ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូងស្នើ​រកច្រក​សម្រាប់​បោះ​បង់​អំណាច

ប្រធានាធិបតីកូរ៉េខាងត្បូង អ្នកស្រី ផាក ហ្គឹនហេ នៅថ្ងៃនេះ បានស្នើសុំសភាឲ្យស្វែងរកច្រកសម្រាប់អ្នកស្រីបោះបង់អំណាច និងសម្រេចថា ពេលណាអ្នកស្រីគួរតែចុះចេញពីតំណែង ចំពេលដែលមានរឿងអាស្រូវលូកលាន់កិច្ចការរដ្ឋ ប៉ុន្តែ បក្សប្រឆាំងនិយាយថា អ្នកស្រីកំពុងតែព្យាយាមគេចចេញពីការចោទប្រកាន់។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។

អ្នកស្រី ផាក អាយុ ៦៤ឆ្នាំ បានថ្លែងសុំទោសជាសាធារណៈចំនួន ២លើករួចមកហើយ ប៉ុន្តែ វាបែរទៅជាជំរុញឲ្យសាធារណជនកាន់តែអំពាវនាវឲ្យស្រីចុះចេញពីតំណែងទៅវិញ ខណៈដែលសមាជិកសភា បានត្រៀមជំរុញដំណើរការចោទប្រកាន់ហើយ។

អ្នកស្រីបានថ្លែងសុន្ទរកថាតាមទូរទស្សន៍ថា៖ “ខ្ញុំនឹងទុករឿងគ្រប់យ៉ាងអំពីអនាគតរបស់ខ្ញុំ ឲ្យទៅសភា ក្នុងនោះមានការការកាត់បន្ថយអាណត្តិរបស់ខ្ញុំផងដែរ”។

អ្នកស្រីបន្តថា៖ “ខ្ញុំនឹងចុះចេញពីតំណែងរបស់ខ្ញុំទៅតាមច្បាប់ នៅពេលមធ្យបាយមួយត្រូវបានបង្កើតឡើង ដើម្បីអនុម័តទៅលើរដ្ឋបាលនៅក្នុងលក្ខណៈដ៏នឹងនរមួយ ដែលក៏នឹងកាត់បន្ថយចលាចលនយោបាយ និងបញ្ហា បន្ទាប់ពីការពិភាក្សារបស់បក្សកាន់អំណាច និងបក្សប្រឆាំង”។

ទីភ្នាក់ងារយ៉ុនហាប់របស់កូរ៉េខាងត្បូង បានផ្សាយថា គណបក្សប្រជាធិបតេយ្យ ដែលជាបក្សជំទាស់ធំបំផុត បានច្រានចោលសំណើរបស់អ្នកស្រី ផាក និងបានចាត់ទុកវាជាល្បិចកល់មួយ ក្នុងការគេចចេញពីការចោទប្រកាន់។

លោក ផាក ក្វាងអន សមាជិកសភាបក្សប្រជាធិបតេយ្យ បាននិយាយថា វាមើលទៅដូចជាអ្នកស្រី ផាក កំពុងព្យាយាមពន្យាពេលដំណើរការ។

លោកប្រាប់ថា៖ “អ្នកស្រីកំពុងបោះបាល់ឲ្យសភា នៅពេលអ្នកស្រីអាចចុះចេញពីតំណែងដោយងាយនោះ។ អ្នកស្រី ផាក កំពុងស្នើទៅសភា ឲ្យជ្រើសរើសកាលបរិច្ឆេទឲ្យអ្នកស្រីសម្រាប់លាលែង ដែលអ្នកស្រីដឹងហើយថា នឹងនាំទៅរកការជជែកគ្នា អំពីពេលវេលាសម្រាប់រៀបចំការបោះឆ្នោតប្រធានាធិបតី និងពន្យារពេលរឿងគ្រប់យ៉ាង”៕

កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមកនេះ ពលរដ្ឋកូរ៉េខាងត្បូងរាប់រយពាន់នាក់ បានប្រមូលផ្ដុំគ្នាជាលើកទី៥ ដោយបានអំពាវនាវឲ្យស្រី ផាក ចុះចេញពីតំណែង។ ក្រុមអ្នករៀបចំការតវ៉ា បាននិយាយថា មហាជនមានចំនួនដល់ទៅ ១.៥លាននាក់ ខណៈខាងប៉ូលិសប៉ាន់ប្រមាណថា មានចំនួនខ្ទង់ ២៦ម៉ឺននាក់ប៉ុណ្ណោះ។

គ្មានប្រធានាធិបតីកូរ៉េខាងត្បូងរូបណាមិនអាចកាន់តំណែងដល់ចប់អាណត្តិនោះឡើយ ចាប់តាំងពីប្រព័ន្ធប្រជាធិបតេយ្យនាពេលសព្វថ្ងៃនេះ ត្រូវបានគេអនុវត្តចាប់តាំងពីឆ្នាំ១៩៧៨មកង។ ប្រសិនបើអ្នកស្រី ផាក ត្រូវបានគេចោទប្រកាន់ ឬលាលែងពីតំណែង ការបោះឆ្នោតមួយ នឹងត្រូវរៀបចំឡើងនៅក្នុងរយៈពេល ៦០ថ្ងៃ ដើម្បីជ្រើសរើសប្រធានាធិបតីថ្មីសម្រាប់អាណត្តិ ៥ឆ្នាំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ