ក្រុមអង្គការសង្គមស៊ីវិលជាង៣០ស្ថាប័ន បានអំពាវនាវទៅតុលាការទម្លាក់ចោលការចោទប្រកាន់ទៅលើអតីតសមាជិកគណៈកម្មការបុណ្យសពអ្នកវិភាគនយោបាយលោកបណ្ឌិត កែម ឡី ដោយថា អ្នកទាំងនោះមិនមានកំហុសដូចការចោទប្រកាន់ឡើយ។
អតីតសមាជិកគណៈកម្មការបុណ្យសពអ្នកវិភាគនយោបាយដ៏មានប្រជាប្រិយភាព មាននាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ លោក ប៉ា ងួនទៀង នាយកមជ្ឈមណ្ឌលការងារកម្ពុជាហៅកាត់ថា សង់ត្រាល់ លោក មឿន តុលា និងស្ថាបនិកបណ្ដាញសង្ឃឯករាជ្យ ព្រះតេជគុណ ប៊ុត ប៊ុនតិញ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចចោទប្រកាន់ពីបទ «រំលោភសេចក្ដីទុកចិត្ត» កាលពីដើមខែមករានេះ ទៅតាមបណ្ដឹងរបស់ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់។
ក្នុងសេចក្តីថ្លែងការណ៍រួមនៅថ្ងៃនេះ អង្គការសង្គមស៊ីវិលចំនួន ៣៥ស្ថាប័ន ក្នុងនោះមានទាំងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សមាគមអាដហុក និងអង្គការសិទ្ធិមនុស្សលីកាដូផងដែរនោះ បានអំពាវនាវទៅតុលាការ ឲ្យទម្លាក់ចោលបទចោទលើថ្នាក់ដឹកនាំអង្គការសង្គមស៊ីវិលទាំង ៣រូបនេះ ដោយថា អ្នកទាំងបីរូបនេះ មិនមានកំហុសដូចការចោទប្រកាន់នោះទេ។
ក្រុមអង្គការសង្គមស៊ីវិលបានលើកឡើងថា លោក ពេជ្រ ស្រស់ បានចោទប្រកាន់ទៅលើបុគ្គលទាំង ៣រូបនេះ ទាំងគ្មានភស្តុតាងច្បាស់លាស់ និងមិនមានការគាំទ្រពីម្ចាស់ដើមបុណ្យភរិយាសពលោក កែម ឡី នោះឡើយ។
បើតាមសេចក្ដីថ្លែងការណ៍រួមនោះ បណ្ដឹងប្រឆាំងនឹងមេដឹកនាំអង្គការសង្គមស៊ីវិលទាំង ៣រូបនេះ ត្រូវបានធ្វើឡើងចំពេលដែលរដ្ឋាភិបាលបង្ក្រាបយ៉ាងតឹងរឹងលើសំឡេងជំទាស់នៅកម្ពុជា និងជាការគំរាមកំហែងលើអ្នកជំទាស់តែប៉ុណ្ណោះ។
នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ លោក ប៉ា ងួនទៀង បានច្រានចោលការចោទប្រកាន់នេះ ដោយថា លោកពុំពាក់ព័ន្ធនឹងការគ្រប់គ្រង ឬចាត់ចែងថវិកានោះណាមួយនៃមូលនិធិបុណ្យសពលោបណ្ឌិត កែម ឡី នោះឡើយ។ លោកបានហៅការចោទប្រកាន់នេះថា ត្រូវបានធ្វើឡើងក្រោមរូបភាពនយោបាយ។
លោកបន្ថែមថា៖«នេះជាការចោទប្រកាន់មានចរឹកនយោបាយ ដើម្បីបង្រាបសកម្មជនសិទ្ធិមនុស្ស និង ជាការសងសឹកចំពោះសកម្មភាពពួកយើងដែលសកម្មក្នុងការធ្វើបុណ្យលោកបណ្ឌិត កែម ឡី។ ខ្ញុំមិនមានពាក់ពន្ធ័ទេ ដូច្នេះ ខ្ញុំអត់ដឹងទេ»។
ក្រុមគ្រួសារសពលោក កែម ឡី បានប្រាប់វីអូឌីកាលពីថ្ងៃទី១៩មករាថា ពួកគេមិនបានប្ដឹងប្រឆាំងនឹងបុគ្គលកទាំង ៣រូបនេះទេ ហើយក៏បានច្រានចោលបណ្ដឹងដែលផ្ដួចផ្ដើមឡើងដោយលោក ពេជ្រ ស្រស់ ផងដែរ។
ក្រៅពីអះអាងថា បណ្ដឹងរបស់លោក ពេជ្រ ស្រស់ គ្មានមូលដ្ឋានច្បាស់លាស់ហើយនោះ ក្រុមគ្រួសារសពលោក កែម ឡី បានជំរុញទៅតុលាការឲ្យវែកមុខឃាតកពិតប្រាកដ និងអ្នកពាក់ព័ន្ធនៅក្នុងឃាតកម្មលើអ្នកវិភាគរូបនេះ ជាជាងចាត់ការទៅលើអតីតសមាជិកគណៈកម្មការបុណ្យសពទៅវិញ។
មានតែខ្មាន់កាំភ្លើងឈ្មោះ អឿត អាង ហៅខ្លួនឯងថា ជួប សម្លាប់ តែម្នាក់ប៉ុណ្ណោះ ត្រូវបានចាប់ខ្លួន និងកាត់ទោសឲ្យជាប់គុកអស់មួយជីវិត ចាប់តាំងពីលោក កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ទាំងកណ្ដាលថ្ងៃចែសនៅក្នុងស្តារម៉ាត ស្ថិតក្នុងការ៉ាស់សាំងម្ដុំស្តុបបូកគោ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦៕