ប៉ះ​​គ្នា៣​​លើក ម្ខាស់ខ្សែ​ក្រវ៉ាត់ មាស ច័ន្ទមាន ស្គាល់​ឈ្នះ​ជើងខ្លាំងថៃ

មាស ច័ន្ទមាន (ក្រហម) និង Fa Phayak

ការប្រកួតកាលពីព្រឹកថ្ងៃអាទិត្យទី៣១ ខែកក្កដា កីឡាករជើងខ្លាំងដែលត្រូវគេស្គាល់ថាជាម្ចាស់ខ្សែក្រវាត់ K-Cement ប្រភេទទម្ងន់៦៣គីឡូក្រាម ទើបតែស្គាល់ឈ្នះម្ដងគត់ក្នុងជំនួបជាមួយកីឡាករថៃ Fa Phayak។ នេះជាការប៉ះគ្នាលើកទី៣ក្នុងពេលដែល២លើកកន្លងមកគឺកីឡាករថៃជាអ្នកវាយបំបាក់ម្ចាស់ខ្សែក្រវាត់របស់កម្ពុជារូបនេះយ៉ាងចាស់ដៃ។

ការប្រកួតដែលបានធ្វើឡើងនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍នោះ កីឡាករ មាស ច័ន្ទមាន មកពីក្លឹបកងពលធំអន្តរាគមន៍លេខ២នៃក្រសួងការពារជាតិត្រូវប្រកួតជាមួយកីឡាករថៃឈ្មោះ Fa Phayak និងកីឡាករកម្ពុជាមួយរូបទៀតគឺ ព្រំ សំណាង មកពីក្លឹបកងទ័ពឆ័ត្រយោង៩១១ឡើងប្រកួតជាមួយកីឡាករថៃឈ្មោះ Than  Valek។ ការប្រកួតរបស់កីឡាករទាំង៤ គឺគេទាយគ្រប់មាត់ថាថៃនឹងឈ្នះទាំង២ច្រើនជាង នោះគឺដោយសារតែ មាស ច័ន្ទមាស ធ្លាប់ចាញ់កីឡាករថៃ Fa Phayak ចំនួន២លើកមកហើយ ដោយលើកទី១ចាញ់ពិន្ទុ ហើយលើកទី២មិនត្រឹមតែស្រង់ដើមមិនបានប៉ុណ្ណោះទេ គឺត្រូវកីឡាករថៃដដែលនេះវាយឲ្យបោះបង់ការប្រកួតក្នុងទឹកទី៤តែម្ដង។

នៅក្នុងការប្រកួតដ៏ស្វិតស្វាញនោះកីឡាករ មាស ច័ន្ទមាន ដែលធ្លាប់បាក់មុខក្រោមដៃកីឡាករថៃ Fa Phayak ព្រោះតែកីឡាករថៃមានស្នៀតរហ័សនោះ បែរជាធ្វើអោយមានភ្ញាក់ផ្អើលដោយសារតែអាចដណ្ដើមយកប្រៀបបានយ៉ាងគួរសរសើរក្នុងទឹកទី៣។

កណ្ដាប់ដៃដ៏រហ័សកីឡាករថៃដែលធ្លាប់វ័ធកីឡាករ មាស ច័ន្ទមាន បានយ៉ាងចំគោលដៅ ហាក់ដូចជាមិនមានឥទ្ធិពលទៀតទេសម្រាប់ការប្រកួតកាលពីថ្ងៃអាទិត្យដែលជាលើកទី៣។ រាល់សន្ទុះវាយចេញកីឡាករកម្ពុជាគេចផុតជាប់រហូត ហើយកីឡាករ មាស ច័ន្ទមាន ក៏វាយតបវិញបានល្អផងដែរ ទើបធ្វើឲ្យកីឡាករថៃបាត់បង់ឱកាសយកប្រៀបដូចមុន។ កីឡាករកម្ពុជាលើកនេះត្រូវគេមើលឃើញថារហ័សក្នុងការគេចចេញ ហើយបើធៀបនឹងការប្រកួត២លើកកន្លងមកគឺ មាស ច័ន្ទមាន ល្អដាច់តែម្ដងជាមួយនឹងដៃគូសងសឹក។ មាស ច័ន្ទមាន មិនត្រូវគេឃើញប្រើភាពកំរោលវាយចេញដូចមុនទៀតទេ ដោយគេច្រើនញាក់ដៃធ្វើអោយ Fay Phayak ខឹងលុះដល់ពេល Fay  Phayak វាយសម្រុកក៏ប្រើបច្ចេកទេសគេច ហើយវាយសងវិញក្នុងពេលកីឡាករថៃបាក់ជំហរ។

ការប្រកួតរបស់គូនេះកីឡាករកម្ពុជាមានប្រៀបតាំងពីទឹកទី២ ដោយសារតែថៃត្រូវបាន មាស ច័ន្ទមាន វ័ធត្រូវពេញទំហឹងច្រើនលើកហើយធ្វើឲ្យគេចង់បែកអំពិលអំពែកម្ដង។ យ៉ាងណាក៏ដោយគេកត់សម្គាល់ថា កីឡាករថៃពូកែបត់បែននិងវ័យឆ្លាតក្នុងរឿងផ្លាស់ប្ដូរបច្ចេកទេសណាស់ ទើបក្នុងទឹកទី៣គេនៅតែអាចវាយត្រូវកីឡាករមាស ច័ន្ទមាន ដែលជាម្ចាស់ខ្សែក្រវាត់អោយចង់បែកសមាធិប្រកួតម្ដងៗ។ ក្នុងទឹកទី៤ ការប្រកួតគូនេះកាន់តែឡើងកំដៅ ដោយសារតែកីឡាករថៃបញ្ចេញកំហឹងយ៉ាងកំរោល ព្រោះតែខឹងរឿងវាយកីឡាករកម្ពុជាពូកែគេច និងបែរជាត្រូវកណ្ដាប់ដៃសងវិញត្រលប់មកវិញ ផ្ទុយពីការប្រកួតមុនទាំងស្រុងដែលធ្លាប់យកឈ្នះ។ យ៉ាងហោចជាងពាក់កណ្ដាលនៃអ្នកទស្សនាដែលធ្លាប់តែយល់ឃើញថា មាស ច័ន្ទមាន នឹងចាញ់មិនខុសពីពីរលើកមុន បានប្ដូរជាផ្ដល់សម្រែកអបអរនិងបានកោតសរសេរថា ច័ន្ទមាន លើកនេះវាយឆ្លាតនិងពូកែខុសពីមុនៗទើបធ្វើអោយការប្រកួតមួយនេះត្រូវគេដឹងថាថៃចាញ់ទៅហើយ បើទោះមិនទាន់មានការប្រកាសណាមួយ។ នៅទីបំផុត លទ្ធផលដែលបានប្រកាសឡើងគឺ មាស ច័ន្ទមាន ពិតជាបានឈ្នះមែន ហើយជាក៏ប្រវត្តិសាស្រ្តលើកដំបូងដែលអាចយកឈ្នះលើកីឡាករថៃ Fay Phayak បន្ទាប់ពីចាញ់២លើកជាប់គ្នាកាលពីមុននោះផងដែរ។

មួយគូប្រកួតទៀត ព្រំ សំណាង ក៏ឈ្នះកីឡាករថៃ Than Vanlek ផងដែរបន្ទាប់ពីកីឡាករកម្ពុជាប្រើបច្ចេកទេសមិនដល់២ទឹកផងក៏វាយអោយកីឡាករថៃបោះបង់ការប្រកួត។ គូនេះមិនមានអ្នកណាជឿច្រើនថាកីឡាករថៃបរាជ័យដោយសារតែ Than Valek ក្រៅពីជាកីឡាករក៏ជាគ្រូបង្វឹកនៅក្នុងក្លឹបប្រដាល់ថៃមួយផងដែរ។ នោះគឺដោយសារតែភាពភ្លាត់ស្នៀតនិងបច្ចេកទេសដ៏ល្អរបស់ ព្រំ សំណាង ប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ