លោក ហ៊ុន​ សែន ឌឺដងលោក កឹម សុខា ខណៈអន្តរជាតិជំរុញឲ្យស្តាប្រជាធិបតេយ្យ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោក កឹម សុខា

មេដឹកនាំបក្សកាន់អំណាច បានបន្តឌឺដងទៅបក្សប្រឆាំងថា ដោយសារ​តែប្រ​ឆាំង​ខុស​រឿង ទើបរលាយ និងខ្លះ​​ជាប់​ពន្ធនាគារ ខណៈអន្តរជាតិ​កំពុងដាក់​ស​ម្ពា​ធឲ្យរដ្ឋាភិបាលស្តាប្រជាធិបតេយ្យឡើងវិញ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាមេដឹកនាំបក្សកាន់អំណាច ក្នុងពិធីមួយនៅខេត្តកំពង់ចាម នៅថ្ងៃនេះ បានថ្លែ​ងបែប​រំឭ​កដោ​​យមិនបញ្ចេញឈ្មោះថា កន្លងទៅគេទាមទារ​ឲ្យលោកចុះចេញពីដំណែង ដោយថា ខណៈ​លោ​​​កកំពុងកាន់អំណា​ចស្រប​ច្បា​​ប់ តា​មការបោះឆ្នោត។

លោកថា៖ «ព្រោះខ្ញុំព្រះករុណាខ្ញុំ មនុស្សខុសគេ បើមិនចង់ឲ្យទៅ គឺទៅ ហើយបើចង់ឲ្យចេញ អញនៅ​ តែប៉ុណ្ណឹង។ ​​រឿ​ង​អីមកស្រែក ហ៊ុន សែន អើយចុះចេញទៅ អញឈ្នះឆ្នោតសោះ។ ហ៊ុន សែន អើយចុះចេញទៅ ស្រែកដូច​ខ្មោចទា​របាយ ចាំតែចុះតើ?»។

លោក ហ៊ុន សែន ថ្លែងបែបឌឺដងថា ការប្រឆាំងខុសរឿងបែប​នេះហើយ បា​នជំរុញឲ្យមា​នការំលា​យគណបក្ស និង​អ្ន​​កខ្លះ​កំពុ​ង​ដេក«គុក»។

លោកថា៖«ដោយសារតែអញ្ចឹងបានវាជាប់គុក។ ដោយសារអញ្ចឹងបានវារត់ចោលស្រុក។ ដោយសារអញ្ចឹងបានវារលាយ រឿងវាអញ្ចឹង។ ហើយបើវាធ្វើល្អ អាហ្នឹងវាអស់សាច់រឿង​ហើយ វា​មានអីទាស់​ទៀត ហើយខ្ញុំព្រះករុណា មិនមែនជាអ្នកបង្កើតរឿងបង្កើតរ៉ាវទេ»។

ក្រោយពីគណបក្សប្រឆាំង បានកើនសំឡេងគាទ្រទាំងនៅរដ្ឋសភា និងក្រុមប្រឹក្សាឃុំ-សង្កាត់ ប្រហាក់ប្រហែល​នឹងបក្សកាន់អំ​ណាចដែរនោះ មេដឹកនាំបក្សប្រឆាំងលោក កឹម សុខា ត្រូវបានចាប់ឃុំខ្លួនទាំង​មានអភ័យឯកសិ​ទ្ធិសភា នៅថ្ងៃទី៣កញ្ញាឆ្នាំមុន ចោទថា«ក្បត់ជាតិ»។

ក្រោយមក នៅថ្ងៃទី១៦ ខែវិច្ឆិកាឆ្នាំ២០១៧ តុលាការកំពូលបានប្រកាសរំលាយគណបក្សនេះ ព្រមទាំងហា​មមន្ត្រី​ជាន់​ខ្ពស់​របស់​បក្ស​នេះ ​១​​​១​​​៨នាក់ផ្សេងទៀត មិនឲ្យធ្វើនយោបាយរយៈពេល ៥ឆ្នាំ​ទៀតផង។

គិ​តត្រឹមថ្ងៃព្រហស្បតិ៍នេះ លោក កឹម សុខា ត្រូវឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ជិត ៦​ខែ​មក​ហើ​យ​។

ការចាប់ឃុំខ្លួនមេដឹកនាំបក្សប្រឆាំង ប្តឹងរំលាយគណបក្សសង្គ្រោះជាតិ និងបិទលំហ​ប្រជា​ធិ​ប​តេ្យ ជំរុញឲ្យ​ប្រទេសលោកសេរី ផ្តា​ច់ជំ​​នួយជាបន្តបន្ទាប់ ដល់រដ្ឋាភិបាលកម្ពុជា និងគំរាមដា​ក់ទណ្ឌ​កម្ម​​​សេ​​ដ្ឋកិច្ច បើមិនស្តា​រ​​​ប្រ​ជា​ធិ​បតេ​យ្យឡើ​ងវិញ។

អ្នកវិភាគនយោបាយ លោកបណ្ឌិត មាស នី យល់ថា សារបែបនេះបង្ហាញថា អ្នកនយោបាយ នៅតែយកគ្នា​ជាសត្រូវ ក្នុងការប្រជែងអំណាច ដូចពីអតីតកាល ទោះបីរដ្ឋធម្មនុញ្ញចែងថា កម្ពុជាអនុវត្ត​លទ្ធិប្រជា​ធិប​តេ​យ្យ​​ក៏​ដោយ។

លោក មាស នី វិភាគទៀតថា បើស្ថានកា​រន​យោបាយ មិនវិលថយក្រោយ ងាកទៅរៀបចំការបោះឆ្នោតមួយ ឲ្យ​មា​​​ន​​តម្លា​ភាព និងយុត្តិធម៌ទេ លោកថា រដ្ឋាភិបាលថ្មីកើតក្រោយបោះឆ្នោត និងជួបវិបត្តិទាំងផ្នែកសេដ្ឋកិច្ចនិង ន​យោ​បាយលើឆាកអន្តរជាតិ តាមរយៈសម្ពាធ ពីប្រទេសលោកសេរី។

លោកថា៖ «បើសិនជារដ្ឋាភិបាលនៅទីក្រុងភ្នំពេញគាត់នៅតែធ្វើអីដែលវាបង្ហាញថារំលោភសិទ្ធិមនុស្សអីធ្ងន់ធ្ងនៅក្នុងអាណត្តិរបស់គាត់ខាងក្រោយហ្នឹងទៀត រឿងព្យួរអាសនៈ[នៅអង្គការ​សហប្រជាជាតិ]ជារឿ​ងមួយបន្ទាប់​។ប៉ុន្តែ​ខ្ញុំគិ​​តថាវាទម្រាំចូលដល់ចំនុចហ្នឹង វាត្រូវាករលក្ខខណ្ឌស្អីផ្សេងទៀត»។

យ៉ាងណាក៏ដោយនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានថ្លែង​កាលពីខែមុន​ថា កុំឲ្យបរទេស​យកកម្ពុជា​ធ្វើជា​ចំណាប់ខ្មាំង ដោយសារតែបញ្ហាប្រជាធិបតេយ្យនៅកម្ពុជា។

ប៉ុន្តែ អ្ន​កវិភាគថា សហគមន៍អន្តរជាតិ មានកាតព្វកិច្ចឃ្លាំមើល និងជំរុញយន្តការប្រជាធិបតេយ្យនៅកម្ពុជា តាម​ស្មា​រតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ