សេចក្ដីរាយការណ៍ថា ពលករខ្មែរជិត២ពាន់នាក់ត្រូវបានថៃចាប់បញ្ជូនមកវិញ

ពលករ​ខ្មែរ​ជិត ២​ពាន់​នាក់​ហើយ ត្រូវ​បាន​គេ​រាយការណ៍​ថា រត់​គេច​ចេញ​ពី​ការ​ចាប់​ខ្លួន និង​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​ត្រឡប់​មក​ប្រទេស​កំណើត​វិញ តាម​ច្រក​ប៉ោយប៉ែត នៅ​ក្នុង​រយៈ​ពេល​ជិត ១​សប្ដាហ៍​មក​នេះ។

ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​រាយការណ៍​ថា រដ្ឋាភិបាល​ថៃ​​កំពុង​តែ​រឹត​បន្តឹង​ច្បាប់​គ្រប់​គ្រង​ពលករ​បរទេសនៅ​ក្នុង​ប្រទេស​ថៃ ដែល​កំពុង​បម្រើ​ការងារ​ក្នុង​វិស័យ​រោងចក្រ នេសាទ និង​វិស័យ​សំណង់។

វិធានការ​ថ្មី​របស់​រដ្ឋាភិបាល​យោធា​ថៃ​នេះ បានជំរុញ​ឲ្យ​ពលករ​ភាគ​ច្រើន​មក​ពី​ប្រទេស​ជិត​ខាង គេច​ខ្លួន ឬ​ត្រូវ​បាន​តម្រួត​ថៃ​ចាប់​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ។

នៅ​ឯ​ច្រក​ព្រំដែន​កម្ពុជា-ថៃ ចំនួន​ពលករ​ដែល​គេច​ខ្លួន ឬ​ត្រូវ​បាន​តម្រួត​ថៃ​ចាប់​បញ្ជូន​ត្រឡប់​មក​វិញ បាន​កើន​ឡើង​រៀង​រាល់​ថ្ងៃ ដោយ​ចំនួន​ជិត ២​ពាន់​នាក់​ហើយ គិត​ចាប់​ពី​ថ្ងៃ​ពុធ​កន្លង​មក នៅ​ត្រង់​ច្រក​ព្រំ​ដែន​ប៉ោយ​ប៉ែត​តែ​មួយ​ប៉ុណ្ណោះ។

AFP បាន​រាយការណ៍​បន្ថែម​​ថា រដ្ឋាភិបាល​យោធា​ថៃ​នឹង​ផ្អាក​ការ​អនុវត្ត​បទ​ប្បញ្ញត្តិ​ថ្មី​នេះ បន្ទាប់​ពី​ពលករ​បរទេស​ជាច្រើន​ពាន់​នាក់ បាន​គេច​ខ្លួន​វិល​ត្រឡប់​ទៅ​ប្រទេស​កំណើត​របស់​ពួកគេ​វិញ។

កាល​ពី​ឆ្នាំ​២០១៤​កន្លង​មក ពលករ​ខ្មែរ​ប្រហែល ២៥​ម៉ឺន​នាក់ បាន​គេច​ខ្លួន ឬ​ត្រូវ​បាន​តម្រួត​ថៃ​ចាប់​បញ្ជូន​ត្រឡប់​មក​ប្រទេស​កំណើត​វិញ ក្រោយ​រដ្ឋ​ប្រហារ​យោធា​មិន​បង្ហូរ​ឈាម​កាល​ពី​ខែ​ឧសភា​ក្នុង​ឆ្នាំ​នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ