ព្រះសង្ឃ ប៊ុត ប៊ុនតិញ ច្រាន​ចោល​ការចោទប្រកាន់​ថា​បាន​កិបកេង​ថវិកា​បុណ្យសព​លោក កែម ឡី​

ព្រះតេជគុណ ប៊ុត ប៊ុនតិញ ក្នុងបន្ទប់ផ្សាយ ​VOD កាល​ពីពេល​កន្លង​មក

ព្រះតេជគុណ ប៊ុត ប៊ុនតិញ ស្ថាបនិកនៃបណ្ដាញសង្ឃឯករាជ្យដើម្បីយុត្តិធម៌ និងសកម្មនៅក្នុងពិធីរៀបចំបុណ្យសពលោកបណ្ឌិត កែម ឡី នោះ បានបដិសេធទៅនឹងព័ត៌មានចុះផ្សាយថា ព្រះអង្គបានកិបកេងថវិកាប្រមូលបាននៅអំឡុងពិធីបុណ្យសពនោះ។

ព្រះតេជគុណ ប៊ុត ប៊ុនតិញ បានលាក់ព្រះកាយ មួយថ្ងៃបន្ទាប់ពីពិធីបុណ្យបញ្ចុះសពលោកបណ្ឌិត កែម ឡី ត្រូវបានរៀបចំរួចរាល់ និងបន្ទាប់ពីព្រះអង្គទទួលរងការគំរាមកំហែងអំពីសុវត្ថិភាព។

ប៉ុន្តែ សារព័ត៌មានក្នុងស្រុកមួយចំនួនបានចុះផ្សាយថា ព្រះអង្គបានភៀសព្រះកាយ បន្ទាប់ពីបានកិបកេងប្រាក់ប្រមូលបានអំឡុងពិធីបុណ្យសពលោក កែម ឡី។

ព្រះតេជគុណ ប៊ុត ប៊ុនតិញ បានបង្ហោះសារវីដេអូនៅលើទំព័រហ្វេសប៊ុកនៅព្រឹកថ្ងៃនេះ ដោយបានបដិសេធទៅនឹងការចោទប្រកាន់នោះ។

ព្រះអង្គមានសង្ឃដីការថា៖ «នេះគឺជាឆន្ទៈវាយប្រហារ ដើម្បីបំបាក់ប្រជាប្រិយភាពរបស់ខ្ញុំករុណាអាត្មាភាព។ ចំពោះករណីនេះ មានតែភរិយាឧត្ដមបណ្ឌិត កែម ឡី ទេ ដែលអាចយល់ការពិត និងភាពត្រឹមត្រូវរបស់គណៈកម្មការសព»។

ព្រះអង្គបន្តថា៖ «អាត្មាភាពសូមចម្រើនពរថា អ្នកកាន់ថវិកា មិនមែនគណៈកម្មការ ហើយក៏មិនមែនអត្មាដែរ។ អ្នកកាន់ថវិកា គឺប្អូនប្រុស និងបងបង្កើតរបស់លោកបណ្ឌិត កែម ឡី ដែលបានទទួលយកពីគណៈកម្មការទទួលលុយនៅខាងមុខ។ មួយអន្លើរទៀត គឺម្ដាយរបស់លោកបណ្ឌិត កែម ឡី ហើយអ្នកទទួលស្របច្បាប់ គឺភរិយាលោកបណ្ឌិត កែម ឡី»។

លោកបណ្ឌិត កែម ឡី អ្នកស្រាវជ្រាវបញ្ហាសង្គម និងជាអ្នកវិភាគនយោបាយដ៏មានប្រជាប្រិយភាពនោះ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ កាលពីថ្ងៃទី១០ ខែកក្កដា ក្នុងម៉ាតមួយកន្លែង ស្ថិតនៅម្ដុំស្តុបបូកគោ រាជធានីភ្នំពេញ។

សពលោកបណ្ឌិត កែម ឡី ត្រូវបានដង្ហែយកទៅបញ្ចុះនៅឯស្រុកកំណើតរបស់លោកស្ថិតក្នុងខេត្តតាកែវ បន្ទាប់ពីតម្កល់ធ្វើបុណ្យអស់រយៈពេល ១៥ថ្ងៃ នៅឯវត្តចាស់ ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ