មេដឹកនាំក្រុមប្រជាធិបតេយ្យ Bersih ត្រូវបានប៉ូលិសម៉ាឡេស៊ីដោះលែងឲ្យនៅក្រៅឃុំកាលពីថ្ងៃម្សិលមិញ បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួនសាកសួរអស់រយៈពេលជាង ២ម៉ោង។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
បើតាម Reuters អ្នកស្រី Maria Chin Abdullah ត្រូវបានប៉ូលិសឃាត់ខ្លួននៅរដ្ឋ Sabah អំឡុងពេលអ្នកស្រីចែកចាយខិតប័ណ្ណនិយាយអំពីបាតុកម្មប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រី ណាជីប រ៉ាហ្សាក់ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៩ ខែវិច្ឆិកាខាងមុខនេះ នៅឯទីក្រុងគួឡាឡំពួ។
Reuters បានផ្សាយបន្តថា ក្រុមអ្នកស្រី Maria Chin Abdullah បានអំពាវនាវទៅលោក ណាជីប ឲ្យលាលែងពីតំណែង ដើម្បីសម្រួលដល់ការស៊ើបអង្កេតលើរឿងអាស្រូវមួយ ពាក់ព័ន្ធនឹងក្រុមហ៊ុនរដ្ឋមួយដែលបង្កើតឡើងដោយលោក ណាជីប។
មនុស្សជាង ២សែននាក់ បានចេញតវ៉ានៅទីក្រុងគួឡាឡំពួ ដើម្បីទាមទារឲ្យលោក ណាជីប លាលែងពីតំណែង កាលពីខែសីហាកន្លងមក៕