លិខិតមិត្តអ្នកអាន៖ ជួប សំលាប់ គឺជាឈ្មោះដែលឃាតកដាក់ឱ្យ

អឿត អាង ហៅ ជួប សម្លាប់ កាលពីពេលកន្លងទៅ

ករណីឃាតកម្មលើលោក បណ្ឌិត កែម ឡី បង្កភាពតក់ស្លុតដល់ប្រជាពលរដ្ឋទូទាំងប្រទេស និងពិភពលោក ជាពិសេសក្នុងចំណោមអ្នកស្រឡាញ់សន្តិភាព សេរីភាព និងយុត្តិធម៌ ដែលអ្នកទាំងនោះទោះតិចឬច្រើនបានស្តាប់សំឡេងឬបានជួបរូបលោក បណ្ឌិត ដោយផ្ទាល់ហើយបានសសើរនូវភាពក្លាហានរបស់លោកបណ្ឌិត ដែលហ៊ាននិយាយរិះគន់ចំៗ ក្នុងរបបមួយដែលពោពេញទៅដោយគ្រោះថ្នាក់បំផុត។

កាលពីព្រឹកថ្ងៃអាទិត្យទី១០ ខែកក្កដា ឆ្នាំ២០១៦ លោកបណ្ឌិត កែម ឡី សម្តីមាស បានកំពុងអង្គុយពិសាកាហ្វេនៅក្នុងស្តាម៉ាតនៃស្ថានីយប្រេងឥន្ធនៈកាល់តិច ស្តុបបូកគោ នៅក្នុងរាជធានីភ្នំពេញ ទីដែលរូបលោកបណ្ឌិត ត្រូវបានឃាតករបាញ់ផ្តាច់ជីវិត មុនពេលគេចខ្លួន។​ ការស្លាប់របស់លោកបណ្ឌិត កែម ឡី បើហៅប្រជាពលរដ្ឋខ្មែរមួយលាននាក់មកសាកសួរពីការយល់ឃើញរបស់គេរៀងៗខ្លួនវិញ គេច្បាស់ជាបានចម្លើយមួយដូចៗគ្នានោះគឺ ពិតជាមិនមានអ្នកណាក្រៅពីក្រុមគ្រួសារបក្សពួកគូកនអ្នកដែលលោកបណ្ឌិត កែម ឡី តែងតែរិះគន់ និងបើកកកាយពីទង្វើ អាក្រក់កន្លងមកនោះឡើយ ហើយនេះមិនមែនជាលើកទីមួយទេ ដែលឃាតកម្មដូចគ្នានេះ កើតឡើងចំពោះអ្នកដែលហ៊ានរិះគន់គ្រួសារបំផ្លាញជាតិនោះ ដែលអ្នកទាំងនោះមានដូចជាលោក ជា វិជ្ជា ប្រធាន​សហជីព​សេរី​កម្មករ​​នៃ​​​ព្រះរាជាណាចក្រ​កម្ពុជា លោក​ ឈុត វុទ្ធី សកម្មជនការពារព្រៃឈើ ដ៏ល្បីល្បាញ លោក រស់ សុវណ្ណារ៉េត​ និង​លោក ហ៊ី វុទ្ធី តំណាង​សហជីព​សេរីកម្មករ​នៅ​រោងចក្រ ព្រះសង្ឃ ព្រះធម្មវិបស្សនា សំ ប៊ុនធឿន សកម្មជនសង្ឃដ៏ល្បីល្បាញ និងលោក ឃឹម សម្បូរ ចាងហ្វាងកាសែតខ្មែរម្ចាស់ស្រុក ជាដើម។

ឈ្មោះអ្នកតាំងខ្លួនថា ជាឃាតក គឺជាឈ្មោះដែលឃាតកដាក់ឱ្យ

ងាកមកពិចារណា និងតាមដានបុរសម្នាក់ដែលមើលទៅហាក់ដូចជាមានសតិមិនសូវគ្រប់ ឬមិនបានពិចារណាដិតដល់ពីផលវិបាកដែលនឹងទទួល​ ដែលបុរសស្ម័គ្រចិត្តស្លាប់ជំនួសគេដោយភាពល្ងង់ខ្លៅនេះ គេតាំងខ្លួនឯងថាជាអ្នកសម្លាប់លោក​ បណ្ឌិត កែម ឡី អ្នកវិភាគនយោបាយដ៏ល្បីឈ្មោះនាទស្សវត្យរ៍២០១៦នេះ ស្តាប់ទៅឈ្មោះរបស់គេ “ជួប សំលាប់”​​ (Meet Kill)  ដែលឈ្មោះនេះ សូម្បីតែក្មេងអាយុ៦ឆ្នាំក៏គេមិនជឿដែរ កុំថាឡើយមនុស្សរាប់លាននាក់ដែលមានចំណេះដឹង បទពិសោធន៍ និងឆ្លងកាត់របបសង្គមជាច្រើនកន្លងមកនេះ ដែលអ្នកទាំងនោះកំពុងតាមដានដោយយកចិត្តទុកដាក់ពីស្ថានការណ៍នយោបាយដែលកំពុងកើតឡើងនៅក្នុងសង្គមកម្ពុជានាបច្ចុប្បន្ន ម៉្យាងវិញទៀតគ្មានឃើញចំណាបញ្ជាក់ណាមួយក្នុងប្រវត្តិសាស្ត្រខ្មែរកន្លងមកទេ ដែលខ្មែរយើងដាក់ឈ្មោះឱ្យកូនថា “ជួប សំលាប់”​​ លើកលែងតែឈ្មោះ ទា បាញ់ ឬ បាញ់ ទា មួយគត់ ដែលឈ្មោះនេះ ប្រហែលជាមិនមែនជាឈ្មោះកំណើតពិត ដែលឪពុកម្តាយដាក់ឱ្យទៀតផងមើលទៅ? លើកលែងគាត់មិនមែនជាខ្មែរ។ អ្នកនៅពីក្រោយខ្នង ឬអ្នកនិពន្ធ និងអ្នករៀបផែនការសម្លាប់លោកបណ្ឌិត កែម ឡី មើលទៅហាក់បីដូចជាមើលរឿងចិន ហុងកុង ច្រើនពេកហើយ ដែលគេយកឈ្មោះ ជួប សម្លាប់ ​នេះមកដាក់ឱ្យបុរសវង្វេងទិស អឿត អាង នេះនៅក្នុងសាច់រឿងឃាតកម្មរៀបចំទុកដ៏ឃោរឃៅមកលើលោក បណ្ឌិត កែម ឡី នាពេលថ្មីៗកន្លងមកនេះ។​ ជួប សម្លាប់ តើវាអាចទៅរួចទេ ដែលបុរសម្នាក់នេះមានឈ្មោះនេះតាំងពីកំណើតមកនោះ? សូម្បីតែម្តាយបង្កើត និងប្រពន្ធរបស់បុរសម្នាក់នេះ និងអាជ្ញាធរនៅស្រុកកំណើតបុរសម្នាក់នេះ ក៏សុទ្ធតែបានអះអាងថាគាត់មានឈ្មោះ អឿត អាង ដែលមនុស្សភាគច្រើនក្នុងភូមិកំណើតរបស់គាត់ក៏ស្គាល់រូបគាត់ដែរ ប៉ុន្តែមិនមែនឈ្មោះ ជួប សម្លាប់ ដូចការអះអាងរបស់គាត់ និងប៉ូលិសស្អីនោះទេ។

អំពើឃាតកម្មលើរូបលោក បណ្ឌិត កែម ឡី អ្នកនៅពីក្រោយខ្នង ឬអ្នករៀបចំប្រហែលជាមិននឹកស្មានដល់ថា ជាលទ្ធផលបែជាធ្វើឱ្យពួកគេខកចិត្តទៅវិញនោះ គឺគ្មានអ្នកណាជឿលើការរៀបចំ ឆាកល្ខោន ប្រជាភិថុតិ ដោយគ្មានភាពឡូហ្សិក (Logical) ឬស៊ីសង្វាក់គ្នានោះឡើយ។ ផ្ទុយទៅវិញស៊ីណារីយូ (Scenario) ដែលគ្មានភាពឡូហ្សិក ឬ ជាស៊ីណារីយូ ដែលគេអាចហៅបានថា នោមបញ្ច្រាសខ្យល់ បង្កើតឱ្យឃើញកាន់តែច្បាស់ពីទង្វើរបស់អ្នកស្អប់ខ្ពើមយុត្តិធម៌ និងសេរីភាព មួយក្រុម ហើយដែលជាក្រុមមនុស្ស ដែលលោក បណ្ឌិត កែម ឡី តែងតែរិះគន់ និងបើកកកាយពីទង្វើក្បត់ជាតិ បំផ្លាញជាតិ និងសកម្មភាពអវិជ្ជាដ៏មានគ្រោះថ្នាក់ដល់ជាតិទាំងឡាយដែលពួកគេបាននិងកំពុងសាងនាបច្ចុប្បន្ននិងទៅអនាគត។

គេចាំបានថា កាលពីឆ្នាំ២០០៤ លោក ជា វិជ្ជា ប្រធានសហជិពសេរីកម្មករដ៏ល្បីល្បាញត្រូវឃាតករបាញ់សម្លាប់រូបលោកទាំងកណ្តាលថ្ងៃនាកណ្តាលក្រុងភ្នំពេញ ខណៈលោកកំពុងអានព័ត៌មាននៅមុខតូបលក់កាសែតមួយនៅជិតវត្តលង្កា ដែលមានចម្ងាយប្រហែលប៉ុន្មានម៉ែត្រប៉ុណ្ណោះពីផ្ទះរបស់លោក ហ៊ុន សែន។ កាលនោះអ្នកនៅពីក្រោយខ្នងនៃការសម្លាប់រូបលោក ជា វិជ្ជា បានរៀបចំឱ្យចាប់បុរសអភ័ព្វពីររូបគឺលោក ប៊ន សំណាង និង លោក សុខ សំអឿន ឱ្យទទួលខុសត្រូវយ៉ាងអយុត្តិធម៌បំផុតក្នុងអំពើឃាតកម្មនោះ ក៏ប៉ុន្តែខុសពីបុរសដែលហៅខ្លួនឯងថា ជួប សម្លាប់ ស្អីគេនោះ ដែលកាលនោះលោកទាំងពីរបានបដិសេធយ៉ាងដាច់អហង្ការក្នុងទង្វើណាមួយជាប់ពាក់ព័ន្ធនិងអំពើឃាតកម្មលើរូបលោក ជា វិជ្ជា។ ទោះជាយ៉ាងណា ក្រោយមកលោកទាំងពីរត្រូវបានតុលាការកាត់ទោសដោយភាពអយុត្តិធម៌ ឱ្យលោកទាំងពីរជាប់ពន្ធនាគារជាច្រើនឆ្នាំដែលជាលទ្ធផលជីវិតអ្នកទាំងពីរស្ទើរវង្វេងស្មារតីដោយអំពើអយុតិ្តធម៌ទាំងនោះ មុនពេលតុលាការដោះលែងអ្នកទាំងពីរវិញប៉ុន្មានឆ្នាំក្រោយមក នៅក្រោយពេលដែលតុលាការមិនបានរកឃើញទោសកំហុសអ្វីសោះសម្រាប់ពួកគាត់ទាំងពីរនាក់នោះ។ លោក ឈុត វុទ្ធី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់យ៉ាងឃោរឃៅ ខណៈរូបលោក និងអ្នកសារព័ត៌មានបរទេសផ្សេងទៀតកំពុងធ្វើសកម្មភាពយកព័ត៌មានស្តីពីការលួចកាប់បំផ្លាញព្រៃឈើនៅ ខេត្តកោះកុង កាលឆ្នាំ២០១២ ដែលគេនៅចាំបានថាកាលនោះអ្នកនៅពីក្រោយខ្នងនៃការសម្លាប់នោះ ក៏បានរៀបចំទម្លាក់កំហុសទៅមន្ត្រីប៉េអឹមម្នាក់ ដែលបានស្លាប់កាលនោះ ឱ្យទទួលខុសត្រូវដែរ ដែលធ្វើឱ្យគ្រួសារមន្ត្រីរូបនោះទទួលទ្វេគ្រោះ ដោយបានបាត់បង់ជីវិតសមាជិកគ្រួសារ និងមួយវិញទៀតត្រូវបានគេមួលបង្កាច់ដោយអយុត្តិធម៌បំផុត។

ស៊ីណារីយូ (Scenario) ដែលអ្នកតាំងខ្លួនឯងថា ជាឃាតកសម្លាប់ លោក បណ្ឌិត កែម ឡី រត់គេចខ្លួន

ក្រោយការបាញ់ប្រហារលើលោកបណ្ឌិត កែម ឡី ហើយភ្លាមៗនោះមន្ត្រីប៉ូលិសរាជធានីភ្នំពេញ បានអះអាងថា ក្រោយសម្លាប់ លោកបណ្ឌិត កែម ឡី ឈ្មោះ ជួប សម្លាប់ បានព្យាយាមរត់គេចខ្លួនតាមបណ្តោយផ្លូវម៉ៅសេទុង ឆ្លងកាត់ស្តុបចំការមន (ផ្លូវ ម៉ៅសេទុង នរោត្តម និងសុធារស) ហើយបន្តដំណើរឆ្ពោះទៅទិសខាងផ្សារអេអន និងវត្តស្វាយពពែតាមបណ្តោយផ្លូវសុធារសដែលមានអ្នកធ្វើដំណើររាប់រយ រាប់ពាន់នាក់ ចាប់តាំងពីចំណុចស្ថានីយ៍សាំងកាល់តិចបូកគោ ជាពិសេសមុខហាងកាហ្វេប្រោន ស្តុបផ្លូវត្រសក់ផ្ស និងមន្ត្រីប៉ូលិសប្រចាំការនៅទីនោះយ៉ាងច្រើនទៅវិញ?។ដោាងនាបច្ចុប្បន្ននិងទៅអនាគត។ ្អែម (រវាងផ្លូវម៉ៅសេទុង និងផ្លូវត្រសក់ផ្អែម) មុនពេលទៅដល់ស្តុបចំការមននាផ្លូវនរោត្តម។ បើមើលពីភូមិសាស្ត្រនៅម្តុំខណ្ឌចំការមន ប្លុកបឹងកេងកង ក្រោយការបាញ់ប្រហារលើរូបលោក បណ្ឌិត កែម ឡី ហើយភ្លាម គេឆ្ងល់ថាហេតុអ្វី ជួប សម្លាប់ មិនរត់ចូលទៅម្តុំប្លុកបឹងកេងកង ជាពិសេសផ្សារបឹងកេងកង? ដើម្បីងាយសួ្រលរកទីសុវត្ថិភាពសម្រាប់ដើម្បីលាក់ខ្លួន? ចុះហេតុអីគេត្រូវរត់ត្រង់តាមបណ្តោយផ្លូវម៉ៅសេទុង និងផ្លូវសុធារស ដែលត្រូវឆ្លងកាត់ភ្លើងស្តុបចំនួនដល់ទៅពីរ​ ដែលមានមនុស្ស និងមន្ត្រីប៉ូលិសប្រចាំការនៅទីនោះយ៉ាងច្រើនទៅវិញ? តាមរយៈខ្លិបវីដេអូដែលត្រូវបានគេផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសបុកកាលពីថ្ងៃទី៣០​ខែកក្តដានេះ បង្ហាញឱ្យឃើញការសង្ស័យថា បុរសដែលហៅខ្លួនឯងថា ជួប សម្លាប់ អាចត្រូវបានគេរៀបចំឱ្យរត់ចេញពីទីតាំងនៅម្តុំមុខផ្សារអេអន ដោយរត់តាមបណ្តោយផ្លូវសុធារសឆ្ពោះទៅមុខវត្តស្វាយពពែ ហើយដែលនៅក្នុងរូបភាពវិដេអូនោះបង្ហាញឱ្យនូវការបន្ទិលជាច្រើន ដូចជា ហេតុអ្វីមានអ្នកជិះម៉ូតូមួយគ្រឿងបានជិះទៅក្បែរបុរស ជួប សម្លាប់ ដែលកំពុងរត់នោះ? ហេតុអ្វីមន្ត្រីប៉ូលិសនោះមិនខ្លាច ជួប សម្លាប់ បាញ់ប្រហារ ព្រោះគេមានអាវុធក្នុងដៃ? ហេតុអ្វីបានមន្ត្រីប៉ូលិសនោះផ្តល់ឱកាសឱ្យបុរសនោះជិះម៉ូតូជាមួយគាត់ទៅវិញ? (ឬមួយនោះជារបៀបប៉ូលិសស្រុកខ្មែររបស់លោក ហ៊ុន សែន ចាប់ឃាតករកាន់អាវុធក្នុងដៃ?) ហេតុអ្វីបានជា ជួប សម្លាប់ ចុះចេញពីម៉ូតូវិញ? ហើយរត់បានប៉ុន្មានម៉ែត្រ ទៅមុខស្រាប់តែរូបគេឱនដាក់អាវុធចុះផ្ទាល់នឹងដីថ្មមៗ? ដោយមើលទៅហាក់បីដូចជារូបគេខ្លាចកាំភ្លើងខ្លីរបស់គេបែកបាក់ប្រសិនបើគេបោះទៅនឹងដី? ចំណុចមន្ទិលមួយទៀតនោះ មានអ្នកស្រែកថាកាំភ្លើងខ្លីរបស់គេជាកាំភ្លើងជ័រ? និងជាពិសេសស្រែកថា គាត់ជាអ្នកសម្លាប់ លោក បណ្ឌិត កែម ឡី ឬមួយគាត់ជាអ្នកត្រូវបានគេរៀបចំឱ្យស្រែក? ខណៈក្រោយពេលបាញ់លោកបណ្ឌិត កែម ឡី តែប៉ុន្មាននាទី ប៉ុណ្ណោះ ដែលពេលនោះអ្នកធ្វើដំណើរនៅម្តុំវត្តស្វាយពពែដែលនៅឆ្ងាយពីទីកើតហេតុ ប្រមាណជា២គ.ម ប្រហែជាមិនទាន់ទទួលបានព័ត៌មានបានលឿងស្តីពីការបាញ់ប្រហារនោះទេ?

ភាពមិនប្រក្រតីទាំងនោះ នៅតែជាសំណួរពីសាធារណៈជន យ៉ាងណាម៉ិញកាមេរ៉ាសុវត្ថិភាព (CCTV) ជាច្រើនគ្រឿងរាប់ទាំងពីនៅខាងក្រៅស្តាម៉ាត និងក្នុងស្តាម៉ាតដែលសាធារណៈជន និងសមាជិកក្រុមគ្រួសារជនរងគ្រោះ ចង់ឱ្យប៉ូលិសបង្ហាញជាសាធារណៈនោះ ត្រូវបាននិងកំពុងបិតបាំងទៅវិញ ដែលការនេះធ្វើឲ្យសាធារណៈជន និងក្រុមគ្រួសារជនរងគ្រោះកាន់តែមានមន្ទិលកាត់តែខ្លាំងឡើងៗ ផ្ទុយទៅវិញរដ្ឋាភិបាលនឹងចាត់វិធានការភ្លាមៗទៅលើអ្នកដែលហ៊ានបញ្ចេញមតិសង្ស័យប៉ះពាល់ទៅលើរដ្ឋាភិបាល ឬសមាជិកក្រុមគ្រួសាររបស់ខ្លួន។

ការស្លាប់របស់បណ្ឌិត កែម ឡី គឺមានរយៈពេលជាងប្រាំមួយខែមកហើយមកដល់ពេលនេះ តែពន្លឺយុត្តិធម៌សម្រាប់រូបលោកបណ្ឌិត និងក្រុមគ្រួសារនៅតែស្ថិតនៅសែនឆ្ងាយនៅឡើយ ហើយក៏មិនគិតថានិងមានយុត្តិធម៌ដែរនៅក្នុងសង្គមមួយនេះ។ ប៉ុន្តែទោះបីជាយ៉ាងណា យើងទាំងគ្នាមិនត្រូវអស់សង្ឃឹមឡើយ ដើម្បីតបស្នងនូវវីរភាពដ៏ក្លាហានរបស់លោកបណ្ឌិត កែម ឡី ដើម្បីយុត្តិធម៌ សង្គមជាតិ យើងទាំងអស់គ្នាដែលមានឈាមជ័រជាខ្មែរត្រូវហ៊ានក្រោកឈរ ហើយតតាំង រកយុត្តិធម៌ជូនលោកបណ្ឌិត កែម ឡី និងសកម្មជនដទៃទៀតដែលបានបូជា ជីវិតដើម្បីសង្គមជាតិកន្លងមក៕

អ៊ំ សារី

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ