លោក​ ហ៊ុន សែន ថានយោបាយលែងជាបញ្ហាឈឺក្បាលនិងគ្មានការពន្យារពេលបោះឆ្នោត

រូបភាពពីហ្វេសប៊ុកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែ​ន បាន​ថ្លែង​ថា រឿង​នយោបាយ​លែង​ជា​បញ្ហា ​ដែល​កម្ពុជា​ត្រូវ​ឈឺ​ក្បាល​ទៀត​ហើយ ខណៈ​លោក​បញ្ជាក់​ថា​គ្មាន​ការ​ពន្យារ​ការ​បោះឆ្នោត​ ហើយ​គណបក្ស​នយោបាយ ​ដែលលោកថាបាន​ស្លាប់​បាត់មិន​អាច​រស់​ឡើង​វិញ​បាន​ទេ។

​ក្នុង​ពីធីចែក​សញ្ញាបត្រ​ជូន​និស្សិតនៅភ្នំពេញនៅព្រឹក​ថ្ងៃ​ចន្ទ​នេះ លោក ​ហ៊ុន សែន បាន​ប្រកាស​ថា ​ល្បែង​នយោបាយ​នៅកម្ពុជា​មិន​ត្រូវ​បាន​រាំង​ខ្ទប់​ដោយ​នណា​ម្នាក់ ឬ ​ក្រុម​ណា​មួយ​នោះ​ទេ ដោយ​លោកថា ​មាន​គណបក្ស​នយោ​បាយ​​ជាច្រើន​កំពុង​ត្រៀមចូល​រួម​ប្រកួត​ការ​បោះឆ្នោត​នាពេល​ខាង​មុខ។

លោកមានប្រសាសន៍​ថា៖ «ឥឡូវ​មិន​ដឹង​ជា​វា​ឡប់អី​! ឲ្យ​តែអ្នកណា​បង្កើត​គណបក្ស​នយោបាយ សុទ្ធ​តែ​អាយ៉ង​របស់ ​ហ៊ុន សែន ទាំង​អស់…។ កាល​ណា​គេ​ធ្វើ​គណបក្ស​នយោបាយ បាន​សេចក្តី ថា​ភាព​ខុស​គ្នាទោះ​តិច​ទោះ​ច្រើន ​គេ​បង្កើត​គណបក្ស​ហើយ។ បើ​ដូចគ្នា​គេ​ចាំ​បាច់​ទៅ​បង្កើត​គណបក្ស​នយោបាយ​ធ្វើ​អី គេ​ចូល​ជា​មួយ​បក្សប្រជា​ជន​ហើយ​។ […] បញ្ហា​ដែល​លំបាក​ជាងគេ​សព្វថ្ងៃ​នេះ ហើយ​ឈឺក្បាល​ខ្លាំង​ជា​គេសព្វថ្ងៃ​នេះ មិន​មែន​បញ្ហាអ្នក​ណាចូល​បោះឆ្នោត ឬ​មិន​ចូល​បើឆ្នោត​នោះទេ បញ្ហា​គ្រោះ​ថ្នាក់​ចរាចរណ៍ ​គឺ​ជា​រឿង​គ្រោះ​ថ្នាក់​ជាង​គេ»។ ​

លើស​ពី​នេះទៀត​ លោកនាយករដ្ឋមន្ត្រី ​ហ៊ុន សែន ក៏​បាន​​ប្រៀប​ធៀបអតីត​​គណបក្ស​សង្គ្រោះជាតិដែល​ត្រូវ​បាន​រំលាយ ​ទៅ​នឹងសាកសព​ដែលបានស្លាប់​បាត់​ ហើយ​​មិន​អាច​រស់​ឡើង​វិញ​បាន​នោះ​ទេ ហើយលោកអះអាងទៀតថា ​ក៏​គ្មាន​ការ​ពន្យា​រការ​បោះឆ្នោត​ផង​ដែរ។

លោក​ថា៖ «អ្នក​ដែល​ជឿ​ៗងប់! រហូត​ដល់​មាន​អ្នក​ខ្លះ​គេ​ថា បើ​លោក ​ហ៊ុន សែន​ មិន​ព្រម​ធ្វើ ​មិន​ព្រម​ពន្យា​រទេ ច្បាស់​ជា​គេចាប់​លោ​ក ហ៊ុន សែន។ ខ្ញុំ​សួរ​ថា​ អាណាក្បាល​ប៉ាន​ដែក ​មក​ចាប់​ក្បាល ​ហ៊ុន សែន​នោះ។ ប្រាប់​ត្រង់​ទៅ​វិញទៅ គេថា​គេចាប់​ ហ៊ុន សែន! នាយក​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​​មួយ​ត្រូវ​គេ​ចូល​មក​ចាប់​ខ្លួន​នៅ​ទីនេះ​។ លមើល​ហើយ​ចូល​មក ក្រែង​ពិបាក​រក​ខ្មោច​ទៅ​ទៀត!»។

ការថ្លែងរបស់លោកនាយករដ្ឋមន្ត្រីនៅថ្ងៃនេះ ទំនងជាកើតឡើងបន្ទាប់ពីអតីតមេដឹកនាំបក្សប្រឆាំងគឺលោក សម រង្ស៊ី បានប្រកាសធ្វើ​នយោបាយ​​ការទូតនៅថ្នាក់អន្តរជាតិ ដើម្បីសង្គ្រោះប្រជាធិបតេយ្យនៅកម្ពុជា និង ដើម្បីជាអ្វីដែល​លោក សម រង្ស៉ី ចង់​ឃើញគណបក្ស​សង្គ្រោះជាតិ​អាចចូលរួម​ការបោះឆ្នោត​នៅ​ខែ​កក្កដា​ឡើងវិញ។

ប្រាប់វីអូឌីនៅថ្ងៃនេះ ប្រធា​ន​ក្រុមអ្នក​វិភាគ​វ័យ​ក្មេង​លោង​ ហង្ស​ វិទូ យល់​ថាការ​ថ្លែង​របស់​លោក ​ហ៊ុន សែន ថា​បញ្ហា​នយោបាយ​មិន​មែន​ជា​បញ្ហា​របស់​កម្ពុជា​ទៀត​ទេនោះ​ គឺ​គ្រាន់​តែ​ចង់​បង្វែរ​អារម្មណ៍ និង​ការ​គិត​របស់​ប្រជា​ពល​រដ្ឋ​ពី​បញ្ហា​នយោបាយតែ​ប៉ុណ្ណោះ តែលោក​ថា ​មិន​អាច​បិទ​បាំង​​បាន​នោះ​ទេ។

លោក​ថា៖ «ក្រដាស​មិន​អាច​ខ្ចប់​ភ្លើង​បាន​ទេ! ទោះ​បី​ជា លោកនាយក​រដ្ឋ​មន្ត្រី គាត់​អះអាង​ថា​គ្មាន​ជម្លោះ​នយោបាយ គ្មាន​បញ្ហា​នយោបាយ​ ក៏​ប៉ុន្តែ​ខ្ញុំ​មើល​ឃើញ​ថា​ ពល​រដ្ឋ​គ្រប់​គ្នា​គាត់​កំពុង​តែ​មាន​ការ​ព្រួយ​បារម្ភ​ថា នៅពេល​មាន​ការ​បោះឆ្នោត មាន​តែ​គណបក្សប្រជា​ជន​ដែល​ជា​គណបក្ស​មាន​ឥទ្ធិពល​ ដោយ​គ្មាន​បក្សប្រឆាំង ​តើនឹង​ទៅ​ជាយ៉ាង​ណា? បើ​សិន​ជា​លោក​និយាយ​ពី​គណបក្ស​ផ្សេង​ៗ​ចូលរួម អាហ្នឹង​មិន​មែន​ជា​ទល្ហីករណ៍ ជា​មូល​ហេតុ​ចំបង​ដែល​មិន​មែន​ជា​បញ្ហា​នយោបាយ​នៅ​កម្ពុជា​ទេ​»។

ជម្លោះនយោបាយនៅ​កម្ពុជា ត្រូវ​បានមជ្ឈដ្ឋានទូទៅ​មើលឃើញ​ថា​ ហាក់នៅ​តែ​បន្ត​គ្មាន​ដំណោះ​ស្រាយ​ បន្ទាប់​ពី​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ត្រូវ​បាន​លោក ហ៊ុន សែន បញ្ជា​ឲ្យ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ ក្រោម​ការ​ចោទ​ប្រកាន់​ថា «ក្បត់​ជាតិ» ហើយ​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ ត្រូវ​បាន​រំលាយ​ចោល​កាល​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា​ឆ្នាំ​មុន ខណៈលោក សម រង្ស៊ី ដែលកំពុងរស់នៅនិរទេស ហើយ​រង​បណ្តឹង​ជាង​ច្រើន​នោះ ក៏​មិនទាន់អាចត្រឡប់មកកម្ពុជា។

បើ​តាម​លោក​ ហង្ស​ វិទូ ការដោះ​លែង​លោក ​កឹម សុខា ឬ​ការ​រ​ស់​ឡើង​វិញ​នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ ​គឺ​ជា​កូន​សោរតែ​​មួយ​គត់​ដែល​អាច​ជួយ​សម្រួលដល់​បញ្ហា​នយោបាយ​នៅ​កម្ពុជាឡើង​វិញ​បាន​។

បើតាម គ.ជ.ប ការបោះឆ្នោតថ្នាក់ជាតិនេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៩ខែកក្កដា ហើយការ​ចុះ​បញ្ជី​គណបក្ស​នយោបាយនិង​បេក្ខជន​ឈរ​ឈ្មោះ ​ត្រូវ​បាន​កំណត់​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​៣០ខែ​មេសានេះ​ រហូត​ដល់​ថ្ងៃ​ទី​១៤ខែ​ឧសភា​ខាង​មុខ។ ខណៈ​ស្ថានការនយោបាយនៅកម្ពុជា កំពុ​ងស្ថិតនៅក្នុងស្ថានភាពមិនច្បាស់លាស់ អ្នកតាមដានមួយចំនួនហាក់បានដាក់ក្តីសង្ឃឹមតិចតួច ចំពោះការវិញត្រឡប់​មកវិញ​របស់​អតីត​គណប្ស​សង្គ្រោះជាតិ ដើម្បីធ្វើជាគូ​ប្រជែង​ដ៏​ធំ​តែ​មួយ​គត់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។

​ករណីនេះ គណបក្សប្រជា​ជន នៅ​តែ​អះ​អាង​ពី​ការមិន​ផ្តល់​សម្បទាន​ណាមួយ​ជា​មួយ​អតី​ត​បក្ស​ប្រឆាំង​នោះ​ទេ ​បើ​ទោះ​បី​មជ្ឈដ្ឋាន​អន្តរជាតិ​ដាក់​ការ​ព្រួយ​បារម្ភចំពោះ​ការ​បោះឆ្នោត​ខាង​មុខ និង​គំរាម​ពី​ទណ្ឌកម្ម​ណាមួយជា​បន្ត​បន្ទាប់​លើ​កម្ពុជា​នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ