រដ្ឋាភិបាលស្វីសសន្យាបន្តគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា

មន្ទីរពេទ្យគន្ធបុប្ផាសៀមរាប (ដោយ បូ សាវី)

រដ្ឋាភិបាលនៃប្រទេសស្វីស សន្យាបន្តគាំទ្រដល់មន្ទីរពេទ្យពេទ្យគន្ធបុប្ផា បន្ទាប់​ពីស្ថាបនិកមន្ទីរ​ពេទ្យ​គន្ធបុប្ផា ដែល​ល្បីខាងសង្គ្រោះជីវិតកុមារដោយឥតគិតថ្លៃ លោកវជ្ជបណ្ឌិត បេអាត រីច្នឺ បានលាលែង​តំណែង​ពី​ប្រធាន​គ្រប់គ្រង​មន្ទីរពេទ្យភ្លាមៗ ដោយ​​សារ​មាន​ជំងឺ​ធ្ងន់ធ្ងរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន។

នៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី២៩មីនា រដ្ឋាភិបាល​នៃប្រទេសស្វីសតាមរយៈ​តំណាង​ដោយ​ទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍស្វ៊ីស និងកិច្ចសហប្រតិបត្តិការ (SDC) នៅក្នុងប្រទេសកម្ពុជា បាន​បង្ហាញ​ការ​សោក​ស្តាយយ៉ាងជ្រាលជ្រៅ ក្រោយដឹងថា លោកវេជ្ជបណ្ឌិត បេអាត រីច្នឺ កំពុងមានជំងឺធ្ងន់ធ្ងរ។

សេចក្តីប្រកាសព័ត៌មានដដែលឲ្យដឹងថា រដ្ឋាភិបាលនៃប្រទេសស្វ៊ីស រួមជាមួយនឹងមូលនិធិគន្ធបុប្ផា នឹង​ប្តេជ្ញាចិត្ត​ក្នុង​ការសហការ​ជាមួយ​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុងការធ្វើការឆ្ពោះទៅរកនិរន្តរភាពផ្នែកហិរញ្ញវត្ថុ រយៈពេល​​វែង​​របស់មន្ទីរពេទ្យនេះ រួមទាំង​​​ធានានៃ​ការបន្តបេស​កម្ម​ព្យាលបាលឥតគិត​ថ្លៃដល់កុមារ​និង​ការ​ថែ​​ទាំ​សុខភាព​មាតា​មួយ។

ការគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផានេះ គឺជាផ្នែកសំខាន់មួយ​នៃការចូលរួមរបស់​ប្រទេសស្វ៊ីស​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែលការគាំទ្រផ្នែកហរិញ្ញវត្ថុនេះធ្វើឡើងចាប់តាំងឆ្នាំ១៩៩៤ ​ដោយ​មាន​ចំនួន​ទឹកប្រា​ក់​ប្រមាណ​ជាង​៥៦លានដុល្លារអាមេរិក។

កាលពីថ្ងៃ២៨ខែមីនា ក្រុមប្រឹក្សា​ភិបាល​មូល​និធិគន្ធបុប្ផា នៅទីក្រុងហ៊្សូរីច (Zurich) ប្រទេសស្វីស (Switzerland) បានឲ្យដឹងថា ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា លោកវេជ្ជបណ្ឌិត បេអាត រីច្នឺ កំពុង​មាន​ជម្ងឺជាទម្ងន់ ហើយលោកនឹងត្រូវលាលែងពីតំណែងពីប្រធានគ្រប់គ្រងមន្ទីរពេទ្យជាបន្ទាន់។

លោក​វេជ្ជបណ្ឌិត​​ លោកវជ្ជបណ្ឌិត បេអាត រីច្នឺ ​​ មាន​វ័យ​៦៩​ឆ្នាំ​ ជា​ជនជាតិ​ស្វីស ​ហើយ​​គឺជា​គ្រូពេទ្យ​កុមារ​​និង​ជា​អ្នកលេងឧបករណ៍ Cello ​ម្នាក់​ ដើម្បីរៃអង្គាសប្រាក់ជួយមន្ទីរពេទ្យនេះ។ ​លោក​ បេអាត រីច្នឺ ជា​ប្រធាន​មូលនិធិ​គន្ធបុប្ផា​ ដែល​បាន​បង្កើត​ឡើង​ក្នុង​ទីក្រុង​​ហ៊្សូរីច (Zurich) ​ក្នុង​ឆ្នាំ​១៩៩១។

កាលពីឆ្នាំ២០១៦ ព្រះមហាក្សត្រ​ខ្មែរ​ នរោត្តម សីហមុនី ​បាន​តែង​តាំង​ប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ផា​គឺ​លោក​វេជ្ជបណ្ឌិត​ ​បេអាត រីច្នឺ​ ជា​ទីប្រឹក្សា​ក្រសួងសុខាភិបាល​ ដោយ​មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ។

ជា​រៀងរាល់​ឆ្នាំ ​មន្ទីរពេទ្យ​គន្ធបុប្ផា ​ទទួល​ព្យាបាល​កុមារ​ក្រីក្រ​កម្ពុជាជាង​កន្លះ​លាន​នាក់។ ហើយ​មូលនិធិ​របស់​លោក ​បាន​រៃ​អង្គាស​ថវិកា​ជួយ​មកដល់​កម្ពុជា​មាន​ទំហំ​៣៧០​លានដុល្លារ​ចាប់​តាំងពី​បង្កើត​មក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ