បទយកការណ៍​៖ ពលរដ្ឋ​មួយ​ចំនួន​ថា​នៅ​មិន​ទាន់​យល់ដឹង​ពី​ផល​ប៉ះពាល់​នៃ​ការ​ប្រើប្រាស់​ថង់​ប្លាស្ទិក

ការលក់ដូរនៅផ្សារមួយកន្លែង(រូបភាព៖ បណ្ដាញសង្គម)
បើយើងអត់ច្រកបានអីទៅ បើយើងមិនប្រើប្រាស់ថង់ហ្នឹង គេមានថង់ប្លាសិ្ទកផ្សេងឲ្យយើងប្រើក៏ម៉េច ព្រោះ​អី​ខ្ញុំ​មិន​លក់​រហូត​អត់​ដែល​ដឹង គេអត់ឲ្យប្រើវាប៉ះពាល់រិស្ថាន ឬសុខភាពយើងក៏ម៉េច ព្រោះអីខ្ញុំលក់រហូតអត់ដែលដឹងរឿទេ

អ្នកលក់បន្លែម្នាក់ នៅផ្សារដើមគរ

នេះជាការរៀបរាប់របស់អ្នកលក់បន្លែម្នាក់ នៅផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជុំវិញការ​ប្រើប្រាស់​ថង់​ប្លាស្ទិក​នៅ​ក្នុង​មុខរបរប្រចាំថ្ងៃរបស់គាត់។

អ្នកស្រី ស៊ុន ស្រីពៅ អាយុ៣២ឆ្នាំ​ រៀបរាប់ថា អ្នកស្រីប្រើប្រាស់ថង់ប្លាស្ទិកប្រហែល ១គីឡូក្រាមក្នុងមួយថ្ងៃសម្រាប់​ដាក់​បន្លែ ត្រី​​សាច់​ឲ្យ​ភ្ញៀវដែល​មក​ទិញ​នៅ​កន្លែង​របស់គាត់។

នៅពេលសួរនាំអំពីផលប៉ះពាល់នៃការប្រើប្រាស់ថង់បា្លស្ទិក អ្នកស្រី ស៊ុន ស្រីពៅ ហាក់​ដូច​ជា​មិន​សូវ​ដឹង​ច្រើន​អំពី​ថង់ប្លាស្ទិក​នោះ​ទេ អំពីផលប៉ះពាល់សុខភាពនិងបរិស្ថាន។

បងអត់ដែលដឹងទេ គេអត់ឲ្យប្រើវាប៉ះពាល់រិស្ថាន ឬសុខភាពយើងក៏ម៉េច ព្រោះអី​ខ្ញុំ​លក់​រហូត​អត់​ដែល​ដឹង​រឿងទេ

អ្នកស្រី ស៊ុន ស្រីពៅ អាយុ៣២ឆ្នាំ​ អ្នកលក់បន្លែនៅផ្សារដើមគរ

ងាកមកអាជីវករលក់បន្លែម្នាក់ទៀត ដែលមើលទៅកំពុងមមាញឹករៀបចំបន្លែសម្រាប់ដាក់លក់នៅម៉ោង៧ព្រឹក អ្នកស្រី កែវ ប៉ោ ប្រាប់វីអូឌីថា អ្នកស្រីប្រើប្រាស់ថង់ប្លាស្ទិក សម្រាប់ដាក់បន្លែឲ្យភ្លៀវជារៀងរាល់ថ្ងៃ ប៉ុន្ដែ ក៏មិនដឹងពីផលប៉ះពាល់ដល់បរិស្ថាន និង​សុខភាពដូចគ្នា។

ខ្ញុំលឺតែគេនិយាយតៗគ្នាថា បើប្រើថង់ [ពណ៌] ស មិនសូវប៉ះពាល់ទេ បើប្រើថង់ពណ៌​ បានប៉ះពាល់ព្រោះអីវា ប្រើថ្នាំច្រើន គីមីច្រើន

អ្នកស្រី កែវ ប៉ោ អ្នកលក់បន្លែនៅផ្សារដើមគរ

ទោះមិនសូវយល់ដឹងពីផលប៉ះពាល់នៃការប្រើប្រាស់ថង់ប្លាស្ទិកក៏ដោយ ស្ដ្រីរូបនេះ អះអាងថា អ្នកស្រី ព្យាយាម​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថង់ឲ្យបានក្នុងចំនួនតិច ដើម្បីសន្សំសំចៃប្រាក់។

ប្រើអីវ៉ាន់ច្រើន ខ្ញុំច្រកពីរ តែបើអីវ៉ាន់តិច ខ្ញុំច្រកតែមួយទេ ព្រោះខ្ញុំចង់កាត់​បន្ថយ​កុំ​ឲ្យ​អស់​លុយ​ទិញ​ថង់​ដែរ ព្រោះថង់ថ្លៃ ថង់​​១​គីឡូក្រាម ៦​ពាន់​រៀល​ ថង់ប្លាស្ទិកអញ្ចឹង ថង់ពណ៌បើថង់ស១​គីឡូក្រាម៨ពាន់​រៀល

អ្នកស្រី កែវ ប៉ោ អ្នកលក់បន្លែនៅផ្សារដើមគរ

កំពុងមមាញឹកនឹងការលក់ដូរប្រចាំថ្ងៃ ខណៈដៃម្ខាងកំពុងយកបន្លែដាក់ថ្លឹងលក់ឲ្យភ្លៀវនោះ អាជីវករម្នាក់ទៀតគឺ លោក ចាន់ ធី លើកឡើងដែរថា រាល់ថ្ងៃ លោកក៏មិនបានដឹងពីផលប៉ះពាល់ពីបញ្ហាសុខភាពនិងបរិស្ថាន កើតចេញ​ពីការ​ប្រើប្រាស់​ថង់ប្លា​ស្ទិក​ដូចគ្នា។​

ប៉ុន្ដែ បុរសសម្បុរខ្មៅរាងខ្ពស់ រូបនេះ ត្អូញត្អែរថា ភាគច្រើន អ្នកទិញចង់បានតែថង់ប្លាស្ទិក និងមិនចង់ទិញបន្លែពីគាត់ទេ ប្រសិនបើគាត់ខ្ចប់ជាថង់ក្រដាសឲ្យភ្ញៀវនោះ។

បើសិនគាត់ថាឲ្យយើងរាល់តែដងទៅ អត់ទេមិនបាច់ប្រាប់រាល់ដងក៏បាន ថាតែម្ដង ថាថង់នេះ មិនអាចប្រើប្រាស់បាន អាហ្នឹងយើងកុំប្រើ។ អតិថិជនមកទិញរបស់យើងអញ្ចឹងគេថាថង់នេះខ្ពើមណាស់ ធំអាក្រក់ណាស់ កុំដាក់ថង់ហ្នឹងឲ្យខ្ញុំ ដាក់ថង់ប្លាសិ្ទកល្អៗនោះដាក់ឲ្យខ្ញុំមក

លោក ចាន់ ធី អ្នកលក់បន្លែនៅផ្សារដើមគរ

ពលរដ្ឋម្នាក់ ក្នុងចំណោមពលរដ្ឋផ្សេងទៀត ដែលកំពុងដើរទិញទំនិញនៅផ្សារដើមគរ អ្នកស្រី ប៊ូ ធានី រៀបរាប់ថា អ្នកស្រី​បាន​ដឹងពី​ផលប៉ះពាល់នៃការប្រើប្រាស់ថង់ប្លាស្ទិកខ្លះដែរៗ ប៉ុន្ដែ អ្នកស្រីថា គ្មាន​ជម្រើស​ផ្សេង​ក្រៅ​ពី​ការ​ប្រើប្រាស់​ថង់ប្លា​ស្ទិក​នេះ​ទេ​។

បន្លែហ្នឹង គេច្រកឲ្យមួយមុខ មានផ្សិត មានស្លឹកអំពិល មានត្រីមានអីអញ្ចឹង។ មួយមុខថង់មួយ​បើប្រហុក​អី​ច្រក​ថង់​​ពីរ​ជាន់ បើអត់ច្រកមកយើងបានអីដាក់ បើយើងយកកន្ត្រក់អី ត្រីគេថ្លឹងមកមិនច្រកថង់បើអត់ច្រកថង់ឆ្អាប យើង​មក​ម៉េច​កើត​ កាន់​មក​ម៉េចកើត ដាក់​ចូល​កន្ត្រក​ក៏​ប្រឡាក់កន្ត្រកដែរ វាអត់អាចខ្ចប់ស្លឹកឈូកដូចត្រីក្រៀមៗអីបានទេ

អ្នកស្រី ប៊ូ ធានី ស្ត្រីមេផ្ទះដែលដើររកទិញម្ហូបនៅផ្សារ

កាលពីថ្ងៃទី១០តុលាឆ្នាំ២០១៧ រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​មួយស្តី​ពី​គ្រប់​គ្រង​ថង់​ប្លាស្ទិក​ ក្នុង​គោលបំណង​បង្កើន​ប្រ​សិទ្ធ​ភាព​​ កាត់​បន្ថយការ​នាំចូល ការ​ផលិត ការចែកចាយ និង​ការ​ប្រើប្រាស់​ថង់​ប្លាស្ទិក ដោយថា ដើម្បីធានា​បាន​នូវ​កិច្ច​គាំពារ​សុខភាព​សាធារណៈ បរិស្ថាន និង សោភណ័ភាព។

រដ្ឋាភិបាល ពន្យល់បន្ថែមថា បច្ចុប្បន្ននេះ  កាក​សំណល់​ប្លាស្ទិក​កំពុង​បង្កផលប៉ះពាល់យ៉ាង​ខ្លាំង​ដល់​ប្រព័ន្ធ​អេកូឡូស៊ី និងការអភិវឌ្ឍមនុស្សទូទាំងពិភពលោក ដោយសារកាកសំណល់ប្លាស្ទិកនេះ ត្រូវរយៈពេលយូរ ពោលគឺចាប់ពី ៥០០ទៅ១ ០០០ឆ្នាំ ទើបរលួយ។

ករណីនេះ វីអូឌី បានព្យាមយាមទាក់ទងអ្នកនាំពាក្យក្រសួងបរិស្ថាន លោក សៅ សុភាព តាមទូរសព្ទ ប៉ុន្តែ​នៅ​មិនទាន់​មាន​ការ​ឆ្លើយ​តបនោះទេ។ ប៉ុន្តែ ក្រសួងបរិស្ថាន ឲ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានថា នៅថ្ងៃទី០៥ខែមិថុនាខាងមុខនេះ រដ្ឋាភិបាល​​នឹងរៀបចំទិវា​បរិស្ថានមួយក្រោមប្រធានបទ «យុទ្ឋនាការរួមគ្នាកាត់បន្ថយប្លាស្ទិក» ដែលមានគោលដៅជំរុញទៅ វិស័យឯកជន សហគមន៍ និងបុគ្គលគ្រប់រូបចូលរួមជាមួយគ្នា ស្វែងរកដំណោះស្រាយ ក៏ដូចជា ជំរុញ​ទៅ​ប្រជាពលរដ្ឋ​ចូល​រួម​កាត់​បន្ថយការបំពុលដោយប្លាស្ទិក ដើម្បីចូលរួមគាំទ្រកិច្ចការពារបរិស្ថាននៅកម្ពុជា។

​ការ​សិក្សា​​របស់​​អង្គការ​​មូល​និធិ​​អករា (ACRA Foundation) ឲ្យដឹងថា រដ្ឋាភិបាល​កម្ពុជា ​បាន​ខាត​បង់​ថវិកា​អស់​រាប់​រយ​លាន​ដុល្លារ​ពី​កាកសំណល់​​ប្លាស្ទិក​។ ហើយ មិនត្រឹមតែប៉ុណ្ណោះ ប្រទេសកម្ពុជា ត្រូវ​​ចំណាយ​ថវិកា​​ប្រចាំ​​ឆ្នាំ​ជាង​៥ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ទៅ​លើ​ការ​សំអាត​​ថង់​​ប្លាស្ទិក​​តែ​ក្នុង​​ខេត្ត​ក្រុង​ធំៗ​ចំនួន​៣​ប៉ុណ្ណោះ។ ​​ក្នុងនោះ ៤ពាន់៥រយដុល្លារ ​​ក្នុង​​ខេត្ត​​ព្រះសីហនុ ១ពាន់​៥​រយ​ដុល្លារ នៅ​ខេត្ត​សៀម​រាប និង​៣ពាន់១រយដុល្លារនៅ​ភ្នំ​ពេញ​។

ក្រុមអាជីវករ និងអ្នកកំពុងប្រើប្រាស់ ស្នើទៅរដ្ឋាភិបាល ក្រសួង និងអាជ្ញាធរ ជួយធ្វើការផ្សព្វផ្សាយពីផលប៉ះពាល់ដែលបង្កដោយ​ថង់​ប្លាស្ទិក​ឲ្យអាជីវករ និងអ្នកទិញឲ្យបានទូលំទូលាយដោយមានការដាក់វិន័យផងដែរ ទើប​អាច​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថង់ប្លា​ស្ទិកឲ្យមានប្រសិទ្ធភាព ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ