មនុស្សចំនួន៩០នាក់បានស្លាប់និង២៥៧នាក់ទៀត បានរងរបួសនៅក្នុងគ្រោះថ្នាក់ធម្មជាតិនានា រយៈពេល៧ខែឆ្នាំនេះ។ នេះដោយយោងតាមការចុះផ្សាយរបស់គេហទំព័រអគ្គស្នងការនគរបាលជាតិ។
លោក កែវ វី នាយខុទ្ទកាល័យនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយត្រូវបានដកស្រង់សម្ដីដោយគេហទំព័រអគ្គស្នងការនគរបាលជាតិកាលពីថ្ងៃទី២៨ខែកក្កដា ដោយលោកបាននិយាយថាក្នុងរយៈពេល៧ខែនៃឆ្នាំ២០១៦នេះខ្យល់ព្យុះ ខ្យល់កន្ត្រាក់ និងភ្លៀងផ្គរបានកើតឡើងចំនួន២០១លើកដោយបានសម្លាប់មនុស្ស ១២នាក់និងបង្កឲ្យមនុស្ស១៦១នាក់រងរបួស។
បើតាមមន្ត្រីរូបនេះដដែលគ្រោះថ្នាក់រន្ទះបាញ់បានសម្លាប់មនុស្ស៧៨នាក់និងបណ្ដាលឲ្យមនុស្ស៩៦នាក់ផ្សេងទៀតរងរបួសនៅទូទាំងប្រទេសកម្ពុជា ខណៈដែលសត្វពាហនៈចំនួន៦០ក្បាលក៏បានរងគ្រោះផងដែរនៅក្នុងរយៈពេល៧ខែកន្លងមកនេះ។
លោកបន្តថាគ្រោះធម្មជាតិក៏បានបំផ្លិចបំផ្លាញផ្ទះសម្បែង១៤៤៦ខ្នង សាលារៀន៣៩ខ្នង និងអគារផ្សេងចំនួន ៣៣ខ្នងនៅទូទាំងប្រទេសកម្ពុជា៕