អំពី វីអូឌី

វីអូឌី (VOD) ត្រូវ​បាន​​បង្កើត​ឡើង​​នៅ​ថ្ងៃ​ទី​​១៦ ខែ​មករា ឆ្នាំ​​២០០៣ ​ដោយ​​មជ្ឈ​មណ្ឌល​សិទ្ធិ​​មនុស្សកម្ពុជា CCHR។ វីអូឌី​ គឺ​ជា​ស្ថាប័ន​​​ព័ត៌​មាន​​ឯករាជ្យ​​ក្នុង​ស្រុក​​មួយ ដែល​​ផ្តល់​ព័ត៌​មាន ផលិត​​កម្ម​វិធី​​វិទ្យុ និង​ផ្សព្វ​ផ្សាយ​​​តាម​រយៈ​​គេហ​ទំព័រ​​​។ វីអូឌី គឺជាកម្មវិធីប្រព័ន្ធផ្សព្វផ្សាយមួយ ដែល​ដំណើរការ​​ដោយ​មជ្ឈមណ្ឌល​កម្ពុជា​​ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា ស៊ីស៊ីអាយអឹម (CCIM)។ ចំណែក ស៊ីស៊ីអាយអឹម ត្រូវ​បាន​បង្កើត​ឡើង​​និង​ចុះ​បញ្ជី​ស្របច្បាប់នៅ​ក្រសួងមហា​ផ្ទៃ​ កាល​​​​​ពី​ខែ​មិថុនា ឆ្នាំ២០០៧ ក្នុងគោល​បំណង​បន្ត​ផលិត​កម្មវិធីវីអូឌី ពី​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​។ ក្រោយការបង្កើតស្ថាប័នស៊ីស៊ីអាយអឹម VOD គឺ​ជា​កម្ម​វិធី​សំខាន់ ដែល​​បាន​ផលិត​កម្មវិធី​វិទ្យុ និង​ព័ត៌មានតាមអនឡាន​ប្រកប​​ដោយ​វិជ្ជាជីវៈ​។

ចាប់ពី​ឆ្នាំ​២០០៧​​ មកដល់​ពេល​បច្ចុប្បន្ន​នេះ វីអូឌី បាន​ផលិត​ដោយ​ជោគជ័យ និង​ប្រកប​ដោយ​ភាព​ទាក់​ទាញ​​​នូវព័ត៌មាន​​វិទ្យុ ព័ត៌មានអនឡាញ ទូរទស្សន៍អនឡាញ ហើយ​បាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​តាម​រយៈវិទ្យុ និងប្រព័ន្ធអ៊ីនធើណិត។

វីអូឌី ​បាន​ដើរតួនាទី​យ៉ាងសំខាន់​នៅ​ក្នុង​ការចូលរួម​វិភាគទាន ដើម្បី​​សម្រេច​ឲ្យបាន​នូវ​បេសកកម្ម​របស់​​ស៊ី​ស៊ី​អាយ​អឹម ដើម្បី​លើក​កម្ពស់​​អភិបាលកិច្ច​តាម​​បែប​​ប្រជា​ធិប​តេយ្យ និង​​ការ​ជំរុញ​​ឲ្យមាន​ការគោរ​ព​សិទ្ធិមនុស្ស​នៅ​ក្នុង​​ប្រទេស​​កម្ពុជា តាមរយៈ​ការអភិវឌ្ឍលើ​គ្រប់​វិស័យ និរន្តរភាព និង​បរិយាកាស​ឯករាជ្យ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​។

ដោយ​មាន​ទីតាំង​ស្ថិតនៅ​ផ្ទះ​លេខ​១៤​អា ផ្លូវ​លេខ​៣៩២ សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ បន្ទប់​​ផ្សាយ​និង​ផលិត​កម្មវិធី​របស់​​វីអូឌី ត្រូវបាន​រៀបចំ​ប្រកបដោយ​វិជ្ជាជីវៈ និង​ប្រកប​​ដោយ​​សិល្បៈ​ជាមួយ​នឹង​​ឧបករណ៍​​ទំនើប​​ស្រប​​ទៅ​តាម​​ការ​អភិវឌ្ឍ​ន៍​​នៃ​​បច្ចេក​វិទ្យា​។ បុគ្គលិក​​របស់វីអូឌី មាន​​បទ​ពិសោធន៍​​ក្នុង​​ការ​ផលិត​​កម្ម​វិធី​​វិទ្យុ ស្ព​ត បទ​​យក​ការណ៍ ការ​​ធ្វើ​​បទ​សម្ភាសន៍​ ការផលិតព័ត៌មាន និងការ​សរសេរ​​ព័ត៌​មាន​​ស៊ើប​​អង្កេត។​ល​។

នៅ​ឆ្នាំ​២០១១ គេហទំព័រ​ព័ត៌មាន www.vodkhmer.news បាន​​ត្រូវ​បង្កើតឡើង​ដើម្បី​បំពេញ​នូវ​​តម្រូវការ​ទទួលបាន​ព័ត៌មាន​របស់​ប្រជាពលរដ្ឋ​។ គេហទំព័រ​នេះ ​បាន​ផ្តល់​ព័ត៌មាន​គ្រប់​ទិដ្ឋភាព និង​គ្រប់​ទម្រង់​​​ជូន​ប្រជាពលរដ្ឋ​ក្នុងនោះ​រួម​មាន ការផ្តល់ជូន​នូវ​ព័ត៌មាន​ជាតិ​សំខាន់ៗ​ដែល​កើតឡើង​ស្ទើរ​តែ​រាល់​​វិនាទី ព័ត៌​មាន​​អន្តរជាតិ ព័ត៌​មាន​​អំពី​​សិល្បះ កីឡា​​ជាតិ​​ និង​អន្តរ​ជាតិ សេដ្ឋ​កិច្ច វិទ្យាសាស្ត្រ​។​ល។

នៅឆ្នាំ២០១៨ គេហទំព័រព័ត៌មានវីអូឌី បានដាក់បញ្ចូលទម្រង់នៃការទទួលព័ត៌មានចម្រុះបន្ថែមដល់អ្នកអាន អ្នកស្តាប់ និងអ្នកទស្សនា។ វីអូឌី បានដាក់បញ្ជូលព័ត៌មានជាអត្ថបទ ព័ត៌មានវីដេអូ និងព័ត៌មានខ្លីៗ ដែលរាយការណ៍ដោយពលរដ្ឋអ្នកសារព័ត៌មានតែមួយគឺ www.vodkhmer.news

ព័ត៌មានថ្មីៗ