អ៊ិន សុភិន ថាភាពយន្តខ្មែរដល់ពេលហើយ បញ្ចប់ការទទូច​សុំ​​អ្នកគាំទ្រ

ម្ចាស់ផលិតកម្មមហាហង្ស លោក អ៊ិន សុភិន (វង្ស សុុម៉ាលីន)

​​មិនខុសពីការអះអាងរបស់​ផលិតករ​​ភាគច្រើនដែលបាន​ប្រកាសថា​​ភាពយន្ត​ខ្មែរមិនអាច​បន្តសភាព​​​ផលិតរឿង
ហើយ​​​​​អង្វរករ​អោយ​អ្នកទស្សនា​​គាំទ្រ​ស្នាដៃ​កូនខ្មែរ លោក​ អ៊ិន សុភិន ម្ចាស់ផលិតកម្មមហាហង្សក៏បានប្រកាសផងដែរថា ​​​វាល្ម​មដល់ពេលនោះហើយ ​ដែលខាងផលិតករ​​​​ក្នុងស្រុកត្រូវតែពង្រឹង​គុណភាព​ផលិតរឿង​​អោយមានការ​​ទទួលស្គាល់ ដោយមិនចេះតែផលិតរឿង​​​​ឆិនឆៃៗ ហើយ​​​​ស្រែកសុំអោយ​​​មហាជនគាំទ្រៗ ​ក្នុងពេលដែលស្នាដៃរបស់ខ្លួន​​​នៅតែមានការ​​​កែប្រែ​​​គុណភាព។

លោកថ្លែងបែបនេះ ព្រមជាមួយនឹង​ការប្រកាស​ផលិតភាពយន្តក្រោយៗ អោយក្លាយជា​ភាពយន្ត​ប្រកួតប្រជែងតាមរយៈការ​ចាប់ដៃជាមួយ​ផលិតករ​​បរទេស និង​អ្នកជំនាញ​ក្នុងស្រុក​ ដោយមិនធ្វើ​ការ​ផលិត​​ដូចការផលិតមុនៗ។ ​លោក អ៊ិន សុភិន និយាយថា បន្ទាប់ពីបាន​​ចូលរូមប្រកួតភាពយន្តនៅក្នុងមហោស្រព​​ភាព​យន្តថ្នាក់ជាតិ​កាលពីថ្ងៃទី​​​៦ ធ្នូ ​ធ្វើអោយ​លោក​យល់ដឹង​កាន់តែច្បាស់​ពីទម្រង់នៃការ​ផលិតភាពយន្តបែបណា​​ អោយមានការ​គាំទ្រ និងមានទីផ្សារ​នៅ​​ចំណោមអ្នកចេះ​​​​​ទស្សនាភាពយន្តខ្នាតធំ និង​​​​​ទីផ្សារក្រៅប្រទេស។

លោកថា​​​​វាដល់ពេលហើយដែល​ខាង​ផលិតករ ត្រូវតែខំប្រឹង​ប្រែងធ្វើខ្លួនអោយខ្លាំង ហើយ​​​ឈប់​​ស្រែកថ្ងូរថា​ហេតុអ្វីបានជា​​​អ្នកគាំទ្រក្នុងស្រុក​​​​ផ្កាប់មុខ​តែរឿងបរទេស ដោយមើលរំលងភាពយន្តក្នុងស្រុក។ លោកថា​បើ​ផលិតករ​គ្រប់រូប​​យកចិត្តទុកដាក់ពង្រឹងគុណភាពនិង​ផលិតភាពយន្តអោយល្អ គឺមិនខ្វះនោះទេ​ចំពោះការ​គាំទ្រ​ជាពិសេស​គឺ​​​អ្នក​ចង់​ទស្សនាភាពយន្តល្អៗ​​ដែលមាន​គុណភាព។

លោកប្រកាស​​​​​ចាប់ដៃជាមួយ​ផលិតករ​បរទេស ដោយ​ចាប់ពីឆ្នាំ​​២០១៨ទៅ លោកថា​​ផលិតកម្មមហាហង្ស​នឹង​​ធ្វើភាពយន្ត​​អោយមានគុណភាពនិងមានស្ដង់ដារគ្រប់គ្រាន់​​​ក្រោយការផលិតរួច។ ជាក់ស្ដែងក្នុងការផលិតរឿង «ផ្ទះចុងភូមិ» ​ដែលលោកប្រកាសឡើងកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ លោកថា​​ជារឿងទី១ដែលខាងមហាហង្ស​​​សម្រេច​ចាប់ដៃជាមួយ​​អ្នកបច្ចេកទេស​​មកពី​​បរទេស ដែលមានជំនាញ​​​​​​លើការ​ពង្រឹង​គុណភាព​​រឿង
​​បើទោះជាការ​ចាប់ដៃនោះ​តម្រូវអោយខាងផលិតកម្ម​​មានការ​ចំណាយខ្ពស់​​​​​ ​លើសការ​​​​​​​ផលិតរឿង​ដែលប្រើតែធនធាន​​​​ផលិតករក្នុងស្រុកសុទ្ធសាធ។

ដ្បិតថា លោក ជុំ វិចិត្រ អ្នកដឹកនាំរឿងរបស់មហាហង្ស ​​បានទទួល​តំណែងជាអ្នក​ដឹកនាំ​​សម្ដែងឆ្នើមប្រចាំ​មហោស្រពភាពយន្តថ្នាក់ជាតិ​ ​​ដែល​​ប្រកាស​​​​​​​ដោយក្រសួង​វប្បធម៌ តែលោក​ប្រកាសថា​មិនអាចរំពឹងតែលើមហាហង្ស​មាន​អ្នកដឹកនាំ​​រឿងឆ្នើម​​​​រួច​ហើយក៏​​​​​​​​​​​អត់​​​​រវល់ក្នុងការ​ពង្រឹង​គុណភាពដោយចាប់ដៃជាមួយ​​​អ្នកមានជំនា
ញ​​បន្ថែមទៀតបានទេ គឺដាច់ខាតត្រូវតែ​​​​​​​​​​រកគន្លឹះ​ពង្រឹង​គុណភាពរឿង​អោយកាន់តែ​ល្អបន្ថែមទៀត ដើម្បី​កុំអោយផលិតកម្មរបស់លោកដែលទើបទទួលបានពានថាជា​​​​​​​ផលិត​កម្មដែលមាន​អ្នកដឹកនាំសម្ដែងឆ្នើម​​​ ត្រូវគេកត់សម្គាល់ថា​មិនមានអ្វីប្រែប្រួល។

ការផលិតរឿង​​​ក្នុងពេល​បន្ត​បន្ទាប់ ​លោកថា​ផលិតកម្មមហាហង្ស​​នឹង​​​​ចាប់ផ្ដើម​​​​​​​​​ចាប់ដៃជាមួយ​ផលិតករ​បរ
ទេស​​មួយជំហានម្ដង​ៗ ​ជាក់ស្ដែង​​ក្នុងការ​​​ផលិតរឿង ​​«​​ផ្ទះ​ចុងភូមិ» នឹងក្លាយជាភាពយន្តទី១ដែលមាន​អ្នកបច្ចេកទេស​​​​​​​​កុនជាជន​បរទេសចូល​រួម​ពេញទំហឹង ក្នុងពេលដែល​ការផលិតរឿងចាប់​ពីដើម​ឆ្នាំ​​២០១៨ គឺ​នឹង​​​​ឈានដល់​​​ការចាប់ដៃជាមួយ​ផលិតករ​បរទេសអោយ​មកដឹកសម្ដែងអោយ​​ផង។

លោក​ប្រកាសជំហរ​ថា ​​​​​​​​ក្រោយការ​​​ឈ្នះពានចំនួន​​១ក្នុងចំណោម​​៩ដែលបានប្រគល់អោយ​​​​​ដោយក្រសួង​វប្បធម៌ ក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្ត​ថ្នាក់ជាតិ គឺលោក​​នឹង​មានគម្រោងផលិតរឿងមិន​គ្រាន់តែដើម្បីអោយ​​​មានៗ​​​​បំពេញតម្រូវការ​​​អ្នកទស្សនានោះទេ តែនឹង​ផលិត​អោយមានស្ដង់ដារ អោយ​​​​​​​​មានឱកាស​ប្រកួតប្រជែង​ខ្ពស់​​សម្រាប់ការប្រលង​ភាពយន្ត​​ថ្នាក់ជាតិនៅ​​២ឆ្នាំក្រោយនិង​​​ធ្វើអោយរឿងដែលខ្លួនផលិត​​បានក្លាយជារឿង​​​​ដែល​​​អាចឈាន​ចូល​ទីផ្សារក្រៅប្រទេស។

​លោកថាភាពយន្ត​កម្ពុជាមិនពិបាក​​ដាក់បញ្ចាំងនៅក្រៅប្រទេសនោះទេ អោយ​ភាពយន្តទាំងនោះ​កុំ​​​​ផ្ដោតលើទម្រង់ខ្មោច​ខ្លាំងពេក កុំ​ផ្ដោត​លើសំណើចខ្លាំង​ពេក ហើយ​​​​ត្រូវ​​​ផលិតរឿងមួយ​អោយមានស្ដង់ដារទាំងប្លង់ ទាំង​​​រូប​ភាព ទាំង​សាច់រឿង និងទាំង​ការដឹកនាំសម្ដែង​​។

លោកនៅតែអះអាងថារយៈពេលច្រើនឆ្នាំមក​ហើយ ដែល​​​ក្រុមផលិតករខ្មែរតែងតែ​​ថ្ងូរ​​សុំអោយមានការ​គាំទ្រ​ភាពយន្តក្នុងស្រុក នៅក្នុងកាលៈទេសៈដែលភាពយន្តបរទេស​កាន់តែល្អ ហើយភាពយន្តក្នុងស្រុកគឺ​ចេញមិនរួច​​ពីការ​ខ្វះចន្លោះ ជាពិសេសគឺសំឡេងនិងប្លង់។​

លោក អ៊ិន សុភិន ប្រកាសថាភាពយន្ត ​«​ផ្ទះចុង​ភូមិ» នឹង​ក្លាយជាភាពយន្តសាកល្បងមួយដែល​មហាហង្ស
​ងាកមកចាប់ដៃជាមួយផលិតករ​បរទេស ​ដើម្បី​​ប្រកួតប្រជែងទីផ្សារ ដោយ​ក្រៅពី​គ្រោងចំណាយ​​ច្រើនជាង​​៥​ម៉ឺនដុល្លារក្នុងការផលិត​​​ភាពយន្តក៏​​ជម្រើសយក​តារាសម្ដែង​​ល្អៗ​​​​​យក​មក​សម្ដែង​​​ផងដែរ ដូចជា​​នាយគ្រឿន កញ្ញា ម៉ៅ គឹមធីតា លោកជា សុវណ្ណនរាហ៍ អ្នកនាង សឿន ផាន់​ផាភួង, កញ្ញា ដានី អារីយ៉ា, លោក យន់ រិទ្ធយ៉ាន
​និងតារា​ល្បីឈ្មោះជាច្រើនរូបទៀត ដែលការ​ផលិតរឿងនេះ​គឺលោកសម្រាំង​យកតែ​តារាដែលមាន​ទេពកោសល្យ​​សម្ដែងខ្ពស់ និងមានឈ្មោះបោះសំឡេង​នៅក្នុងវិស័យសម្ដែងតែម្ដង។

លោកថាភាពយន្តនេះ​​​​​​ពោរពេញដោយ​​​ឈុតឆាក​កំប្លែង ខ្មោច រន្ធត់ ស្នេហាព្រាត់ប្រាស អាថ៌កំបាំង និងឈុតឆាកគ្រោះថ្នាក់ជាច្រើនទៀត ទើបតម្រូវអោយ​ផលិតកម្មមហាហង្ស​ត្រូវតែរក​​អ្នក​បច្ចេកទេស​បរទេស​មកជួយ​
ទាំងស្រុង​ ​​​បើទោះមិនទាន់ឈានដល់ការ​ចាប់ដៃ​អោយផលិតករ​​​បរទេសមកជួយលូកលាន់ក្នុងរឿងច្រើនជាងនេះ។

​លោកថា​ភាពយន្តរឿង​ «ផ្ទះចុងភូមិ» ត្រូវបានដំណើរការចេញថតក្រោយ​ការក្រុងពាលី ​ដោយតាមគម្រោងគឺអាចរហូតដល់​​​ពាក់កណ្ដាលឆ្នាំឬចុង​ឆ្នាំក្រោយទើប​អាចបញ្ចាំងក្នុង​រោងបាន ដោយសារតែលោក​​ចង់​​​​​​ពង្រឹង​បច្ចេកទេសផលិត និងគុណភាព​​​​​​​ ​ដោយ​មិន​​បង្ខំ​អោយ​​​ហើយលឿនៗដូចមុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ