង៦០នាក់ ដែលតំណាងឲ្យប្រជាពលរដ្ឋខ្មែរអ៊ីស្លាមប្រមាណជា១៣៦គ្រួសារ មកពីភូមិត្រពាំងស្បែក ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ នៅរសៀលថ្ងៃទី២៩នេះ បាននាំគ្នាមកធ្វើការតវ៉ានិងសុំអន្តាគមន៍នៅក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ រឿងជម្លោះដីធ្លីប្រមាណ៥២៥ហិកតា ដែលរំលោភបំពានដោយក្រុមហ៊ុនពីរគឺ ក្រុមហ៊ុនរតនៈស្ទោននិងក្រុមហ៊ុនថេរៈវិនិយោគ តាំងពីឆ្នាំ២០០៩។

លោក ចន្ទ័ យុង តំណាងប្រជាពលរដ្ឋរងគ្រោះ១៣៦គ្រួសារមានប្រសាសន៍ថា នេះមិនមែនជាលើកទីមួយដែលពលរដ្ឋមកតវ៉ា ដោយសារតែគ្មានការអន្តរាគមនិងគ្មានដំណោះស្រាយណាមួយឲ្យជាក់លាក់របស់ស្ថាប័នពាក់ព័ន្ធនានា។

លោកបន្តថា៖ ខ្ញុំសម្រេចចិត្តនាំគ្នាមកតវ៉ាដល់ក្រសួងនេះ បន្ទាប់ពីគេអត់ដោះស្រាយ!

តំណាងពលរដ្ឋម្នាក់ទៀត អ្នកស្រី សុ រ៉គីយ៉ាន់ បានឲ្យដឹងថា ប្រជាពលរដ្ឋដែលរស់នៅទីនោះទាំងស្រីប្រុសក្មេងចាស់ប្រកបរបរចិញ្ចឹមជីវិត ដោយការជួលជម្រះស្មៅនៅចំការផ្សេងៗពីអ្នកមានៗនៅទីនោះ ហើយជីវភាពក្រលំបាកតោកយ៉ាកណាស់ សូម្បីតែកូនចៅក៏មិនបានរៀនសូត្រទៀងទាត់ដែរ។

ចប្ចុប្បន្នដីដែលរំលោភបំពាននោះ គឺក្រុមហ៊ុនយកទៅដាំកៅស៊ូ។

នៅឆ្នាំ១៩៩៧ ដីទាំងនោះគឺប្រជាពលរដ្ឋភាគច្រើននៅទីនោះរស់នៅដោយដាំកៅស៊ូនិងដំឡូង។ ប៉ុន្តែនៅឆ្នាំ២០០៩ ដីនោះត្រូវបានរំលោភបំពានដោយក្រុមហ៊ុនរតនៈស្ទោននិងក្រុមហ៊ុនថេរៈវិនិយោគ។ នេះបើតាមការបញ្ជាក់របស់ប្រជាពលរដ្ឋ។

នៅរសៀលថ្ងៃដដែលនេះញត្តិនៃការតវ៉ារបស់ក្រុមប្រជាពលរដ្ឋខ្មែអ៊ីស្លាមទាំង១៣៦គ្រួសារ ត្រូវបានមន្ត្រីខាងក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ចេញមកទទួល ប៉ុន្តែនៅមិនទាន់មានដំណោះស្រាយនឹងចំណាត់ការណាមួយនៅឡើយទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ