រដ្ឋាភិបាលឲ្យពន្លឿនដោះស្រាយដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅ ខណៈជិតបោះឆ្នោត

រដ្ឋាភិបាលបញ្ជាទៅមន្រ្តីក្រោមឱវាទឲ្យពន្លឿនដោះស្រាយបញ្ចប់បញ្ហាវិវាទដីធ្លី យ៉ាងតិចចំនួនបីខេត្ត ដែលពាក់ព័ន្ធជាមួយក្រុមហ៊ុនស្ករអំពៅ ខណៈការបោះឆ្នោតជាតិខិតជិតមកដល់។

ក្រសួងបរិស្ថាន ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងក្រសួងរៀបចំដែនដី នៅថ្ងៃទី៣០ខែសីហាឆ្នាំ២០១៧នេះ បានបើកកិច្ចប្រជុំសំងាត់មួយនៅរាជធានីភ្នំពេញ ដើម្បីរកដំណោះស្រាយវិវាទដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅនៅក្នុងខេត្តកោះកុង កំពង់ស្ពឺ និងខេត្តព្រះវិហារ។

ក្រោយកិច្ចប្រជុំនេះ ក្រសួងបានចេញសេចក្តីប្រកាសព័ត៌មានមួយដោយបញ្ជាឲ្យអាជ្ញាធរថ្នាក់ក្រោមជាតិ តាមខេត្តនីមួយៗត្រូវបំពេញទម្រង់បែបបទ និងធ្វើអត្តសញ្ញាណកម្មប្រជាពលរដ្ឋ រួមទាំងទីតាំងដីធ្លី ដើម្បីដោះស្រាយ ដោយទុកឲ្យអាជ្ញាធរទាំងនោះធ្វើការងារនេះរយៈពេល៣០ថ្ងៃ។

បន្ថែមលើសេចក្តីប្រកាសព័ត៌មាននេះ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា បានប្រាប់ប្រជាពលរដ្ឋដែលកំពុងតវ៉ាមុខក្រសួងនៅថ្ងៃនេះដែរ ឲ្យទៅបំពេញទម្រង់បែបបទតាមកន្លែងរៀងៗខ្លួនដោយកំណត់ចាប់ពីថ្ងៃទី៤ខែកញ្ញាដល់ថ្ងៃទី៣តុលាឆ្នាំ២០១៧។

លោកបន្ថែមថា «អ្នកណាដែលអត់ទាន់ទទួលបានគោលនយោបាយក្នុងការដោះស្រាយវិវាទហ្នឹងៗគឺបងប្អូននាំគ្នាប្រមូលយកឯកសារទាំងអស់រៀបចំទៅដាក់ ធ្វើហ្នឹងតម្លាភាពទាំងអស់គ្នាហើយ អ្នកអត់បានទទួលសោះ ប៉ិនអ្នកបន្លំកុំបន្លំហា អ្នកញុសញ៉ុងក៏អត់ញុសញ៉ុងបានទៀត រកតែបងប្អូនដែលអត់ទាន់ដោះស្រាយ»។

ក្រុមពលរដ្ឋមកពីខេត្តកោះកុងដែលកំពុងនាំគ្នាតវ៉ាមុខក្រសួងនោះ បានសារទចំពោះយន្តការដោះស្រាយរបស់រដ្ឋាភិបាល និងការសន្យារបស់រដ្ឋមន្រ្តីលោក ជា សុផារ៉ា ពេលនេះ ប៉ុន្តែពួកគេហាក់មិនមានជំនឿទាំងស្រុងនោះទេ ដោយថាមុនការបោះឆ្នោតឃុំសង្កាត់ អាជ្ញាធរបានសន្យាពន្លឿនការដោះស្រាយដែរ និងម្យ៉ាងទៀតជម្លោះដីធ្លីរបស់ពួកគេអូសបន្លាយជាង១០ឆ្នាំគ្មានដំណោះស្រាយ បានត្រឹមសន្យា។

តំណាងពលរដ្ឋខេត្តកោះកុង អ្នកស្រី ផាវ ញើង និយាយថា ប្រសិនបើអាជ្ញាធរថ្នាក់ក្រោមធ្វើកិច្ចការងារនេះ មិនបានតាមការបញ្ជារបស់ក្រសួងរៀបចំដែនដីក្នុងរយៈពេល៣០ថ្ងៃទេ ពួកគាត់នឹងឡើងមកតវ៉ា ដល់ក្រសួងម្តងទៀត។

អ្នកស្រីបន្ថែមថា «ពួកយើងអត់ទានអះអាងថា ទទួលយកបានឬមិនបានទេ ដោយសារតែយើងទទួលបានការសន្យាដោះស្រាយតែពីឯកឧត្តម ជា សុផារ៉ា ដោយលោកប្រគល់ភារៈកិច្ចជូនប្រធានមន្ទីរនគរដែនដី នគររូបនីយកម្ម និងសំណង់ ខេត្តកោះកុង ជាអ្នកសម្របសម្រួលឲ្យធ្វើអត្តសញ្ញាណកម្មហ្នឹងនៅស្រុក អញ្ចឹងពួកយើងរងចាំមើលអាជ្ញាធរធ្វើអត្តសញ្ញាណកម្ម និងមន្ទីរនៅស្រុកស្រែអំបិលថា តើពួកគាត់ធ្វើការបានល្អដូចឯកឧត្តមដែរអត់?បើអត់ទេ? រយៈពេល៣០ថ្ងៃនេះ អត់ទេ ពួកយើងនឹងឡើងមកដល់ទីនេះម្តងទៀត»។

នាយកលេខាធិកាដ្ឋានក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោក សៀ ភារម្យ បានសារទចំពោះយន្តការដោះស្រាយរបស់រដ្ឋាភិបាលនេះដែរ ប៉ុន្តែលោកថា ដើម្បីធានាពីតម្លាភាពក្នុងការដោះស្រាយត្រូវតែមានការចូលរួមពីតំណាងរបស់ពលរដ្ឋតាមមូលដ្ឋាន។

លោកបន្តថា យន្តការដោះស្រាយបញ្ចប់វិវាទដីធ្លីរបស់រដ្ឋាភិបាលពេលនេះ ជាផ្នែកមួយជួយស្តារមុខមាត់ គណបក្សកាន់អំណាចផងដែរ។

លោកបន្ថែមថា «គណបក្សប្រជាជនគាត់មិនអាចមើលងាយរឿងតួចតាចនេះបានទេ តួចតាចនេះ បើគាត់ ប្រមូលផ្តុំ វាអាចធ្វើឲ្យអាធំបាស់ជើង ឬក៏រាប អញ្ចឹងត្រូវតែយកចិត្តទុកដាក់តួចៗហ្នឹង វាងាយដោះស្រាយផង វាមិនមានអីពិបាកក្នុងការដោះស្រាយទេ អញ្ចឹងខ្ញុំគិតថា គណបក្សកាន់អំណាច គាត់មិនឆោតល្ងង់ទេ គាត់ត្រូវតែដោះស្រាយឲ្យទាន់ពេលវេលា ដើម្បីកុំឲ្យប៉ះពាល់ទៅដល់សំលេងឆ្នោតរបស់គណបក្សកាន់អំណាចនៅការបោះឆ្នោតនៅឆ្នាំ២០១៨ខាងមុខនេះ»។

គួររលឹកថា ពលរដ្ឋខេត្តកោះកុងជិត២០០គ្រួសារ នៅស្រុកស្រែអំបិល និងស្រុកបទុមសាគរមានជម្លោះដីធ្លីជាមួយក្រុមហ៊ុននៅក្នុងខេត្តនេះ គឺក្រុមហ៊ុនកោះកុងស៊ូហ្គឺ និងក្រុមហ៊ុនកោះកុងភ្លែនថេសិន របស់លោក ហេង ហ៊ុយ ដោយថា បានបាត់បង់ដីទំហំ៨៤១ហិកតាតាំងពីឆ្នាំ២០០៦និងខ្លះ២០០៩។

ឯពលរដ្ឋរាប់រយគ្រួសារក្នុងស្រុកថ្ពង និងស្រុកឱរាល់ ខេត្តកំពង់ស្ពឺ មានជម្លោះដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅភ្នំពេញស៊ូហ្គឺ និងកំពង់ស្ពឺស៊ូហ្គឺ តាំងពីឆ្នាំ២០១០ ខណៈពលរដ្ឋនៅស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ មានជម្លោះដីធ្លីក្រុមហ៊ុនស្ករអំពៅ ឡានហ្វេង រូយហ្វេងវិហារ តាំងពីឆ្នាំ២០១១៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ