សហជីពនិងអង្គការស្នើជាថ្មីទៅរដ្ឋាភិបាលឲ្យផ្តល់ថ្ងៃឈប់សម្រាក​ទៅ​បោះឆ្នោត

ក្រុមសហជីព និងអង្គការមួយចំនួនដែលធ្វើការលើកកម្ពស់សិទ្ធិកម្មករស្នើសុំជាថ្មីទៀតទៅរដ្ឋាភិបាលជួយអន្តរាគមន៍ឲ្យកម្មករបានឈប់សម្រាកចំនួន២ថ្ងៃបន្ថែម ដើម្បីទៅបោះឆ្នោត។

ការស្នើសុំជាថ្មី នេះធ្វើឡើងបន្ទាប់ពីក្រសួងការងារមិនបានផ្តល់ថ្ងៃឈប់សម្រាក ដូចកាលពីការបោះឆ្នោតលើកមុនៗ។

ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ ឲ្យវីអូឌីដឹងថា សហជីពរួមនឹងអង្គការ ប្រមាណជិត២០ស្ថាប័ននឹងធ្វើលិខិតរួមគ្នាមួយដាក់ទៅក្រសួងការងារនៅថ្ងៃនេះ ដើម្បីសុំឲ្យក្រសួងការងារ ចេញសេចក្តីណែនាំដល់គ្រប់បណ្តារោងចក្រសហគ្រាសឯកជន ទាំងអស់អនុញ្ញាតដល់កម្មករបានឈប់សម្រាកចាប់ពីថ្ងៃទី៣ដល់ទី៥មិថុនាដោយថា ដើម្បីឲ្យកម្មករមានពេលវេលាគ្រប់គ្រាន់ក្នុងការធ្វើដំណើរទៅបោះឆ្នោតនៅស្រុកកំណើត។

លោកបន្តថា ប្រសិនបើមិនផ្តល់លទ្ធភាពឲ្យកម្មករនិយោជិតឈប់២ថ្ងៃបន្ថែមតាមការស្នើទេ កម្មករមួយចំនូននឹងមិនអាចទៅបោះឆ្នោតឡើយដោយសារពេលវេលាខ្លី ហើយម្យ៉ាងទៀត អាចក្រុមហ៊ុនមិនអនុញ្ញាត្តិច្បាប់ និងត្រូវថៅកែកាត់លុយទៀត។

លោកបន្ថែមថា «ទី១គឺប៉ះពាល់គាត់ដោយគាត់មិនអាចទៅ ហើយត្រឡប់មកវិញមិនទាន់ពេល ព្រោះរយៈពេល១ថ្ងៃហ្នឹង ហើយទី២អាចគេមិនឲ្យច្បាប់គាត់ ហើយទី៣គាត់ត្រូវបានគេកាត់ លុយអំឡុងពេលគាត់ទៅបោះឆ្នោតហ្នឹង ទី៤គាត់មានបញ្ហាពេលដែលគាត់អត់លុយគ្រប់គ្រាន់សម្រាប់ធ្វើដំណើរទៅមកហ្នឹងគឺពួកគាត់លំបាក អញ្ចឹងទាំងបួននេះជាបញ្ហាប្រឈម របស់គាត់»

មន្ត្រីជាន់ខ្ពស់ផ្នែកអង្កេតនៃអង្គការខុមហ្វ្រែលលោក កង សាវាង្ស មានប្រសាសន៍ថា ករណី ក្រសួងការងារសេចក្តីណែនាំមិនកំណត់ថ្ងៃច្បាស់លាស់ឲ្យកម្មករឈប់សម្រាក់ទៅបោះឆ្នោត នោះជាការមិនទទួលខុសត្រូវក្នុងនាមជាក្រសួងសាមី។

លោក កង សាវាង្ស សុំឲ្យក្រសួងពិចារណាឡើងវិញចំពោះបញ្ហានេះ ដោយថា ដើម្បីឲ្យកម្មករនិយោជិតទាំងអស់ បានបំពេញសិទ្ធិជាពលរដ្ឋក្នុងការចូលបោះឆ្នោតដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ។

លោកបន្ថែមថា «ក្រសួងចេញសេចក្តីណែនាំមិនបញ្ជាក់ថ្ងៃឈប់សម្រាកច្បាស់លាស់ចឹងវាអត់ ត្រឹមត្រូវពីព្រោះការបោះឆ្នោតជាការអនុវសិទ្ធិរបស់ប្រជាពលរដ្ឋ អញ្ចឹងគ្រប់ស្ថាប័នទាំងអស់ ត្រូវតែសម្រួលឲ្យពលរដ្ឋបានឈប់ព្រោះសិទ្ធិពលរដ្ឋនេះ ជាសិទ្ធិធំជាសិទ្ធិមូលដ្ឋានរបស់ពលរដ្ឋ ឥលូវនេះទើបតែថ្ងៃទី១ អញ្ចឹងជាសំណោមពរ ក្រសួងគួរតែចេញលិខិតម្តងទៀតដោយ បញ្ជាក់ឲ្យច្បាស់ដល់បងប្អូនប្រជាពលរដ្ឋដោយឲ្យអ្នកឆ្ងាយទៅឈប់មុន១ថ្ងៃក្រោយ១មួយថ្ងៃទៅនិងអ្នកនៅអាចឲ្យគាត់ឈប់១ថ្ងៃដំបូងទៅ បញ្ជាក់ឲ្យច្បាស់អញ្ចឹងទៅវាងាយស្រួលកម្មករ គាត់ស្រួលធ្វើការ ហើយរោងចក្រផ្សេងៗងាយស្រួលក្នុងការអនុវត្តច្បាប់ផងដែរ»

វីអូឌីមិនសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានទេពាក់ព័ន្ធបញ្ហានេះ ដោយទូរសព្ទចូលច្រើនដងគ្មានអ្នកទទួល។

កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧ សហភាពការងារកម្ពុជា បានស្នើសុំ គ.ជ.ប សហការជា​មួយក្រសួង​ការងារ​​និ​ងបណ្តុះបណ្តាលវិជ្ជាជីវៈ ជួយសម្រួលផ្តល់ថ្ងៃឈប់សម្រាកដោយមិនកាត់ប្រាក់ឈ្នួល​ចំនួនពីរថ្ងៃ​បន្ថែម​​ទៀត ។ ប៉ុន្តែកាលពីថ្ងៃចន្ទ ក្រសួងការងារ គ្រាន់តែជូនដំណឹងឲ្យម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថានទាំងអស់ជួយបង្កលក្ខណៈងាយស្រួលដល់កម្មករ និយោជិតបានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ ប៉ុន្តែមិនបានអនុញ្ញាតឲ្យមានថ្ងៃឈប់សម្រាកបន្ថែមនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ