វិភាគ៖ តើ​វប្បធម៌​បរទេស​ជះ​ឥទ្ធិពល​ជា​វិជ្ជមាននិង​អវិជ្ជមាន​ដូចម្ដេច​ខ្លះ​ទៅ​លើ​សង្គម​កម្ពុជា?

ទិដ្ឋភាពទីក្រុងភ្នំពេញ (មាស មុនី)

ប្រជា​ពលរដ្ឋ​កម្ពុជា មិន​ថា​ក្នុង​ចំនួន​តិច ឬ​ច្រើន​ប៉ុណ្ណា​នោះ​ទេ ពួកគេ​បាន​ទទួល​យក​វប្បធម៌​បរទេស​ ដែល​បាន​ហូរ​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា។ ចាប់​តាំង​ពី​ដើម​ឆ្នាំ​រហូត​ដល់​ចុង​ឆ្នាំ ពិធី​បុណ្យ​ប្រពៃណី​បរទេស ត្រូវ​បាន​ប្រជា​ពលរដ្ឋ​ខ្មែរ​ប្រតិបត្តិ​តាម​ជា​បន្ត​បន្ទាប់។ នៅ​រៀង​រាល់​ចុង​ឆ្នាំ ក្រុម​ប្រជា​ពលរដ្ឋ​កម្ពុជា ជា​ពិសេស​ក្រុម​ក្មេងៗ និង​យុវវ័យ ត្រេក​អរ​ទៅ​ការ​ប្រារព្ធ​ពិធី​បុណ្យ​បែប​អឺរ៉ុប នោះ​គឺ​ពិធី​បុណ្យ​ណូអែល ឬ​គ្រីស្មាស់ មុន​នឹង​ពិធី​បុណ្យ​ចូល​ឆ្នាំ​សកល​ត្រូវ​បាន​ប្រជា​ពលរដ្ឋ​កម្ពុជា ក៏​ដូច​ជា​ប្រជាជន​នៅ​លើ​ពិភព​លោក​ផង​ដែរ ប្រារព្ធ​ធ្វើ​ឡើង​យ៉ាង​អធឹក​អធម ជា​ពិសេស​នៅ​ទីក្រុង​ភ្នំពេញ។

ផុត​ពី​ពិធី​បុណ្យ​ចូល​ឆ្នាំ​សកល​មិន​ដល់​មួយ​ខែ​ផង បុណ្យ​ចូល​ឆ្នាំ​តាម​បែប​ប្រពៃ​ណី​ចិន ក៏​បាន​ចូល​មក​ដល់​ទៀត ហើយ​ពលរដ្ឋ​ខ្មែរ ក៏​បាន​រីក​រាយ​ត្រេក​អរ​ជាមួយ​ពិធី​បុណ្យ​នេះ​ផង​ដែរ។

បន្ទាប់​ពី​បុណ្យ​ចូល​ឆ្នាំ​ចិន​រំលង​ទៅ​មិន​ទាន់​បាន​ពីរ​សប្ដាហ៍​ស្រួល​បួល​ផង ក្រុម​យុវវ័យ​កម្ពុជា ឬ​ក៏​អាច​ថា​មាន​ក្រុម​មនុស្ស​វ័យ​ចំណាស់​មួយ​ចំនួន​ផង​ដែរ នឹង​កម្សាន្ត​សប្បាយ​ជាមួយ​ពិធី​បុណ្យ​បែប​អឺរ៉ុប​មួយ​ទៀត នោះ​គឺ​បុណ្យ​នៃ​ក្ដី​ស្រឡាញ់ ឬ​ក្រុម​យុវវ័យ​ហៅ​ថា បុណ្យ​សង្សារ។

បើ​យើង​សង្កេត​មើល​ឲ្យ​មែន​ទែន​ទៅ ប្រជា​ពលរដ្ឋក​ម្ពុជា​ពិត​ជា​មមា​ញឹក​នឹង​ការ​ឈប់​សម្រាក ព្រម​ទាំង​ការ​ប្រារព្ធ​ពិធី​បុណ្យ​នានា បូក​រួម​ទាំង​ពិធី​បុណ្យ​ប្រពៃណី​ជាតិ​ធំៗ ដូចជា​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ដែល​បាំង​រយៈ​ពេល​ត្រឹម​តែ​ជាង ២​ខែ​ទៀត​ប៉ុណ្ណោះ និង​មួយ​ទៀត​គឺ​ពិធី​បុណ្យ​ភ្ជុំ​បិណ្យ។

ខណៈ​ដែល​ពលរដ្ឋ​កម្ពុជា​បាន​ប្រារព្ធ​ពិធី​បុណ្យ​ប្រពៃណី​បរទេស​​ញឹក​ញាប់​បែប​នេះ វា​ជំរុញ​ឲ្យ​មាន​ការ​ចោទ​សួរ​ថា តើ​វប្បធម៌​បរទេស​ជះ​ឥទ្ធិពល​ជា​វិជ្ជមាន និង​អវិជ្ជមាន​ដូចម្ដេច​ខ្លះ​ ទៅលើ​សង្គម​កម្ពុជា។

បើ​យើង​ពិនិត្យ​មើល​ឥទ្ធិពល​នៃ​វប្បធម៌​ចិន​មក​លើ​សង្គម​កម្ពុជា អ្នក​ប្រវត្តិសាស្ត្រ​កម្ពុជា បាន​ចង្អុល​ទៅ​រក​ដំណើរ​វវត្តន៍​នៃ​សង្គម​មនុស្ស​ចាប់​តាំង​ពី​អតីត​កាល​រាប់​ពាន់​មុន នៅ​ពេល​ដែល​ទំនាក់​ទំនង​នយោបាយ និង​ពាណិជ្ជកម្ម​បាន​ដុះ​ដាល​ឡើង​រវាង​ប្រទេស​មួយ និង​ប្រទេស​មួយ​ទៀត មិន​ថា នៅ​ជិត​ឬ​នៅ​ឆ្ងាយ​នោះ​ឡើយ។

សាស្ត្រា​ចារ្យ​ប្រវត្តិសាស្ត្រ​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ លោក វង់ សុធារ៉ា បាន​តាម​ដាន​ទៅ​លើ​ដាន​ប្រវត្តិសាស្ត្រ​នៃ​ទំនាក់​ទំនង​កម្ពុជា-ចិន ចាប់​តាំង​ពី​មុន​សម័យ​អង្គរ ដោយ​លោក​អះ​អាង​ថា ទំនាក់​ទំនង​មួយ​នេះ បាន​ចាប់​ផ្ដើម​ឡើង​យ៉ាង​ហោច​ណាស់​នៅ​ឆ្នាំ​២៣០​នៃ​គ្រឹស្ត​សករាជ ពោល​គឺ​នៅ​សម័យ​នគរ​ភ្នំ។ សាស្ត្រាចារ្យ​ប្រវត្តិ​សាស្ត្រ​រូប​នេះ ឲ្យ​ដឹង​ថា ផ្អែក​​ភស្តុតាង​ប្រវត្តិសាស្ត្រ​ដូចជា​ចម្លាក់ អក្សរ​ចារឹក និង​កំណត់​ត្រា​នានា​របស់​ជន​ជាតិ​ចិន​កាល​ពី​បុរាណ វា​ស្ដែង​ឲ្យ​ឃើញ​ថា ទំនាក់​ទំនង​កម្ពុជា និង​ចិន បាន​បន្ត​រីក​ធំ​ឡើង​រហូត​ដល់​រាប់​រយ​ឆ្នាំ​ក្រោយ​មក​ទៀត។

បើ​និយាយ​ពី​ឥទ្ធិពល​វប្បធម៌​ចិន​មក​លើ​សង្គម​ខ្មែរ លោក វង់ សុធារ៉ា ជឿ​ជាក់​ថា វា​កើត​ឡើង​តាម​រយៈ​ទំនាក់​ទំនង​ពាណិជ្ជកម្ម​របស់​ក្រុម​ឈ្មួញ​ចិន ដែល​បាន​ចុះ​សំពៅ​ធំៗ​មក​រក​ស៊ី​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ក្នុង​នោះ​មាន​ទាំង​ប្រទេស​កម្ពុជា​ផង​ដែរ។ ក្រៅពី​ដំណើរ​មកដល់​នៃ​ក្រុម​ឈ្មួញ​ចិន លោក វង់ សុធារ៉ា អះ​អាង​ថា ពលរដ្ឋ​ចំណាក​ស្រុក​ចិន បាន​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​កម្ពុជា​រាប់​រយ​ឆ្នាំ​ក្រោយ​មក​ទៀត ដោយសារ​ការ​ផ្លាស់​ប្ដូរ​របប​គ្រប់​គ្រង​នៅ​ក្នុង​ប្រទេស​ចិន​ជា​បន្ត​បន្ទាប់ រហូត​ដល់​សង្ក្រាម​ស៊ីវិល​ចិន​រវាង​ក្រុម​កុម្មុនីស្ត ដែល​គ្រប់​គ្រង​ចិន​ដី​គោក​នា​ពេល​បច្ចុប្បន្ន និង​ក្រុម​ចាញ់​សង្គ្រាម​រត់​នៅ​កសាង​រដ្ឋាភិបាល​នៅ​លើ​កោះ​តៃវ៉ាន់​នា​ពេល​សព្វ​ថ្ងៃ​នេះ។ ក្រុម​ជន​ជាតិ​​ចិន​ទាំង​នោះ បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ស្ត្រី​ខ្មែរ និង​នៅ​តែ​ប្រតិបត្តិ​តាម​ទំនៀម​ទម្លាប់​របស់​ពួកគេ​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ។

ខណៈ​ដែល​វប្បធម៌​​បរទេស​ មិន​ថា​វប្បធម៌​ចិន និង​អឺរ៉ុប​​គ្រប​ដណ្ដប់​លើ​សង្គម​ខ្មែរ ជាពិសេស​ទំនៀម​ទម្លាប់​នោះ ត្រូវបាន​ស្ដែង​ឲ្យ​ឃើញ​នៅ​អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន និង​ពិធី​បុណ្យ​ផ្សេងៗ​ទៀត សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​រូប​នេះ វា​ចាត់​ទុក​ជា​ការ​គំរាម​មួយ​ទៅ​លើ​អត្ត​សញ្ញាណ​នៃវប្បធម៌​ខ្មែរ​យើង។

លោក វង់ សុធារ៉ា៖ “ត្រង់​កន្លែងហ្នឹង​ គឺ​ជា​រឿង​គួរ​ឲ្យ​ព្រួយ​បារម្ភ ប៉ុន្តែ វប្បធម៌​ក្នុង​លោក​នេះ គ្មាន​វប្បធម៌​ណា​ឋិតថេរ គង់​វង់​ដោយ​មិន​ប្រែប្រួល​នោះ​ឡើយ។ ជាតិ​ជា​វប្បធម៌​តែង​តែ​ប្រែ​ប្រួល​គ្រប់​ពេល​វេលា”។

សម្រាប់​សាស្ត្រា​ចារ្យ​ប្រវត្តិសាស្ត្រ​មួយ​រូប​ទៀត គឺ​លោក សំបូរ ម៉ាណ្ណារ៉ា មិន​ចាត់​ទុក​វប្បធម៌​ចិន ឬ​អឺរ៉ុប​ជា​ការ​គំរាម​គំហែង​ដល់​អត្ត​សញ្ញាណ​នៃ​វប្បធម៌​ខ្មែរ​នោះ​ឡើយ ប្រសិន​បើ​យុវជន​ខ្មែរ​ត្រូវ​បាន​បណ្ដុះ​បណ្ដាល​ឲ្យ​មាន​មូលដ្ឋាន​គ្រឹះ​រឹង​មាំ​ស្ដី​ពី​វប្បធម៌​ជាតិ​របស់​ខ្លួន។ ផ្ទុយ​ទៅ​វិញ សាស្ត្រា​ចារ្យ​រូប​នេះ មើល​ឃើញ​ពី​សុខដុមនីយកម្ម​នៃ​វប្បធម៌​ចិន​​នៅ​ក្នុង​សង្គម​ខ្មែរ ខណៈ​ដែល​ប្រទេស​កម្ពុជា​ធានា​ដល់​សិទ្ធិ​សេរីភាព​នៃ​ជំនឿ និង​ទំនៀម​ទម្លាប់​របស់​បុគ្គល។ លោក​អះ​អាង​ថា វា​ប្រៀប​បាន​ទៅ​នឹង​ការ​ចូល​រួម​អបអរ​ទៅ​វិញ​ទៅ​មក​រវាង​ក្រុម​ជន​ជាតិ​មួយ និង​ក្រុម​ជន​ជាតិ​មួយ​ទៀត នៅ​ទូទាំង​ពិភព​លោក។

លោក សំបូរ ម៉ាណ្ណារ៉ា៖ “កាល​ណា​យើង​និយាយ​ពី​បញ្ហា​ប៉ះ​ពាល់ វា​សំដៅ​ទៅ​រក​ការ​បាត់​បង់ បាត់​បង់​ប្រពៃណី​វប្បធម៌​របស់​ខ្លួន​ឯង។ អីចឹង​តាម​ពិត​ទៅ ខ្ញុំ​ថា អត់​មាន​ប៉ះ​ពាល់​អី​ទេ នៅ​ពេល​ដែល​យើង​ទាំង​អស់​គ្នា​នាំ​គ្នា​ប្រឹង​ប្រែង ដើម្បី​ផ្ដល់​ឲ្យ​ប្អូនៗ​បាន​យល់​ដឹង គ្រប់​សាលារៀន​បង្ហាញ​ប្រាប់​ស្អី​ទៅ​ចិន ស្អី​ទៅ​យួន ស្អី​ទៅ​អាមេរិកាំង បារាំង​អស់​ទៅ រួច​ឲ្យ​ដឹង​ខ្មែរ។ ដល់​យើង​ដឹង​ខ្មែរ​ច្បាស់​ទៅ យើង​ស្គាល់​ហើយ”។

ដោយ​ផ្អែក​ទៅ​តាម​គោលការណ៍​សិទ្ធិ​មនុស្ស​ដែល​ត្រូវ​បាន​ចែង​ជា​សកល​នោះ អ្នក​សិក្សា​ស្រាវ​ជ្រាវ​បញ្ហា​សង្គម លោក​បណ្ឌិត មាស នី អះ​អាង​ថា វា​មិន​ទាស់​ខុស​អ្វី​នោះ​ឡើយ​​នៅ​ពេល​ប្រជា​ពលរដ្ឋ​ខ្មែរ​ខ្សែ​ស្រឡាយ​ចិន ឬ​ហៅ​ថា កាត់​ចិន ប្រតិបត្តិ​តាម​ប្រពៃណី​ចិន​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ប៉ុន្តែ អ្នក​ស្រាវ​ជ្រាវ​រូប​នេះ បាន​ក្រើន​រំលឹក​អំពី​បញ្ហា​សង្គម​ និង​សុវត្ថិភាព ដែល​កើត​ចេញ​ពី​ភាព​សប្បាយ​រីក​រាយ​នៅ​អំឡុង​ពិធី​បុណ្យ​នានា មិន​ថា​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន ឬ​ចូល​ឆ្នាំ​សកល​នោះ​ឡើយ។

លោក​បណ្ឌិត មាស នី៖ “ចំពោះ​ផល​អវិជ្ជមាន ​គឺ​ការ​ផឹក​ស៊ី​ជ្រុល​ហួស​ហេតុ​ពេក​ទៅ​ធ្វើ​ឲ្យ​ជ្រុល​មាន​បញ្ហា​សង្គម​ផ្សេងៗ ឈ្លោះ​ទាស់​ទែង​គ្នា ហើយ​រាល់​ថ្ងៃ​នេះ គឺ​គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​តែង​តែ​កើន​ឡើង​មួយ​ជា​បីមួយ​ជាបួន​នៅ​ក្នុង​ឱកាស​មាន​បុណ្យធំៗ​អីចឹង​ម្ដងៗ។ មួយ​វិញ​ទៀត មិន​សូវ​គិត​ពី​ទ្រព្យ​ធន​របស់​ខ្លួន​ឯង​ប៉ុន្មាន​ទេ ច្រើន​តែ​ចង់​លោភ​ទៅ​តាម​គេ”។

ដោយ​ឡែក​សម្រាប់​អ្នក​តាម​ដាន​បញ្ហា​សង្គម​មួយ​ទៀត គឺ​លោក សន ជ័យ បាន​មើល​ឃើញ​ពី​ដំណើរ​សេដ្ឋកិច្ច​មាន​ដំណើរ​ការ​ទៅ​យ៉ាង​សកម្ម​នៅ​ក្នុង​សង្គម​កម្ពុជា នៅ​អំឡុង​ពិធី​បុណ្យ​ធំៗ មិន​ថា​ពិធី​បុណ្យ​ប្រពៃណី​ជាតិ​ខ្មែរ ឬ​ក៏​បុណ្យ​បរទេស​នោះ​ឡើយ។

លោក​អះ​អាង​ថា សកម្មភាព​សេដ្ឋកិច្ច​ខាង​ផ្នែក​ផលិតកម្ម សេវាកម្ម​ទេសចរណ៍ និង​សេវាកម្ម​ដឹក​ជញ្ជូន សុទ្ធ​តែ​ទទួល​បាន​ផល​ពី​ឱកាស​ពិធី​បុណ្យ​ធំៗ​បែប​នេះ ខណៈ​ដែល​តម្លៃ​នៃ​សេវាកម្ម​នានា បាន​កើន​ឡើង​លើស​ពី​ថ្ងៃ​ធម្មតា។

ទោះជាយ៉ាងណា លោក​សង្កេត​ឃើញ​ពី​ភាព​អសកម្ម​នៃ​ស្ថាប័ន​សាធារណៈ​របស់​រដ្ឋ ដូចជា​សាលា​រៀន និង​ស្ថាប័ន​ផ្ដល់​សេវា​សាធារណៈ​ដទៃ​ទៀត បាន​ប្រែ​ក្លាយ​ទៅ​ជា​ស្ងាត់​ជ្រលំ​ទៅ​វិញ​អំឡុង​ពេល​នោះ បើ​ទោះបី​ជា​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន មិន​មែន​ជា​ថ្ងៃ​ឈប់​សម្រាក​របស់​ជាតិ​ក៏​ដោយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ