​នាយក​រដ្ឋមន្ត្រីការពារ​ខ្លួនរឿងហៅ​លោក កឹម សុខា ថា“អាគុក”

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (រូបភាពពីហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃសុក្រនេះ បានពន្យល់សាធារណជនពីការហៅលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិថា“អាគុក” ដោយលោកថាលោក កឹម សុខា តែងតែង“ចាក់ក្រឡេកនិងញុះ”ឲ្យលោកខឹង ទើបលោកថាលោកតបតវិញដោយប្រើពាក្យពេចន៍មានអត្ថន័យបែបប្រមាថដល់អ្នក នោះវិញ។

កាលពីថ្ងៃទៅ២៩ ខែមិថុនា លោកនាយករដ្ឋមន្ត្រី បានហៅលោក កឹម សុខា ថា“អាគុក” ក្រោយពីលោកកឹម សុខា បានផ្តល់បទសម្ភាសន៍ដល់សារព័ត៌មានReutersថាលោកនាយករដ្ឋមន្ត្រីភ័យខ្លាចការចាញ់ឆ្នោតនាពេលខាងមុខនិងបានយកលោក កឹម សុខា ធ្វើជាមុខសញ្ញាដែលត្រូវធ្វើទុក្ខបុកម្នេញ។ លោក ហ៊ុន សែន បានថ្លែងកាលនោះថា៖ “ហើយខ្ញុំសូមផ្តាំណា ខ្ញុំមើល Reuters ដែលសម្ភាសន៍ គេថាលោក ហ៊ុន សែន ភ័យ អាអ្នកនៅកន្លែងអាបួនជ្រុងហ្អេះ ចេញមក មិនទាន់ដល់ម៉ោងទេ លោកឯងថាលោក ហ៊ុន សែន ភ័យៗ ខ្លាចចាញ់ឆ្នោត តែសូមផ្តាំទៅលោកឯងជាប់គុកមិនមានថ្ងៃចេញរួចទេ អាគុក កុំព្រហើនណា”

ក្នុងទិវាមច្ឆាជាតិថ្ងៃទី១ ខែកក្កដា នៅក្នុងស្រុកថ្ពង ខេត្តកំពង់ស្ពឺ លោកនាយករដ្ឋមន្ត្រីបានសួរទៅកាន់ប្រជាពលរដ្ឋចូលរួមក្នុងវេទិកានោះ បែបជាឧទាហរណ៍ថាបើសិនជាមានគេមកចាក់ក្រឡេក ហើយអ្នកត្រូវគេចាក់ក្រឡេកនោះភ្ញាក់វាសដៃត្រូវធ្វើឲ្យរងរបួស លោកបានសួរថាតើអ្នកណាជាអ្នកខុស។ អ្នកចូលរួមក្នុងវេទិកានោះបានឆ្លើយថាអ្នកចាក់ក្រឡេកគេជាអ្នកខុស។ លោកបន្តថា៖ “អ៊ីចឹងទេបើកុំតែបង្កហេតុតើអ្នកនោះគេតបមកធ្វើអ្វី។ អាហ្នឹងសច្ចធម៌ៗព្រោះរឿងហ្នឹងវាមានរឿងកើតអ៊ីចឹង សុខៗញុះ ដ៏ភ្ញាក់ទៅវាបាក់ធ្មេញ ដ៏បាក់ធ្មេញទៅវាដួលម្នាក់ហ្នឹងទៅវាដួលដល់ប៉ុន្មាននាក់ទៀតនៅព្រៃស”

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តសំណួរទៀតដោយលើជាឧទាហរណ៍ថាបើសិនជាមានបុគ្គលម្នាក់បានស្រែកទៅកាន់បុគ្គលម្នាក់ទៀតថាបុគ្គលនោះកំពុងតែភ័យខ្លាចស្លាប់ ហើយបុគ្គលដែលត្រូវគេថាឲ្យនោះប្រើពាក្យបែបប្រមាថតបវិញខុសដែរឬយ៉ាងណា។ ប្រជាពលរដ្ឋមួយចំនួនចូលរួមក្នុងវេទិកាឆ្លើយថាមិនខុសទេ។ លោកបន្ថែមថា៖ “តើអ្នកស្រែកមុនថាហ្អែងភ័យហ្អែងជិតងាប់ហើយ ដល់អ្នកដែលជេរត្រឡប់មកវិញថា អាគុក ព្រោះខ្មែរយើងច្រើនតែជួលកាលអាគុក ភាសាអ្នកស្រែ និយាយរួមភាសាសាមញ្ញ គ្មានអ្វីលើសពីអាគុកទេ ប៉ុន្តែឥឡូវសូមសួរ តើអ្នកញុះគេអ្នកខុស ឬអ្នកជេរអ្នកខុស អ្នកណា? អាអ្នកថាគេភ័យជិតងាប់ហ្នឹងហ្អេ  ហ្នឹងអ្នកខុស”?

វីអូឌីមិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យគណបក្សប្រឆាំង លោក យឹម សុវណ្ណ បាននៅឡើយទេ។

គួរបញ្ជាក់ថាចាប់តាំងពីថ្ងៃទី២៦ ខែឧសភា លោក កឹម សុខា បានស្នាក់នៅទីស្នាក់ការគណបក្សនៅសង្កាត់ចាក់អង្រែលើ ខណៈតុលាការបានចោទប្រកាន់រូបលោកថាបានប្រព្រឹត្តបទល្មើសជាក់ស្តែងដោយសារមិនចូលទៅតុលាការតាមការកោះហៅ។ គណបក្សប្រជាជនកម្ពុជានិងគណបក្សកាន់អំណាចយល់ឃើញផ្សេងគ្នារវាងស្ថានភាពនយោបាយនៅកម្ពុជា។ បក្សប្រឆាំងចាត់ទុកថាកម្ពុជាកំពុងតែមានវិបត្តិនិងកំពុងឡើងកម្តៅ រីឯគណបក្សកាន់អំណាចវិញថាកម្ពុជាមិនមែនវិបត្តិអ្វីនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ