វិភាគ៖ ហេតុអ្វី​កម្ពុជា​ត្រូវ​តែ​រក្សា​ឲ្យ​បាន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​គ្រប់​យ៉ាង​លើកលែង​តែ​អាវុធ​(EBA)​?

កម្មកររោងចក្រ

ប្រទេសកម្ពុជាបច្ចុប្បន្នត្រូវបានសហគមន៍ជាតិ និង អន្តរជាតិមួយចំនួនរិះគន់ពីការដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យ។ បញ្ហាសិទ្ធិមនុស្ស សិទ្ធិនយោបាយ និងសេរីភាពក្នុងការបញ្ចេញមតិជាដើមបានធ្លាក់ចុះគួរឲ្យកត់សម្គាល់ក្នុង រយៈពេលពីរឆ្នាំចុងក្រោយនេះ។

អតីតប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខាត្រូវបាន​សមត្ថកិច្ចចាប់ខ្លួន​ទាំងយប់រំលងអធ្រាត​កាលពីខែកញ្ញា​ឆ្នាំមុនក្រោម​បទក្បត់ជាតិ។ ការចាប់ខ្លួននេះត្រួវបានមតិជាតិនិងអន្តរជាតិ​បានថ្កោលទោសជាច្រើន​ហើយ​មានអំពាវ​នាវ​ជាបន្តបន្ទាប់់​ឲ្យ​មានការដោះលែង​​លោកកឹម សុខា។ រយៈពេល២ខែក្រោយមក អតីត​គណបក្ស​សង្រ្គោះជាតិ​របស់​លោកត្រូវបានរំលាយដោយតុលាការ ហើយអតីតសមាជិកគណបក្ស​នេះចំនួន១១៨នាក់​ត្រូវបាន​តុលាការសម្រេច​ហាម​មិន​ឲ្យ​ធ្វើ​នយោបាយរយៈពេល៥ឆ្នាំ។​ សាលក្រមរបស់តុលាការបែបនេះ បានធ្វើឲ្យ​អតីតគណបក្សប្រឆាំងដ៏ធំមួយនេះ មិន​អាច​ចូលរួមការបោះឆ្នោតថ្ងៃទី២៩ខែកក្កដាខាងមុខបានទេ។

ដោយឡែកចាប់តាំងពីឆ្នាំ២០១៧មក ស្ថានីយ៍វិទ្យុផ្សាយបន្តកម្មវិធីព័ត៌មានរបស់វិទ្យុអាស៊ីសេរីនិងវីអូអេជាង៣០ស្ថានីយ៍​ត្រូវបានបិទ។ ការសែតជាភាសាអង់គ្លេស​ឌឹឃេមបូឌាដេលីត្រូវបានបិទទ្វារដោយសារមិនមែនលទ្ធភាពបង់ពន្ធជា​ច្រើនលាន​ដុល្លា។ ក្រៅពីនេះអតីតអ្នកសារព័ត៌មានពីររូបរបស់វិទ្យុអាស៊ីសេរីក៏ត្រូវបានចាប់ខ្លួនផងដែរកាលពីចុងឆ្នាំមុន ដោយសមត្ថកិច្ចកម្ពុជាចោទប្រកាន់ថាពួកគេលួចផ្ដល់ព័ត៌មានទៅបរទេស។

ស្ថានការណ៍ទាំងនេះបានធ្វើឲ្យប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ បាន​សម្ដែងនូវ​ការព្រួយបារម្ភ​ជាខ្លាំង​រហួត​ដល់​ប្រទេស​មួយ​ចំនួនព្រមានពីវិធានការណ៍នានាថាអាចនឹងធ្វើជាមួយរដ្ឋាភិបាលសកម្ពុជា​ប្រសិន​បើស្ថានការណ៍នេះមិនធូរស្រាល​នោះទេ។

ដោយឡែកសហគមអឺរ៉ុប នឹងបញ្ជូនប្រតិភូរបស់ខ្លួនមកប្រទេសកម្ពុជានៅដើមខែក្រោយនេះ​ដើម្បីសិក្សាពីភាពជាក់​ស្ដែង​នៃ​ស្ថាន​ភាព​សិទ្ធិមនុស្សនិងការអនុវត្តសិទ្ធិនិងសេរីភាព​​នានារបស់ប្រជាជនកម្ពុជាមានជាអាទិ៍​សិទ្ធិសេរីភាព ក្នុងការបញ្ចេញ​មតិ​និងសេរីភាពសាពត័មានជាដើម។​ ប្រសិនបើគណប្រតិភូទាំងនោះរក​ឃើញថាកម្ពុជាពិតជា​បាន​រំលោភនូវសិទ្ធិទាំង​នោះ​​មែន សហគមន៍​អឺរ៉ុប​នឹង​ពិនិត្យឡើងវិញ​ពីប្រព័ន្ធ​អនុគ្រោះ​ពន្ធ​គ្រប់យ៉ាងលើក​លែងតែអាវុធ(EBA) ដែលសហគមន៍ នេះ​បានផ្ដល់ឲ្យកម្ពុជា។

ហេតុអ្វីកម្ពុជាត្រូវតែរក្សាឲ្យបាននូវប្រព័ន្ធអនុគ្រោះពន្ធគ្រប់យ៉ាងលើកតែអាវុធហៅកាត់ថា(EBA)នេះ?

ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​គ្រប់យ៉ាងលើក​លែងតែអាវុធហៅកាត់ថា (EBA) អនុញ្ញាតឲ្យប្រទេសកំពុងអភិវឌ្ឍន៍តិចតួចរួមមាន ទាំងកម្ពុជាផងដែរនោះ នាំចូលទំនិញគ្រប់ប្រភេទចូលសហគមន៍​អឺរ៉ុបដោយមិនគិតពន្ធលើកលែង​តែទំនិញ​នោះ​ជា​អាវុធ។

តាមរបាយការណ៍របស់គណកម្មការអឺរ៉ុបដែលចេញផ្សាយ​កាលពីខែមេសាកន្លងទៅ ប្រទេសកម្ពុជាបាន​នាំចេញ​ទំនិញ​ទៅ​សហគមន៍អឺរ៉ុបក្នុងឆ្នាំ២០១៧មានទំហំជាសាច់ប្រាក់ជាង​៥ពាន់លានដុល្លា។ ទំនិញដែលកម្ពុជានាំចេញទៅ​សហគមន៍​អឺរ៉ុបភាគច្រើនគឺផលិតផលវាយនភណ្ឌនិងកសិកម្ម។

អ្នកជំនាញសេដ្ឋកិច្ច លោកង៉ែត ជូ ​ថាប្រសិនបើសហគមន៍អឺរ៉ុបផ្អាកប្រព័ន្ធ​អនុគ្រោះ​ពន្ធ​គ្រប់យ៉ាងលើក​លែងតែអាវុធ​(EBA​)​​អ្នកដែលទទួលផលប៉ះពាល់ខ្លាំងជាងគេគឺក្រុមកម្មករកម្មការិនីជាង៨០ម៉ឺននាក់​ដែលកំពុង​ធ្វើការ​ក្នុង​វិស័យ​កាត់​ដេរ​​សម្លៀកបំពាក់ព្រោះសហគមន៍អឺរ៉ុបជាទៅទីផ្សារសម្លៀកបំពាក់ដ៏ធំសម្រាប់កម្ពុជា។ លោក​ថាចំពោះ​ទីផ្សារ​កសិកម្ម​ក៏ប៉ះពាល់​ដែរ ប៉ុន្តែកម្ពុជាអាចនាំចេញទៅប្រទេសផ្សេងបាន។

លោកលើកឡើងយ៉ាងដូច្នេះថា៖«មែនទែនទៅបើយើង ប្រៀបធៀបវិស័យពីរហ្នឹង​ស្រូវអង្ករអាចមានច្រកចេញ ច្រើន​ជាង​វិស័យ​កាត់ដេរ ។​ វិស័យកាត់ដេរហ្នឹង[…] យើងបច្ចុប្បន្នមានតែនាំទៅសហគមន៍​អឺរ៉ុប​និង​​អាមេរិក​។ ស្រូវអង្ករ​យើង​នាំចេញ​ទៅអាព្រិច នាំទៅចិនអញ្ចឹងទៅវាមិនធ្ងន់ធ្ងរដូចវិស័យកាត់ដេរទេ។»

លោកង៉ែត ជូ វិភាគបន្តថាប្រសិនបើសហគមន៍អឺរ៉ុបផ្អាកប្រព័ន្ធ​អនុគ្រោះ​ពន្ធនេះមែន អ្នកវិនិយោគក្នុងវិស័យកាត់​ដេរមួយ​ចំនួន អាច​នឹង​ដក​ចេញពីកម្ពុជា ហើយអ្នកដែលមាន​បំណងចង់មកចូលវិនិយោគក្នុងវិស័យនេះ ក៏មិនរំពឹង​ថា​នឹង​មក​បន្ថែម​ដែរ។

អ្នកវិភាគគោលនយោបាយនិងជា​សាស្ត្រាចារ្យ​ជំនាញ​កាទូត និង​កិច្ចការ​ពិភព​លោក​នៅ​មហាវិទ្យាល័យ Occidental នៅ​ទីក្រុង​ឡូសអែនជឺលែសហរដ្ឋអាមេរិក លោក អៀ សុផល​ យល់ថាបើសហគមន៍អឺរ៉ុបផ្អាក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​មែនវាជាគ្រោះមហន្តរាយមួយដ៏ធំសម្រាប់កម្មករកម្ពុជាហើយជារឿងដ៏គួរឲ្យខ្លាចសម្រាប់រដ្ឋាភិបាលកម្ពុជាផងដែរ។

លោកបានលើកឡើងបន្តថាប្រព័ន្ធអនុគ្រោះពន្ធគ្រប់យ៉ាងលើកលែងតែអាវុធហៅកាត់ថា(EBA)នេះជាអំណោយមួយដ៏ ពិសេស​ដែលសហគមន៍អឺរ៉ុបបានផ្ដល់ឲ្យកម្ពុជា។

លោកសាស្រ្តចារ្យរូបនេះបានសង្កត់ធ្ងន់ថា៖«ប្រទេសកម្ពុជា ត្រូវបានសហគមន៍អឺរ៉ុបផ្ដល់នូវអំណោយមួយដែល​ប្រៀប​បាន​នឹងមេ​ក្ងានមាសដែលពងចេញមកក៏មាស​ដែរ។ ប៉ុន្តពេលនេះអាជ្ញាធរកម្ពុជាកំពុងសម្លាប់ប្រជាធិបតេយ្យ ក៏មាន​ន័យ​ថា ពួក​គេសម្លាប់​មេ​ក្ងានមាសដែរ។ នៅពេលដែលមេក្ងានមាសស្លាប់ ក៏គ្មានពងក្ងានមាសសម្រាប់កម្ពុជាទៀតដែរ។»

ទោះជាយ៉ាងណាក៏ដោយទាំងលោកង៉ែត ជូ និង​លោកសាស្រ្តាចារ្យ​អៀ សុផល​ យល់ថា​កម្ពុជានៅតែអាចគេចផុត​ពីការព្យួរប្រព័ន្ធអនុគ្រោះពន្ធគ្រប់យ៉ាងលើកលែងតែអាវុធហៅកាត់ថា(EBA)របស់សហគមន៍អឺរ៉ុបនេះ ប្រសិន​ណាកម្ពុជា​​បំពេញលក្ខខណ្ឌមួយចំនួនដែលសហគមន៍នេះចង់បាន។

លោកង៉ែត ជូ បានលើកឡើងយ៉ាងនេះថា៖«ខ្ញុំគិតថាមានតែការចចារជាមួយសហគមន៍អឺរ៉ុបទៅ ហើយយើងព្យាយាម​បំពេញលក្ខខណ្ឌដែលគេចង់បាន ព្រោះអីគេធ្វើក្នុងន័យមួយជួយសេដ្ឋកិច្ចកម្ពុជា។ បើយើងមិនមាន​ការបន្ទន់ឥរិយាបថ​ឆ្លើយ​តបតាមអ្វីដែល​គេចង់បាន អាហ្នឹងជាការលំបាកដែរ។»

ចំណែក លោកសាស្រ្តចារ្យ​អៀ សុផល យល់ថាដើម្បី​រក្សាឲ្យបាននូវ​ប្រព័ន្ធអនុគ្រោះពន្ធនេះហើយជៀសវៀងការ​ព្យួរណាមួយ​ពីសហគមន៍​អឺរ៉ុប រដ្ឋាភិបាលកម្ពុជាគួរតែ​ធ្វើឲ្យប្រសើរឡើងវិញនូវស្ថានភាពលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា​ដោយ​ដោះលែង​លោក​កឹម សុខា អនុញ្ញាតឲ្យលោកសមរង្ស៊ីត្រលប់ចូលកម្ពុជាវិញ កុំរំលាយគណបក្សសង្រ្គោះជាតិ និង​​ពន្យារពេលការ​បោះឆ្នោត។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ