លោក ញឹក​ ប៊ុនឆៃ ត្រូវតុលាការដោះលែងឲ្យនៅក្រៅឃុំ

អតីតប្រធានគណបក្សខ្មែររួបរួមជាតិ លោក ញឹក ប៊ុនឆៃ កាលពីពេលកន្លងទៅ (រូបថត ហួត វុទ្ធី)

អតីតប្រធានគណបក្សខ្មែររួបរួមជាតិ លោក ញឹក ប៊ុនឆៃ ត្រូវបានតុលាការ​ចេញដីកា​ដោះ​លែង​​​ឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន នៅថ្ងៃចន្ទនេះ បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ បាន​​ធ្វើកា​រ​ចោទ​ប្រកាន់​​​និងឃុំខ្លួនអស់ប្រមាណ៩ខែមក ពាក់ព័ន្ធ​នឹង​បទ​ល្មើស​គ្រឿង​ញៀន​កាល​ពី​១០ឆ្នាំមុខ។

ក្នុងដីកាបង្គាប់ឲ្យដោះលែងចុះថ្ងៃទី៣០ខែមេសានេះ ដែលវីអូឌីទើបទទួលបាន ចៅក្រម​ស៊ើប​សួរ​ នៃសាលា​ដំបូង​រាជធានី​ភ្នំពេញ លោក លី លឹមម៉េង បានប្រាប់មក​ប្រធាន​មណ្ឌល​អប់រំកែ​ប្រែ​រាជធានីភ្នំពេញឲ្យដោះលែងលោក ញិក ប៊ុនឆៃ (ញឹក ប៊ុនឆៃ) ដែលមាន​ទីលំនៅ​បច្ចុប្បន្ន​ខណ្ឌ​​ជ្រោចង្វារ រាជធានីភ្នំពេញ។

បើតាមដីបង្គាប់ដដែល តុលាការ មិនបានបញ្ជាក់លម្អិតណាមួយពីមូលហេតុនៃការដោះលែង លោក ញឹក ប៊ុនឆៃ នោះទេ ប៉ុន្តែ តុលាការដាក់ លោក ប៊ុនឆៃ ឲ្យស្ថិតនៅ​ក្រោមការ​ត្រួត​ពិនិត្យ​ពីបទ «សមគំនិតផលិតគ្រឿងញៀននិងនាំចូលសារធាតុសម្រាប់ផ្សំគ្រឿងញៀន» ដែល​តុលាការ​ថាបានប្រព្រឹត្តិឡើងនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីឆ្នាំ២០០៧។

វីអូឌី មិនអាចទាក់ទងចៅក្រមស៊ើបសួរលោក លី លឹមម៉េង អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ និង លោក ញឹក ប៊ុនឆៃ ដើម្បីសុំការបក​ស្រាយបន្ថែម​ភ្លាមៗ​បាននៅ​ឡើយទេ។

អតីត​ឧបនាយរដ្ឋមន្ត្រី​រូបនេះ ត្រូវ​បានចាប់​ខ្លួន​កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ ដោយ​សមត្ថ​កិច្ច​ថា មាន​ជាប់​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​គ្រឿង​ញៀន​​កាល​ពី១០​ឆ្នាំ​មុន ខណៈ​មជ្ឈដ្ឋាន​ទូទៅ បានដាក់ការសង្ស័យថា ការ​ចាប់​ខ្លួន​​លោក ញឹក ប៊ុនឆៃ ទំនងត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​លេច​ធ្លាយ​ដំណឹង​ថា ឧត្ដមសេនីយ៍​ផ្កាយ៤​រូប​នេះ មាន​បំណង​ចុះ​ចូល​ជាមួយ​អតីតគណបក្ស​សង្គ្រោះ​ជាតិ ដែល​​នាំ​ឲ្យ​មាន​ការ​ចោទ​ថា លោក​មិន​ស្មោះ​ត្រង់​នឹង​គណបក្ស​កាន់​អំណាច។

ប៉ុន្តែ លោក ញឹក ប៊ុនឆៃ បានបដិសេធភ្លាមៗ និងធ្លាប់បានសារភាពកំហុស ដោយថា​លោក​បាន​​ប្រព្រឹត្ត​​មិន​គប្បី​ចំពោះលោក ហ៊ុន សែន ហើយ​នាំមក​នូវការលំបាក​និងខូចខាត​ប្រយោជន៍​​​រួ​មរបស់​គណបក្ស​ខ្មែររួបរួមជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ