របាយការណ៍ស្រាវជ្រាវថ្មីមួយរបស់អង្គការក្រៅរដ្ឋាភិបាល បង្ហាញថាកម្ពុជានៅមិនទាន់អាចដោះស្រាយបញ្ហាគន្លឹះនៃវិស័យកសិកម្មនៅឡើយ ដែលធ្វើឲ្យកសិផលមិនអាចប្រកួតលើទីផ្សារធំ បើទោះជាទីផ្សារអាស៊ានបានបើករួចហើយកាលពីចុងឆ្នាំ២០១៥។
ក្នុងរបាយការណ៍ស្តីពីការត្រៀមខ្លួនរបស់គ្រួសារកសិករខ្នាតតូចកម្ពុជា ឆ្ពោះទៅសមាហរណកម្មសហគមន៍សេដ្ឋកិច្ចអាស៊ាន វេទិកាអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា ឲ្យដឹងថា អស់រយៈពេលជាច្រើនឆ្នាំមកនេះរដ្ឋាភិបាលនៅមិនទាន់បានដោះស្រាយបញ្ហាប្រឈមបានទាំងស្រុងនៅឡើយ។ បញ្ហាទាំងនោះរួមមាន ការរៀបចំដីធ្លីកសិកម្ម ប្រព័ន្ធស្រោចស្រព ការទាក់ទាញវិនិយោគ និងទីផ្សារ និងបច្ចេកទេសកសិកម្ម។
វេទិកាអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា បានដកស្រង់របាយការណ៍របស់ក្រសួងធនធានទឹកនៅឆ្នាំ២០១០ បង្ហាញថាកម្ពុជាអាចចែកចាយទឹកបានតែចំនួន៤៣%នៃផ្ទៃដីកសិកម្ម ដែលសល់ពីនេះគឺធ្វើកសិកម្មដោយពឹងលើទឹកភ្លៀង។
បើតាមរបាយការណ៍នោះ ការផ្តល់ដីសម្បទានសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុនឯកជនពីសំណាក់រដ្ឋាភិបាល បានបន្សល់នូវបញ្ហាជាច្រើនដដែល ជាពិសេសទៅលើសិទ្ធិដីធ្លីរបស់ជនជាតិដើមភាគតិច បើទោះជាពេលនេះត្រូវបានផ្អាកហើយក៏ដោយ។
ប្រធាននាយកដ្ឋានកសិឧស្សាហកម្ម នៃក្រសួងកសិកម្ម លោក គង់ ភាជ មានប្រសាសន៍ថា លោកទទួលស្គាល់ពីចំណុចខ្វះខាតទាំងនេះ តែលោកថាបញ្ហាទាំងនេះមិនអាចដោះស្រាយបានតែក្រសួងកសិកម្មបាននោះទេ វាត្រូវការឲ្យមានការចូលរួមពីភាគីក្រសួងពាក់ព័ន្ធមួយចំនួនទៀត។ ទោះជាយ៉ាងណាលោកថាបច្ចុប្បន្ននេះ រដ្ឋាភិបាលកំពុងរៀបចំបង្កើតគណកម្មាធិការមួយដែលមានសមភាពពីភាគីក្រសួងពាក់ព័ន្ធទាំងនោះដើម្បីត្រៀមដោះស្រាយពីបញ្ហាកសិកម្មនេះហើយ។ លោកមានជំនឿថាក្រោយពីគណកម្មាធិការនេះត្រូវបានបង្កើតឡើងនោះ បញ្ហាទាំងនេះនឹងអាចត្រូវបានដោះស្រាយ។
លោកថា៖ «យើងមានជំនឿនិងទុកចិត្តបានដោយសារ នៅក្នុងនោះគណកម្មាធិការគឺមានការចូលរួមពីស្ថាប័នពាក់ព័ន្ធច្រើន ដែលមាន១៨ក្រសួង ហើយនឹងមានអាជ្ញាធរខេត្ត ដែលមានគណៈអភិបាលខេត្ត រាជធានីទាំង២៥ ក៏ជាសមាជិកអញ្ចឹងយើងអាចមកអង្គុយរួមគ្នាដើម្បីរកដំណោះស្រាយ។ ដែលមានបញ្ហាហើយជាពិសេសអ្វីដែលជាសំណួរកំពុងលើកឡើងនេះ យើងនឹងធ្វើការដោះស្រាយជុំគ្នា ដែលកន្លងមកគឺយើងអត់ទាន់បានធ្វើការឲ្យស៊ីជម្រៅទេហើយគណៈកម្មាធិការនេះយើងនឹងបង្កើតឆាប់ៗ»។
សមាហរណកម្មសេដ្ឋកិច្ចអាស៊ាន បានចាប់ផ្តើមឡើងនៅថ្ងៃទី៣១ ធ្នូ ឆ្នាំ២០១៥ ត្រូវបានចាត់ទុកថាជាឱកាស និងជាកត្តាប្រឈមចំពោះសេដ្ឋកិច្ចកម្ពុជា។ ទោះជាយ៉ាងណាក្តី គង់ ភាជ ថាកម្ពុជាកំពុងរៀបចំខ្លួនបណ្តើរៗហើយនៅពេលនេះ ដោយលោកថាវិធានការរបស់រដ្ឋាភិបាលនាពេលនេះគឺធ្វើយ៉ាងលើកទឹកចិត្តអ្នកផលិត និងអ្នកកែច្នៃកសិផល ដោយក្នុងនោះអ្វីដែលរដ្ឋាភិបាលដាក់ចេញហើយនោះ រួមមានការទម្លាក់អត្រាការប្រាក់ស្ថាប័នមីក្រូហិរញ្ញវត្ថុ និងការលើកទឹកចិត្តម្ចាស់រោងម៉ាស៊ីនកិនស្រូវតាមរយៈការទម្លាក់តម្លៃអគ្គីសនីជាដើម៕