ចម្លាក់បដិមាក្នុងរចនាបថបាយ័ន ត្រូវបានរកឃើញនៅខាងជើងក្រុងអង្គរធំ

ចម្លាក់បដិមាក្នុងរចនាបថបាយ័ន ត្រូវបានរកឃើញនៅខាងជើងក្រុងអង្គរធំ (FB: អាជ្ញាធរជាតិអប្សរា Apsara Authority)

អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា រូបចម្លាក់ក្នុងរចនាបថបាយ័ន ដែលសន្និដ្ឋានជាបឋ​មថាជាទ្វារបាល ត្រូវបានគេប្រទះឃើញ ស្ថិតនៅមន្ទីរពេទ្យទន្លេស្ងួត ខាងជើងក្រុងអង្គរធំ ខណៈអ្នកបុរាណវិទ្យាធ្វើកំណាយ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧ ។

យោងតាមបណ្ដាញទំនាក់ទំនងសង្គម របស់អាជ្ញាធរជាតិ អប្សរា ឲ្យដឹងថា បដិមានេះមានកម្ពស់១,៩០ម៉ែត្រ និងស្មាទទឹង០,៥៨ម៉ែត្រ ស្ថិតក្នុងរចនាបថបាយ័ន ដោយថា បដិមានេះកំបុតដៃទាំងពីរត្រឹមស្មា កំបុតជើងស្តាំត្រឹមកជើង និងជើងឆ្វេងត្រឹមគល់ភ្លៅ។ ចំណែកដងខ្លួននិងព្រះកេសនៅមានក្បាច់ចម្លាក់សម្លៀកបំពាក់ និងក្បាំងសក់នៅស្អាតទាំងអស់។ បដិមានេះកប់ជ្រៅក្នុងដីប្រមាណត្រឹម៤តឹកប៉ុណ្ណោះក្នុងពេលអ្នកស្រាវជ្រាវធ្វើកំណាយរកឃើញ ដោយដេកផ្ងារពោះបែរព្រះកេសទៅទិសខាងលិចទៅព្រះវិហារនៃមន្ទីរពេទ្យនេះ។

មន្ត្រីជំនាញផ្នែកបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរាលោក ខៀន ច័ន្ទ​ បញ្ជាក់ថា ការប្រទះដោយចៃដន្យក្នុងពេលដែលក្រុមការងារធ្វើកំណាយដើម្បីសិក្សាអំពីទំនាក់ទំនងរវាងប្រឡាយមុខមន្ទីរពេទ្យ និងរចនាសម្ព័ន្ធនៃមន្ទីរពេទ្យទន្លេស្ងួត។ លោកបន្ថែមថា បន្ទាប់ពីអ្នកជំនាញធ្វើកំណត់ត្រារួចរាល់ បដិមានេះនឹងត្រូវយកទៅតម្កល់ទុកក្នុងសារមន្ទីរព្រះនរោត្តមសីហនុអង្គរ ដើម្បីរក្សាសុវត្ថិភាព សម្អាតដុសលាង ព្យាបាលផ្នែកខ្លះ ជាពិសេស គឺការយកជាតិអំបិលចេញដើម្បីកុំឲ្យមានការខូចគុណភាពថ្ម ឬរងប្រតិកម្មនៅពេលដែលចម្លាក់ត្រូវដាក់តាំងក្នុងលំហបរិយាសថ្មី។ លើសពីនេះទៀត បដិមានឹងត្រូវដាក់តាំងបង្ហាញសម្រាប់ភ្ញៀវទេសចរបានចូលទស្សនា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ