ក្រសួងតម្រូវឲ្យធ្វើកិច្ចសន្យាការងារសម្រាប់អ្នកធ្វើការតាមផ្ទះ

កុមារី ជា ស្រីនូ ហៅស្រីពៅ អាយុ១៦ឆ្នាំ ដែលរងការវាយធ្វើបាប ខណៈបម្រើការងារតាមផ្ទះ (រូបភាព៖ FN)

ក្រសួងការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ បានចេញប្រកាសស្តីពីលក្ខខណ្ឌការងារសម្រាប់កម្មករការងារផ្ទះ ដោយតម្រូវឲ្យមានធ្វើកិច្ចសន្យាការងារជាលាយលក្ខណ៍អក្សរ។

ក្នុងប្រការ៧នៃប្រកាសដែលមាន១៥ប្រការចេញផ្សាយដោយក្រសួងការងារកាលពីម្សិលមិញនេះបានបញ្ជាក់ថា៖

កម្មករការងារផ្ទះ និងនិយោជកនីមួយៗត្រូវធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរឲ្យបានស្របទៅតាមបទប្បញ្ញត្តិនៃច្បាប់ និងបទបញ្ជាជាធរមាននៃព្រះរាជាណាចក្រកម្ពុជា

⇒ប្រកាស​ ស្ដីពី​លក្ខខណ្ឌការងារ​សម្រាប់​កម្មករ​ការងារ​ផ្ទះ

ប្រការ៧នេះក៏តម្រូវឲ្យកំណត់ឲ្យបានច្បាស់ក្នុងកិច្ចសន្យាអំពីលក្ខខណ្ឌមួយចំនួនដូចជា ឈ្មោះនិងអាសយដ្ឋានរបស់ម្ចាស់ផ្ទះនិងអ្នកធ្វើការ កន្លែងធ្វើការ ពេលវេលាចាប់ផ្តើមនិងម៉ោងធ្វើការ ប្រភេទការងារ ប្រាក់ឈ្នួល និងថ្ងៃឈប់សម្រាកជាដើម។

បើតាមប្រកាសដដែល នៅក្នុងប្រការផ្សេងទៀត ក្រសូងក៏តម្រូវឲ្យនិយោជក ឬម្ចាស់ផ្ទះ ទទួលខុសត្រូវលើគ្រោះថ្នាក់ការងារទាំងអស់ និងរបបសន្តិសុខសង្គម សម្រាប់អ្នកធ្វើការតាមផ្ទះឲ្យដូចកម្មករនិយោជិត ផ្សេងៗទៀតផងដែរ។

ប្រធានបណ្តាញអ្នកធ្វើការតាមផ្ទះកម្ពុជា នៃសមាគមIDEA អ្នកស្រី វុន សម្ផស្ស ដែលចូលរួមតស៊ូមតិជាច្រើនឆ្នាំឲ្យរដ្ឋាភិបាលផ្តល់សច្ចាប័នលើអនុសញ្ញា​អន្តរជាតិ​លេខ​១៨៩ ស្ដីពី​ការងារ​សមរម្យ​សម្រាប់​អ្នក​បម្រើ​ការងារ​តាម​ផ្ទះ​របស់​អង្គការ​ពលកម្ម​អន្តរជាតិ សម្តែងការត្រេកអរចំពោះប្រកាសនេះ ប៉ុន្តែអ្នកស្រីនៅតែបារម្ភពីការអនុវត្ត និងសង្ឃឹមថាម្ចាស់ផ្ទះមានការសហការល្អ។

ផ្ទុយពីការដែលយើងសប្បាយចិត្តហ្នឹង ក៏យើងនៅមានចំណុចមួយដែលយើងនិយាយថា យើងអត់ដឹងការអនុវត្តប៉ុនណាទេ? ប៉ុន្តែសង្ឃឹមថា ក្រោយពីប្រកាសចេញទៅនឹងបានឮដល់ម្ចាស់ផ្ទះ ហើយម្ចាស់ផ្ទះគាត់នឹងអនុវត្តន៍ច្បាប់ហ្នឹងដែរ។ ព្រោះក្រសួងគេបានចេញ សង្ឃឹមថាគេយកច្បាប់ហ្នឹងទៅអនុវត្តន៍ ពេលដែលកម្មករខ្ញុំទៅធ្វើការនៅផ្ទះគាត់ គាត់មានកិច្ចសន្យាការងារត្រឹមត្រូវ មិនថាតែជនជាតិបរទេស ឬជនជាតិខ្មែរ

អ្នកស្រី វុន សម្ផស្ស ប្រធានបណ្តាញអ្នកធ្វើការតាមផ្ទះកម្ពុជា នៃសមាគមIDEA

អ្នកស្រីបន្ថែមថា អ្នកស្រីចង់ឲ្យក្រសួងនិយាយឲ្យបានច្បាស់លាស់ពីប្រាក់ខែគោលរបស់អ្នកធ្វើការងារតាមផ្ទះដូចកម្មកររោងចក្រដែរ។

ក្រសួងក៏បានពន្យល់ពីការងារផ្ទះថា សំដៅលើការងារក្នុងគ្រួសារ ដូចជា បោសសំអាត ចំអិនអាហារ បោកគក់ អ៊ុតខោអាវ មើលថែក្មេងនិងមនុស្សចាស់ ថែសួន បើករថយន្ត និងថែទាំសត្វចិញ្ចឹមជាដើម។ ក្រសួងក៏អនុញ្ញាតឲ្យក្មេងអាយុចាប់ពី១៥ដល់១៨ឆ្នាំធ្វើការនេះបានផងដែរ ប៉ុន្តែជាការងារផ្ទះដែល ស្រាលៗ។
សេចក្តីប្រកាសនេះធ្វើឡើងចំពេលដែល​មានសេចក្តីរាយការណ៍ពីការវាយធ្វើបាបក្មេងស្រីអាយុ១៦ឆ្នាំម្នាក់ ពីម្ចាស់ផ្ទះ ដែលនាងធ្វើការជាមួយរយៈពេល៤ឆ្នាំ។

តាមរបាយការណ៍ស្រាវជ្រាវរបស់ លោក កែម ឡី កាលពីឆ្នាំ២០១២  ដែលអ្នកស្រី វុន សម្ផស្សបានបញ្ជាក់ប្រាប់ ចំនួនកម្មករដែលមប្រើការងារតាមផ្ទះនៅកម្ពុជាមានចំនួន​ជាង២៥ម៉ឺននាក់។

ប្រកាស​ ស្ដីពី​កលក្ខខណ្ឌការងារ​សម្រាប់​កម្មករ​ការងារ​ផ្ទះ

https://bit.ly/2J2G8I4

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ