ពលរដ្ឋ​សហគមន៍​ដី​ធ្លី​ចំនួន​៣ ​បដិសេធចាក​ចេញពីលំនៅឋាន ខណៈ​អាជ្ញាធរ​ពុំ​ទាន់​ផ្ដល់​សំណង

ពលរដ្ឋជាង ១០០នាក់មកពីបណ្តាសហគមន៍មាន​ជម្លោះ​ដី​ធ្លី​ចំនួន ៣ ក្នុង​រាជ​ធានី​ភ្នំពេញ បានធ្វើសន្និសិទ្ធកាសែតបង្ហាញការ​បដិសេធ​មិន​ចេញ​ពី​លំនៅឋានរបស់ខ្លួន ប្រសិនបើ​អាជ្ញាធរមិនផ្តល់សំណងសមរម្យដល់ពួកគេ។

នៅរសៀលថ្ងៃទី​៣១ ខែធ្នូនេះ ពលរដ្ឋជាង ១០០នាក់ មកពីសហគមន៍ផ្លូវរថភ្លើង សហគមន៍​ប្រឡាយស្ទឹងមានជ័យ និង សហគមន៍​បឹងទំពុន​បាន​ជួប​ជុំគ្នាធ្វើសន្និសីទកាសែតបង្ហាញក្តីបារម្ភចំពោះការអភិវឌ្ឍន៍​របស់សាលារាជធានីភ្នំពេញ និងគម្រោងអភិវឌ្ឍន៍ក្រុងរណប​របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៅសហគមន៍របស់ខ្លួន ដែលមិនបានបង្ហាញពីសំណងដល់ពួកគេច្បាស់លាស់នោះទេ។

តំណាងសហគមន៍ផ្លូវដែក លោក នាង ផានិត បានប្រាប់វីអូ​ឌីឱ្យដឹងថា ការជួបជុំគ្នារបស់​សហគមន៍ទាំង ៣នៅរសៀល​នេះ ដើម្បី​បង្ហាញ​ជំហរ​មិន​ចាក​ចេញ​ពីតំបន់អភិវឌ្ឍន៍ឡើយ បើសាលារាជធានីភ្នំពេញ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង មិនផ្តល់សំណង​សមរម្យ​ដល់​ពួក​គេ។

លោកថា៖ «បើសិនជាគេអត់មានសំណងសមរម្យ ឬគេអត់រកយុត្តិធម៌ ឬក៏អត់រកដំណោះស្រាយឱ្យពួកខ្ញុំទេ ពួកខ្ញុំអត់ចាកចេញទេ»

លោក នាង ផានិត ចង់ឱ្យសាលារាជធានីភ្នំពេញ ផ្តល់សំណងឱ្យបានសមរម្យដល់ពួកគាត់ចំពោះ​ផលប៉ះពាល់ពីការ​សង់​ផ្លូវ​បេតុង​តាម​បណ្តោយ​ផ្លូវ​រថភ្លើងពីគីឡូម៉ែត្រលេខ ៦ មកតំបន់បឹងកក់ និងការការអភិវឌ្ឍន៍ទីក្រុងរណបនៅតំបន់បឹងទំពុន និងតំបន់ប្រឡាយស្ទឹងមានជ័យ។

លោកថា ពលរដ្ឋទាំង ៣សហគមន៍ខាងលើនេះ អាចជួបបញ្ហាប្រឈមដូចជាការបាត់បង់ផ្ទះសម្បែង ដីធ្លីដោយការបណ្តេញ​ចេញ​ដោយ​គ្មាន​សំណង។

លោកបញ្ជាក់ថា៖«ផលពិបាករបស់គាត់ គាត់ប្រឈមនឹងការបណ្តេញចេញដោយបង្ខំ ដោយគ្មានការសង មិនស្របច្បាប់។ ខាងផ្លូវរទេះភ្លើង ​គេធ្វើ​វេទិការ​សាធារណៈពីគីឡូម៉ែត្រលេខ ៦ ហ្នឹង គេប្រាប់ ប៉ុន្តែ គេអត់និយាយពីផលប៉ះពាល់ គេអត់និយាយថាយកប្រជាជនទៅទុកនៅណា ឬក៏​សង​របៀប​ម៉េ​ចអីម៉េច គេអត់និយាយជាមួយប្រជាជនយើងផង»។

តំណាងសហគមន៍ដដែលនេះ បានបញ្ជាក់ថា ការភិវឌ្ឍនៅក្នុងតំបន់របស់ហគមន៍ទាំង៣ ធ្វើឱ្យមានផលប៉ះពាល់ដល់ផ្ទះពលរដ្ឋទាំងស្រុក និងខ្លះទៀតនៅសល់ដីបន្តិចបន្តួច។

តំណាងសហគមន៍បឹងទំពុន លោក អំ ណារី បានលើកឡើងថា សហគមន៍របស់លោកបានជូនដំណឹងទៅក្រុមហ៊ុន ING Holding Co., Ltd និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណងជាច្រើនដងមកហើយ ប៉ុន្តែ លោកថា ក្រុមហ៊ុន និងក្រសួងទាំងនេះ មិន​ដែល​មក​ដោះស្រាយ​បញ្ហាឱ្យពួកកាត់នោះទេ។

លោកបញ្ជាក់ថា៖ «រាល់ថ្ងៃហ្នឹង ខ្ញុំជូនដំណឹងទៅក្រុមហ៊ុន និងក្រសួងច្រើនដឹងហើយ ប៉ុន្តែ អត់ដែលឃើញមកដោះស្រាយ អត់​ដែល​មាន​ដំណោះ​ស្រាយ​សោះ​ដល់សហគមន៍ខ្ញុំទេ។ ហើយអត់ដែលប្រាប់ព័ត៌មានអីដល់ពួកខ្ញុំដែលរងគ្រោះហ្នឹង ហើយប្រជាពលរដ្ឋខ្ញុំគាត់​អត់ដឹង​ពី​ព័ត៌មាន​អីច្បាស់​លាស់ទេ»

លោកបន្ថែមថា ចាប់តាំងពីគេអភិវឌ្ឍន៍នៅតំបន់នោះមក ផ្ទះរបស់ពួកគាត់ត្រូវលិចទឹក ស្ទះលូ​បង្គន់ លិចផ្លូវពិបាក​ក្នុងធ្វើដំណើរព្រោះ​គ្មាន​ប្រព័ន្ធ​លូ​បង្ហូ​ទឹក​នៅតំបន់នោះទេ។

លោកស្នើឱ្យរដ្ឋាភិបាលកាត់តំបន់នោះចេញពីគម្រោងអភិវឌ្ឍន៍នោះ និងផ្តល់ប្លង់កម្មសិទ្ធិដល់ពួកគាត់ និង​​អភិវឌ្ឍន៍នៅនឹង​កន្លែង​ដោយ​គ្មាន​ការ​បណ្តេញ​ចេញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ