រដ្ឋាភិបាលសម្រេចដាក់ព្រៃឡង់និងព្រៃភ្នំក្រវ៉ាញជាតំបន់ការពារ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅរសៀលថ្ងៃព្រហស្បតិ៍នេះ បានប្រកាសថារដ្ឋាភិបាលសម្រេចដាក់ព្រៃឡង់និងព្រៃភ្នំក្រវ៉ាញ ជាតំបន់ការពារ ខណៈតំបន់ទាំងនេះត្រូវបានប្រជាសហគមន៍រាយការណ៍ជាបន្តបន្ទាប់ថារងការកាប់បំផ្លាញពីមួយថ្ងៃទៅមួយថ្ងៃ។

ក្នុងសន្និបាតបូកសរុបលទ្ធផលក្រសួងអប់រំ លោក ហ៊ុន សែន បានថ្លែងថាលោកបានឯកភាពតាមសំណើរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថាននិងរដ្ឋមន្រ្តីក្រសួងកសិកម្មក្នុងការដាក់ព្រៃឡង់និងព្រៃតំបន់ភ្នំពេញក្រវ៉ាញ ជាតំបន់ការពារ។ លោកបញ្ជាក់ថាការសម្រេចនេះ គឺដើម្បីការពារព្រៃឈើល្អៗសម្រាប់ប្រទេសកម្ពុជា។

លោកមានប្រសាសន៍ថា៖ “ខ្ញុំបានយល់ព្រមហើយជាមួយនឹងសំណើពិគ្រោះពិភាក្សារបស់រដ្ឋមន្រ្តីក្រសួងបរិស្ថានសាយ សំអាល់ ហើយនិងសំណើរួមគ្នារវាងក្រសួងកសិកម្មជាមួយនឹងក្រសួងបរិស្ថាន។ យើងដាក់ព្រៃមួយចំនួនទៅជាព្រៃការពារម្មង ដូចអាព្រៃឡង់នេះ ទុកវាធ្វើអីទៀត ត្រូវដាក់វាជាព្រៃការពារម្មង…តំបន់ភ្នំក្រវ៉ាញក៏ដោយគ្នាដែរ ឲ្យវាទៅជាតំបន់ព្រៃការពារ”។ លោក ហ៊ុន សែន ក៏បានបញ្ជាឲ្យរដ្ឋមន្រ្តីក្រសួងពាក់ព័ន្ធដកហូតព្រៃសម្បទានមកវិញទាំងអស់។

ការសម្រេចរបស់លោកនាយករដ្ឋមន្រ្តី ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលកាលពីថ្ងៃទី១៥ ខែមករា បានបង្កើតគណៈកម្មការចម្រុះមួយ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើព្រៃឈើនៅភាគឦសាននៃប្រទេស។ គណៈកម្មការនេះមានតួនាទីចុះទប់ស្កាត់និងបង្ក្រាបសកម្មភាពអនាធិបតេយ្យកាប់ព្រៃឈើ ការនាំចេញឈើខុសច្បាប់ និងបទល្មើសព្រៃឈើនានា ស្រាវជ្រាវរកអ្នកដែលពាក់ព័ន្ធ ចាប់ជនល្មើសនិងវត្ថុតាងនៃបទល្មើស សហការជាមួយភាគីវៀតណាមនិងឡាវ។

លោក ហ៊ុន សែន បានឲ្យដឹងថាគណៈកម្មការនេះចាប់បានឈើខុសច្បាប់ប្រមាណពី៣ទៅ៤ម៉ឺនម៉ែត្រគូប ហើយលោកសម្រេចថាប្រគល់ឈើទាំងអស់ដែលរឹបអូសបានពីការកាប់មិនស្របច្បាប់ទៅឲ្យក្រសួងអប់រំយុវជន និងកីឡា ដើម្បីកសាងសាលារៀន តុ កៅអី ទ្វារនិងផ្ទះគ្រូជាដើម។ លោកបន្ថែមថាចាប់ពីពេលនេះទៅ ឈើទាំងឡាយដែលកាប់ខុសច្បាប់ហើយរឹបអូសបាន ត្រូវប្រគល់ទៅឲ្យវិស័យអប់រំសម្រាប់ប្រើប្រាស់។ លោកក៏បានបញ្ជាឲ្យក្រសួងយុត្តិធម៌ជួយជំរុញទៅតុលាការពន្លឿននីតិវិធី ករណីចាប់ឈើខុសច្បាប់ទាំងនោះ។

គួររំឭកថាកាលពីខែមករា ឆ្នាំ២០១៦ ឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុប លោកGeorge Edgar បានចុះទៅតំបន់ព្រៃឡង់ ដោយលោកអះអាងថាស្ថានភាពព្រៃឡង់ស្ថិតនៅក្រោមសម្ពាធមួយយ៉ាងខ្លាំងហើយលោកអំពាវនាវឲ្យមានការការពារព្រៃទាំងនោះ។ លោកមានប្រសាសន៍ថា៖ “វាជាផ្នែកមួយដ៏សំខាន់សម្រាប់ប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់ដែលការបាត់បង់របស់ព្រៃនេះនឹងមានផលប៉ះពាល់ជាច្រើនមិនត្រឹមមនុស្សរស់នៅតំបន់នោះប៉ុណ្ណោះទេ ក៏ប៉ុន្ដែវាក៏ប៉ះពាល់ដល់សហគមន៍ដែលរស់នៅជុំវិញបឹងទន្លេសាបផងដែរដែលជាផ្នែកមួយនៃទីជម្រាលរបសល់វា។ ខ្ញុំសូមសរសើរដល់បណ្តាញសហគមន៍ព្រៃឡង់(PLCN) ដែលកំពុងធ្វើការកាត់បន្ថយការកាប់ឈើខុសច្បាប់នៅតំបន់នេះ។ នេះគឺជាសក្ខីភាពពីដំណើរទស្សនកិច្ចដ៏ខ្លីមួយដែលបានបង្ហាញឲ្យឃើញថាព្រៃឈើនេះគឺស្ថិតនៅក្រោមសម្ពាធយ៉ាងខ្លាំង”។

វេបសាយផ្លូវការរបស់បណ្តាញសហគមន៍ព្រៃឡង់(www.prelang.net)បង្ហាញថាព្រៃឡង់មានទំហំ៣៦០០គីឡូម៉ែត្រក្រឡាជាប់នឹងខេត្តចំនួន៤គឺខេត្តព្រះវិហារ កំពង់ធំ ក្រចេះនិងខេត្តស្ទឹងត្រែង។ ព្រៃដ៏ធំមួយនៅកម្ពុជានេះមានប្រជាពលរដ្ឋរស់នៅប្រហែលជា២០ម៉ឺននាក់នៅជុំវិញនោះជាអ្នកពឹងអាស្រ័យអនុផលព្រៃឈើពីព្រៃឡង់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ