លោក ហ៊ុន សែន គំរាមបាញ់កាំជ្រួចហ្វួង BM-21 បើលោក សម រង្ស៊ី បង្កើតតំបន់អប្បគមន៍

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន (FB: លោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន ​សែន បាន​គំរាម​បាញ់កាំជ្រូច​ហ្វូង BM-21 កម្ទេចចលនាសង្គ្រោះជាតិផ្ដួច​ផ្ដើម​ដោយ​​​គូ​ប្រជែង​នយោបាយ​របស់​លោក ប្រសិន​បើ​ចលនា​ថ្មី​នេះ ឈានទៅបង្កើតតំបន់អប្បគ​មន៍​ប្រឆាំងនឹងការដឹកនាំ​របស់លោ​កនោះ។

អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដែល​កំពុង​រស់​នៅ​និរទេស​ខ្លួន​ឯង​នៅ​ឯ​ក្រៅ​ប្រទេស​នោះ បាន​ប្រកាស​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​នៅ​ឯ​សហរដ្ឋ​អាមេរិក ដោយ​ថា ដើម្បី​បំផុស​មហាជន​ឲ្យ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន។

បើទោះបី​ជា​ប្រតិកម្ម​តប​ដោយ​មិន​លើក​ចំ​ឈ្មោះ​លោក សម រង្ស៊ី ក៏​ដោយ ប៉ុន្តែ លោក ហ៊ុន សែន បាន​ចាត់​ទុក​ចលនា​ថ្មី​នេះ​ ជា​ការ​បង្កើន​សម្ពាធ​ទៅ​ដល់​អ្នក​គាំ​ទ្រ​ទៅ​វិញ។

លោក ហ៊ុន សែន ក្នុងពិធីចែកសញ្ញាប័តដល់និស្សិត​នៅរាជធានីភ្នំពេញ​នាថ្ងៃនេះ ថ្លែងទៀតថា បើចលនានេះ​ឈានទៅបង្កើតតំបន់អប្បគមន៍​នោះ លោកព្រមានថា ក្នុងនា​មលោកជាអនុប្រធានឧត្តមក្រុមប្រឹក្សាការពារជាតិមួយរូបដែរ​នោះ នឹងបញ្ជា​ឲ្យ​បាញ់ BM-21 ដើម្បីកម្ទេ​ចចល​នានេះ។

លោកថា៖ «គ្មាននរណាផ្តួល ហ៊ុន សែន បាន​ក្រៅពី ហ៊ុន សែន បានទេ សូមបញ្ជាក់ជូនៗនៅកន្លែងនេះ។ ស្អី អារឿង​ស្រែ​​​កឡូឡាស្អីនៅប៉ុន្មានថ្ងៃនេះ សូម​កុំសង្ឃឹម ខ្ញុំគ្រាន់តែប្រាប់ទៅ អ្នកឯងកុំបង្ខំ​ឲ្យគេវាយដែកគោ​លទៅក្តា​មឈូ​សរបស់អ្នកឯងបន្តទៀត កុំសង្ឃឹមឲ្យសោះ។ បើនៅក្នុងដៃតុលាការ វាជារឿងមួយ ប៉ុន្តែ បើចូលក្នុងក​ម្រិតអប្បគមន៍ហើយ​ សូម្បីតែ BM-21ក៏គេហ៊ានវា​យ​ចូល​ទៅក​​ន្លែងហ្នឹងដែរ។ គេមិនអា​ចឲ្យប្រទេសនេះមានអ​ប្បគមន៍សារជា​ថ្មីទេ សុំទោសប្រាប់ឲ្យហើយ ខ្ញុំមិននិ​យាយទេ​ប៉ុន្មាន​ថ្ងៃនេះ ក៏ប៉ុន្តែ ចលនាស្អីមក អញ្ចើញចុះ ហើយមកខ្លួនឯងល្អបំផុតហើយ»។

លោក ហ៊ុន សែន បាន​ព្រមាន​បែប​នេះ មិន​ដល់​មួយ​សប្ដាហ៍​ផង បន្ទាប់​ពី​គូ​ប្រជែង​នយោបាយ​របស់​គឺ​លោក សម រង្ស៊ី បាន​ប្រកាស​ជា​ផ្លូវការ​នូវ​ការ​បង្កើត​ចលនា​សង្គ្រោះ​ជាតិ នៅ​ឯ​សហរដ្ឋ​អាមេរិក។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ អះ​អាង​ថា ចលនា​ថ្មី​របស់​លោក នឹង​ជំរុញ​ពលរដ្ឋ​ឲ្យ​ធ្វើ​កូដកម្ម​ប្រឆាំង​នឹង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ពហិកា​ការ​ទិញ​ទំនិញ​អ្វី​មួយ​របស់​អ្នក​មាន​អំណាច ពន្យល់​កង​កម្លាំង​ប្រដាប់​អាវុធ​ឲ្យ​ឈរ​ខាង​ប្រជា​ពលរដ្ឋ និង​កុំ​ស្ដាប់​បញ្ជា​អ្នក​មាន​អំណាច ព្រម​ទាំង​ពន្យល់​ទៅ​សហគមន៍​អន្តរជាតិ​ឲ្យ​ឈប់​ផ្ដល់​កម្ចី​ដល់​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន។

លោក សម រង្ស៊ី អះអាងទៀតថា ចលនានេះ ក៏នឹងបើកផ្លូវឲ្យគណបក្សសង្គ្រោះជាតិដែលរំលាយទៅហើយនោះ បា​​​ន​ចូលរួមបោះឆ្នោតឡើងវិញ ដោយថា ឈានទៅដណ្តើម​ជ័យជម្នះ​ផ្តាច់ព្រ័ត្រ​​លើរបបដឹកនាំរបស់លោក ហ៊ុន សែ​​ន​ ផងដែរ។

លោកថា៖ «ឥឡូវ ហ៊ុន សែន ដើម្បីរស់ត្រូវខ្វីលុយគេ។ ខ្ចីពីលោកសេរីផង ហើយខ្ចីពីចិនផង។ ខ្ចីកាន់តែច្រើនឡើងៗ ហើយបើឈប់ខ្ចីពេលណា សេដ្ឋកិច្ចស្រុកខ្មែរនឹងឡុងឆុង ហើយ ហ៊ុន សែន ក៏មិនអាចនៅក្រា​ញអំណាចបា​នទៀតទេ។ ដូច្នេះ​ ចលនា​សង្គ្រោះជាតិនេះ ត្រូវតែធ្វើចលនាជាមួយម្ចាស់លុយ ប្រាក់កម្ចី​ថា កុំឲ្យ ហ៊ុ​ន សែន ខ្ចីលុយ​ទៀត​ ពី​ព្រោះ​​ ហ៊ុន សែន អស់ភាពស្របច្បាប់ហើយ»។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក សូ ចន្ថា បាន​ផ្ដល់​ជា​មតិ​ថា អ្វីដែលនាំឲ្យប្រទេសជាតិរីកចម្រើន និងផ្តល់ប្រយោ​ជ​ដល់ប្រ​ពលរដ្ឋនោះ លោកថា ការ​​ស្វែងរកដំណោះស្រាយឈានទៅ​ធានាកា​របោះឆ្នោតមួ​យដោ​យ​ត្រឹម​​ត្រូ​វ ​និ​​​ង​​យុ​​ត្តិ​ធ​ម៌ ឈរលើ​ស្មា​រតី​បង្រួបបង្រួមជាតិ ​មិនមែនយកគ្នាធ្វើជាសត្រូវនោះទេ។

លោកថា៖ «អ្វីដែលខ្ញុំសង្ឃឹមនោះ គឺចង់ឃើញដំណើរការប្រកួតប្រជែងនៅកម្ពុជានោះ​ដោយប្រក្រតីភាព មិនចង់​ឃើ​ញ​​​ខ្មែរចាត់ទុកគ្នាជាសត្រូវ ហើយកម្ទេចគ្នាទៅវិញទៅមកនោះទេ»។

ចំណែក​សាស្ត្រាចារ្យប្រវត្តិសាស្ត្រ លោក វង់ សុធារ៉ា ពន្យល់ដែរថា បើអ្នកនយោបាយ​ខ្មែរនៅតែ​បន្ត​ឈ្លោះ​​​​គ្នា លោកថា អ្នកដែលចំណេញពីជម្លោះនេះ គឺប្រទេស​ជិត​​ខា​ង មានវៀតណាម និងថៃ ចំណេ​ញ​​​ទាំ​ង​ផ្នែក​សេ​​​​​​ដ្ឋកិ​ច្ច ចំ​ណេញទាំង​ការរំកិលព្រំដែនដូចពីអតីតកាល ដូចដែលប្រវត្តិសាស្ត្របានកត់ត្រាទុក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ