ប្រធានមន្ទីរបរិស្ថានខេត្ដសៀមរាប និងមន្ដ្រី២រូប រងការចោទថា ប្រព្រឹត្ដអំពើពុករលួយ

ប្រធានមន្ទីរបរិស្ថាននិងមន្ដ្រីពីររូបទៀតនៅខេត្ដសៀមរាបរងការចោទថា ប្រព្រឹត្ដអំពើពុករលួយ ទាក់ទងទទួលសំណូកប្រចាំខែ ពីការបំផ្លាញធនធានព្រៃឈើនិងជលផលនៅតំបន់ការពារ។

យោងតាមលិខិតកម្រាស់បីទំព័រដែលសរសេរដោយមន្ដ្រីមន្ទីរបរិស្ថានខេត្ដសៀមរាប សុំអន្ដរាគមន៍ពីអង្គភាពប្រឆំាងអំពើពុករលួយ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន និងនាយករដ្ឋមន្ដ្រីលោក ហ៊ុន សែន ដែលវីអូឌី ទទួលបាននៅថ្ងៃនេះ បានឲ្យដឹងថា ប្រធានមន្ទីរបរិស្ថានលោក ភួង លីណា និងអនុប្រធានលោក តេក វណ្ណា និងមន្ដ្រីរដ្ឋបាលមួយរូបទៀតគឺលោក ជុន ចំណាន ឃុបឃិតគ្នាប្រព្រឹត្ដពុករលួយ បក្សពួកនិយម ចាយវាយថរិកាមន្ទីរខ្ទះខ្ជាយ និងគ្មានតម្លភាព និងបំផ្លាញធនធានធម្មជាតិនៅក្នុងតំបន់ការពារក្នុងខេត្ដសៀមរាប។

នៅក្នុងលិខិតចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ បានចោទប្រកាន់ប្រធានមន្ទីរបរិស្ថាននិងមន្ដ្រី២រូបនោះថា ទទួលលុយសំណូកប្រចាំខែពីនាយកតំបន់ និងប្រធានស្នាក់ការការពារបរិស្ថាន ជាថ្នូរឲ្យក្រុមឈ្មួញប្រព្រឹតបទល្មើសព្រៃឈើនៅតំបន់ការពារ ដោយថាក្នុងរណាយន្ដមួយគ្រឿងពី១០០ដុល្លទៅ១៥០ដុល្លា ដែលក្នុងនោះមានរណារយន្ដពី៣០គ្រឿងទៅ១០០គ្រឿង ខណៈដែលនៅតំបន់ទន្លេសាប ទទួលបានសំណូកពីអ្នកនេសាទខុសច្បាប់ផងដែរ។

លិខិតបានបញ្ជាក់ថា៖ “ពេលពួកសវនករនៃក្រសួងបរិស្ថាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងនានាមកធ្វើសវនកម្ម ត្រូវបង់លួងចិត្ដពីប្រាំពីរលានរៀលឡើងទៅ ហើយធ្វើរបៀបនេះជារៀងរាល់ឆ្នាំ។ អ្នកចុះបេសកម្មបានលុយតិចជាងអ្នកមិនចុះហើយមិនសូវធ្វើការទៀត។ អ្នកមិនបានមកធ្វើការអស់រយៈពេលជាង២០ឆ្នាំមានក៏មានប្រាក់បេសកកម្មនិងលុយខែដែរនិងឡើងឋានៈផងដែរ“។

ក្នុងលិខិតនោះបានទាមទារឲ្យស្ថាប័នពាក់ព័ន្ធនិងនាយករដ្ឋមន្ដ្រីលោក ហ៊ុន សែន ដកតំណែងមន្ដ្រីទាំងបីរូបនោះចេញពីតួនាទី ដើម្បីឲ្យកាងារដំណើរការបានល្អនិងអាចលុបបំបាត់ការកាប់បំផ្លាញព្រៃឈើផងដែរ។

ករណីនេះ ប្រធានមន្ទីរបរិស្ថានខេត្ដសៀមរាបលោក ភួង លីណា សុំមិនធ្វើអត្ថាធិប្យាយ ដោយលោកថា កំពុងជាប់បើកបរ។

លោកបន្ដថា៖ «ខ្ញុំអត់បានឆ្លើយនៅក្នុងសំណួរនេះទេបាទ យ៉ាងបើបងចង់ទទួលព័ត៌មាននេះ បងអាចធ្វើដំណើរមកកន្លែងខ្ញុំបាន។ ខ្ញុំកំពុងធ្វើដំណើរតាមផ្លូវ»

ចំណែកប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យិនទៀង ក៏ VOD មិនអាចសុំការសាកសួរបានដែរ ដោយមានប្រសាសន៍ថា លោកមិននិយាយទូរសព្ទជាមួយលេខទូរសព្ទភ្នាក់ងារ VOD បានទេ។

លោកថា៖ «សុំទោសលេខហ្នឹងមិនដែលមានទេបាទ បើវីអូឌីប្រើលេខវីអូឌីអត់ទេ សុំឲ្យអ្នកភ្នំពេញឧទ្ទេសនាមមកបាទ»

ទោះជាយ៉ាងណា អ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្សអាដហុក ប្រចាំខេត្ដសៀមរាប ដែលសកម្មការងារព្រៃឈើផងនោះ លោក ច័ន្ទ ចំរើន មានប្រសាសន៍ថា តាមការចុះអង្កេតកន្លងមកព្រៃឈើនៅតំបន់ព្រៃការពារ ដូចជានៅភ្នំគូលេន រងការបាត់បង់ជាបន្ដបន្ទាប់ បើទោះបីមានមន្ដ្រីបរិស្ថាន មន្រ្ដីរដ្ឋាបាលការពារព្រៃឈើនៅការពារក៏ដោយ។ លោកបន្ដថា តាមការសាកសួរអ្នកភូមិ ព្រៃឈើដែលហិនហោចនោះ ដោយសារមន្ដ្រីជំនាញតាមស្ថាប័នឃុបឃិតគ្នាប្រព្រឹតបទល្មើសជាប្រព័ន្ធ។ លោកស្នើឲ្យសមត្ថកិច្ចជំនាញ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបទល្មើសព្រៃឈើនេះ ដែលលោកថា ការបាត់បង់ព្រៃឈើនេះ ធ្វើឲ្យប៉ះពាល់ដល់គ្រិះប្រាសាទបុរាណផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ