វិភាគ៖ តើ​សង្គម​ស៊ីវិលសម្ដែង​ក្ដី​បារម្ភ​ដូចម្ដេច​ខ្លះ​ពីការ​បោះ​ពុម្ព​សន្លឹក​ឆ្នោត​បម្រុង​ច្រើន​លើស​លប់​របស់​ គ.ជ.ប?

ដោយ លោក សូរ្យ ជ័យឧត្ដម​​ | ថ្ងៃចន្ទ ទី១ ខែឧសភា ឆ្នាំ២០១៧​ ម៉ោង 8:31 AM | បទវិភាគបោះឆ្នោត | 0 | 1366

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ដែល​យើង​ហៅ​កាត់​ថា គ.ជ.ប នោះ គ្រោង​នឹង​បោះ​ពុម្ព​សន្លឹកឆ្នោត​ដល់​ទៅ​ជាង ៩​លាន ៤២​ម៉ឺន​សន្លឹក សម្រាប់​បម្រើ​ឲ្យ​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នា​ពេល​ខាង​មុខ។ ចំនួន​នេះ ត្រូវ​បាន​គេ​កត់​សម្គាល់​ឃើញ​ថា មាន​ចំនួន​លើស​ពី​ចំនួន​អ្នក​បោះ​ឆ្នោត​ពិត​ប្រាកដ​ជាង ៧​លាន ៨៦​ម៉ឺន​នាក់ ពោល​គឺ​ច្រើន​ជាង ២០​ភាគរយ។

អ្នក​នាំ​ពាក្យ​ គ.ជ.ប លោក ហង្ស ពុទ្ធា កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មេសា​កន្លង​មក​ថ្មីៗ​នេះ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា គ.ជ.ប គ្រោង​ចំណាយ​ប្រាក់​ជាង ២​លាន​ដុល្លារ​អាមេរិក សម្រាប់​បោះ​ពុម្ព​សន្លឹក​ឆ្នោត​ជាង ៩​លាន ៤២​ម៉ឺន​សន្លឹក​នោះ ដែល​ការ​បោះ​ពុម្ព​នឹង​ធ្វើ​ឲ្យ​រួច​រាល់​នៅ​ត្រឹម​ថ្ងៃ​ទី​២៣ ខែ​ឧសភា ពោល​គឺ​មុន​ការ​បោះ​ឆ្នោត​ថ្ងៃទី​០៤ ខែ​មិថុនា​ខាង​មុខ។

លោក ហង្ស ពុទ្ធា ដែល​ជា​សមាជិក​មួយ​រូបរបស់​ គ.ជ.ប.ផង​នោះ បាន​បញ្ជាក់​ថា សន្លឹក​ឆ្នោត​ជាង ៩​លាន ៤២​ម៉ឺន​សន្លឹក​នោះ រួម​បញ្ចូល​ទាំង​សន្លឹក​ឆ្នោត​បម្រុង​ទុក​ជាង ២០​ភាគរយ។

បន្ទាប់​ពី​ គ.ជ.ប សម្រេច​បោះ​ពុម្ព​សន្លឹក​ឆ្នោត​លើស​លប់​បែប​នេះ វា​បាន​ជំរុញ​ឲ្យ​មាន​ការ​ចោទ​សួរ​ថា តើ​បញ្ហា​នេះ​បង្ក​ឲ្យ​មាន​ក្ដីបារម្ភ​អ្វី​ខ្លះ​សម្រាប់​ដំណើរការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ?

ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើការងារ​ពាក់​ព័ន្ធ​នឹង​កិច្ចការ​បោះ​ឆ្នោត​នៅ​កម្ពុជា បាន​បង្ហាញ​ក្ដី​បារម្ភ​របស់​ពួកគេ​ចំពោះ​ការ​បោះ​ពុម្ព​សន្លឹក​ឆ្នោត​បម្រុង​ដ៏​ច្រើន​នេះ ហើយ​ពួកគេ​ក៏​បាន​ស្នើ​ឲ្យ​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​ពិចារណា​ផ្លាស់​ប្ដូរត្រង់​ចំណុច​នេះ​ផង​ដែរ។

នាយក​អង្គការឃ្លាំ​មើល​ការ​បោះ​ឆ្នោត​ហៅ​កាត់​ថា ​និកហ្វិច​ លោក សម គន្ធាមី មើល​ឃើញ​ថា តួលេខ​សន្លឹក​ឆ្នោត​បម្រុង មានទំហំ​ធំ​ជាង​តម្រូវការ​ជាក់​ស្ដែង​ឆ្ងាយ​ណាស់ ដោយ​លោកបាន​ផ្ដល់​ជា​មតិ​ថា គ.ជ.ប មិន​គួរបោះ​ពុម្ព​សន្លឹក​ឆ្នោត​បម្រុង​ក្នុង​ចំនួន​ច្រើន​ដល់​ទៅជាង ២០​ភាគរយ​បែប​នេះ​នោះ​ទេ។ លោក​បាន​ទាញ​ឧទាហរណ៍ទៅ​រក​ប្រទេស​មួយ​ចំនួន ដែល​លោក​ថា សន្លឹក​ឆ្នោត​បម្រុង​ម​ត្រូវ​បាន​គេ​បោះ​ពុម្ព​​មិន​លើស​ពី ៥​ភាគរយ​នៃ​ចំនួន​អ្នក​បោះ​ឆ្នោត​សរុប​នោះ​ឡើយ។

លោក សម គន្ធាមី មាន​ប្រសាសន៍​ថា​៖ បាទ! ជាការ​ពិត​ហើយ គ.ជ.ប.​ហ្នឹង កុម្ម៉ង់​រោង​ពុម្ព​ហ្នឹង បោះ​ពុម្ព​សន្លឹក​ឆ្នោត បើ​គិត​ពី​ចំនួន​សន្លឹក​ឆ្នោត​បម្រុង​ហ្នឹង វា​ប្រមាណ ២០​ភាគរយ​ជាង​ហ្នឹង​ឯង។ ចំនួន​សន្លឹក​ឆ្នោត [បម្រុង​]​នេះ វា​ហួស​ពី​តម្រូវការ​ចាំ​បាច់​ឆ្ងាយ​ណាស់។ បើ​ខ្ញុំ​ប្រៀប​ធៀប​ទៅ​នឹង​ប្រទេស​មួយ​ចំនួន គេ​បោះ​សន្លឹក​ឆ្នោត​ហ្នឹង​ចន្លោះ​ពី ២ ទៅ ៥​ភាគរយទេ សន្លឹក​ឆ្នោត​បម្រុង​ហ្នឹង​ណា ហើយ​យើង​ដល់​ប្រមាណ ២០​ភាករយ។ វា​ច្រើនលើស​លប់”

អ្នក​ឃ្លាំ​មើល​ដំណើរការ​នៃ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​រូប​នេះ បាន​ផ្ដល់​ជា​មតិ​បន្ថែម​ទៀត​ថា ការ​បោះ​ពុម្ព​សន្លឹក​ឆ្នោត​បម្រុង​​ក្នុង​ចំនួន​ច្រើន​បែប​នេះ វា​ជះ​ឥទ្ធិពល​ ឬ​ក៏​ជំរុញ​ឲ្យ​មាន​មន្ទិល​សង្ស័យ​ទៅ​លើ​តម្លាភាព​នៃ​ការ​ប្រើ​ប្រាស់​សន្លឹក​ឆ្នោត នៅ​ក្នុង​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ បើទោះបី​ជា គ.ជ.ប. មាន​យន្តការ និង​នីតិវិធី​គ្រប់​គ្រាន់ ដើម្បី​ធានា​តម្លាភាព​នៃ​ការ​បោះ​ឆ្នោត​ក៏​ដោយ។ ជាង​នេះ​ទៅ​ទៀត លោក​​បាន​ចាត់​ទុក​ថា ជា​ការ​ខ្ជះខ្ជាយ​ថវិកា​ផង​ដែរ​ ដោយសារ​ការ​បោះ​ពុម្ព​សន្លឹក​ឆ្នោត​បម្រុង​ដ៏​ច្រើន​លើស​លប់​បែប​នេះ។

អ្នក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​រូប​នេះ មាន​ប្រសាសន៍​បន្ត​ថា​៖ “វា​ពាក់​ព័ន្ធ​នឹង​តម្លាភាព​នៃ​ការ​ប្រើ​ប្រាស់​សន្លឹក​ឆ្នោត​ផង កាល​ណា​សន្លឹក​ឆ្នោតច្រើន​ពេក បោះ​ពុម្ព​បម្រុង​ច្រើន​ពេក វា​ពាក់​ព័ន្ធ​នឹង​ការ​ប្រើ​ប្រាស់​សន្លឹក​ឆ្នោត​ហ្នឹង វា​មិន​មាន​តម្លាភាពច្បាស់​លាស់​ទេ។ ខ្ញុំ​ចង់​និយាយ​ថា សន្លឹក​ឆ្នោត​យក​ទៅ​ប្រើ​ដោយ​វិធី​ផ្សេង​បាន ដូចជា​បន្លំ​សន្លឹក​ឆ្នោត​អី​ហ្នឹង វា​អាច​ប្រើ​ប្រាស់​បាន ប៉ុន្តែ គ្រាន់​តែ​នីតិវិធី យើង​មាន​ហើយ ប៉ុន្តែ មិន​គួរ​បោះ​ពុម្ព​ច្រើន​អញ្ចឹង​ទេ វា​ពាក់​ព័ន្ធ​នីតិវិធី​ប្រើ​ប្រាស់​សន្លឹក​ឆ្នោត។ ចំណុច​ទី​បី គឺ​ថវិកា មិន​គួរ​ចំណាយលើ​សន្លឹក​ឆ្នោត​បម្រុង​ហ្នឹង​​ច្រើន​ពេក វា​អស់​លុយ​ច្រើន​ដែរ ការ​ប្រើ​ប្រាស់ហ្នឹង​វា​ខ្ជះ​ខ្ជាយ”។

ជុំ​ការ​ចំណាយ​ថវិកា​ទៅ​លើ​ការ​បោះ​ពុម្ព​សន្លឹក​ឆ្នោត​បម្រុង​នេះ នាយក​ប្រតិបត្តិការ​អង្គការ​ខុមហ្វ្រែល លោក គល់ បញ្ញា ដែល​បាន​ធ្វើ​ការងារ​ខាង​កិច្ចការ​បោះ​ឆ្នោត​រាប់​ឆ្នាំ​មក​ហើយ​នោះ បាន​ផ្ដល់​ជា​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត​ថា គ.ជ.ប. នឹង​​ចំណាយ​ថវិកា​ចោល​ ៣០​ម៉ឺន​ដុល្លារ ទៅ​លើ​សន្លឹក​ឆ្នោត​បម្រុង​នោះ។

លោក គល់ បញ្ញា មាន​ប្រសាសន៍​ថា​៖ “វា​ច្រើន​ហួស​ពេក​ហើយ ច្រើន​ហួស​ពេក​ដែល​អាច​​ធ្វើ​ឲ្យ​ខ្ជះ​ខ្ជាយ​ថវិកា​ជាតិ ដើម្បី​បន្ថែម​លើ​សន្លឹកបម្រុង​ហ្នឹង​រហូត​ទៅ​ដល់​ប្រហែល​ជា ៣០​ម៉ឺន​ដុល្លារ​អាមេរិក ហើយ​វា​អាច​ហានិភ័យ​ខ្ពស់​ដែរ​អំពី​ការ​ប្រើ​ប្រាស់​មិន​ត្រឹម​ត្រូវ​នូវ​សន្លឹក​ឆ្នោត​បម្រុង​ហ្នឹង ព្រោះ​វាលើស​ច្រើន​ពេក វា​អាច​ថា វា​ជួប​ហានិភ័យ​ដែរ បើសិន​ជា​មាន​អ្នក​ចង់​បន្លែ​បន្លំ​នៃ​ការ​ប្រើ​ប្រាស់​សន្លឹក​ឆ្នោត​លើស​ហ្នឹង ហើយ​យើង​មាន​ការ​ព្រួយ​បារម្ភ​ពី​បញ្ហា​ហ្នឹង ព្រោះ​វា​លើស​ច្រើន​ពេក”។

ដោយ​យល់ថា ការ​បោះ​ពុម្ព​សន្លឹក​ឆ្នោត​បម្រុង​មាន​ចំនួន​ច្រើន​ពេក​នោះ លោក គល់ បញ្ញា បាន​លើក​យក​​ករណី​នៅ​ប្រទេស​ឥណ្ឌូនេស៊ី ដែល​នៅ​ទីនោះ សន្លឹក​ឆ្នោត​បម្រុង មិន​ត្រូវបាន​បោះ​ពុម្ព​លើស​ពី ២​ភាគរយ​នោះ​ឡើយ។

ក្នុង​នាម​ជា​អ្នក​​ធ្វើការងារ​បោះ​ឆ្នោត​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ លោក គល់ បញ្ញា បាន​សង្កេត​មើល​ទៅ​លើ​ការបោះ​ឆ្នោត​មុនៗ​ថា ចំនួន​ពលរដ្ឋ​ដែល​ចេញ​ទៅ​បោះ​ឆ្នោត​ជាក់​ស្ដែង​នោះ មិន​បាន​ពេញ​លេញ ១០០​ភាគរយ​នោះ​ឡើយ ជា​ពិសេស ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១៣​កន្លង​មក ចំនួន​អ្នក​បោះឆ្នោតជាក់​ស្ដែង មាន​ត្រឹម​តែ ៦៩​ភាគរយ​តែ​ប៉ុណ្ណោះ។

លោក គល់ បញ្ញា មាន​ប្រសាសន៍​ថា​៖ “​វា​មិន​ដែល​ទេ មាន​តែ​សម័យ​អ៊ុនតាក់​មួយ​ទេ​ដែល​យើងឃើញ​មាន​​​អ្នក​មក​បោះ​ឆ្នោត​ហ្នឹង​ជាង ៩០​ភាគរយ ហើយ​ក្រោយ​មក​ទៀត យើង​ឃើញ​មាន​ប្រហែល​ជា ៨០​ភាគរយ​ជាង ៧០​ភាគរយ។ ចុង​ក្រោយ​នេះ យើង​ឃើញ​មាន​ប្រហែល ៦៩​ភាគរយ។ អញ្ចឹង​ទេ ជាទូទៅ ការ​បោះ​ឆ្នោត វា​មិន​ទៅ​ដល់ ១០០​ភាគរយ​ទេអ្នក​បាន​ទៅ​បោះ​ឆ្នោត​។ គេ​បោះ​នៅ​ស្រុក​គេ បើ​តាម​ខ្ញុំ​ដឹងពី​អ្នក​ដែល​គេ​ធ្វើ​កិច្ចការងារ​សង្កេតការណ៍​បោះ​ឆ្នោត​នៅ​ប្រទេស​មួយ​ចំនួន ដូច​នៅ​ឥណ្ឌូនេស៊ី គេ​លើស​តែ ២​ភាគរយ​ទេ គេ​ឲ្យ​គោលការណ៍​លើស​តែ ២​ភាគរយទេ គេ​មិន​ឲ្យ​លើស​ច្រើន​ទេ”។

បើ​តាម​លោក គល់ បញ្ញា ចំនួន​សន្លឹក​ឆ្នោត​បម្រុង​ដ៏​ច្រើន​បែប​នេះ គឺ​ជា​កេរ​ដំណែល​ដែល​ត្រូវបាន​កំណត់​ឡើង​តាំង​ គ.ជ.ប. ចាស់ ហើយ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​កម្ពុជា ក៏​បាន​ផ្ដល់​ជា​មតិ​យោបល់​ទៅ គ.ជ.ប. ឲ្យ​កែ​ប្រែ​ចំណុច​នេះ​ផង​ដែរ ប៉ុន្តែ លោក​ថា គ.ជ.ប. មិន​បាន​កែ​ប្រែ​ចំណុច​នេះ​នោះ​ឡើយ ហើយ​ផ្ទុយ​ទៅ​វិញ នៅ​តែ​បន្ត​ប្រើ​ប្រាស់​តាម​នីតិវិធី​ចាស់​ដដែល​នៅ​ត្រង់​ចំណុច​នេះ៕

សរសេរមកកាន់ លោក សូរ្យ ជ័យឧត្ដម តាមរយៈ oudom@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required