រដ្ឋាភិបាលអំពាវនាវឲ្យជឿលើតុលាការករណីចាប់ខ្លួនមន្ដ្រីបក្សប្រឆាំងនៅក្រុងប៉ោយប៉ែត

មន្រ្តីនគរបាលច្រកព្រំដែននៅក្រុងប៉ោយប៉ែត ឈ្មោះ ឈាន ពិសិដ្ឋ កាលពីពេលកន្លងទៅ (រូបភាពពីហ្វេសប៊ុក)

រដ្ឋាភិបាលនៅថ្ងៃព្រហស្បតិ៍នេះ បានព្យាយាមពន្យល់អំពីវិធានការចាប់ខ្លួនមន្ដ្រីគណបក្សប្រឆាំងមួយរូបនៅក្រុងប៉ោយប៉ែត ខណៈមានការតវ៉ាទាមទារឲ្យដោះលែង។

កាលពីថ្ងៃ២២ ខែធ្នូ មានករណីប៉ះទង្គិចមួយរវាងប៉ូលិសសក្ដិ៤ លោក ឈាន ពិសិដ្ឋ ដែលត្រូវបានប្រជាពលរដ្ឋនិងមជ្ឈដ្ឋានទូទៅចោទថា បានធ្វើពុតជាដួលសន្លប់នៅមុខរថយន្ដមន្ដ្រីគណបក្សសង្គ្រោះជាតិ លោក ឌិន ពុទ្ធី ត្រង់ចំណុចច្រកព្រំដែនអន្ដរជាតិប៉ោយប៉ែត។ ក្រោយហេតុការណ៍ លោក ឌិន ពុទ្ធី ត្រូវបានសមត្ថកិច្ចចាប់ខ្លួនភ្លាមៗ ដោយរងការចោទប្រកាន់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី២៩ ខែធ្នូនេះ ក្រសួងមហផ្ទៃអះអាងថា វរសេនីយ៍ត្រីលោក ឈាន ពិសិដ្ឋ ពិតជាបានរងគ្រោះដោយសាររថយន្ដរបស់លោក ឌិនពុទ្ធី បុកពិតប្រាកដមែន។ ក្រសួងមហាផ្ទៃក៏បានអំពាវឲ្យសាធារណជនរក្សាភាពស្ងៀមស្ងាត់ ដោយត្រូវរងចាំលទ្ធផលចំណាត់ការរបស់តុលាការជាមុនសិន។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃបានធ្វើឡើង ស្របពេលក្រុមអ្នកគាំទ្រលោក ឌិន ពុទ្ធី រាប់សិបនាក់បានធ្វើបាតុកម្មបិទច្រកព្រំដែនអន្ដរជាតិប៉ោយប៉ែត ដោយទាមទារឲ្យដោះលែងលោក ឌិន ពុទ្ធី ខណៈពួកគេចាត់ទុកការចាប់ខ្លួននេះ ជារឿងអយុត្តិធម៌។

ពាក់ព័ន្ធករណីនេះ អ្នកប្រើប្រាស់បណ្ដាញសង្គមនៅតែបន្ដរិះគន់និងធ្វើត្រាប់តាមលោក ឈាន ពិសិដ្ឋ ដោយចោទថា ធ្វើពុតជាដួលសន្លប់ ដើម្បីទម្លាក់កំហុសទៅលើលោក ឌិន ពុទ្ធី ជាមន្ដ្រីបក្សសង្គ្រោះជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ