យោធាខ្មែរនិងថៃសន្យាទប់ស្កាត់បទល្មើសតាមព្រំដែន

មន្ដ្រីយោធាជាន់ខ្ពស់ប្រទេសកម្ពុជា និងថៃ បានប្រកាសថា យោធានៃប្រទេសទាំងពីរបន្ដរួមគ្នាពង្រឹងនិងទប់ស្កាត់បទល្មើសនៅតាមព្រំដែន ដោយអះអាងថា ការពង្រឹងសន្ដិសុខនេះ ដើម្បីសុវត្ថិភាពនិង ស្ថេរភាពដល់ពលរដ្ឋនៃប្រទេសទាំងពីរ ។

ការប្រកាសបែបនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មការកិច្ចការព្រំដែនលើកទី១៩ រវាងមេបញ្ជាការយោធាយោធភូមិភាគទី៤របស់កម្ពុជា និងមេបញ្ជាការយោធាយោធភូមិភាគទី២របស់ថៃ ដែលធ្វើនៅខេត្ដសៀមរាប កាលពីល្ងាចថ្ងៃទី៣១ខែឧសភា។

ប្រធានគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ និងមេបញ្ជាការយោធភូមិភាគទី៤នៃប្រទេសកម្ពុជាលោកឧត្ដមសេនីយ៍ឯក ជា ម៉ន ថ្លែងថា យោធាកម្ពុជា និងថៃ បានឯកភាពគ្នាទប់ស្កាត់ការឆ្លងដែនខុសច្បាប់ និងបទល្មើសផ្សេងៗ ដែលកើតឡើងនៅតាមបណ្ដោយព្រំដែន ដើម្បីរក្សាសន្ដិសុខ សុវត្ថិភាព និងជីវភាពជូនពលរដ្ឋនៃប្រទេសទាំងពីរ។ លោកបន្ដថា ភាគីទាំងពីរប្ដេជ្ញាមិនរំលោភបំពាននូវអ្វីដែលខុសច្បាប់នៅតាមបណ្ដោយព្រំដែន ដែលលោកថាអាចនាំឲ្យប្រឈមមុខដាក់គ្នាដោយអាវុធ ដែលផ្ទុយពីអនុស្សរណ:យោគយល់គ្នានៅឆ្នាំ២០០០។ មេបញ្ជាការរូបនោះបន្ដថា ពួកគេនឹងសហការគ្នាទប់ស្កាត់បង្ក្រាបមិនឲ្យកើតមានអំពើរភេរវកម្មកើតឡើងនៅតាមតំបន់ព្រំដែន ដែលលោកថា បង្កឲ្យមានអសន្ដិសុខជាតិផងដែរ។លោកបន្ដថា៖ភាគីទាំងពីរបានពង្រឹងពង្រីកនូវកិច្ចសហប្រតិបត្ដិការនៅក្នុងការធានារក្សាសន្ដិសុខសុវត្ថិភាពស្ថិរភាពនៅតាមបណ្ដោយព្រំដែនយោធភូមិភាគទាំងពីរដើម្បីជីវភាពរស់នៅដ៏សុខដុមរមនារបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរមិនធ្វើអី្វដែលនាំឲ្យមាននៃការរំលោភបំពានការរំកិលការញុះញង់នាំឲ្យឈានទៅដល់ប៉ះទង្គិចគ្នាដោយអាវុធផ្ដល់ផលប៉ះពាល់នៃកិច្ចទំនាក់ទំងល្អ។ 

យោធាកម្ពុជា បានបន្ថែមថា ចំពោះតំបន់ព្រំដែនប្រាសាទបុរាណនៅតាមព្រំដែន ដូចប្រាសាទព្រះវិហារ ប្រាសាទតាមាន់ លោកអះអាងថា ភាគីទាំងពីរមិនរំលោភបំពានអធិបតេយ្យគ្នាទៅវិញទៅមកដែលនាំឲ្យប្រឈមមុខដាក់គ្នាដោយអាវុធដាក់គ្នាជាថ្មីទៀត ប៉ុន្ដែសម្រាប់ប្រាសាទព្រះវិហារលោកថា ទុកនាទីឲ្យរដ្ឋាភិបាលជាអ្នកដោះស្រាយ។

ដោយឡែកមេបញ្ជាការយោធាថៃលោកឧត្ដមសេនីយទោ វិឆ័យ ឆែចហ មានប្រសាសន៍ខ្លីថា ភាគីថៃឯកភាពចំពោះអ្វីដែលភាគីកម្ពុជាលើកឡើងនេះ។ លោកបន្ដថា៖ យោធភូមិភាគទី២និងបណ្ដាអង្គភាពកងទ័ពមន្ដ្រីរាជការគ្រប់ជាន់ថ្នាក់ដែលកំពុងប្រតិបត្ដិការនៅតាមព្រំដែននិងនាំយកខ្លឹមសារទាំងនេះទៅប្រតិបត្ដិដើម្បីនាំផលប្រយោជន៍សន្ដិសុខភាពរស់នៅសុខដុមរមនាការអភិវឌ្ឍព្រំដែននៃប្រទេសទាំងពីរ។

ទោះជាយ៉ាងណា អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្ដឧត្ដរមានជ័យលោក ស្រី ណារ៉េន មានប្រសាសន៍ថា តាមការស៊ើបអង្កេតកន្លងមក ការឆ្លងដែនខុសច្បាប់ និងបទល្មើសកើតនៅតាមព្រំដែនយោធភូមិភាគទី៤នោះដោយសារភាពធូររលុងរបស់សមត្ថកិច្ច។ លោកបន្ដថា អ្នករងគ្រោះភាគច្រើនជាពលរដ្ឋខ្មែរដែលមានជីវភាពក្រីក្រ ស៊ីឈ្នួលកាប់ឈើប្រណិតឲ្យក្រុមឈ្មួញខុសច្បាប់ ដែលលោកថា បណ្ដាលឲ្យយោថៃបាញ់សម្លាប់ និងចាប់ខ្លួនជាបន្ដបន្ទាប់។

គួរបញ្ជាក់ថាកាលពីខែធ្នូ ឆ្នាំ២០១២ ប្រទេសកម្ពុជានិងថៃបានឯកភាពគ្នាតាមដានការ អនុវត្តជាក់ ស្តែងដូចជាការទប់ស្កាត់មិនឲ្យប្រជាពលរដ្ឋខ្មែរចូលកាប់ឈើក្រញូងខុសច្បាប់នៅក្នុងទឹកដីថៃនិងហាមកុំឲ្យភាគីថៃ បាញ់សម្លាប់ប្រជាពលរដ្ឋខ្មែរ ដែលចូលក្នុងទឹកដីថៃ ខុសច្បាប់តទៅទៀត ប៉ុន្ដែការអនុវត្ដជាក់ស្តែងមន្រ្តីសិទ្ធិមនុស្សកត់សំគាល់ថា ដូចជាគ្មានប្រសិទ្ធិភាពទាំងស្រុងនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ