ឯកសារ​បង្ហាញ​ថា សភាមីយ៉ាន់ម៉ានឹង​ផ្លាស់ប្តូរកាលបរិច្ឆេទបោះឆ្នោតរើសប្រធានាធិបតី

(លោកស្រី អ៊ុង សានស៊ូជី – រូបភាពពី ​mirror.co.uk)

ម្ចាស់ជើងឯកប្រជាធិបតេយ្យរបស់​មីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី គឺទំនងជាពន្លឿន​ការបោះឆ្នោតរើស​ប្រធានាធិបតីរបស់ប្រទេសនេះ ដោយ​ការ​ផ្លាស់​ប្ដូរ​នៅនាទីចុងក្រោយនេះ​ធ្វើ​ឡើង​បន្ទាប់ពីមានកិច្ចពិភាក្សាអស់​ជា​ច្រើន​សប្តាហ៍ជាមួយក្រុម​​យោធាដែលគាំទ្រ​រដ្ឋធម្មនុញ្ញដែលរារាំងមិន​ឲ្យ​លោក​ស្រីទទួល​បាន​តំណែង​ដ៏​ខ្ពស់​ជាង​គេ​របស់​ប្រទេស​នេះ​។

សារព័ត៌មាន Reuters បាន​រាយការណ៍​ថា​ សភាមីយ៉ាន់ម៉ាដែល​គ្របដណ្តប់ដោយគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិ​​បតេយ្យ (NLD)របស់​លោកស្រី អ៊ុងសាន ស៊ូជី ដែលឈ្នះ​ឆ្នោត​ជាប្រវត្តិសាស្រ្តកាល​ពី​ខែ​វិច្ឆិកា  ឆ្នាំ​២០១៥​នោះ នឹងផ្លាស់ប្តូរកាលបរិច្ឆេទនៃការបោះឆ្នោតប្រធានាធិបតី ដែល​កាលពីលើកមុនបានកំណត់យកថ្ងៃ​ទី​១៧ ខែមីនា។ នេះបើយោងតាម​​របៀបវារៈសម្រាប់សម័យប្រជុំសភានៅ​ថ្ងៃអង្គារនេះ។

សមាជិក​គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិ​​បតេយ្យ និងអ្នកវិភាគនិយាយថា គណបក្សនេះគឺទំនងជាបង្កើន​ល្បឿន​ការបោះឆ្នោត ដើម្បីបញ្ចប់ជម្លោះរវាងកងទ័ព និងគណបក្សរបស់​លោក​ស្រី ដែល​បាន​អូស​បន្លាយ​ពេលអស់​ច្រើន​សប្ដាហ៍​មក ទៅ​លើបញ្ហា​ថាតើ​​រដ្ឋធម្មនុញ្ញ​សរសេរ​​ដោយ​​របបយោធាដែលរារាំងលោកស្រី ស៊ូជី ពីការក្លាយជាប្រធានាធិបតីនោះ​ គួរត្រូវធ្វើវិសោធនកម្ម ឬ​យ៉ាង​ណា​។

ដើមឡើយ កាលបរិច្ឆេទនៃ​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នេះ​ត្រូវ​បាន​កំណត់តែពីរសប្តាហ៍ប៉ុណ្ណោះ មុនពេលការ​ចាប់​ផ្ដើ​នៃរដ្ឋាភិបាលថ្មីដែល​ត្រូវបានកំណត់ថា​នឹងចាប់ផ្តើមនៅថ្ងៃទី១​ ខែមេសា។ កាល​បរិច្ឆេទ​នោះ​បានផ្ដល់ពេល​ឱ្យលោកស្រី ស៊ូជី ដើម្បី​មាន​ពេល​ចរចា​សម្រាប់​​លក្ខខណ្ឌនៃការ​ផ្លាស់​ប្ដូរ​នេះ​។ ប៉ុន្តែក្រុម​អ្នក​វិភាគ​យល់​ថា ដោយ​សារ​មាន​ការ​ប្រឈម​ជាមួយ​យោធាឥតឈប់ឈរនោះ លោកស្រីស៊ូជី បានសម្រេចចិត្តពន្លឿន​ការបោះឆ្នោត ដើម្បីមាន​ពេល​សម្រាប់​រៀបចំសម្រាប់រដ្ឋាភិបាល​៕

ប្រភព៖ Channel News Asia

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ