លោក ហ៊ុន សែន បារម្ភថា​កម្មក​រ​អាច​នឹង​ស្ទាក់​ឡាន​លោក​បើ​មិន​ដោះ​​ស្រាយ​​​បញ្ហា​​ថៅ​​កែ​​រត់​​ចោល

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួបសំណេះសំណាលជាមួយកម្មករនៅស្រុកស្អាង និងស្រុកកោះធំ ខេត្តកណ្តាល នាព្រឹកថ្ងៃទី ៣០ ឧសភា ២០១៨ (រូបភាព៖ ហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្តីបន្ទោសរដ្ឋមន្ត្រីក្រសួងការងារ ករណីនៅតែមានកម្មក​រ តវ៉ាទាក់ទិននឹងថៅ​កែរត់ចោ​ល មិ​​​នបាន​ទូទាត់សំណងតាមច្បាប់ ខណៈរដ្ឋាភិបា​លបានបញ្ចេ​ញប្រាក់​ជាង៤លានដុល្លារឲ្យ​​​​ដោះ​​​​​​ស្រាយរួច​មក​​ហើ​​យ​នោះ។

ក្នុងពិធីជួបសំណេះសំណាលជាមួយ កម្មករ នៅខេត្តកណ្តាល នាថ្ងៃពុធនេះ លោក ហ៊ុន សែន បានរំឭកថា ​​​​​ កន្លងទៅរដ្ឋា​ភិបាលបាន​ផ្តល់ប្រា​ក់បុរេប្រទា​ន​​​៤​​​លា​ន៦​សែ​នដុល្លា​រ ឲ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ​​ឲ្យដោះស្រាយបញ្ហាជូនកម្មករ ដែ​ល​ថៅកែរត់ចោល មិន​​បា​​​នទូទាត់អត្ថប្រយោជន៍ផ្សេងៗ តាមច្បាប់ ស្តីពី ការងារ។

ប៉ុ​ន្តែ​​​លោក ហ៊ុន សែន បានចោទជាសំនួរថា ហេតុអ្វីបានមកដល់ពេលនេះ នៅតែមានក្រុមកម្មករ ដើរហែក្បួន និងខ្លះ​​ទៀ​ត​​គ្រោ​ង​ទៅដា​ក់ញ​ត្តិដល់​ផ្ទះ ​របស់លោ​កសុំ​អ​​ន្ត​​រាគមន៍ ជួយដោះស្រាយករណីនេះដដែល។

មេ​ដឹ​​កនាំ​រូបនេះ បញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង ត្រូវដោះស្រាយបញ្ហានេះឲ្យបានឆាប់ ទោះត្រូវកា​រ​ប្រា​​​ក់បុរេ​ប្រ​​​​ទា​​​​​​នបន្ថែមទៀត ពីរដ្ឋាភិបាលក៏ដោយ។

អញ្ចឹងទេខ្ញុំសុំឲ្យឯកឧត្តម​អ៊ិត​ សំហេង ដោះស្រាយឲ្យចប់នៅចំនុចប៉ុន្មាន ព្រោះឲ្យលុយទៅហើយ​នៅតែមិនព្រមច​ប់។​​ហើយបន្តិ​ចទៀតច្បាស់ណាស់ថា បងប្អូនកូនក្មួយហ្នឹងទៅដល់ផ្ទះខ្ញុំ ​ឬក៏អាចពេលណាមួយខ្ញុំមកតាខ្មៅគាត់ស្ទាក់ឡានខ្ញុំ ដើម្បីឲ្យ​ខ្ញុំដោះ​ស្រាយ។អាហ្នឹងរឿងមកពីលោកឯងៗ

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា

ក្រោយនាយករដ្ឋមន្ត្រីថ្លែងដោយហៅចំឈ្មោះ លោក អ៊ិត សំហេង បានក្រោកឈរហើយលើកដៃសំពះ ហាក់ទទួលយ​កកា​រក្រើ​នរំ​​ឭកនេះ។

លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ ថ្លៃងបើកកម្មវិធី ព្រឹកថ្ងៃទី ៣០ ឧសភា ២០១៨

នៅសប្តាហ៍មុន កម្មករនៅក្រុងតាខ្មៅ ខេត្តកណ្តាល និងនៅសង្កាត់ចាក់អង្រែក្រោម រាជធានីភ្នំពេញ បានដើរហែរក្បួន​ទៅ​ក្រ​​​សួ​ង​កា​រងារ និងខ្លះទៅដាក់ញត្តិនៅខុទ្ទការល័យនាយករដ្ឋមន្ត្រី ស្វែងរកកិច្ចអន្តរាគមន៍ជួយដោះស្រាយ ដោយក្រុមក​ម្ម​ករ​អះអា​ង​ថា ថៅ​​​កែ​បានគេចវេសមិនទូទាត់ប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនពួកគេ។

អនុប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា C-CAWDU លោក គង់ អាទិត្យ បានលើកឡើងថា ដើម្បីទប់​ស្កា​​​​ត់​​​​ថៅ​កែខិលខូច និងការពារប្រយោជន៍កម្មករ កុំឱ្យមានករណីនេះកើតឡើងទៀត រដ្ឋាភិបាលត្រូវប្រាកដថា ក្រុមហ៊ុន​ដែ​​​​ល​បា​នចុះបញ្ជីនៅក្រសួងការងារ ត្រូវដាក់​ប្រាក់​​តម្កល់នៅធនាគារ ឬត្រូវមានមូលនិធិតម្កល់ ដើម្បីការពារហានិភ័យ តា​មច្បា​ប់​ការងារ។

ប៉ុន្តែ​មន្ត្រីសហជីពរូបនេះ យល់ថា ការស្តីបន្ទោស និងចង្អុលមុខចំៗ របស់នាយករដ្ឋមន្ត្រី ទៅលើមន្ត្រីអសកម្ម ថាជា​កា​​រ​ជំ​​រុ​ញមួយឲ្យកម្មករដែលកំពុងរងគ្រោះមានក្តីសង្ឃឹមឡើងវិញ។

សម្រាប់សហជីពយើងគិតថាវាជាគោលការណ៍ដែលអាចឲ្យយើងយកមកប្រើប្រាស់បាន ព្រោះថាបើអត់មា​នប្រមុ​ខរ​​​ដ្ឋា​​ភិ​បាលបញ្ជាច្បាស់ៗអញ្ចឹងទេយើងពិបាកដែរ ព្រោះនៅស្រុកយើងជួយកាល​ទៅការអនុវត្តច្បាប់គេ​ហៅថាវាចំ​ណាយពេ​ល​យូរ។អញ្ចឹ​​ងដល់មានការជំរុញអញ្ចឹងយើងអាចយោងលើអាហ្នឹងប្រើប្រាស់វា ដើម្បីការតវ៉ា ជាមួយមន្ត្រីផ្សេងៗ ឲ្យអនុវ​ត្តរឿងហ្នឹ​ង​លឿ​​នដែរ​ ។ខ្ញុំថាអាហ្នឹងល្អ!

លោក គង់ អាទិត្យ អនុប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា C-CAWDU

បើតាមរដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង ថ្លែងបើកកម្មវិធីព្រឹកមិញនេះ លោកបញ្ជាក់ប្រាប់ថាគិត​ត្រឹម​ថ្ងៃ​ពុធ​នេះ មានរោងចក្រសហគ្រា​សជា​ង១​​ម៉ឺន​ ២ពាន់ បានចុះ​បញ្ជី​ជា​ផ្លូ​វការនៅក្រសួង។ប៉ុន្តែលោកមិនបានរាយការណ៍ថា​ មា​ន​រោ​​ង​​ចក្រប៉ុន្មានបានរត់ចោលកម្មករ ដោយមិនបានទូទាត់អត្ថប្រយោជន៍ជូនកម្មករនោះទេ។

ទោះជាយ៉ាងណា លោក ហ៊ុន សែន បានបញ្ជាក់ថា ដើម្បីទប់ស្កាត់កុំឲ្យបញ្ហានេះបន្តធ្លាក់មកលើរដ្ឋាភិបាល លោកថារដ្ឋ​សភានឹ​ង​​​​​អ​​នុ​​ម័​តច្បាប់ តម្រូវឲ្យថៅកែរោងច​ក្រទូទាត់អត្ថប្រយោជ​ន៍ផ្សេងៗជូនក​ម្មករ រយៈ​ពេ​ល​​៦ខែម្តង មិនទុកច្រើនឆ្នាំ​ដូចពេ​លមុ​ន​ៗ​ឡើយ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ