បទយកការណ៍៖ កម្មករ​ចង់ឲ្យមាន​​ថ្ងៃ​ឈប់សម្រាកមុននិងក្រោយថ្ងៃបោះឆ្នោត​

កម្មករ-កម្មការិនីរោងចក្រ (រូបភាពពីសហជីព CLUF)

នេះជាការ​ត្អូញត្អែររបស់កម្មករ-កម្មការិនី និងបុគ្គលិកក្រុមហ៊ុនឯកជន​មួយចំនួន ក្រោយពីក្រ​សួង​ការងារ​មិន​អនុញាត​ឲ្យ​មាន​ថ្ងៃឈប់​សម្រាក​ចំនួនពីរថ្ងៃបន្ថែម​​​ទៀត សម្រាប់ធ្វើដំណើរទៅស្រុកកំណើត ដើម្បី​បោះ​​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំសង្កាត់ នៅដើម​ខែ​មិ​ថុនា​ខាង​មុខ​នេះ។

កាលពីពេលថ្មីៗនេះ គ.ជ.ប បានបញ្ជូនអ្នកច្បាប់ទៅជួបមន្ត្រីក្រសួងការងារ ដើម្បីជជែក​ពីការផ្តល់​ថ្ងៃ​ឈប់​​សម្រាកសម្រាប់និយោជិតកម្មករ-កម្មការិនី នៅថ្ងៃទី៣ និងថ្ងៃទី៥ មុននិងក្រោយថ្ងៃបោះឆ្នោតក្រុម​ប្រឹក្សា​​​​ឃុំ-សង្កាត់នៅថ្ងៃទី៤មិថុនា​ ប៉ុន្តែក្រសួងការងារ បានប្រាប់ទៅគ.ជ.ប វិញថា មិនមានពេលវេលាជួប​ពិភាក្សា​​ជា​មួយ​តំណាង​ គ.ជ.ប នោះទេ។

កំពុងដើរចេញពីរោងចក្រម្តុំសង្កាត់ចាក់អង្រែក្រោមរាជធានីភ្នំពេញ ​កម្មការិនី បាន ស្រីណែត ដែលមាន​ស្រុក​កំណើតនៅខេត្តក្រចេះ បានឲ្យដឹងថា គាត់បានចុះឈ្មោះបោះឆ្នោតនៅស្រុកកំណើត ហើយក្រោយ​ពីឮព័ត៌មានថា ក្រសួងការងារនៅមិនទាន់អនុញាត ឲ្យមា​នថ្ងៃឈប់​សម្រាក​បន្ថែម​ពីរថ្ងៃ​ទៀត ធ្វើឲ្យពួក​គេ​ខក​​ចិត្តយ៉ាងខ្លាំងដោយថា ការបោះឆ្នោត​អាណត្តិមុនៗ ពួកគេបាន​ឈប់​សំរាកដើម្បី​ធ្វើ​ដំ​ណើរ​ទៅបោះឆ្នោត​​បានយ៉ាង​ស្រួ​​​លផង​ដែរ។

កម្មករ​និយាយថា៖ «មានអារម្មណ៍ម៉េច​ក្នុងខ្លួនមិនដឹង ដូចថា វាអស់សង្ឃឹមនិយាយទៅ វាអត់បានយុត្តិធម៌​អាណត្តិមុនគេឲ្យឈប់ ចុះដូចគ្រប់អាណត្តិទៅវាថី គ្រប់អាណត្តិគេឲ្យឈប់សម្រាកគ្រប់គ្រាន់​»

កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ គ.ជ.ប បានចេញលិខិតអំពាវនាវ​ទៅម្ចាស់សហគ្រាសក្រុមហ៊ុន​រោងចក្រសណ្ឋាគារភោជនីយដ្ឋាន និងគ្រឹះស្ថានទំាងអស់ក្នុងប្រទេសកម្ពុជា ជួយសម្រួលបង្កលក្ខណៈ​ងាយ​ស្រួល​​និង​អនុញាត​ឲ្យនិយោជិតកម្មករ-កម្មការិនី បានធ្វើដំណើរទៅមកដើម្បីទៅ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​​ប្រឹក្សា​​ឃុំសង្កាត់ នៅថ្ងៃអាទិត្យទី៤ខែមិថុនាឆ្នាំ២០១៧​នេះ។ ប៉ុន្តែរហូត​ដល់​ថ្ងៃទី​៣០​ខែ​ឧសភា​នេះមិនទាន់មានការប្រកាសឆ្លើយតប​ពីសហគ្រាសណាមួយនៅឡើយ។

ទោះជាយ៉ាងណាក៏ដោយ កម្មការិនីម្នាក់ទៀត គឺ ហេង ស្រីនា បានរៀបរា​ប់ថា ក្រុមកម្មករ​នៅក្នុង​រោងចក្រ​ម្តុំចាក់អង្រែលើភាគច្រើន​ មាន​​​ការងឿងឆ្ងល់​ដែលថៅកែរោងចក្រ​មិនអនុញាតឲ្យឈប់​សម្រាក មុន​និង​ក្រោយ​​​ថ្ងៃបោះ​ឆ្នោត​ឃុំសង្កាត់​ ដោយ​​​ថា កាល​ពី​អាណត្តិមុនៗ ពួកគេបានឈប់​សម្រាកទៅ​បោះឆ្នោត​នៅស្រុក​កំណើត​ផង​ដែរ។

កម្មការិនី​រូបនេះនិយាយថា៖ «កម្មករឆ្ងល់គ្រប់គ្នាពេញរោង​ចក្រ​ មិនដឹងមូលហេតុអ្វី បានមិនឲ្យឈប់ ស្រុកឆ្ងាយ​​ គ្នាមក​ម៉េចទាន់ បើនៅស្រុកជិត ចេះតែបោះហើយមក​វិញ គ្នាឆ្ងល់ សុំក្រុមហ៊ុនដែរ ក្រុមហ៊ុគេថាអត់មានច្បាប់ធ្លាក់មក​ពីលើ គេអត់ឲ្យគេនេះ ក៏គេអត់ហ៊ានដែរ គេថា គេក៏ធ្វើត្រូវ​តាមច្បាប់​ដែរ ពីព្រោះថ្នាក់លើ ​[ក្រសួងការងារ] មានបញ្ហាមិនឲ្យឈប់ផង»

កម្មករ-កម្មការិនីមួយចំនួនបានលើកឡើងប្រហាក់ប្រហែលគ្នាថា ការបោះឆ្នោតឃុំ​ សង្កាត់ ឆ្នាំនេះ​ចំឡែក​ពីអាណត្តិមុនៗ ដោយថា ក្រសួងការងារមិនបានកំណត់ថ្ងៃឈប់សម្រាកបន្ថែមចំនួនពីរថ្ងៃដល់​កម្មករ​​នោះ​ទេ ដោយថា ធ្វើឲ្យពួកគេមានការព្រួយបារម្ភពីការបាត់បង់សិទ្ធិបោះឆ្នោត រួមទាំងពីសុវត្ថិភាពធ្វើដំណើរ ខណៈពេលឈប់​បានតែ១ថ្ងៃ នឹងត្រូវ​ធ្វើ​​ដំណើរ​ទៅបោះឆ្នោតនៅ​ខេត្តឆ្ងាយៗ។

មានស្រុកំណើតនៅខេត្តកំពង់ស្ពឺ និងបច្ចុប្បន្ន ធ្វើការនៅ​រោង​ចក្រមួយ ក្នុ​ង​រាជធានី​ភ្នំពេញ​អ្នកស្រី ថៅ សុរី បាន​ឲ្យដឹងថា ករណី​ក្រសួងការងារមិនអនុញាតឲ្យកម្មករទំាងអស់ បានឈ​ប់​​​​​សម្រាកបន្ថែម​ពីរថ្ងៃ​មុន​និង​​ក្រោយការបោះឆ្នោតឃុំសង្កាត់ អ្នកស្រី​ថា ​នឹងធ្វើឲ្យពួកគេ​​បារម្ភ​ពី​សុវត្ថិ​ភាព​ អំឡុង​ពេល​ធ្វើដំ​ណើរ​ទៅ​បោះ​ឆ្នោតនៅស្រុកកំណើត។

អ្នកស្រីថា៖ «គ្រាន់តែខ្ញុំជិះធ្វើដំណើរទៅផ្ទះក៏កន្លះថ្ងៃដែរ ដ៏ពេលអញ្ចឹងទៅ គឺអត់កើតទេសុវត្ថិភាព​យើងអត់ល្អទេ ខ្លាច​ជួបគ្រោះថ្នាក់ទៅព្រោះយប់ បើតាមខ្ញុំចង់ឲ្យឈប់ពីរថ្ងៃ និយាយទៅសុវត្ថិភាព​យើង​ទំាងអស់គ្នាផង​»

មាន​ស្រុកកំណើតនៅខេត្តបាត់ដំបង លោក ទួត សុផាន់ និងបច្ចុប្បន្នធ្វើការនៅ​ក្រុមហ៊ុនឯកជន​នៅ​រាជ​ធានី​ភ្នំពេញយល់ថា ការ​មិនអនុញាតឲ្យមានថ្ងៃឈប់បន្ថែមសម្រាប់កម្មករនិង​បុគ្គលិកក្រុ​មហ៊ុន​ឯក​ជន​មួយចំនួន ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួលឲ្យ​ពួកគេ​ទៅ​បោះ​ឆ្នោតខាង​មុខនោះ ជារឿង​អយុត្តិធម៌ ដោយ​​​ថា ពួកគេជា​ពលរដ្ឋ​ខ្មែរ ត្រូវ​ទទួលបានសិទ្ធិពេញលេញក្នុងការជ្រើសរើស​ថ្នាក់ដឹកនាំដែល​ខ្លួនពេញ​ចិត្ត​។

លោកនិយាយថា៖ «ខ្ញុំគិតថា មានភាពអយុត្តិធម៌សម្រាប់បុគ្គលិកឯកជន ជិតបោះឆ្នោត គួរតែមានការឈប់​សំរាក​រយៈពេលពីរថ្ងៃឬក៏បីថ្ងៃមុនថ្ងៃរៀប​ចំការបោះឆ្នោត ដើម្បីឲ្យគាត់បានលទ្ធភាព អាចធ្វើ​ដំណើរ​ទៅ​តាម​ស្រុកតាមខេត្ត ដែលគាត់នៅជិត ឬឆ្ងាយដោយគាត់បានចូលរួមបោះឆ្នោតឲ្យបាន​ទាន់ពេលវេលា ដើម្បី​ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដែលគាត់ស្រលាញ់»

ទោះជាយ៉ាងណាលោក ទួត សុផាន់ បញ្ជាក់ថា បើក្រសួងការងារមិនអនុញាតឲ្យពួកគេ បានឈប់សម្រាក​មុន​និងក្រោយការបោះឆ្នោតក៏ដោយ គឺលោកអំពាវនាវនិងលើកទឹកចិត្តឲ្យ​ប្រជាពលរដ្ឋទំាងអស់ ជាពិសេស​ កម្មករ-កម្មការិនី និងបុគ្គលិក​នៅក្រុមហ៊ុនឯកជនទំាងអស់ ត្រូវ​ចំណាយពេលវេលា១ថ្ងៃ នៅ​ថ្ងៃទី​៤មិថុនា ដើ​ម្បី​ទៅ​បោះ​​ឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ផង​ដែរ ។

ចំណែកកម្មការិនី ឆាយ ជឿន​ ស្នើទៅក្រសួងការងារ ដោយសហការជាមួយ គ.ជ.ប កំណត់ថ្ងៃឲ្យឈប់​សម្រាក​បន្ថែម​ពីរ​ថ្ងៃ​ទៀត ដោយថា ដើម្បីឲ្យពួកគេទទួលបានសិទ្ធិពេញលេញធ្វើដំណើរទៅបោះឆ្នោត​ជ្រើសរើស​មេដឹក​នាំ​ដែល​​​​ពួកគេពេញចិត្ត។

អ្នកស្រីឲ្យដឹងថា៖ «សុំ​ឲ្យគាត់ចេញ[ក្រសួងការងារ]ច្បាប់ ឲ្យកម្មករឲ្យគាត់ឈប់បានតាមខេត្តឆ្ងាយ​ ខេត្តជិតនិយាយរួមទៅឲ្យគាត់មានសិទ្ធិបោះឆ្នោតគាត់ស្រលាញ់អ្នកណាក៏ដោយឲ្យគាត់មានសិទ្ធិបោះឆ្នោត»

សរុប​មកវិញ កម្មករ-កម្មការិនី និងបុគ្គលិកក្រុមហ៊ុនឯកជនខាងលើ បានអះអាងប្រហាក់ប្រហែលគ្នាថា បើទោះ​ជាក្រសួងការងារនិងក្រុមហ៊ុនរោងចក្រ មិនអនុញាតឲ្យពួកគេបានឈប់សម្រាកបន្ថែមពីរថ្ងៃនៅ​ថ្ងៃទី៣និងថ្ងៃទី៥ ពោលគឺមុននិងក្រោយការបោះឆ្នោតឃុំសង្កាត់ក៏ដោយ ក៏ពួកគេប្តេជ្ញា​ទៅបោះឆ្នោត​ជ្រើសរើស​មេដឹកនាំដែលពួកគេពេញចិត្តផង​ដែរ។

នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស លោក មឿន តុលា យល់ថា ដើម្បីអនុវត្តសិទ្ធិប្រជាពលរដ្ឋគ្រប់រូប​ស្របតាមរដ្ឋធម្មនុញ្ញ ក្រសួងការងារ​គួរតែជូនដំណឹងពីថ្ងៃ​ឈប់​សម្រាក​​បន្ថែមពីរថ្ងៃទៅឲ្យ​ក្រុមហ៊ុនរោងចក្រសហគ្រាស​ទំាង​អស់ ដើម្បីឲ្យកម្មករ-កម្មការិនី​ ប្រហែល​៧០ម៉ឺន​នាក់ បានទៅបោះឆ្នោតឃុំសង្កាត់ទំាងអស់គ្នា​។

នៅពេលសួរថា ហេតុអ្វីបានជា​រដ្ឋមន្ត្រីក្រសួងការងារ ដែល​មក​ពីកូដតាគណបក្សប្រជាជនកម្ពុជា នៅមិន​ទាន់​កំណត់​​ថ្ងៃ​ឈប់បន្ថែម សម្រាប់ឲ្យកម្មករមានពេលវេលាគ្រប់គ្រាន់ទៅបោះឆ្នោត ឬក៏បញ្ហានេះ ​ទំនង​ជា​បក្ស​កាន់​​​អំណាច​ ខ្លាចកម្មករ​ទំាងនោះ នឹង​មិនបោះ​ឆ្នោតគំាទ្រ​បក្ស​កាន់​អំណាច និង​ងាក​ទៅ​គំា​ទ្រ​បក្ស​ប្រឆំាង ឬ​យ៉ាងណា?

លោកតុលាឆ្លើយដូចនេះថា៖ «សម្រាប់ខ្ញុំ ខ្ញុំនៅតែគិតថាកម្មករ៧០ម៉ឺននាក់ មិនមែនប្រាកដថាកម្មកករទំាងអស់សុទ្ធតែបោះឆ្នោតប្រឆំាង ជាមួយគណបក្សកាន់អំណាចទេ យើងកុំយកអាហ្នឹង​ទៅជាការសន្មត់ ហើយប្រសិនជា យើងគិតថា អ្នកហ្នឹង​មិនបោះឲ្យខ្លួន ហើយយើងព្យាយាមមិន​សម្របសម្រួលឬក៏បង្កើតនូវយន្តការផ្សេងៗ ដើម្បីឲ្យមានផលលំបាក ឬក៏ដើម្បីឲ្យរំខានទៅដល់ពលរដ្ឋ​ក្នុងការ​អនុវត្តសិទ្ធិគឺក្បត់ឆន្ទៈរដ្ឋធម្មនុញ្ញឆន្ទៈរបស់ម្ចាស់ឆ្នោត»

កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧ សហភាពការងារកម្ពុជា បានស្នើសុំ គ.ជ.ប សហការជា​មួយក្រសួង​ការងារ​​និ​ងបណ្តុះបណ្តាលវិជ្ជាជីវៈ ជួយសម្រួលផ្តល់ថ្ងៃឈប់សម្រាកដោយមិនកាត់ប្រាក់ឈ្នួល​ចំនួនពីរថ្ងៃ​បន្ថែម​​ទៀត គឺថ្ងៃទី៣និងទី៥ខែឧសភា មុននិងក្រោយថ្ងៃបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលនឹង​ប្រព្រឹត្ត​ទៅ​នៅថ្ងៃទី៤​ មិថុនា​ ២០១៧៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ