អតីតនាយករដ្ឋមន្រ្តីប្រទេសម៉ាឡេស៊ីលោក មហាធៀ មហាម៉ាត់ (Mahathir Mohamad) បានចាកចេញពីគណបក្សរួបរួមជាតិម៉ាឡេ(United Malays National Organisation)ដែលជាគណបក្សកាន់អំណាចរបស់ម៉ាឡេស៊ីនាពេលបច្ចុប្បន្ន។
សារព័ត៌មាន Channel News Asia បានរាយការណ៍ថា លោក មហាធៀ បានមានប្រសាសន៍ទៅកាន់អ្នកសារព័ត៌មាននៅក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃចន្ទម្សិលមិញថា លោកមិនហៅគណបក្សនោះថាគណបក្សរួបរួមជាតិម៉ាឡេទៀតទេ ដោយលោកចាត់ទុកថាវាជាគណបក្សរបស់លោក ណាជីប ដែលជានាយករដ្ឋមន្រ្តីម៉ាឡេស៊ីនពេលបច្ចុប្បន្ន។ លោក មហាធៀ បន្តថា លោកមានអារម្មណ៍ថាអាម៉ាស ដែលលោកមានជាប់ពាក់ពិនជាមួយនឹងគណបក្សដែលលោកថាត្រូវគេមើលឃើញបានគាំទ្រអំពើពុករលួយ។
លោក មហាធៀ មានប្រសាសន៍ថា៖ “ខ្ញុំមានការអាម៉ាស់យ៉ាងខ្លាំងចំពោះរឿងទាំងអស់ដែលបានកើតឡើង ខ្ញុំបានសម្រេចចិត្តថា ខ្ញុំមិនអាចជាផ្នែកនៃរឿងទាំងអស់នេះបានទេ ដូច្នេះរឿងតិចតួចបំផុតដែលខ្ញុំអាចធ្វើបានគឺចាកពីគណបក្ស”។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក មហាធៀ ក៏បានចោទលោក ណាជីប ថាបាន “ប្លន់” យកគណបក្សរួបរួមជាតិម៉ាឡេ ដើម្បីរក្សាខ្លួនឯងនៅក្នុងអំណាច និងរួចផុតពីការកាត់ទោសព្រហ្មទណ្ឌ ពេលដែលមានរឿងអាស្រូវអំពើពុករលួយជុំវិញគម្រោងមូលនិធិអភិវឌ្ឍ ម៉ាឡេស៊ីតែ១(1MDB)។ លោកបានថ្លែងថាលោកខ្ញុំកំពុងតែព្យាយាម ដើម្បីធ្វើឱ្យប្រាកដថា លោក Najib នឹងមិនបន្តធ្វើជានាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ីតទៅទៀត។
លោក មហាធៀ ឲ្យដឹងដែរថា លោកនឹងបង្កើតគណបក្សថ្មី ឬចូលរួមជាមួយគណបក្សផ្សេងទៀតនោះទេ ដោយលោកថា លោកនឹងប្រឡប់ទៅគណបក្សរួបរួមជាតិម៉ាឡេវិញ ប្រសិនបើគណបក្សនេះ “ត្រូវបានស្ដារឡើងវិញ”។
បន្ទាប់ពីការប្រកាសចាកចេញរបស់លោក មហាធៀ សារព័ត៌មាន Malaysiakini បានរាយការណ៍ថា អតីតមេដឹកនាំផ្នែកមួយនៃគណបក្សរួបរួមជាតិម៉ាឡេ លោក Khairuddin Abu Hassan ក៏បានប្រកាសចាកចេញពីគណបក្សនេះផងដែរ ដោយលោកអះអាងថា លោកអស់ជំនឿលើថ្នាក់ដឹកនាំរបស់គណបក្សនេះ ដែលលោកថាកំពុងដឹកនាំគណបក្សទៅរកមហន្តរាយ៕
ប្រភព៖ Channel News Asia