សាច់ញាតិអ្នកស្លាប់ដោយ​គ្រាប់បែកដៃ​ក្បែររដ្ឋសភាចាស់ថាមិនជឿលើ​រដ្ឋាភិបាល

​សាច់ញាតិជនរងគ្រោះក្នុងព្រឹត្តិការ​​​វាយ​​ប្រហារ​ដោយគ្រាប់បែកដៃកាលពីជាង២០ឆ្នាំមុន​ នៅទីតាំង​រដ្ឋ​សភា​ចាស់​ក្បែរ​ព្រះបរមរាជវាំង បានឲ្យដឹងថា ពួកគេ​មិនមាន​ជំនឿលើ​រដ្ឋាភិបាល​ស្វែងរកឃាតករមកផ្តន្ទាទោស​នោះទេ ដោយថាបើមិនផ្លាស់ប្តូរមេដឹកនាំថ្មី។

អ្នកស្រី លី ណារី ត្រូ​វជា​ម្តាយបង្កើតអ្នកស្លាប់លោក ចេត ឌួងដារ៉ាវុធ បានរៀបរាប់​ក្រោយពី​បញ្ចប់​​ពិធីបង្សុ​កូល​នៅមុខ​ស្តូបក្បែរ​ព្រះបរមរាជវាំង នាព្រឹកថ្ងៃនេះ​ថា ២១ឆ្នាំកន្លងទៅនេះធ្វើ​ឲ្យ​​គាត់​នៅ​តែនឹក​កូន​​ ដែលស្លាប់ក្នុងព្រឹត្តិការ​​​វាយ​​ប្រហារ​ដោយគ្រាប់បែកដៃ កាលពី​ថ្ងៃទី​៣០​ខែ​មីនាឆ្នាំ​១៩៩៧។

ស្ត្រីរូប​នោះ ​បន្តថា គាត់មិនមានជំនឿថារដ្ឋាភិបាល​នឹងស្វែងរកឃាតករមកផ្តន្ទាទោស​បាន​នោះ​ទេ ដរាបណា​មិន​មាន​ការផ្លាស់ប្តូរមេដឹកនាំថ្មី។

អ្នកស្រីថ្លែងថា៖ «ដ៏ប្តូររបបដឹកនាំ កុំឲ្យនៅចឹង ទៅមិនរួចទេ មិនអាច​ទេ យុត្តិធម៌មិនមានទេ បើដូរ​ទៅអាច​មាន​ ចាប់ឃាតករមកផ្តន្ទាទោសទៅអាចធ្វើឲ្យខ្ញុំសះស្បើយក្នុងចិត្ត»

ជនរងគ្រោះនៅក្នុងហេតុការណ៍នោះម្នាក់ទៀត លោក សំ ជឿន បាន​លើក​ឡើងថា គាត់​ធ្លាប់​អំពាវនាវ​​​ទៅរដ្ឋាភិបាលនិងស្ថាប័នពន្លឿនស្វែងរកយុត្តិធម៌ឲ្យរូបគាត់ និងអ្នករង​គ្រោះ​ដទៃ​ទៀត​ដែរ ប៉ុន្តែជា២០ឆ្នាំ នៅតែមិនមានដំណោះស្រាយនៅឡើយ។

លោក ជឿន បន្តថា ការពន្យារពេលស្រាវជ្រាវនេះធ្វើឲ្យពួកគាត់អស់សង្ឃឹម និងមិនជឿ​ថា​នឹង​ទទួល​បានយុត្តិធម៌នោះទេ។

ពិធីប័ង្សុកូលថ្ងៃនេះ ដែលដឹកនាំដោយប្រធានគណបក្សភ្លើងទៀន មានអ្នក​ចូលរួម​ជាង​៣០​នាក់ ក្នុងនោះ​មាន​សាច់​ញាតិ​អ្នកស្លាប់​​១៦​នាក់ បាន​មក​ចូលរួម​ប្រហែល​ជា៣នាក់ប៉ុណ្ណោះ​។

មេដឹកនាំបក្សភ្លើងទៀន លោក ទាវ វណ្ណុល ថ្លែងថា ដើមចមដែលមិនសូវមានអ្នកចូលរួម ដោយ​សារស្ថានការនយោបាយ​នៅកម្ពុជា​ហាក់មិនច្បាស់លាស់ ក្រោយ​ពី​រំលាយ​គណបក្ស​សង្គ្រោះជាតិ​។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់វីអូឌី នៅព្រឹកនេះថា ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​​​កំពុង​​ធ្វើការ​ស្រា​វជ្រា​វករណីនេះនៅឡើយ ដោយប្រាប់សាច់ញាតិទាំងនោះ​ថា​ កុំឲ្យអស់សង្ឃឹម។

លោកមានប្រសាសន៍ថា៖ «យើងមិនទាន់បិទសំណុំរឿង​ហ្នឹងទេ សូមឲ្យបងប្អូនកុំទៅជឿ​លើបក្សប្រឆាំងថា អត់ជំនឿ​ដ៏គេឡើងដូររដ្ឋាភិបាល…គេឡើង​មក​បានរកឃើញ ​សុទ្ធតែរឿង​កា​រ​​ញ៉ុះញង់ឲ្យស្រុកទេសយើងវាវឹកវរទេ»។

ប្រធានគ្រប់គ្រងផ្នែក​អង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ថា បើរឿង​នេះ​នៅតែអូសបន្លាយ ហើយ​ឃាតករ​នៅ​តែ​មិនទាន់​ចាប់​មក​ផ្តន្ទាទោស​តាម​ច្បាប់ នោះពលរដ្ឋ​នឹងអស់​ជំនឿ​​​លើ​ការ​​ដឹកនាំរបស់រដ្ឋាភិបាល។

លោកយល់ថា៖ «ដើម្បីបង្កើននៅជំនឿទុកចិត្តឬបង្ហាញអំពីការខិតខំរបស់រដ្ឋាភិបាលលោក​ត្រូវ​​​តែខិតខំ​ធ្វើយ៉ា​ង​ណា ដើម្បីបង្ហាញឆន្ទៈពិតប្រាកដ​ក្នុង​ការស្វែងរកយុត្តិធម៌​សម្រាប់​ពួកគាត់​…ជា​ធម្មតាប្រជាពលរដ្ឋដែលរង់ចាំយុត្តិធម៌ កាលណាយូរទៅៗ ភាពអស់សង្ឃឹមរបស់គាត់ កាន់តែ​អស់​សង្ឃឹម»។

ព្រឹត្តិការណ៍​វាយប្រហារ​ដោយ​គ្រាប់បែកដៃ​៤​គ្រាប់នៅ​មុខ​រដ្ឋសភាចាស់កាលពី​ថ្ងៃ​ទី​៣០ខែ​មីនាឆ្នាំ​១៩៩៧ ទៅលើ​ហ្វូង​បាតុករ​ដែល​ដឹកនាំ​ដោយលោក សម រង្ស៊ី ​ដើម្បី​ទាមទារ​កំណែ​ទម្រង់​ប្រព័ន្ធតុលាការ បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​១៦​នាក់ និង​ប្រមាណ​ជាង​១៥០​នាក់​​រងរបួស​។

រហូតមកដល់​ពេល​នេះ ជាង២០ឆ្នាំហើយ​ ជនដៃដល់និង​​​អ្នក​នៅ​ពីក្រោយ​ខ្នង ​​មិនទាន់​ត្រូវបាន​វែកមុខ​ យកមក​ផ្តន្ទាទោស​​នៅ​ទ្បើយ​​​ទេ បើទោះរបាយការណ៍ស៊ើបអង្គេត​មាន​ភស្តុតាង​រឹងមាំ​មួយ​​ចំនួន​បង្ហាញថា អង្គរក្ស​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពាក់ព័ន្ធ​នឹង​ការវាយប្រហារ​នោះ ​​៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ