បទយកការណ៍៖ អាជីវករមួយចំនួនដែលលក់ដូរ​លើចិញ្ចើមផ្លូវថា​នៅតែបារម្ភពីសុវត្ថិភាព ​

អាជីវករមួយចំនួនដែលលក់ដូរ​នៅផ្សារដើមគរ

ការប្រកបមុខរបរលក់ដូរនៅលើចិញ្ចើមផ្លូវ ជាពិសេសនៅក្នុងរាជធានីភ្នំពេញ​​ បានចាក់​ស្រះជា​ច្រើន​ឆ្នាំ​មក​ហើយ សម្រាប់អ្នក​ដែលខ្វះខាតថវិកា​ជួល ​ឬទិញ​តូបលក់ដូរនៅក្នុងផ្សារជាដើម​។

អាជីវករ​មួយចំនួន អះអាងប្រហាក់ប្រហែលគ្នាថា ដើមចមដែលនាំឲ្យពួកគេយកចំណីផ្លូវ​សាធារណៈ​ ជា​ពិសេស​​ក្បែរ​ផ្សារមួយចំនួនក្នុង​រាជធានីភ្នំពេញ​ ដើម្បី​លក់បន្លែ ផ្លែឈើ សាច់ និងគ្រឿង​ទេសជាដើម ដោយ​​​ថា ពួកគេមិនមានថវិកាជួល ឬទិញតូប​នៅតាមផ្សារ ដូចអ្នកមានលុយ​​នោះទេ​។

កំពុងអង្គុយលក់បន្លែដែលដាក់ក្នុងល្អី លើចិញ្ចើម​ផ្លូវ​សាធារណៈ ស្ថិតនៅម្តុំផ្សារដើមគរ អាជីវករ ហាន់ ស្រីអូន បានរៀប​រាប់​ថា គាត់លក់នៅលើចិញ្ចើមផ្លូវ​នោះប្រហែលជា១០ឆ្នាំមក​ហើយ ដោយថា ពេលខ្លះត្រូវ​បានសន្តិ​សុខ​សណ្តាប់​​​​ធ្នា​ប់​ ដេញមិនឲ្យលក់នៅលើចិញ្ចើមផ្លូវ​នោះទេ​​ ដោយថា ​​កុំ​ឲ្យប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់​សាធារណៈ កកស្ទះចរាចរណ៍ និងខ្លាច​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​ជា​ដើម។

អាជីវករ រូបនោះអះអាងថា នៅមុខកន្លែងគាត់លក់ដូរ ពិតជាធ្លាប់មានគ្រោះថ្នាក់ស្លាប់​ និងស្ទះចរាចរណ៍​ពិត ប្រាក​​ដ​​​មែន ករណីនេះ គាត់ថា ពេលខ្លះ ក៏ព្រួយបារម្ភពីសុវត្ថិភាពខ្លួនឯងផងដែរ។

អាជីវករនិយាយថា៖ «អ្នករកស៊ីជិតហ្នឹង ពេលឡានមក [បានបុក] ​គេ​ងាប់​ ពីរ បីនាក់ក៏មានដែរ​[​មុខកន្លែងលក់]ភ័យដែរ ធ្វើ​ម៉េច អាជីពយើង​ វាអញ្ចឹង​ គ្រួសារ​ត្រូវ​ការយើង​រកស៊ី​ បើយើងអត់ គ្នាបានអីហូប​ ហើយម៉ែយើង​ចាស់ៗ​ អស់​​ហើយ​»។

អាជីវករទំាងនោះ​ បានអះអាងប្រហាក់ប្រហែលគ្នាថា ពួកគេលក់ដូរនៅលើចិញ្ចើមផ្លូវ​ ត្រូវ​បង់ថ្លៃ​ភាស៊ី ចន្លោះពី៥០០ ទៅ ១ ០០០រៀល ក្នុង​មួយថ្ងៃ ខណៈការជួលកន្លែងចំណីផ្លូវនៅមុខផ្ទះ និងច្រកចូល​ក្បែរ​ផ្សារ​ច​ន្លោះពី៣ម៉ឺន ​​ទៅ​៦ម៉ឺន​​​រៀល​ក្នុង​មួយ​ខែ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​កាលពី​ថ្ងៃទី​៩ ខែ​ធ្នូ ឆ្នាំ២០១៦ បានចេញសារាចរមួយដោយ​លុប​ចោល​​​កា​​របង់​ថ្លៃ​​ភាស៊ី និងការ​បង់​ថ្លៃ​ផ្សេងៗទៀត ចំពោះ​ប្រជាពលរដ្ឋ​លក់​ដូរ​តាម​កញ្ច្រែង កញ្ជើ ល្អី ​នៅ​តាម​​​​ទីផ្សារទូទាំងប្រទេស។​

ដៃទាំងពីរកំពុងរវល់វេចខ្ចប់នំ និងកំពុងឈរពត់ខ្លួនចុះឡើងៗ និយាយរៀបរាប់ប្រាប់អ្នកសារព័ត៌មាននៅលើចិញ្ចើមផ្លូវ ម្តុំ​លូ​ប្រាំ ស្ថិតនៅបណ្តោយផ្លូវវេងស្រេង អាជីវករ គឹម សុភ័ណ្ឌ​ បានឲ្យដឹងថា គាត់និងអាជីវករផ្សេងៗទៀត បាន​ជួល​កន្លែង​​លក់លើចិញ្ចើមផ្លូវនៅមុខផ្ទះគេប្រហែលជា៣០កន្លែង ដោយក្នុង​មួយ​កន្លែង ៣ម៉ឺនទៅ៦​ម៉ឺន​រៀល​ក្នុងមួយខែ ដោយថា​ ដើម្បី​​ជា​ថ្នូរ​បាន​លក់​ដូរ​នៅក្បែរចិញ្ចើមផ្លូវ​នោះ។

អាជីវកររូបនោះ អះអាងថា គាត់ក៏ព្រួយបារម្ភពីសុវត្ថិភាព នៅពេលលក់នៅលើចិញ្ចើមផ្លូវ​ដែរ ប៉ុន្តែគាត់ថា គ្មាន​​​ជម្រើស ​ទើបសម្រេច​ចិត្តជួលកន្លែង​លក់លើចិញ្ចើមផ្លូវបែបនេះ។

អាជីវករនិយាយថា «ជួលកន្លែងគេ វាថ្លៃ ដូចថា ជួលកន្លែងគេ វាអត់មានសមត្ថិភាព​ គេជិះ [អ្នកដំណើរ]គេថាឲ្យដែរ ធ្វើម៉េច ​យើង​ក៏អត់ហ៊ានមាត់ដែ​រ គេស្តីឲ្យដែរ គេថា​កុំលក់លើផ្លូវ​ពេក តែយើងអត់ហ៊ានមាត់…យើងដឹង​តែខ្លួនយើង​ខុស​ដែរ»។

អាជីវករមួយចំនួននៅតាមផ្សារក្នុង​រាជធានីភ្នំពេញ បានអះអាងស្រដៀងគ្នាថា ពួកគេ​មិនចង់​រៀបបន្លែ ផ្លែឈើ និងគ្រឿងទេស ដាក់ក្នុង​កញ្ច្រែង ល្អី លក់​លើចិញ្ចើមផ្លូវសាធារណៈនោះទេ ដោយថា​បើ​លក់​ឆ្ងាយ​ពីចិញ្ចើមផ្លូវ​ពេក លក់មិន​ដាច់។

អង្គុយលក់គ្រឿងទេសដែលរៀប​ត្រៀមត្រាចេញមកលើចិញ្ចើមផ្លូវ នៅម្តុំផ្សារក្បាលថ្នល់ អាជីវករ អេង ស្រី​អៀប​​ បាន​រៀប​រាប់ប្រាប់អ្នកសារព័ត៌មានថា គាត់មិនចង់លក់លើចិញ្ចើមផ្លូវ​ទេ ប៉ុន្តែគាត់ថា បើមិនរៀប​ឲ្យ​ចេញ​​មក​ នៅ​​​លើចិញ្ចើមផ្លូវ​ គឺលក់មិនដាច់នោះទេ​។​

នៅពេលសួរថា តើគាត់មានការព្រួយបារម្ភ​ទេ បើអាជ្ញាធរហាមឃាត់ មិនឲ្យលក់លើចិញ្ចើមផ្លូវ​បន្តទៀត? អាជីវក​រូប​នោះ បាន​បញ្ជាក់ថា គាត់ក៏ព្រួយបារម្ភពីបញ្ហាទំាងនោះដែរ ប៉ុន្តែគាត់ថា បើអាជ្ញាធរចង់បញ្ឈប់​ត្រូវ​​បញ្ឈប់ទំាងអស់គ្នា ដោយថា កុំឲ្យមានការរើសអើង និងប្រកាន់បក្សពួក។

អាជីវករមានប្រសាសន៍ថា «បញ្ឈប់ ត្រូវ​បញ្ឈប់ទំាងអស់ [អាជីវករ] ដ៏ដេញ គឺដេញទំាងអស់គ្នា​ យើងធ្លាប់​លក់​ អត់មួយ ឲ្យមួយ គេមិនសុខចិត្ត»។​

សរុប​មក​វិញ អាជីវករមួយចំនួន បាននិយាយប្រហាក់ប្រហែលគ្នាថា នៅពេលកងសន្តិសុខសណ្តាប់ធ្នាប់ ខ័ណ្ឌ ប្រាប់ឲ្យពួកគេរើអីវ៉ាន់ចេញពីចិញ្ចើមផ្លូវ ដោយថា បើពួកគេមិនព្រមធ្វើតាមការណែនាំទេ ​សន្តិ​សុខ​ទំាងនោះ ចាប់​លើកអីវ៉ាន់អាជីវករដាក់នៅលើឡាន និងតម្រូវ​ឲ្យបង់ថ្លៃឆ័ត្រមួយ ៤ម៉ឺនរៀល ព្រមទំាង ធ្វើការអប់រំ នឹង​តម្រូវ​ឲ្យ​ធ្វើ​កិច្ចសន្យាជាដើម។ ករណី  មិនព្រមធ្វើតាមទេ អាជ្ញាធរនឹងបញ្ឈប់​ មិន​​​ឲ្យល​​​ក់​បន្ត​​ទៀតនោះទេ​​​។

សាលារាជធានីភ្នំពេញ បានចេញ​សេចក្តីណែនាំ កាលពីដើមខែសីហា ឆ្នាំ២០១៧ ដាក់កំហិត ក្នុងរយៈ​ពេល​​ពីរ​សប្តាហ៍ ឲ្យ​អាជីវ​ករ​​បញ្ឈប់សកម្មភាពលក់ដូរ ឬចតរថយន្ត ឬម៉ូតូ នៅតាមចិញ្ចើមផ្លូវសាធារណៈ ចាប់​​​ពីថ្ងៃទី៨ខែ​សីហា​​ ដោយថា កុំឲ្យប៉ះពាល់​ដល់​សណ្តាប់ធ្នាប់សាធារណៈ និងកកស្ទះចរាចរណ៍។

​វិធានការរំដោះចិញ្ចើមផ្លូវពីសំណាក់អាជ្ញាធររាជធានីនេះ ត្រូវបានដាក់ចេញតាំងពីជំនាន់ លោក ប៉ា សុជា​តិ​វង្ស នៅកាន់តំណែងជាអភិបាលក្រុងភ្នំពេញមកម្ល៉េះ ប៉ុន្តែគម្រោងនេះ មិនបានសម្រេចទេ ទើប​អភិ​បាល​​​រាជធានីដែលចូលកាន់តំណែងថ្មី លោក ឃួង ស្រេង ប្រកាសអនុវត្តបន្ត។ ប៉ុន្តែ​ ហាក់មិន​មាន​ប្រសិទ្ធិ​ភាព​នោះទេ​។

វីអូឌី នៅមិនទាន់អាចទាក់ទងអ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក មាស ម៉េតភក្តី បាននៅឡើយទេ។

ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ មានប្រសាសន៍ថា អាជីវករ ដែល​យកចំណីផ្លូវ​ធ្វើជាមុខ​របរ ដើម្បីរកប្រាក់ទ្រទ្រង់ជីវភាពគ្រួសារ ដោយថា ប្រហែល​ជាពួក​គេគ្មាន​ជំរើស ខណៈតូបជួល ឬលក់ នៅតាមផ្សារមួយចំនួនថ្លៃ​ ករណីនេះ ​ធ្វើឲ្យអាជីវករទំាងនោះ មិនមានសមត្ថិ​​ភាពគ្រប់គ្រាន់ ដើម្បីជួល ​ឬទិញជាដើម​។

លោក វន់ ពៅ​ អះអាងថា អាជ្ញាធរជាអ្នកទទួលខុសត្រូវ​ ធ្វើយ៉ាងណាឲ្យអាជីវករមានទីកន្លែងលក់ដូរ សមរម្យ។ លោកថា ដើម្បីដោះស្រាយ​បញ្ហាប្រឈមរបស់អាជី​វករ​មួយចំនួន ​ដែល​លក់ដូរ​លើ​ចិញ្ចើម​ផ្លូវ​​សាធារណៈ អាជ្ញាធរត្រូវ​បង្កើតតូបនៅតាមផ្សារឲ្យបានច្រើន ដោយដាក់ជួល ឬលក់ ក្នុង​តម្លៃសមរម្យ និង​អនុ​វ​ត្តតាមចេញសារាចររបស់រដ្ឋាភិបាល ទើបកាត់បន្ថយការកកស្ទះតាមដងផ្លូវ​ និង​គ្រោះថ្នាក់​ចរាចរ​ណ៍​បានជោគជ័យ។

លោកផ្តល់ជាអនុសាសន៍ថា «អាជ្ញាធរ​រដ្ឋ បើសិនហាមឃាត់មិនស្តាប់ទេ ត្រូវ​តែធ្វើរបង​សុវត្ថិភាព​ ត្រឹម​ជង្គុង ដើម្បី​កុំឲ្យគាត់លក់ហៀមក​តាមចិញ្ចើមផ្លូវ​ ទីពីរនៅតាមបណ្តាមុខ​រោងចក្រ​សហគ្រាស អាជ្ញាធរ​ដ្ឋ​ត្រូវ​​តែមាន​កន្លែង​ណាមួយនៅជិតរោង​ចក្រ​ ធ្វើជាទីផ្សារ​ ដើម្បី​បង្កលក្ខខណៈ​ងាយ​ស្រួល​ ឲ្យគាត់​បានលក់​ជៀស​វាង​ការ​លក់​ដូរ​រញ៉េ រញ៉ៃ នៅតាម​មុខ​រោងចក្រ​ កកស្ទះចរាចរណ៍ ហើយ​បង្កនូវ​គ្រោះថ្នាក់ថែម​ទៀត​ចំណុច​ទី​បី អាជ្ញាធរ​រដ្ឋ​ត្រូវ​គោរព​ទៅតាម​ចរាចរណ៍​របស់​រដ្ឋាភិបាល​ មិនឲ្យយក​លុយ​ពីអ្នកលក់​ចល័ត អ្នកលក់ កញ្ច្រែង​ ដើម្បី​ឲ្យគាត់ទទួល​បានប្រាក់​ចំណូល​សមរម្យ ក្នុង​ការ​ចិញ្ចឹម​ជីវភាព​គ្រួសា​រពួក​គាត់​ផង​ដែរ​»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ