សពលោក ​ហង្ស ផល្លី​មធុរ៉ា កំណត់​​បូជា​ថ្ងៃ​​​ពុធទី​​៣សីហា​​​

លោក ​ហង្ស ផល្លី​មធុរ៉ា (កាលនៅរស់)និងភរិយា(រូបភាពពីហ្វេសប៊ុក)

យោងតាមការឆ្លើយឆ្លងរបស់ភរិយាលោក ហង្ស ផល្លីមធុរ៉ា និងភ្នាក់ងារវីអូឌី សពរបស់លោក ហង្ស ផល្លីមធុរ៉ា នឹងត្រូវបូជានៅព្រឹកថ្ងៃពុធ ទី៣ សីហា ខាងមុខនេះ ដោយសារតែក្រុមគ្រួសារសពមិនមានលទ្ធភាពធ្វើបុណ្យយូរថ្ងៃ ក្រោយពីលោកទទួលមរណភាព។

លោក ហង្ស ផល្លីមធុរ៉ា គឺជាតារាសម្ដែងជើងចាស់ល្បីឈ្មោះដែលបាត់មុខអស់រយៈពេលច្រើនឆ្នាំ លុះលេចចេញព័ត៌មានមកវិញក៏ជាដំណឹងទទួលមរណភាពដែលធ្វើឲ្យអ្នកណាៗក៏សម្ដែងភាពភ្ញាក់ផ្អើល។

អ្នកស្រី ហ៊ឹម ស្រីលាភ ភរិយារបស់លោក ហង្ស ផល្លីមធុរ៉ា បានអះអាងថាលោក ហង្ស ផល្លីមធុរ៉ា បានទទួលមរណភាពកាលពីវេលាម៉ោងជាង៦ព្រឹក នៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតហៅមន្ទីរពេទ្យរុស្សី ដោយសារតែជំងឺដុះសាច់ក្នុងខួរក្បាលមានកម្រិតធ្ងន់។ អ្នកស្រីថាមានជំងឺបែបនេះច្រើនឆ្នាំមកហើយ ប៉ុន្តែដោយសារតែខ្វះលទ្ធភាពព្យាបាលផង ហើយលោកខ្លួនឯងមិនព្រមទៅព្យាបាលនៅក្នុងមន្ទីរពេទ្យក្រៅពីផឹកថ្នាំខ្មែរផង ទើបធ្វើឲ្យសភាពជំងឺមានកម្រិតធ្ងន់ធ្ងរនៅ៣ខែមុន។

អ្នកនាងថាមុនពេលលោកស្លាប់ លោកនិងអ្នកនាងរស់នៅទឹកដីខេត្តបាត់ដំបងប៉ុណ្ណោះលុះដល់មន្ទីរពេទ្យនៅខេត្តមិនអាចមើលជំងឺនេះបានក៏ឡើងមកកាន់មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតកាលពី៣ខែមុន និងយកឡើងមកម្ដងទៀតកាលពីប៉ុន្មានថ្ងៃមុន។

យ៉ាងណាក៏ដោយអ្នកនាងថាក្រុមគ្រូពេទ្យបានអះអាងថាសភាពជំងឺរបស់លោកស្ថិតដល់សភាពធ្ងន់ធ្ងរ ទើបគ្រាន់តែបានចូលសម្រាកនៅក្នុងមន្ទីរពេទ្យបានតែប៉ុន្មានម៉ោងក៏ត្រូវសង្គ្រោះមិនបានដោយសារជំងឺធ្វើទុក្ខ។ អ្នកស្រីថាលោកបានស្លាប់ក្រោយពីដាក់បញ្ចូលអុកស៊ីហ្សែននិងដោយសារតែកម្រិតនៃការដុះសាច់ក្នុងខួរក្បាលរីកធំដែលសូម្បីតែការវះកាត់ក៏មិនដឹងថាមានសង្ឃឹមឬក៏អត់។

អ្នកស្រី ហ៊ឹម ស្រីលាភ បានអះអាងថាលោក ហង្ស ផល្លីមធុរ៉ា ក្នុងពេលរស់នៅខេត្តបាត់ដំបងអត់មានធ្វើការឬមានមុខរបរអ្វីក្រៅពីជួយលក់បាយរបស់អ្នកស្រីដែលជាមុខរបររួមគ្នានោះទេ ដោយសារតែក្នុងពេលនោះគឺលោកក៏មានក្ដីក្ដាំងជាមួយភរិយាដើមដែលបណ្ដាលអោយលោកអស់ទ្រព្យនិងខូចចិត្តស្មុគស្មាញចេញទៅរកអីក៏មិនកើតផង។

លោកទទួលមរណភាពក្នុងវ័យ៥២ឆ្នាំដោយសពរបស់លោកត្រូវបានអ្នកស្រីថា ទើបតែដឹកមកដល់វត្តទួលនៅម្ដុំគីឡូលេខ៦កាលពីវេលាម៉ោងជាង៩ព្រឹកថ្ងៃទី១ខែសីហា។ អ្នកស្រីគ្រួសារសពបានសម្រេចបូជាលោកនៅព្រឹកម៉ោង៧ថ្ងៃពុធទី៣សីហា ដោយសារតែស្ថានភាពគ្រួសារគឺមិនអាចចំណាយប្រាក់តម្កល់សពបានយូរនិងដើម្បីទុកលុយកាក់ធ្វើបុណ្យអោយលោកសម្រាប់៧ថ្ងៃទៀត។ អ្នកស្រីមិនទាន់ច្បាស់ថាត្រូវធ្វើបុណ្យ៧ថ្ងៃនៅភ្នំពេញ ឬទៅបាត់ដំបងនៅឡើយទេ ក្នុងពេលដែលលោកគឺមានគេហដ្ឋាននៅខេត្តបាត់ដំបង ប៉ុន្តែដោយសារតែលោកស្លាប់នៅភ្នំពេញ ហើយប្រពន្ធកូនក៏មិនមានលទ្ធភាពដឹកសពទៅខេត្តបាន ក៏សម្រេចជាមួយបងប្អូនធ្វើបុណ្យនៅវត្តទួលនៅផ្លូវចូលម្ដុំ CTN ជំនួសវិញ។

អ្នកស្រីទទូចអោយមានការចូលរួមជូនដំណើរលោក ហង្ស ផល្លីមធុរ៉ា ឲ្យបានច្រើនក្នុងពេលបូជា ដោយសារតែថ្ងៃពុធទី៣សីហានោះ អ្នកស្រីថាមិនទាន់ច្បាស់ថានឹងមានញាតិមិត្តជិតឆ្ងាយមកចូលរួមបានច្រើនឬយ៉ាងណានោះទេ ដោយសារតែការធ្វើបុណ្យនោះគឺនៅភ្នំពេញដែលមានតែសាច់ញាតិនៅភ្នំពេញទើបអាចចូលរួម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ