CNRP ថាបើគ្មានគណបក្សប្រឆាំងចូលរួម ការបោះឆ្នោតមិនដឹងទៅជាស្អី

លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ

គណបក្សប្រឆាំងលើកឡើងថា ការបោះឆ្នោតនៅពេលខាងមុខ នឹងមិនមានភាពត្រឹមត្រូវទេ បើសិនជាគណបក្សសង្គ្រោះជាតិមិនបានចូលរួមប្រកួតប្រជែងនោះ។

ឆ្លើយនឹងសំណួរអ្នកសារព័ត៌មាន ក្រោយជំនួបជាមួយក្រសួងមហាផ្ទៃ កាលពីម្សិលមិញ លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា ក្រសួងមហាផ្ទៃហាក់កំពុងចូលជ្រៀតជ្រែក ការងារផ្ទៃក្នុងគណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធនឹងការធ្វើសមាជសមាសសភាពរបស់គណបក្ស ដោយលោកថា នេះជារឿងរបស់គណបក្សសោះ បែរជាក្រសួងលូកដៃចូលឈឺឆ្អាលទៅវិញ។

លោក អេង ឆៃអ៊ាង បន្ដថា គណបក្សសង្គ្រោះនឹងមិនងាយរលាយដោយងាយស្រួលទេ។ ប៉ុន្ដែលោកថាប្រសិនបើគណបក្សប្រឆាំងត្រូវគេរារាំង ឬធ្វើទុក្ខបុកម្នេញមិនឲ្យចូលរួមប្រកួតប្រជែងនោះ លោកថា ការបោះឆ្នោតខាងមុខ គឺមិនអាចទទួលយកបាន និង «មិនដឹងទៅជាស្អីនោះទេ»។

លោកថា៖ «បើបិទគណបក្សសង្រ្គោះជាតិ ចប់ហើយបើបិទគណបក្សសង្រ្គោះជាតិ ការបោះឆ្នោតមិនដឹងទៅជាស្អីនោះទេ បាទ និយាយឱ្យស្រួលស្ដាប់»។

លោក ប្រាក់ សំអឿន អគ្គនាយករដ្ឋបាលក្រសួងមហាផ្ទៃ​ បានឲ្យដឹងថា ក្រសួងមិនទទួលស្គាល់សមាជរបស់គណបក្សសង្រ្គោះជាតិ ដែលជ្រើសរើស​ប្រធាន និងអនុប្រធានថ្មីទេ ដោយលោកថា ខុស​នឹងប្រការ៤៧ នៃ​លក្ខន្តិកៈគណបក្សនយោបាយ។ លោកបន្ដថា ក្រសួងក៏ស្នើឲ្យគណបក្សប្រឆាំងកែសារ «ដូរមេឃុំ បម្រើបក្ស ដាក់មេឃុំបម្រើរាស្ដ្រ» ដោយថា ផ្ទុយនឹងរដ្ឋធម្មនុញ្ញ និងច្បាប់វិសោធកម្មបក្សនយោបាយ។ លោកថា វាអាស្រ័យលើគណបក្សសង្គ្រោះជាតិ ជាអ្នកពិចារណាតាមការណែនាំរបស់ក្រសួងឬអត់ និងថា ក្រសួងនឹងមានវិធានការបន្ដបន្ទាប់ បើសិនគណបក្សនេះមិនផ្លាស់ប្ដូរតាមការស្នើឡើង។

លោក ប្រាក់ សំអឿន អះអាងថា ក្រសួងមហាផ្ទៃមិនមែនលូកដៃចូលជ្រៀតជ្រែកផ្ទៃក្នុងគណបក្សសង្គ្រោះជាតិទេ ដោយថា ក្រសួងជាស្ថាប័នអនុវត្តច្បាប់ និងបំពេញតួនាទីដូចជាអាណាព្យាបាលរបស់គណបក្សទាំងអស់ និងថា​ មិនមែនធ្វើតាមខ្សែញាក់របស់រដ្ឋាភិបាលនោះទេ។

លោកថា៖ «សំខាន់គឺថាគាត់ទៅកែទៅ រឿងហ្នឹង វាចប់រឿងហើយ វាមានទៅបញ្ហាអី ឲ្យតែធ្វើតាមអ្វី ដែលក្រសួងមហាផ្ទៃ ឲ្យគាត់កែថា អាសមាជជ្រើសប្រធាន អនុប្រធានវាខុសច្បាប់ វាខុសនឹងប្រកាស៤៧ ខទី២ បើគាត់កែអាហ្នឹងឲ្យត្រូវទៅ ហើយដូរអាពាក្យស្លោកឲ្យចប់ទៅ វាចប់ហើយ […] ក្រសួងមហាផ្ទៃ គ្រាន់តែខ្ញុំសុំជំរាបចេះថា ក្រសួងមហាផ្ទៃ ជាក្រសួងស្ថាប័នអនុវត្តច្បាប់ អញ្ចឹងធ្វើម៉េចទៅតាមច្បាប់ទេ​ ហើយលោកត្រូវយល់សម្ដេចនាយករដ្ឋមន្ដ្រី គាត់ជាប្រធានបក្សមួយដោយឡែក គាត់ជានាយករដ្ឋមន្ដ្រី អត់មានជាប់គ្នា អត់មានពាក់ព័ន្ធគ្នាទេណា»។

សាស្ត្រាចារ្យវិទ្យាសា​ស្ត្រនយោបាយ លោក ឯក សុវណ្ណារ៉ា វិភាគថា ​អ្វីដែលបក្សកាន់អំណា​ចចង់​បានបំផុត គឺយកឈ្នះការបោះឆ្នោត និងបន្ត​គ្រប់​គ្រ​​ង​អំ​ណាច តាមគ្រប់រូបភាព និងតាមរយៈការធ្វើច្បាប់មួយ​ចំនួន ដោ​យ​មិន​ខ្វ​ល់​ពីសំឡេងរិះគន់ ឬ​ឈា​ន​​​ដ​​​ល់រំលាយបក្សប្រឆាំងទៀត ក៏អាចថាបាន។

លោកថា៖ «បើសិនជាទុកគូបដិបក្ខ នៃគណបក្សសង្គ្រោះជាតិ នៅជាគូប្រជែង គណបក្សប្រជា​ជនពិបាកក្នុងការ​ទទួលយកជ័យជំនះ។ អញ្ចឹងហើយអ្វីដែលជាចន្លោះប្រហោង របស់ដៃគូប្រកួតគឺគ​ណបក្ស​ស​ង្គ្រោះ​​​ជាតិហ្នឹងគឺជាប្រៀបខ្លាំង របស់គណបក្សកាន់​អំណាច។ ហើយ​នៅក្នុងការរៀ​បចំយន្ត​ការហ្នឹង គេមិនគិតពី​អសីលធម៌ឬមិនល្អស្អីសម្រាប់មហាជនទេ គឺគេធ្វើគ្រប់រូបភាព សម្រាប់អ្នកនយោបាយ»។

កាលពីថ្ងៃទី២មីនាឆ្នាំ២០១៧ គណបក្សសង្រ្គោះជាតិបាន​រៀប​ចំ​សមាជ​ដើម្បីជ្រើសរើសក្បាលម៉ាស៊ីនដដឹកនាំថ្មីរបស់ គណបក្សបន្ទាប់ពីលោក សម រង្ស៊ី បានលាលែង ពីតំណែងប្រធានបក្ស។ បន្ទាប់​ពី​ធ្វើសមាជនេះ បក្សប្រឆាំងបានបោះឆ្នោតគាំទ្រឱ្យលោក កឹម សុខា ធ្វើជាប្រ​ធាន​គណ​ប​ក្ស​សង្រ្គោះជាតិ ហើយមានអនុប្រធាន៣នាក់ រួមមានលោក ប៉ុល ហំម លោកស្រី មូរ សុខហួរ និងលោក អេង ឆៃអ៊ាង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ