ផាន់ ណាវី លេចមុខនៅកម្ពុជា ​​​​​​​​តែប្រកាស​​មិន​ឡើងឆាកទូរទស្សន៍

អ្នកនាង​ ផាន់ ​ណាវី (រូបភាពពីហ្វេសប៊ុកអ្នកនាង​ ផាន់ ​ណាវី)

​​​​​​​​មានការចាប់អារម្មណ៍គួរសម​បន្ទាប់ពីហ្វេសប៊ុកផ្លូវការ​​របស់តារាចម្រៀង​​​ដែល​ធ្លាប់​ល្បីឈ្មោះកាលពីច្រើន​ឆ្នាំមុន គឺអ្នកនាង​ ​​ផាន់ ណាវី បាន​​​បង្ហាញថាអ្នកនាង​​បាន​​​មកដល់ប្រទេស​កម្ពុជា​តាំងពី​​យប់ថ្ងៃទី​​២៨ មករា ​​​​​​ដោយអ្នកនាងបញ្ជាក់ថា...

​​​​​​​​មានការចាប់អារម្មណ៍គួរសម​បន្ទាប់ពីហ្វេសប៊ុកផ្លូវការ​​របស់តារាចម្រៀង​​​ដែល​ធ្លាប់​ល្បីឈ្មោះកាលពីច្រើន​ឆ្នាំមុន គឺអ្នកនាង​ ​​ផាន់ ណាវី បាន​​​បង្ហាញថាអ្នកនាង​​បាន​​​មកដល់ប្រទេស​កម្ពុជា​តាំងពី​​យប់ថ្ងៃទី​​២៨ មករា ​​​​​​ដោយអ្នកនាងបញ្ជាក់ថា​​​មិនមែនជាដំណើរចុះមកលេងស្រុកជាលើកទី​​១របស់ខ្លួននោះទេ គឺមកច្រើន​ដងមកហើយ។

យ៉ាងណាមិញ អ្នកនាងនៅតែប្រកាស​​ថាមិនអាចទទួលឡើងឆាក​​​និងបង្ហាញ​មុខ​​​លើឆាកតន្ត្រី​​​​​​​​ក្នុងស្រុកបានទេ
ដោយសារតែ​​អ្នកនាង​បញ្ជាក់ថា​​ចុះ​​មក​​លើកនេះ ក្នុងភាព​តក់ក្រហល់។ ​​​អ្នកនាង​ ផាន់ ​ណាវី ដែលត្រូវគេស្គាល់យូរមកហើយថា​ជាតារាចម្រៀងក្នុងក្រុម​រ៉ៃមាស ក្នុង​​​​​​​​ជំនាន់អ្នកនាង អ៊ិត ស្រីពីន និង ​ឈួន សុវណ្ណឆៃ ជាដើមនោះ បានអះអាងថា អ្នកនាង​​​ចុះ​មក​​​ប្រទេសកម្ពុជា​​លើកនេះ គឺ​​​មកបានតែ​​៧ថ្ងៃ​ប៉ុណ្ណោះ ដោយសារតែអ្នកនាង​សុំ​​ច្បាប់ការងារនៅអាមេរិកបានតែ​​រយៈពេលខ្លី ហើយ​​​​ក៏មានការងារត្រូវបំពេញនៅ​ឯ​អាមេរិក​​​ជាច្រើនរង់ចាំ
មិនអាច​​បន្ត​ស្នាក់នៅ​​ប្រទេសកំណើតបានលើសការកំណត់។

អ្នកនាងថាហេតុ​ផលដែល​​ខ្លួនចុះមកលេងនេះ មិនមែនមកលេងទេ​ គឺមកមានការ​ទើប​​​អ្នកនាង​​​គ្រាន់តែ​​ចុះ​មកភ្លាម​​ ក៏រួសរាន់​ចាត់ការ​​ការងារ​ដែល​ត្រូវ​​​ចាត់ចែង ហើយអ្នកនាង​​នឹង​ឡើង​​​យន្ត​ហោះ​ទៅ​អាមេរិក​វិញ​ភ្លាម​​នៅថ្ងៃអង្គារ៍ទី៦កុម្ភៈ ដោយមិន​​​​មានគម្រោង​​​​​​​ពន្យារពេលទេ ដោយសារតែអ្នកនាង​មក​តែម្នាក់ឯង ហើយ​​មិនចង់អោយកូនប្រុស​​​​២នាក់​​​​ចោល ក្នុងពេលដែល​ស្វាមីរបស់អ្នកនាងក៏រវល់នឹងការងារមិនសូវនៅផ្ទះ​ផងដែរ។

​​អ្នកនាងថា​គ្រាន់តែ​មកដល់ប្រទេសកម្ពុជា​ភ្លាម មានការ​ទាក់ទង​​ច្រើន​អោយអ្នកនាង​ឡើងឆាក និង​ផ្ដល់កិច្ចសម្ភាសន៍ជាដើម ប៉ុន្តែមកពីអ្នកនាង​ត្រូវរត់ទៅ​​ខេត្តផង និង​​មិនបានត្រៀមខ្លួនផង​ ទើប​បានទទួលទាំងអស់
ដើម្បី​​កុំអោយ​​ទទួល​អ្នកនាងនេះ​​មិនទទួលអ្នកនោះ​ហើយ​​ធ្វើអោយ​ផលិតករ ដែលធ្លាប់​​​​​រាប់អាន​ជាមួយអ្នកនាងអន់ចិត្ត។

អ្នកនាង​​​​​​​អោយតែមក​​​ប្រទេសកម្ពុជា​​​ម្ដង​​ៗ គឺអ្នកនាង​ចុះមកក្នុងលក្ខខណ្ឌការងារ និង​ចុះមក​មើល​​គ្រួសារ​​បែបនេះ​ជាប្រចាំ​ ទើបអ្នកនាង​​​មក​​លេងស្រុកបានច្រើនដង ប៉ុន្តែ​ឱកាស​ឡើងឆាកនិង​ឡើងបង្ហាញខ្លួន​​នៅលើកញ្ចក់ទូរទស្សន៍​​​​​​មិនសូវបានធ្វើ។ យ៉ាងណាមិញ អ្នកនាងថានៅ​ឯ​សហរដ្ឋអាមេរិក​​ គឺអ្នកនាង​នៅតែទទួលច្រៀង​​​​​​​​​​​​​ជាមួយតារាចម្រៀងឡើងពីស្រុកខ្មែរ និង​​នៅទីនោះ​​ជាធម្មតាទេ បើទោះជាអ្នកនាង​ក៏មានការ​​ងារត្រូវមើលកូន
និង​រវល់​​​ច្រើន​​​។

​ដំណើរ​មកលេងស្រុក​​​​លើកនេះ អ្នកនាង​​មិនបាន​បញ្ជាក់​លម្អិត​​ថា​មកដើម្បី​​​​ធ្វើកិច្ច​ការអ្វី​អោយប្រាកដនោះ
ទេ ប៉ុន្តែគេឃើញអ្នកនាង​​​បង្ហោះ​ពី​សកម្មភាពទៅ​​មើល​ផ្ទះ​​​ចាស់​ដែលអ្នកនាង​ធ្លាប់រស់នៅ​ដោយក្នុងផ្ទះនោះ​ក៏មាន​​​​បើក​​​ជាហាង​​លក់​​សម្ភារៈកីឡាផងនៅ​ម្ដុំវិទ្យាល័យ​វត្តភ្នំ។

ក្រៅពីនោះអ្នកនាង​បង្ហាញតែសកម្មភាពជួបជុំ​​​ជាមួយគ្រួសារនិងមិត្ត​ភ័ក្រ្ត​នៅ​​ក្រៅសិល្បៈប៉ុណ្ណោះ។ អ្នកនាង​បញ្ជាក់ថា​ខ្លួនមកក្នុងកិច្ចការ​​តិចតួច តែអ្នកនាងមិនចង់លាតត្រដាងថា​​នោះជាកិច្ច​ការអ្វីនោះទេ។ ​​​អ្នកនាងបញ្ជាក់ថា​​​ស្វាមីរបស់អ្នកនាង​គឺជាអណិកជន​​រស់នៅ​សហរដ្ឋអាមេរិក ដោយ​​​​​​ក្រោយពី​​​​​​​​រួមរស់ជាមួយគ្នា អ្នកនាង និងស្វាមី ទទួលបានកូន​ប្រុស​២​នាក់​ហើយ​។ ​

​អ្នកនាង ​ផាន់ ណាវី ​​នៅតែអះអាងថា​ចង់​បង្ហាញខ្លួន​​​រាល់ពេល​ចុះ​​មកដល់កម្ពុជាម្ដងៗ ប៉ុន្តែមក​​​ពីអ្នកនាង​​​ក៏​មិនបានត្រៀម​ខ្លួន ហើយ​​​ក៏​ច្រើនតែ​មកក្នុងលក្ខខណ្ឌ​​ប្រថុចញុចទើប​អ្នកនាង​​​​សុខចិត្ត​​អោយគេថា​អ្នកនាង​​​​​ឡើងចុះកម្ពុជា​ស្ងាត់ៗ ហើយ​​​​មិន​ចាប់អារម្មណ៍អោយឆាក​អោយមហាជនខ្មែរ​​បានឃើញ។

តារា​ចម្រៀងដែលធ្លាប់សាង​​ភាពល្បី​​​​​​​​តាមរយៈផលិតកម្ម​​​«រ៉ៃមាស»និងផលិតកម្មក្រៅស្រុករូបនេះ បន្តថាតាំងពីអ្នកនាងបានចេញទៅរស់នៅអាមេរិក​អ្នកនាង​ចុះមកដល់ប្រទេសកម្ពុជា​​​៥​លើក​សរុបទាំងលើកនេះហើយ
ប៉ុនែ្ត​មកពីអ្នកនាង​ត្រូវចុះមក​​ក្នុងរយៈពេលខ្លីពេក ទើប​​​​​​​នៅតែមិនអាចទទួលឡើងឆាក ​​តបតាមការអញ្ជើញ។

ម្យ៉ាង​មកពីអ្នកនាង​ចេះតែខ្លាច​រឿង​​អ្នក​គាំទ្រ​ភាគច្រើន​​សើចរឿងអ្នកនាង​​​​​​​ឡើងគីឡូជាងមុន​ផង ទើប​ចេះតែ​​​​រអាឆាកទូរទស្សន៍ ហើយ​មិនទាន់ត្រៀមខ្លួន​​​​​​​ទទួលឡើងឆាក ​​​រាល់ពេលចុះមកកម្ពុជា​ម្ដងៗ។ យ៉ាងណាមិញ អ្នកនាង​ថានៅក្នុងឱកាសក្រោយ អ្នកនាង​នឹង​ទទួល​ឡើងឆាក ​​និង​ផ្ដល់កិច្ចសម្ភាសន៍​​​​​​​​​​​​​​​​​​​ក្នុងដំណើរ​​​​​​​​ចុះ​មកដល់កម្ពុជារបស់ខ្លួន​​​​​​អោយខានតែបាន ដើម្បី​​​​ផ្ញើក្ដីនឹករលឹកដល់​​​បងប្អូនខ្មែរក្នុងស្រុក​​​​​​ដែលធ្លាប់គាំទ្រ តែក៏លុះត្រាតែអ្នកនាង​​​​​​​​ចុះមកក្នុងរយៈពេល​​មួយ​​​​​យូរជាងនេះ ដែលមានស្វាមី និង​​កូនទាំង​​២​​​មកជាមួយ ដែលមិនធ្វើអោយអ្នកនាង​​​​​បារម្ភ​​រឿង​​​​​​​​​​​​​​ម្នាក់នៅខាងនេះ ឯម្នាក់នៅ​ខាង​នោះ​​​នោះ​ផងដែរ៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។