បទយកការណ៍៖ ២០ឆ្នាំហើយនៅតែគ្មានយុត្តិធម៌សម្រាប់ជនរងគ្រោះក្នុងព្រឹត្តិការណ៏គប់គ្រាប់បែកនៅមុខរដ្ឋសភា

ជនរងគ្រោះក្នុងព្រឹត្តិការណ៏គប់គ្រាប់បែកនៅមុខរដ្ឋសភា

សំឡេងគ្រាប់បែកបានផ្ទុះឡើងនៅមុខរដ្ឋសភា កាលពី២០ឆ្នំាមុន បានបណ្តាលឲ្យក្រុមបាតុករ ជិត២០នាក់ស្លាប់ និងជាង១០០នាក់ផ្សេងទៀតរងរបួស នៅគ្រាដែលលោក សម រង្ស៊ី ដឹកនាំ ធ្វើបាតុកម្មទាមទារឲ្យរដ្ឋាភិបាលធ្វើកំណែទម្រង់ប្រព័ន្ធតុលាការ។

២០​ឆ្នាំក្រោយពីព្រឹត្តិការណ៍នោះក្រុមគ្រួសារជនរងគ្រោះ និងគណបក្សប្រឆាំងតែងតែ​ធ្វើពិធីបែប​សាសនា​ដើម្បី​វិញ្ញា​នក្ខន្ធដល់អ្នកស្លាប់ដែលគេចាត់ទុកថាជាអ្នកតស៊ូឲ្យមានកំណែទម្រង់មួយ។

យ៉ាងណាក៏ដោយ ក្រុមសាច់ញាតិអ្នកស្លាប់ និងអ្នករងរបួសនៅ​មុខអតីតរដ្ឋសភា មិនមានជំនឿថា រដ្ឋាភិបាលអាចវែកមុខ​ឃាត​ករ​ដែល​​​​បោកគ្រាប់បែកលើ​ក្រុម​បាតុករ​ កាលពី២០​ឆ្នាំមុននោះ មកដាក់ទោសបាន​ទេ​។

ក្នុងពិធីរំឭ​កខួបនៃព្រឹត្តិ​ការណ៍គប់គ្រាប់បែក​សម្លាប់បាតុករមុខរដ្ឋស​ភា នៅព្រឹក​ថ្ងៃទី៣០ មីនា ឆ្នាំ​២០១៧​នេះ សាច់ញាតិអ្នកស្លាប់ក្នុង​ហេតុការណ៍នោះបានរៀប​រាប់ប្រហាក់ប្រហែលគ្នាថា ពួកគេមិនមាន​ជំនឿ​លើ​រដ្ឋា​ភិបាលបច្ចុប្បន្នថា​​អាច​រកយុត្តិធម៌ជូនក្រុមគ្រួសារជនរងគ្រោះទំាងនោះបានទេ ដោយថា២០ឆ្នាំកន្លងទៅ ពន្លឺ​យុត្តិ​ធម៌​នៅតែមិនទាន់មាននៅឡើយ។

វ័យ៥០ឆ្នាំ អ្នកស្រី ពយ ផល្លី អតីតកម្មកររោងចក្រ បានរៀបរាប់ថា គាត់បានរបួសដៃ ជើង ខ្លួន ហើយបងប្អូនគាត់ផ្សេងទៀតបាន​ស្លា​ប់​​ក្នុង​ព្រឹត្តិការណ៍​គប់​គ្រាប់បែកកាលពីឆ្នាំ១៩៩៧នៅមុខ​រដ្ឋសភា។គាត់បានប្រាប់​អ្នក​យក​ព័ត៌​​មាន បន្ទាប់​ពីបញ្ចប់ពិធីរំឮកខួប ​នៅព្រឹកថ្ងៃព្រសហស្បតិ៍នេះថា​ កាលពី២០ឆ្នាំមុន ឃាតករបាន​គប់​គ្រាប់​បែក​នៅ​មុខ​រដ្ឋសភា បណ្តាលឲ្យសាច់ញាតិគាត់​​ស្លាប់​ដោយ​អយុត្តិ​ធម៌​​។ អ្នកស្រីថា រហូត​ម​ក​ដល់​ឆ្នាំ​២០១៧​​នេះ​ យុត្តិធម៌​មិន​ទាន់​​មាន​ពន្លឺ​សម្រាប់រូបគាត់​នៅឡើយ។​

អ្នកស្រីនិយាយថា «បងជីដូនមួយខ្ញុំស្លាប់ ខ្ញុំមក​ជាមួយគាត់ តែខ្ញុំរស់ គាត់ស្លាប់ ខ្ញុំចេះតែមក​រហូត​ នៅតែអាឡោះអាឡៃ សោកស្តាយរហូត​ ខ្ញុំរាល់​ថ្ងៃ​ចង់បានយុត្តិធម៌ដែរ តែរកអត់ឃើញ យុត្តិធម៌នៅឆ្ងាយ មិនដឹង​រកឃើញមិនឃើញ ខ្ញុំអត់​ដឹង​ដែរ»។

អ្នកស្រី ផល្លី បាន​ឲ្យដឹងទៀតថា បន្ទាប់ពីរងរបួសរយៈពេល​២០ឆ្នាំកន្លងទៅនេះ​ គាត់មានសុខភាពមិនល្អ រហូត​បាត់បង់ការងារ ខណៈបច្ចុប្បន្នកូនប្រុសម្នាក់​ធ្វើការរោងចក្រ រកប្រាក់​ចិញ្ចឹមគ្រួសារ​។

ទឹកភ្នែកហូរកាត់លើថ្ពាល អ្នកស្រី ឃួន សុំ ម្តាយបង្កើតរបស់អ្នកស្រី យង់ ស្រី ដែល​ស្លាប់​ក្នុងហេតុការណ៍គប់គ្រាប់បែកមុខ​រដ្ឋសភា​​​ បានរៀប​រាប់ថា កូនគាត់ស្លាប់ទៅបានបន្យល់ទុកចៅ​​៥នាក់​ឲ្យ​គាត់​មើលថែរក្សា​ និងរស់​​ក្នុង​​ស្ថាន​ភាព​ក្រលំបាកក្នុងរយៈពេល២០ឆ្នាំមកហើយ។ អ្នកស្រីថា គាត់​នៅ​​តែ​អា​ឡោះ​អា​ឡៃ​កូន​ស្រី​របស់​គាត់ ដោយថា កាលកូននៅរស់ជាអ្នក​រក​ប្រាក់ម​ក​ផ្គត់​ផ្គង់​ក្នុង​គ្រួ​សារ​ផង​ដែរ។

អ្នក​ស្រី​បញ្ជាក់ថា«កូនខ្ញុំដើរតាមគន្លងធម៌របស់ខ្ញុំណាស់ មានស្អីបន្តិចក៏យកទៅដល់ម្តាយ សូម្បី​តែធ្វើការមួយខែ២២រៀល (២២ដុល្លារ) សុំតែ២រៀលទេ (២ដុល្លារ) កាលជំនាន់នោះសុំ​ម៉ែ​តែ​២រៀល​ទេ​(២ដុល្លារ)ឲ្យ​ថ្លៃម៉ូតូគេ(ម៉ូតូឌុប) ២០រៀល(២០ដុល្លារ)ឲ្យមក​ម៉ែចាត់ចែងទិញអង្ករ ទិញ​អីហូប​ទៅ ព្រោះ​ខ្ញុំវាអត់ ខ្ញុំក្រណាស់កូនប្រុសម្តាយអើយ»។

យ៉ាងណាក៏ដោយ សាច់ញាតិអ្នករងគ្រោះ នៅតែទទូចទៅស្ថាប័នពាក់ព័ន្ធ ជាពិសេស​ស្ថាប័​ន​អន្តរ​ជាតិ​ជួយ​​​រក​យុត្តិ​ធម៌ឲ្យជនរងគ្រោះក្នុង​ព្រឹត្តិការណ៍​គប់គ្រាប់បែកនោះផងដែរ ដោយ​ថា​២០​ឆ្នាំ​កន្លង​ទៅ ​រដ្ឋា​ភិបាល​មិនទាន់វែកមុខ​រកឃាតករមក​ផ្តន្ទាទោស​នៅឡើយ។

លោក យ៉ង់ មុត ត្រូវជា​ឪពុកបង្កើតរបស់អ្នកស្រី យ៉ង់ សុខនូវ ដែលបានស្លាប់​ក្នុងហេតុការណ៍គប់គ្រាប់បែក​នោះ លោកបាន​​បង្ហាញការងឿងឆ្ងល់ចំពោះចំណាត់ការរបស់រដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធថា ២០ឆ្នាំកន្លងទៅ នៅ​តែ​​មិនទា​ន់​វែកមុខ​រកឃាតករមក​ផ្តន្ទាទោស​។ លោកថា មានតែអន្តរជាតិទេ ដែល​អាច​ជួយរកយុត្តិធម៌ឲ្យ​កូនរបស់គាត់​បាន​។

លោកនិយាយថា «បើថាខាងនេះ(រដ្ឋាភិបាល)រកមិនបានទេ សូមឲ្យអន្តរជាតិជួយ​រកយុត្តិធម៌ឲ្យអ្នកបាតុ​ករ​​អហិង្សានេះ ដើម្បីឲ្យវិញ្ញាណខ័ណ្ឌកូនទំាងអស់ឲ្យបានអស់ចិត្ត»។

អ្នកស្រី សម ដានិត ត្រូវ​ជាកូនរបស់លោក សម សារិន ដែល​ស្លាប់​ក្នុង​គប់​គ្រាប់​បែក​​នោះ បានឲ្យដឹងថា គាត់មិនមានជំនឿថារដ្ឋាភិបាលអាច​រកឃាតករមក​ផ្តន្ទាទោសបាននោះទេ ខណៈ​​អំពើឃាតកម្មនេះមានរយៈពេល២០ឆ្នាំ នៅតែមិនមានតម្រុយ​នៅឡើយ។ ​យ៉ាងណាក៏ដោយ អ្នក​ស្រីថា យុត្តិធម៌អាចនឹងកើតមាន ដរាបណាមានការផ្លាស់ប្តូរមេដឹកនាំប្រទេសថ្មី។

អ្នកស្រី​បញ្ជាក់​ថា​ «បើគាត់នៅតែទាមទារឲ្យរដ្ឋាភិបាលដោះស្រាយ​ឲ្យ គឺអត់អាចមានឃើញយុត្តិធម៌បា​ន​ទេ យើងទាមទារ​តំាង​ពីមួយឆ្នាំទល់មួយឆ្នាំ បន្តរហូតមក​២០ឆ្នាំមិនមែនតិចណា តែចេះតែទៅមុខ​រហូត​អត់​មា​ន​ឃើញ​យុត្តិធម៌កន្លែងណា បើសិនយើងអាចផ្លាស់ប្តូរបានប្រហែលជាអាចមាន(យុត្តិធម៌)»។

កាលពីថ្ងៃទី៣០ខែមីនាឆ្នាំ១៩៩៧ លោក សម រង្សី បានដឹក​នាំក្បួន​បាតុករ​មក​ដល់ជិត​មន្ទីរ​រ​ដ្ឋ​សភា​ត្រៀម​នឹងដាក់ញត្តិ ពេលនោះមានជនមិនស្គាល់មុខបា​ន​គប់​​គ្រា​ប់បែកដៃ ចំនួ​ន​៤គ្រាប់​ចូលក្នុ​ង​ហ្វូង​បាតុ​ករ​​បង្ក​ឲ្យអ្នកតវ៉ាជិត២០នាក់ស្លាប់ និងជាង​១០០​​នាក់ផ្សេងទៀតរងរបួសរួមទាំងលោក សម រង្ស៊ី​ ផង​ដែរ​។

នៅពេលរំលឹកព្រឹត្តិការណ៍នៅឆ្នាំនេះ អតីត​ប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ដែលកំពុង​នីរ​ទេ​ស​​ខ្លួន​​បាន​ថ្លែង​តាមវីដេអូខន់ហ្វឺរិនពីក្រៅប្រទេសមកថា លោក​នូវតែចាត់ទុកថា ការស្លាប់របស់​ក្រុមអ្នកត​វ៉ា​ពេល​នោះ ​គឺជាប្រវត្តិសាស្ត្រ និងជាវីរភាព​សម្រាប់យុវជនជំនាន់ក្រោយ ក្នុងការជំរុញឲ្យ​មាន​កំណែ​ទម្រង់​រដ្ឋ។

លោក សម រង្ស៊ី ប្តេជ្ញាចិត្តថានឹង​ស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ​នៅមុខ​រដ្ឋសភាកាលពី២០ឆ្នាំមុន។ ដោយ​លោកប្រៀបធៀបករណីនេះទៅនឹងអ្នកទោស​ដែល​​សម្លាប់​មនុស្ស​នៅ​សម័យ​ខ្មែរ​ក្រហម​ដូ​ចគ្នាដែរ។

លោក​មាន​ប្រសាសន៍​ថា​ «ការផ្តាច់ញ្ញាចិត្តរបស់ខ្ញុំ គឺស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ គ្រួសារជនរង​គ្រោះ​ឲ្យ​ទា​ល់​តែ​បាន​ គំនិតថា២០ឆ្នាំយូរហើយ ត្រូវ​តែបំភ្លេចចោលទៅ មិនអាច​រកយុត្តិធម៌ឃើញទេបង​ប្អូន បទឧក្រិដ្ឋ​សម្លាប់​មនុស្ស​ដូច​ការគប់គ្រាប់បែកនេះ គឺជាបទឧក្រិដ្ឋមិនអាច​បំភ្លេចបានទេ ដូចបទ​ឧក្រិដ្ឋ​ដែល​ប្រព្រឹត្ត​ដោយ​ពួក​ខ្មែរក្រហមជាង៤០ឆ្នាំហើយ ម៉េចក៏មានតុលាការ​កំពុង​តែកាត់ទោស​មេដឹក​នាំ​ខ្មែរក្រហម»។

គិតត្រឹមថ្ងៃ៣០មីនា ឆ្នាំ២០១៧នេះ រដ្ឋាភិបាល​មិនទាន់បង្ហាញថាមាន​ឧក្រិដ្ឋ​ជន​ ប៉ុន្មា​ន​​នាក់ជា​ប់​ពាក់​ព័ន្ធ​នឹងព្រឹ​ត្តិការ​ណ៍បោ​កគ្រា​​ប់បែ​កសម្លាប់​ក្រុមអ្នកតវ៉ានោះនៅឡើយទេ បើទោះជាមានរបាយការណ៍ស៊ើបអង្កេតរបស់អង្កេតអន្តរជាតិមួយចំនួន បានធ្លាប់បានបង្ហាញឈ្មោះ​ជនជាប់សង្ស័យរួចហើយក៏ដោយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ